25/03/2022
#កាមលោក
កាមលោក មាន ១១ឋាន គឺ អបាយភូមិ៤, ឋានមនុស្ស១ និងឋានសួគ៌៦ ។
១- #អបាយភូមិ៤ គឺ នរក១, តិរច្ឆាន១, ប្រេត១ និងអសុរកាយ១ ។ ជនដែល បានប្រព្រឹត្តនូវអកុសលកម្ម មានពៀរ៥យ៉ាងគឺៈ សម្លាប់សត្វ១ លួចទ្រព្យគេ១ ប្រព្រឹត្តខុសក្នុងកាម១ ភូតកុហក១ និងផឹកសុរានិងមេរ័យ្យ១ ជនទាំងនោះទៅកើតក្នុងភពនរក តិរច្ឆាន ប្រេត អសុរកាយ បើបានកើតជាមនុស្ស ក៏មនុស្សនោះរងទុក្ខវេទនាជាខ្លាំង ។
២- #ឋានមនុស្ស គឺជនដែលវៀរចាកពៀរ៥យ៉ាងដូចពោលមកខាងលើ មកកើតក្នុងឋានមនុស្ស ដែលសុខនិងទុក្ខនៅលាយឡំគ្នា ។ សត្វដែលរួចផុតកម្មអំពីអបាយភូមិ ក៏អាចមកកើតក្នុងឋានមនុស្សដែរ ។ ទេវតាដែលអស់បុណ្យអំពីឋានសួគ៌ ក៏មកកើតក្នុងឋានមនុស្ស តែទេរតាអស់បុណ្យទាំងនោះ មិនទទួលរងទុក្ខខ្លាំងដូចជនដែល ជាប់កម្មក្នុងពៀរ៥យ៉ាងនោះឡើយ ។ ព្រះពោធិសត្វក៏មកកើត ជាមនុស្សមុននឹងបានត្រាស់ជាព្រះពុទ្ធ ។ មនុស្សជាអ្នកមានឧប្បនិស្ស័យខ្ពង់ខ្ពស់ ព្រោះថាអាចកើតទាន់សាសនាព្រះពុទ្ធ ហើយប្រតិបត្តិធម៌ សីល- សមាធិ- បញ្ញា រហូតដល់សម្រេចព្រះនិព្វានបាន ។
៣- #ឋានសួគ៌៦ជាន់ គឺ៖
- ចាតុម្មហារាជជិកៈ ជាឋានរបស់មហារាជទាំង៤គឺ គន្ធព្វ (ទេវតារាំច្រៀង)១, យក្ខ១, នាគ១, គ្រុឌ១ ។ ទេវតាទាំងនេះ មានអាយុកំរិត៥០០ឆ្នាំទិព្វ ។ ១ថ្ងៃ១យប់នៅឋានសួគ៌ ស្មើនឹង៥០ឆ្នាំនៅឋានមនុស្ស ។ ៥០០
ឆ្នាំទិព្វស្មើនឹង៩,០០០,០០០ឆ្នាំមនុស្ស ។
- តាវតឹង្សៈ ទេវតាឋានតាវតឹង្ស មានអាយុកំរិត ១,០០០ឆ្នាំទិព្វ ។
- យាមៈ ទេវតាឋានយាមៈ មានអាយុកំរិត ២,០០០ ឆ្នាំទិព្វ ។
- តុសិតៈ ទេវតាឋានតុសិត មានអាយុកំរិត៤,០០០ ឆ្នាំទិព្វ ។
- និម្មានរតិ ទេវតាឋាននិម្មានរតី មានអាយុកំរិត៨,០០០ ឆ្នាំទិព្វ ។
- បរនិម្មិត្តវសវត្តិ ទេវតាឋានបរនិម្មិត្តវសវត្តី ជាឋានខ្ពស់ជាងគេក្នុងកាមាសួគ៌ មានអាយុកំរិត ១៦,០០០ ឆ្នាំទិព្វ ។
ទេវតាដែលរក្សាមនុស្សលោក គឺពពួកគន្ធព្វទេវតាពីឋានចាតុម្មហារាជិកៈ ។ ជនដែលរក្សានូវសីលមិនឲ្យដាច់ បូជាចំពោះព្រះរតនត្រៃ ព្រះពុទ្ធ- ព្រះធម៌- ព្រះសង្ឃ ធ្វើទាន ភាវនាសំអាតចិត្ត គោរពមាតាបិតារបស់ខ្លួន លុះស្លាប់ទៅ នឹងទៅកើតក្នុងឋានសួគ៌ ខ្ពស់ទាបទៅតាមអំណាចនៃកុសលកម្មរៀងខ្លួន ។
ទេវតានៃឋានបរនិម្មិត្តវសវត្តី ជាព្រះអាទិទេព ដែលគ្រប់គ្រងលើអាទិទេពដទៃឯ ទៀត ។ ទេវតាទាំងឡាយតែងមាន ការគោរពចំពោះព្រះព្រហ្ម ដែលមានឋានៈនិងអំណាចខ្ពង់ខ្ពស់ជាង ។