គតិអប់រំ

គតិអប់រំ Hello everyone..❤️

🌷សុភាសិតបុរាណខ្មែរ🌹     --------------------------• សុភាពដូចខ្លា៖ខ្លាសុភាពត្រង់ណា បើឱ្យពួកយើងអង្គុយរកនឹកពីចរិតលក្ខណ:គឺពិ...
07/23/2026

🌷សុភាសិតបុរាណខ្មែរ🌹
--------------------------
• សុភាពដូចខ្លា៖
ខ្លាសុភាពត្រង់ណា បើឱ្យពួកយើងអង្គុយរកនឹកពីចរិតលក្ខណ:គឺពិបាក ប៉ុន្តែវាមានសកម្មភាពមួយដែលសុភាព នោះគឺការលបចាប់ចំណី សកម្មភាពលបពួនក្នុងស្មៅជាដើមពេលវាឃើញចំណី វាបោះជំហានមួយៗនិងថ្នមៗ កាលណាសត្វដែលវាកំពុងផ្ដោតនោះភ្លេចខ្លួន វានឹងកន្រ្ទប់ខាំតែម្ដង នេះហើយជាចំណុចសភាពរបស់ខ្លា។

ន័យនេះចង់សំដៅថា រាល់មនុស្សណាដែលមានចរិតលក្ខណ:សុភាពមិនសូវចេះមាត់ក មិនសូវចេះប្រតិកម្មពេលដែលខឹង ឬជាមនុស្សមានចរិតស្ងប់ស្ងាត់ លោកចង់ប្រាប់ថាចូរប្រយ័ត្ននិងមនុស្សនេះ។

មនុស្សនេះមាន២ប្រភេទ៖
១,សុភាពប្រកបដោយធម៌សប្បុរស
២,សុភាពដោយលាក់ពុត

មនុស្សប្រភេទទី២ ជាមនុស្សមានចរិតចងគំនុំរង់ចាំឱកាស មនុស្សនេះមានទឹកមុខញឹមៗស្មើៗ តែកាច ដូចពាក្យចាស់ថា «ម៉ឹសៗកេះឆ្នាំងបាយធ្លុះ» ដូច្នេះកុំឃើញសភាពៗចង់មើលងាយឬចង់បំពាន ឬកុំភ្លាំងភ្លាត់ស្មារតីជាមួយមនុស្សមានចរិតសភាពនេះអី ប្រយ័ត្នគ្រោះថ្នាក់ដោយមិនដឹងខ្លួន។

• រាបសាដូចក្រពើ៖
ក្រពើក៏មានចរិតលក្ខណ:រាបសានៅពេលចាប់ចំណីដូចគ្នា វារមែងសម្ងំស្ងៀមស្ងាត់នៅមាត់ទឹក រង់ចាំសត្វផ្សេងៗចូលមកផឹកទឹក កាលណាសត្វទាំងនោះចូលកៀកភ្លេចខ្លួន នោះវានឹងហក់ត្របាក់ខាំជាចំណីហើយ នេះជាចំណុចរាបសារបស់ក្រពើ។

ន័យនេះប្រហែលគ្នានឹងខ្លឹមសារខាងលើដែរ រាល់មនុស្សណាមួយដែលមានលក្ខណ:ខាងក្រៅសុភាព មើលទៅដូចជាស្លូតបូត មិនសូវចេះមាត់ក នោះមិនប្រាកដថាគេជាមនុស្សកំសាកនោះទេ មិនប្រាកដថាគេខ្លាចក្នុងការធ្វើរឿងធំឬរឿងកាចសាហាវនោះទេ ដូច្នេះចូរយើងកុំទាន់ប្រមាថ ចូរកុំបៀតបៀនដោយប្រការណាមួយ ឬកុំទាន់ទុកចិត្ដឱ្យសោះ ប្រយ័ត្នមានរឿងស្ដាយក្រោយដែលមិននឹកស្មានដល់។

• ល្ងីល្ងើដូចជ្រូក៖
សត្វជ្រូកវាល្ងីល្ងើយ៉ាងម៉េច? ខ្ញុំមិនធ្លាប់ចិញ្ចឹមជ្រូកសោះ ធ្លាប់តែមើលរឿងថាំងចេង តួអាជ្រូកប៉ាជេ។ តែខ្ញុំដឹងពីន័យបង្កប់របស់វា ឃ្លានេះសំដៅលើប្រភេទមនុស្សធ្វើល្ងង់ដើម្បីបោកគេស៊ី បើរស់នៅជាមួយនរណាម្នាក់ ឬនៅក្នុងក្រុមមនុស្សណាមួយ ប្រភេទជននេះឯងរមែងធ្វើជាឆោត ធ្វើជាល្ងង់ ដើម្បីនិយាយបញ្ជោរសរសើរអ្នកក្បែរខ្លួនឱ្យគេសប្បាយចិត្ដ កាលណាគេជោរតាមដែរនោះ គេចេះតែហុចនេះហុចនោះឱ្យហូបរហូតទៅ នេះហើយហៅថាល្ងីល្ងើដូចជ្រូក គឺដើម្បីបោករកប្រយោជន៍មួយពោះៗនោះហើយ។ មួយវិញទៀត មនុស្សនេះក្នុងកិច្ចការងារអ្វីមួយរមែងធ្វើមិនចេះ ធ្វើមិនដឹង ព្រោះខ្លាចគេប្រើ ធម្មតាការងារមួយចំនួនគេរមែងប្រើអ្នកចេះ ម្ល៉ោះហើយមនុស្សនេះធ្វើជាមិនចេះ ធ្វើជាល្ងីល្ងើដើម្បីគេចវេសរកស្រណុក មួយគ្រាៗនោះឯង។
=====================
👉 ថ្ងៃ ព្រហស្បតិ៍ ៩ កើត ខែ ទុតិយាសាឍ ឆ្នាំ មមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃ ទី ២៣ ខែ កក្កដា ឆ្នាំ ២០២៦

23/07/2026/

ផឹកស្រា ៣ កែវមនុស្សភាគច្រើនតែងតែស្រវឹង… មិនមែនស្រវឹងដោយសារជាតិអាល់កុលនោះទេ ប៉ុន្តែស្រវឹងដោយសារ "លោភៈ ទោសៈ មោហៈ" ស្រវឹងនឹ...
07/22/2026

ផឹកស្រា ៣ កែវ

មនុស្សភាគច្រើនតែងតែស្រវឹង… មិនមែនស្រវឹងដោយសារជាតិអាល់កុលនោះទេ ប៉ុន្តែស្រវឹងដោយសារ "លោភៈ ទោសៈ មោហៈ" ស្រវឹងនឹងអំណាច ស្រវឹងនឹងការឈឺចាប់ ស្រវឹងនឹងការប្រកួតប្រជែង រហូតដល់ភ្លេចថាសេចក្តីសុខពិតប្រាកដជារឿងអ្វី។ នៅក្នុងពិភពលោកដ៏សែនរញ៉េរញ៉ៃនេះ បើអ្នកអាចក្រេបជញ្ជក់នូវ "ស្រាទាំង ៣ កែវ" នេះបាន ជីវិតអ្នកនឹងមានលំនឹង មិនងាយដួលរលំ និងដើរទៅមុខដោយភាពភ្លឺស្វាងជានិច្ច...

🍷កែវទី ១
ស្រានៃការ "លះបង់"

ក្នុងមួយជីវិតនេះ មនុស្សយើងម្នាក់ៗសុទ្ធតែធ្លាប់ឆ្លងកាត់ការឈឺចាប់ ការខកចិត្ត ការបាត់បង់ និងការក្បត់យ៉ាងសាហាវពីរឿងរ៉ាវ ឬមនុស្សដែលយើងធ្លាប់ទុកចិត្តបំផុត មនុស្សជាច្រើនបានយកអតីតកាលដ៏ជូរចត់ទាំងនោះ មកធ្វើជាគុកឃុំឃាំងខ្លួនឯង ធ្វើឱ្យបេះដូងពោរពេញដោយគំនុំ និងការស្តាយក្រោយ ដែលនេះហៅថា "ស្រវឹងនឹងការឈឺចាប់"។ ការផឹកស្រាកែវទី១នេះ គឺជានិមិត្តរូបនៃការបង្រៀនខ្លួនឯងឱ្យចេះ "លះបង់" ការលះបង់មិនមែនមានន័យថាអ្នកចាញ់ ឬអ្នកបំភ្លេចនោះទេ ប៉ុន្តែវាជាការព្រមទទួលស្គាល់ការពិតថា "អ្វីៗដែលកើតឡើងហើយ វាមិនអាចត្រឡប់ក្រោយបានឡើយ" អ្នកត្រូវរៀនអភ័យទោសឱ្យអ្នកដទៃ មិនមែនដើម្បីឱ្យគេបានសុខទេ តែដើម្បី "ដោះលែងខ្លួនឯង" ចេញពីសម្ពាធផ្លូវចិត្ត នៅពេលអ្នកព្រមផឹកទឹកកែវនេះ អ្នកនឹងយល់ថា អតីតកាលគ្រាន់តែជាមេរៀន មិនមែនជាម្ចាស់គ្រប់គ្រងជីវិតអ្នកនាពេលបច្ចុប្បន្នឡើយ។ បេះដូងដែលចេះលះបង់ គឺជាបេះដូងដែលស្រាលស្ងប់ និងមានកន្លែងទំនេរដើម្បីទទួលយកក្តីសុខថ្មីៗ។

បុរសម្នាក់ត្រូវគេចោទប្រកាន់ទាំងបំពាន និងត្រូវជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌អស់រយៈពេល ១០ ឆ្នាំ ដោយសារតែការមួលបង្កាច់ពីមិត្តភក្តិដែលគាត់ទុកចិត្តបំផុត នៅក្នុងគុកគាត់រស់នៅដោយការគុំកួន ភ្លើងកំហឹងឆេះសន្ធោរសន្ធៅក្នុងចិត្តជារៀងរាល់ថ្ងៃ គាត់ស្បថថា បើចេញទៅវិញ គាត់នឹងសងសឹកមិត្តម្នាក់នោះឱ្យវិនាសហិនហោច។
១០ ឆ្នាំក្រោយមក គាត់ត្រូវបានដោះលែង។ ៥ ឆ្នាំក្រោយការដោះលែងអតីតអ្នកទោសរូបនេះបានជួបលោកតាដែលធ្លាប់អប់រំគាត់
លោកតាបានសួរថា៖ "ចៅអើយ តើចៅនៅខឹងគុំកួនអ្នកដែលសម្លាប់អនាគតចៅទេ?"
បុរសនោះឆ្លើយទាំងសម្លេងញ័រ ដោយក្តីខឹងសម្បារថា៖ "ខ្ញុំស្អប់វាណាស់លោកតា! ខ្ញុំស្អប់វាដល់ឆ្អឹង! វាធ្វើឱ្យជីវិតខ្ញុំខ្ទេចខ្ទាំ ខ្ញុំគ្មានថ្ងៃអភ័យទោសឱ្យវាឡើយ ទោះខ្ញុំដេកក៏នៅតែយល់សប្តិឃើញពីការឈឺចាប់នេះដែរ!"
លោកតាក៏ដកដង្ហើមធំ រួចមាននិយាយយ៉ាងស្រទន់ថា៖ "ចៅអើយ... គេបានដោះលែងរាងកាយចៅចេញពីគុក តាំងពី៥ឆ្នាំមុនម្ល៉េះ... តែចៅវិញទេ ដែលនៅតែបន្តយកបេះដូងខ្លួនឯង ទៅឃុំឃាំងក្នុងគុកដ៏ងងឹតនោះរហូតមកដល់ថ្ងៃនេះ មិត្តក្បត់ម្នាក់នោះ គេកំពុងរស់នៅយ៉ាងមានក្តីសុខ គេមិនបានដឹងពីការឈឺចាប់របស់ចៅសូម្បីបន្តិច គឺមានតែចៅម្នាក់ឯងគត់ដែលកំពុងយកកំហឹងមកដុតរោលខ្លួនឯងជារៀងរាល់ថ្ងៃ។ ការមិនព្រមអភ័យទោស គឺប្រៀបដូចជាការផឹកថ្នាំពុលខ្លួនឯង តែសង្ឃឹមថាអ្នកដទៃជាអ្នកស្លាប់អញ្ចឹង។ លែងវាចោលទៅចៅ... ដោះលែងខ្លួនឯងឱ្យមានសេរីភាពពិតប្រាកដទៅ"

ការលះបង់ មិនមែនដើម្បីរំលត់កំហុសអ្នកដទៃទេ តែដើម្បីសង្គ្រោះបេះដូងខ្លួនឯង បើអ្នកមិនព្រមទម្លាក់អតីតកាលចោល អ្នកនឹងក្លាយជាអ្នកទោសនៃស្រមោលខ្លួនឯងអស់មួយជីវិត។

🍷កែវទី ២
ស្រានៃការ "ស្កប់ស្កល់"

សង្គមបច្ចុប្បន្នបានរុញច្រានយើងឱ្យរត់តាមសម្ភារៈនិយម រត់តាមការប្រកួតប្រជែងគ្មានទីបញ្ចប់ ឃើញគេមានឡានទំនើប យើងចង់បាន ឃើញគេមានផ្ទះវីឡា យើងប្រឹងត្រដរទាំងបំណុល ដែលនេះហៅថា "ស្រវឹងនឹងការប្រៀបធៀប និងលោភលន់" ស្រវឹងបែបនេះ គឺហត់នឿយខ្លាំងណាស់ ព្រោះទោះមានប៉ុណ្ណាក៏មិនចេះគ្រប់។ ស្រាកែវទី២នេះ គឺជាឱសថទិព្វប្រឆាំងនឹងភាពលោភលន់ នោះគឺ "សេចក្តីស្កប់ស្កល់ និងការដឹងគុណនូវអ្វីដែលខ្លួនកំពុងមាន" សាកស្រមៃមើលចុះ នៅពេលដែលអ្នកកំពុងរអ៊ូរទាំថាខ្លួនឯងមិនមានស្បែកជើងម៉ាកល្បីពាក់ មានមនុស្សជាច្រើនកំពុងតែយំសោកព្រោះពួកគេគ្មានជើងនឹងដើរ។ ការស្កប់ស្កល់មិនមែនមានន័យថាឱ្យអ្នកឈប់ប្រឹងប្រែងខ្ជិលច្រអូសនោះទេ តែវាជាការប្រឹងប្រែងដោយក្តីសុខ ប្រឹងប្រែងដោយមិនយកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកណា ចូរដឹងគុណដែលថ្ងៃនេះអ្នកនៅមានដង្ហើម មានសុខភាពល្អ មានបាយហូបគ្រប់គ្រាន់ និងមានគ្រួសារនៅក្បែរ។ អ្នកដែលចេះស្កប់ស្កល់ គឺជាមហាសេដ្ឋីផ្លូវចិត្តយ៉ាងពិតប្រាកដ ព្រោះគេមិនបណ្តោយឱ្យភាពលោភលន់មកប្លន់យកស្នាមញញឹមប្រចាំថ្ងៃរបស់គេបានឡើយ។

លោក សិទ្ធិ ជាអ្នកជំនួញម្នាក់ដែលរវល់ខ្លាំង គាត់ចេញពីផ្ទះតាំងពីព្រឹកព្រលឹម និងត្រលប់មកវិញនៅម៉ោង ១១ យប់រាល់ថ្ងៃ ដើម្បីប្រឹងរកលុយទិញវីឡាធំ ទិញឡានទំនើប ដោយគិតថានេះជាក្តីសុខរបស់គ្រួសារ។
យប់មួយ ពេលគាត់ត្រលប់មកដល់ផ្ទះទាំងហត់នឿយ កូនប្រុសអាយុ ៦ ឆ្នាំ របស់គាត់ឈរចាំនៅមាត់ទ្វារ រួចសួរថា៖ "ប៉ា! តើប៉ាធ្វើការមួយម៉ោងបានលុយប៉ុន្មាន?"
លោក សិទ្ធិ ឆ្លើយទាំងធុញថប់៖ "ប៉ាបាន ២០ដុល្លារ! មានរឿងអីកូន ប៉ាហត់ណាស់!"
កូនប្រុសឱនមុខចុះ រួចលាតដៃសុំ៖ "ប៉ា... កូនសុំខ្ចី ១០ដុល្លារបានទេ?"
លោក សិទ្ធិ ខឹងសម្បារយ៉ាងខ្លាំង គិតថាកូនសុំលុយទៅទិញរបស់លេងផ្តេសផ្តាស ក៏ស្តីបន្ទោស និងដេញកូនឱ្យទៅដេក។
មួយសន្ទុះក្រោយមក ពេលបាត់ខឹង គាត់ក៏ដើរទៅបន្ទប់កូន រួចហុចលុយ ១០ដុល្លារឱ្យកូន។ ក្មេងតូចញញឹមទាំងទឹកភ្នែក រួចលូកដៃទៅក្រោមខ្នើយ ទាញយកក្រដាសប្រាក់រាយៗដែលសន្សំទុកមកផ្គុំគ្នា រួចរាប់យ៉ាងសប្បាយចិត្ត។ លោក សិទ្ធិ សួរទាំងងឿងឆ្ងល់៖ "កូនមានលុយហើយ តើសុំប៉ាធ្វើអីទៀត?"
កូនប្រុសងើបមុខមើលឪពុក រួចហុចលុយ ២០ដុល្លារនោះទៅឱ្យគាត់ ហើយនិយាយថា៖ "ប៉ា... ឥឡូវកូនមានលុយគ្រប់ ២០ដុល្លារហើយ។ កូនសុំទិញពេលវេលាប៉ា ១ម៉ោងបានទេ? ថ្ងៃស្អែក ប៉ាជួយមកផ្ទះឱ្យលឿនជាងមុន១ម៉ោងបានទេ? កូនចង់ញ៉ាំបាយល្ងាចជាមួយប៉ា... កូននឹកប៉ាណាស់។"
ឮពាក្យនេះ លោក សិទ្ធិ ទន់ជង្គង់ ស្ទុះឱបកូនយំយ៉ាងក្តុកក្តួល។

យើងតែងតែរត់តាមលុយ រត់តាមសម្ភារៈ ដោយគិតថាវានាំមកនូវសេចក្តីសុខ រហូតភ្លេចមើលថាមនុស្សដែលយើងស្រឡាញ់បំផុត គេគ្រាន់តែត្រូវការ "ពេលវេលា" របស់យើងប៉ុណ្ណោះ។ ចូរស្កប់ស្កល់ និងផ្តល់តម្លៃឱ្យអ្វីដែលអ្នកកំពុងមាននៅក្បែរខ្លួន មុនពេលដែលអ្នកមានលុយទិញបានគ្រប់យ៉ាង តែគ្មានសល់នរណាម្នាក់នៅក្បែរ។

🍷កែវទី ៣
ស្រានៃ "សតិ និងការស្គាល់ខ្លួនឯងច្បាស់"

កែវចុងក្រោយនេះ គឺជារបាំងការពារដ៏រឹងមាំបំផុតសម្រាប់ជីវិត មនុស្សជាច្រើនងាយនឹងបាត់បង់លំនឹងណាស់ ពេលគេសរសើរ ក៏អរភ័យអណ្តែតអណ្តូងរហូតភ្លេចខ្លួន (ស្រវឹងនឹងអំនួត) ដល់ពេលគេនិន្ទា រិះគន់ ឬជាន់ពន្លិច ក៏បាក់ទឹកចិត្ត គិតខ្លី លែងចង់រស់ (ស្រវឹងនឹងពាក្យសម្តីគេ) ការផឹកស្រាកែវទី៣ គឺការរក្សា "សតិ" ឱ្យបានរឹងមាំ និងការស្គាល់តម្លៃខ្លួនឯងឱ្យបានច្បាស់ អ្នកត្រូវដឹងថា អ្នកជាអ្នកណា កំពុងធ្វើអ្វី និងមានគោលដៅអ្វី។ ពាក្យសរសើររបស់អ្នកដទៃ មិនអាចធ្វើឱ្យអ្នកក្លាយជាទេវតាទេ ហើយពាក្យនិន្ទារបស់គេ ក៏មិនអាចកែប្រែអ្នកឱ្យក្លាយជាបិសាចបានដែរ បើអ្នកមិនអនុញ្ញាត។ នៅពេលដែលអ្នកស្គាល់ខ្លួនឯងច្បាស់ អ្នកនឹងលែងរស់នៅដើម្បីផ្គាប់ចិត្តភ្នែកអ្នកដទៃទៀតហើយ អ្នកនឹងមានភាពក្លាហានក្នុងការដើរលើផ្លូវដែលអ្នកបានជ្រើសរើស ទោះបីជាមានអ្នកទះដៃគាំទ្រ ឬមានអ្នកសើចចំអកក៏ដោយ។ សតិដែលរឹងមាំ នឹងធ្វើឱ្យអ្នកឈរយ៉ាងសង្ហាទោះជានៅកណ្តាលព្យុះភ្លៀងនៃជីវិតក៏ដោយ។

ក្មេងស្រីម្នាក់ តែងតែត្រូវមិត្តភក្តិនៅសាលាសើចចំអកថាជានារីដែលមិនស្អាត មិនពូកែ និងគ្មានចំណុចទាក់ទាញសោះ នាងយំដើរមកប្រាប់ឪពុកថា នាងស្អប់ខ្លួនឯងណាស់ នាងចង់ស្លាប់ ព្រោះអ្នកណាក៏ថានាងគ្មានតម្លៃដែរ។
ឪពុកមិនបាននិយាយលួងលោមនាងទេ តែគាត់បានដើរទៅយកនាឡិកាហោប៉ៅមួយដែលចាស់ និងប្រឡាក់ដី មកហុចឱ្យនាង រួចប្រាប់ថា៖ "នេះជានាឡិកាដែលបន្សល់ទុកតាំងពីជំនាន់ទួត។ មុននឹងកូនសម្រេចចិត្តថាខ្លួនឯងគ្មានតម្លៃ កូនជួយយកវាទៅហាងលក់នាឡិកានៅចុងភូមិ រួចសួរគេថាគេទិញតម្លៃប៉ុន្មាន?"
ក្មេងស្រីត្រលប់មកវិញប្រាប់ថា៖ "ប៉ា គេឱ្យតែ ៥ដុល្លារទេ ព្រោះវាចាស់ពេកហើយ"
ឪពុកតប៖ "ឥឡូវកូនយកវាទៅសារមន្ទីរជាតិនៅក្នុងក្រុង ហើយសួរគេម្តងទៀត"
ប៉ុន្មានម៉ោងក្រោយមក ក្មេងស្រីរត់ត្រលប់មកផ្ទះវិញទាំងបើកភ្នែកធំៗ ស្រែកប្រាប់ឪពុកថា៖ "ប៉ា! អ្នកគ្រប់គ្រងសារមន្ទីរ ហ៊ានឱ្យតម្លៃ ៥០ ម៉ឺនដុល្លារ! គេថាវាជារបស់កម្របំផុតនៅលើលោក ដែរសល់តាំងពីសតវត្សទី១៨!"
ឪពុកញញឹម រួចអង្អែលក្បាលកូនស្រី៖ "ឃើញទេកូន... វត្ថុតែមួយ តែនៅខុសកន្លែង និងជួបខុសមនុស្ស តម្លៃវាក៏ខុសគ្នាស្រឡះ កូនក៏ដូចគ្នាកូនស្រីប៉ា! បើកូននៅក្បែរមនុស្សដែលមិនស្គាល់ពីតម្លៃកូន គេច្បាស់ជាជាន់ឈ្លីកូន គេច្បាស់ជាវាយតម្លៃកូនថោកទាប កុំយំកុំបាក់ទឹកចិត្ត ព្រោះតែសម្តីរបស់មនុស្សដែលមិនដឹងពីតម្លៃពិតរបស់កូន អ្នកដែលដឹងតម្លៃកូនច្បាស់បំផុត គឺមានតែកូនខ្លួនឯង និងមនុស្សដែលស្រឡាញ់កូនពិតប្រាកដប៉ុណ្ណោះ ចូររើសកន្លែងឈរ និងរើសមនុស្សនៅក្បែរឱ្យបានត្រឹមត្រូវ!"

កុំអនុញ្ញាតឱ្យមាត់របស់អ្នកដទៃ មកកំណត់តម្លៃនៃជីវិតរបស់អ្នក គេថាយើងអាក្រក់ វាមិនមែនមានន័យថាយើងអាក្រក់នោះទេ គ្រាន់តែយើងមិនមែនជាទីចំណូលចិត្តរបស់គេ រក្សាសតិឱ្យនឹង ស្គាល់ខ្លួនឯងឱ្យច្បាស់ នោះអ្នកនឹងរស់នៅដោយភាពជឿជាក់ជានិច្ច។

ស្រាទាំង ៣ កែវនេះ៖ "លះបង់ ស្កប់ស្កល់ និងមានសតិ" មិនមែនផឹកដើម្បីបំបាត់ភាពតានតឹងមួយពេលនោះទេ ប៉ុន្តែជាអាហារផ្លូវចិត្តដែលយើងត្រូវក្រេបជញ្ជក់ជារៀងរាល់ថ្ងៃ នៅពេលដែលអ្នកអាចសម្រេចបាននូវចំណុចទាំង ៣ នេះ ជីវិតអ្នកនឹងលែង "ស្រវឹង" វង្វេងទិសដៅទៀតហើយ ផ្ទុយទៅវិញ អ្នកនឹងភ្ញាក់រលឹក មើលឃើញពិភពលោកនេះក្នុងផ្លូវដ៏ស្រស់បំព្រង និងពោរពេញដោយសន្តិភាពផ្លូវចិត្តជានិច្ច។

_____សុវត្ថន៍-Sovathn

#សុវត្ថន៍_Sovathn #ផឹកស្រា #ស្រវឹង #ជម្រះចិត្ត #ហ្វឹកហាត់សតិ #ច្នៃប្រឌិត #ទ្រព្យសម្បត្តិ #មានបាន #អ្នកមាន #រកស៊ីមាន #អារម្មណ៍ល្អ #ផ្លូវចិត្តរឹងមាំ #ផ្លូវអារម្មណ៍ #អារម្មណ៍ល្អ #អារម្មណ៍មិនល្អ #អាហារពេលព្រឹក #សុខភាពល្អ #សុខភាពល្អ ផ្ដេីមចេញពីអ្ន #សុខភាពផ្លូវចិត្ត #សុខភាព #សុខភាពនិងសម្រស់

07/22/2026
07/22/2026

អានចិត្ត "មនុស្ស"

ភាសាកាយបញ្ជាក់ការពិតជាងពាក្យសម្ដី ទឹកមុខ កែវភ្នែក ទឹកដមសំឡេង និងកាយវិការ ច្រើនតែឆ្លុះបញ្ចាំងពីអារម្មណ៍ពិតពីខាងក្នុង ជាងពាក្យដែលគេនិយាយចេញមកក្រៅ

កុំប្រញាប់វាយតម្លៃមនុស្សដោយសារតែសកម្មភាពតែម្ដង គួរមើលកត្តាជាច្រើនរួមបញ្ចូលគ្នា ព្រោះទង្វើមួយអាចបណ្ដាលមកពីមូលហេតុជាច្រើនខុសៗគ្នា

ដើម្បីទំនាក់ទំនងឱ្យមានប្រសិទ្ធភាព នៅពេលយើងដឹងថាភាគីម្ខាងទៀតគិត ឬមានអារម្មណ៍យ៉ាងណា យើងនឹងអាចជ្រើសរើសវិធីនិយាយ និងការប្រព្រឹត្តបានសមរម្យ ដែលអាចកាត់បន្ថយជម្លោះបាន

ការអានចិត្តមនុស្ស មិនមែនដើម្បីកេងចំណេញទេ តែដើម្បីការយល់ចិត្តគ្នា គោលដៅពិតប្រាកដនៃការអានចិត្ត គឺការកសាងទំនាក់ទំនងល្អ បង្កើតទំនុកចិត្ត និងការរស់នៅជាមួយគ្នាដោយចុះសម្រុង

"អ្នកដែលពូកែអានចិត្តមនុស្ស មិនមែនជាអ្នកដែលពូកែទួសទាយជាងគេនោះទេ ប៉ុន្តែគឺជាអ្នកដែលសង្កេតដោយយកចិត្តទុកដាក់ ស្ដាប់ដោយការយល់ចិត្ត និងមិនប្រញាប់វាយតម្លៃអ្នកដទៃពីអ្វីដែលឃើញត្រឹមសំបកក្រៅឡើយ"

🔸ដើម្បីអានចិត្តមនុស្សដែលភាគច្រើនឱ្យតម្លៃលើការ "ក្រែងចិត្ត" និងការ "យោគយល់" អ្នកអាចសង្កេតតាមរយៈចំណុចទាំងនេះ៖

១. ស្នាមញញឹមស្ងួត៖ ភាគច្រើនជាការញញឹមដើម្បីរក្សាមារយាទ ឬញញឹមក្រែងចិត្ត តែក្នុងចិត្តអាចកំពុងធុញថប់ ឬមិនយល់ស្រប។

២. ភ្នែកក្រឡេកចុះក្រោមពេលនិយាយ៖ ពេលកូនចៅនិយាយជាមួយមេកោយ ឬចាស់ទុំ វាអាចបង្ហាញពីការគោរព អៀនខ្មាស ប៉ុន្តែក៏អាចជាការលាក់បាំងកំហុសអ្វីមួយផងដែរ។

៣. ចៀសវាងការសម្លឹងភ្នែក៖ បើគេមិនហ៊ានមើលភ្នែកយើងចំៗ គេអាចកំពុងកុហក លាក់បាំងរឿងអ្វីមួយ ឬមានអារម្មណ៍ថាយើងកំពុងសង្កត់សង្កិនគេ។

៤. ចិញ្ចើមជ្រួញចូលគ្នាពេលកំពុងស្តាប់៖ ទោះមាត់គេនិយាយថា "បាទ/ចាស យល់ហើយ" តែចិញ្ចើមជ្រួញ បញ្ជាក់ថាគេនៅមានចម្ងល់ ឬមិនសូវឯកភាពទាំងស្រុងនោះទេ។

៥. ព្រិចភ្នែកញឹកញាប់ពេក៖ ជាសញ្ញានៃភាពតានតឹង ភ័យព្រួយ ឬខួរក្បាលកំពុងប្រឹងគិតរកលេសដើម្បីដោះសារ។

៦. យកដៃអោបទ្រូង (អោបដៃ)៖ គេកំពុងបង្កើតរបាំងការពារខ្លួន មានអារម្មណ៍មិនសុវត្ថិភាព ឬកំពុងបិទទ្វារបេះដូងមិនទទួលយកគំនិតរបស់អ្នក។

៧. ទិសដៅនៃចុងជើង៖ ទោះជាគេកំពុងនិយាយជាមួយអ្នក តែបើចុងជើងរបស់គេបែរទៅរកទ្វារចេញ មានន័យថាចិត្តគេចង់បញ្ចប់ការសន្ទនា ហើយដើរចេញឱ្យឆាប់ហើយ។

៨. យកដៃស្ទាបក ឬអង្អែលក្បាលខាងក្រោយ៖ នេះជាកាយវិការដែលយើងឧស្សាហ៍ឃើញពេលនរណាម្នាក់ធ្វើខុស ភ្លេចភ្លាំង ឬកំពុងទាល់គំនិត។

៩. ការអង្គុយផ្អែកទៅក្រោយពេក៖ បង្ហាញពីភាពអំនួត មិនខ្វល់ខ្វាយ ឬគិតថាខ្លួនឯងមានប្រៀបជាងអ្នក។

១០. ការងក់ក្បាលញឹកញាប់ពេក៖ មិនមែនគេយល់ស្របទេ តែគេងក់ក្បាលដើម្បីបង្អាក់ ឬចង់ឱ្យអ្នកឆាប់និយាយចប់ ដើម្បីគេបាននិយាយម្ដង។

១១. ការឱនលំទោនខ្លួនបន្តិចពេលដើរកាត់ ឬពេលសន្ទនា៖ បង្ហាញពីមនុស្សដែលមានការអប់រំខ្ពស់ ចេះដាក់ខ្លួន និងផ្តល់ការគោរពចេញពីចិត្តពិតប្រាកដ។

១២. សំឡេងស្រទន់ខុសធម្មតា៖ នៅក្នុងការរស់នៅ បើនរណាម្នាក់ស្រាប់តែនិយាយផ្អែមខុសធម្មតា ភាគច្រើនគេអាចនឹងមានរឿងពឹងពាក់ ឬខ្ចីប្រាក់។

១៣. ការប្រើពាក្យ "បាទ/ចាស" អូសបន្លាយសំឡេង៖ "បាាាទ..." ឬ "ចាាាស..." វែងៗ បង្ហាញពីភាពស្ទាក់ស្ទើរ ការក្រែងចិត្ត ដែលការពិតគេចង់បដិសេធ។

១៤. ការបង្វែរសាច់រឿងភ្លាមៗ៖ ពេលសួរចំចំណុចរសើប គេបង្វែរទៅរឿងផ្សេង មានន័យថាគេកំពុងលាក់កំបាំង ឬមិនចង់ប្រឈមមុខនឹងការពិត។

១៥. និយាយកាត់សម្ដីញឹកញាប់៖ ជាមនុស្សឆេវឆាវ ចូលចិត្តយកឈ្នះ អត្មានិយម និងមិនសូវឱ្យតម្លៃលើការស្ដាប់អ្នកដទៃ។

១៦. ដកដង្ហើមធំមុនពេលឆ្លើយ៖ គេកំពុងមានអារម្មណ៍ធុញថប់ ហត់នឿយ ឬធ្វើរឿងនោះទាំងបង្ខំចិត្ត។

១៧. និយាយថា "អត់អីទេ / មិនអីទេ" តែមុខស្ងុយ៖ ពាក្យ "អត់អីទេ" ភាគច្រើនគឺ "មានអី" គេនិយាយព្រោះក្រែងចិត្ត តែគេចង់ឱ្យយើងដឹងខ្លួនឯង និងកែប្រែ។

១៨. ការសរសើរហួសហេតុពេក៖ អ្នកដែលចូលចិត្តបញ្ចោរ ឬសរសើរហួសព្រំដែន ច្រើនតែមានចេតនាលាក់កំបាំង ឬចង់បានផលប្រយោជន៍អ្វីមួយពីយើង។

១៩. ការស្ងាត់ស្ងៀមក្នុងអង្គប្រជុំ៖ ភាពស្ងៀមស្ងាត់មិនមែនបកប្រែថា "យល់ព្រម" ជានិច្ចទេ វាអាចមកពីការខ្លាចមេកោយ មិនចង់មានបញ្ហា ឬគិតថាបញ្ចេញមតិទៅក៏គ្មានអ្នកស្តាប់។

២០. ការអញ្ជើញញ៉ាំបាយញឹកញាប់៖ ការហៅញ៉ាំបាយ ឬផឹកកាហ្វេ គឺជាសិល្បៈនៃការចងមិត្តភាព ឬរៀបចំផ្លូវមុននឹងនិយាយរឿងជំនួញ ឬការងារធំ។

២១. ការនិយាយដើមអ្នកដទៃប្រាប់យើង៖ អ្នកដែលយកឈ្មោះអាក្រក់អ្នកដទៃមកនិយាយប្រាប់យើង ថ្ងៃណាមួយគេក៏នឹងយកឈ្មោះអាក្រក់យើងទៅប្រាប់អ្នកដទៃដូចគ្នា (មិនគួរទុកចិត្ត១០០%ទេ)។

២២. ការទិញអំណោយ ឬផ្ញើអីវ៉ាន់ឱ្យតិចតួច៖ បង្ហាញពីមនុស្សដែលចេះយកចិត្តទុកដាក់ (យកអាសា) ប៉ុន្តែអ្នកខ្លះប្រើវាជាយុទ្ធសាស្រ្តដើម្បីឱ្យយើងជំពាក់គុណ ឬពិបាកបដិសេធនៅពេលក្រោយ។

២៣. អត្តចរិតពិតរបស់មនុស្ស មើលដឹងច្បាស់បំផុតនៅពេលដែលគេទាក់ទងជាមួយអ្នកដែលមានឋានៈទាបជាងខ្លួន។

២៤. របៀបកាន់ទូរស័ព្ទ៖ អ្នកដែលតែងតែដាក់ផ្កាប់មុខទូរស័ព្ទចុះក្រោមជានិច្ច ពេលនៅក្បែរអ្នក ភាគច្រើនគេមានអាថ៌កំបាំងដែលមិនចង់ឱ្យអ្នកដឹង។

២៥. មកយឺតញឹកញាប់ដោយមានលេសដដែលៗ៖ ទោះបីជាគេនិយាយសុំទោសយ៉ាងណាក៏ដោយ ទម្លាប់នេះបញ្ជាក់ថា គេមិនបានឱ្យតម្លៃលើពេលវេលារបស់អ្នកទេ ហើយខ្វះការទទួលខុសត្រូវ។

២៦. លាក់ដៃក្រោមតុពេលកំពុងចរចា៖ ការមិនបង្ហាញបាតដៃ បញ្ជាក់ពីការខ្វះតម្លាភាព ឬកំពុងលាក់បាំងព័ត៌មានសំខាន់មិនឱ្យអ្នកដឹង។

២៧. ការសើចខ្លាំងៗទាំងរឿងមិនសូវគួរឱ្យចង់សើច៖ គេកំពុងព្យាយាមបិទបាំងភាពភ័យព្រួយ ភាពរអៀសខ្លួន ឬចង់យកចិត្តអ្នកនិយាយ។

២៨. ក្តាប់ដៃណែន៖ ទោះមុខគេញញឹម តែបើប្រអប់ដៃក្តាប់ណែន មានន័យថាគេកំពុងទប់កំហឹង ឬការមិនពេញចិត្តយ៉ាងខ្លាំងពីខាងក្នុង។

២៩. ចម្លងកាយវិការយើងដោយមិនដឹងខ្លួន៖ បើគេធ្វើកាយវិការស្រដៀងយើង (ឧ. យើងផឹកទឹក គេផឹកទឹកតាម, យើងអោន គេអោនតាម) បញ្ជាក់ថាគេកំពុងមានអារម្មណ៍ស្និទ្ធស្នាល និងបើកចិត្តទទួលយកយើងហើយ។

៣០. របៀបចេញលុយពេលញ៉ាំអីជុំគ្នា៖ មនុស្សដែលតែងតែរវល់ចុចទូរស័ព្ទ ឬដើរចូលបន្ទប់ទឹកពេលគេគិតលុយញឹកញាប់ បង្ហាញពីចរិតរមិលគុណ គិតតែប្រយោជន៍ផ្ទាល់ខ្លួន ដែលយើងគួរប្រុងប្រយ័ត្នក្នុងការសេពគគប់។

បញ្ជាក់: ការអានចិត្តមនុស្សដូចដែលបានរៀបរាប់ខាងលើ មិនអាចប្រើប្រាស់បានគ្រប់មនុស្សទាំងអស់នោះទេ អ្នកត្រូវនៅក្បែរ អ្នកត្រូវប្រើតិចនិករបស់ខ្លួនឯងដោយផ្ទាល់ ព្រោះចរិតលក្ខណៈ កាយវិការ ការនិយាយ បរិបទជាក់ស្តែង របស់មនុស្សម្នាក់ៗមិនដូចគ្នាទេ, អ្នកមិនអាចយល់ពីគេ គេក៏មិនអាចយល់ពីអ្នកបាន ១០០% នោះដែរ។

_____សុវត្ថន៍-Sovathn

#សុវត្ថន៍_Sovathn #អានចិត្តមនុស្ស #ចិត្តសង្កេតមនុស្ស #ចិត្តវិទ្យា #វិធីមើលមនុស្ស #រាប់អានគ្នា #មេរៀនជីវិត #រៀនពីមនុស្សអាក្រក់ #ការពិតនៃសង្គម #ការអភិវឌ្ឍន៍ខ្លួនឯង #សុខភាពផ្លូវចិត្ត #មិត្តភក្ដិ #មេរៀនដ៏មានតម្លៃ #ផ្នត់គំនិត #មេរៀនជីវិត

វិធីសាស្ត្រដោះស្រាយជាមួយមនុស្សពិបាកៗ និងយុទ្ធសាស្ត្រធ្វើការងារឱ្យរលូន    ការធ្វើការជាមួយមនុស្សដែលមានបុគ្គលិកលក្ខណៈខុសៗគ្...
07/21/2026

វិធីសាស្ត្រដោះស្រាយជាមួយមនុស្សពិបាកៗ និងយុទ្ធសាស្ត្រធ្វើការងារឱ្យរលូន

ការធ្វើការជាមួយមនុស្សដែលមានបុគ្គលិកលក្ខណៈខុសៗគ្នា ជារឿយៗតែងតែជួបប្រទះភាពស្មុគស្មាញ

ខាងក្រោមនេះ សុវត្ថន៍នឹងប្រាប់អំពីគន្លឹះខ្លះៗ ដើម្បីជួយឱ្យជីវិតការងាររបស់អ្នកកាន់តែងាយស្រួល និងមានប្រសិទ្ធភាព...

១. កុំចំណាយកម្លាំងកាយចិត្តទៅត្អូញត្អែរ ឬឈ្លោះប្រកែកពីបញ្ហាចាស់ៗដែលកន្លងហួស ផ្ទុយទៅវិញ គួរយកពេលវេលា និងថាមពលទាំងនោះ មកគិតរកដំណោះស្រាយ ឬបង្កើតប្រព័ន្ធការងារថ្មីដែលល្អជាងមុន ទើបជាការប្រសើរ។

២. ពេលជួបមនុស្សដែលរឹងរូស ឬធ្វើការជាមួយពិបាក កុំទាន់ខឹង ព្យាយាមយល់ពីមូលហេតុដែលធ្វើឱ្យពួកគេមានអត្តចរិតបែបនោះ ការយល់ពីចិត្តសាស្ត្រអ្នកដទៃ ជួយឱ្យយើងចេះបត់បែន និងពង្រឹងសមត្ថភាពដោះស្រាយបញ្ហារបស់យើងឱ្យកាន់តែពូកែ។

៣. សិក្សាពីបញ្ហាក្នុងស្ថាប័ន ជួយបង្កើនភាពឆ្លាតវៃខាងអារម្មណ៍ (EQ) បញ្ហាក្នុងក្រុមហ៊ុនគឺជាសាលារៀនដ៏ល្អបំផុត អ្នកដែលយល់ច្បាស់ពីបញ្ហាទាំងនេះ នឹងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ ចេះសម្របខ្លួនជាមួយមនុស្សគ្រប់ប្រភេទ និងគ្រប់ស្ថានភាពលំបាកៗ។

៤. អ្នកដឹកនាំពូកែ ត្រូវចេះបង្រួបបង្រួម និងរក្សាតុល្យភាពការងារ
មេដឹកនាំល្អ មិនមែនគ្រាន់តែពូកែបញ្ជាទេ តែជាអ្នកដែលអាចយកមនុស្សដែលមានគំនិតផ្ទុយគ្នា មកធ្វើការរួមគ្នាជាធ្លុងមួយបាន។ ព្រមជាមួយគ្នានេះ ក៏ត្រូវចេះបែងចែកការងារបន្ទាន់ចំពោះមុខ និងការងារយុទ្ធសាស្ត្ររយៈពេលវែងកុំឱ្យខកខាន។

៥. បញ្ហាការងារច្រើនកើតចេញពី "ការទំនាក់ទំនងខុសចង្វាក់" ជួនកាលរឿងតូចតាចសោះក្លាយជារឿងធំ ដោយសារការនិយាយស្តី។ ឧទាហរណ៍៖ មេកោយសរសើរកូនចៅមិនចំពេល (ធ្វើឱ្យគេគិតថាបញ្ជោរ) ឬការពន្យល់ហេតុផលជ្រៅជ្រះពេក ដែលធ្វើឱ្យអ្នកអនុវត្តស្តាប់មិនយល់និងធ្វើខុស។

៦. អនុញ្ញាតឱ្យកូនចៅមានចំណែកក្នុងការរៀបចំផែនការអនាគត
បើចង់ឱ្យបុគ្គលិកប្រឹងប្រែងធ្វើការអស់ពីចិត្ត ថ្នាក់ដឹកនាំគួរហៅពួកគេមកពិភាក្សារួមគ្នាពេលកំណត់គោលដៅ ពេលពួកគេមានអារម្មណ៍ថា នេះជាផែនការដែលពួកគេបានចូលរួមគិត ពួកគេនឹងស្រឡាញ់និងមានទំនួលខុសត្រូវខ្ពស់ជាងការដែលរង់ចាំតែទទួលបញ្ជា។

៧. កុំធ្វើជាមើលមិនឃើញបញ្ហាធំដែលនៅចំពោះមុខ
បញ្ហាខ្លះធំដុំណាស់ គ្រប់គ្នាដឹងឮអស់ហើយ តែគ្មានអ្នកណាហ៊ាននិយាយចេញមកក្រៅ ព្រោះខ្លាចខូចទំនាក់ទំនង ការលាក់ទុកនិងគេចវេះបែបនេះ នឹងធ្វើឱ្យបរិយាកាសការងារកាន់តែតានតឹង និងស្ត្រេសកកកុញ។ ត្រូវហ៊ានលើកយកមកដោះស្រាយដោយបើកចំហ។

៨. ពេលក្រុមហ៊ុនមានការផ្លាស់ប្តូរច្រើន មេដឹកនាំត្រូវយកចិត្តទុកដាក់លើអារម្មណ៍បុគ្គលិក
ការផ្លាស់ប្តូរគោលការណ៍ ការផ្លាស់ប្តូរមេកោយ ឬប្តូរប្រព័ន្ធការងារញឹកញាប់ ធ្វើឱ្យបុគ្គលិកភ័យព្រួយ និងស្ត្រេសខ្លាំងរហូតអាចឈឺបាន។ ពេលនេះ មេដឹកនាំត្រូវចុះសួរសុខទុក្ខ ផ្តល់ការធានា និងកម្លាំងចិត្តដល់ពួកគេឱ្យបានច្រើន។

៩. ហ៊ានដើរចេញពី "តំបន់សុខស្រួល" បន្តិចបន្តួច ជួយឱ្យយើងរីកចម្រើន
បើយើងធ្វើតែអ្វីដែលយើងចេះស្ទាត់រាល់ថ្ងៃ យើងនឹងមិនរីកចម្រើនទៅមុខទៀតទេ ការសាកល្បងទទួលយកការងារថ្មីៗ ដែលរាងពិបាកបន្តិច (តែមិនមែនហួសសមត្ថភាពពេក) នឹងជំរុញឱ្យយើងរៀនសូត្របានលឿនបំផុត។

១០. ស្ត្រេសខ្លះជារឿងល្អ តែបើច្រើនពេកនឹងបំផ្លាញយើង
សម្ពាធការងារល្មមៗធ្វើឱ្យយើងស្វាហាប់ និងប្រឹងប្រែង តែបើការងារនោះពិបាកពេក ឬអូសបន្លាយយូរខែឆ្នាំពេក វានឹងក្លាយជាការប៉ះទង្គិចផ្លូវចិត្ត ដែលធ្វើឱ្យយើងក្លាយជាមនុស្សឆេវឆាវ ឬបាក់ទឹកចិត្ត។

១១. វិធីសាស្ត្រជោគជ័យពីអតីតកាល មិនប្រាកដថាអាចប្រើបាននៅថ្ងៃនេះទេ
បញ្ហាថ្មី ត្រូវការដំណោះស្រាយថ្មី ការចចេសយកទម្លាប់ ឬវិធីដែលធ្លាប់តែជោគជ័យកាលពី ៥ ឬ ១០ ឆ្នាំមុន មកដោះស្រាយបញ្ហាថ្ងៃនេះ អាចនឹងធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅវិញ ត្រូវចេះរៀនសម្របតាមសម័យកាល។

១២. មនុស្សដែលងាយធ្វើការជាមួយ គឺជាមនុស្សដែលចេះ "បត់បែន" ខ្ពស់
មនុស្សដែលនរណាក៏ចង់ធ្វើការជាមួយ គឺជាអ្នកដែលចេះផ្តោតលើរឿង ៣ យ៉ាងឆ្លាស់គ្នា៖
១. លទ្ធផលការងារ
២. របៀបរបបរៀបចំចាត់ចែងការងារ
៣. យកចិត្តទុកដាក់លើមនោសញ្ចេតនារបស់មិត្តរួមការងារ
ពួកគេមិនតឹងតែងជ្រុល ហើយក៏មិនទន់ជ្រាយជ្រុលដែរ។

១៣. ស្តាប់ដោយយកចិត្តទុកដាក់មុននឹងវិនិច្ឆ័យ
ពេលអ្នកដទៃកំពុងនិយាយរឿងអវិជ្ជមាន ឬបញ្ចេញមតិយោបល់ផ្ទុយ សូមកុំទាន់ប្រញាប់កាត់សម្តី ឬបដិសេធ ចូរស្តាប់ឱ្យចប់សិន ដើម្បីយល់ពីចេតនាពិតរបស់ពួកគេ ការស្តាប់ គឺជាសិល្បៈនៃការផ្តល់កិត្តិយស និងកាត់បន្ថយជម្លោះបានយ៉ាងស័ក្តិសិទ្ធិ។

១៤. កុំយកបញ្ហាការងារ មកគិតជារឿងផ្ទាល់ខ្លួន
ពេលមិត្តរួមការងាររិះគន់គម្រោងរបស់អ្នក សូមចងចាំថាពួកគេរិះគន់ "លទ្ធផលការងារ" មិនមែនស្អប់ "បុគ្គលិកលក្ខណៈ" របស់អ្នកទេ ការបែងចែកដាច់រវាងការងារ និងរឿងផ្ទាល់ខ្លួន ធ្វើឱ្យអ្នកមិនងាយឈឺចាប់ឯកឯង។

១៥. កំណត់ព្រំដែនឱ្យបានច្បាស់លាស់
ជាមួយមនុស្សដែលពូកែរំខាន ឬចូលចិត្តរុញការងារឱ្យអ្នក អ្នកត្រូវចេះនិយាយបដិសេធ ដោយស្នាមញញឹមនិងហេតុផល។ ការកំណត់ព្រំដែនច្បាស់លាស់ ធ្វើឱ្យអ្នកដទៃគោរពពេលវេលា និងតួនាទីរបស់អ្នក។

១៦. ប្រើការលើកទឹកចិត្តជាវិជ្ជមាន ជាជាងការរិះគន់ជានិច្ច
មនុស្សគ្រប់រូបចូលចិត្តការសរសើរ បើអ្នកចង់ឱ្យមនុស្សពិបាកៗផ្លាស់ប្តូរអត្តចរិត សាកល្បងសរសើរពួកគេនៅពេលដែលពួកគេធ្វើរឿងល្អ (ទោះជារឿងតូចតាច) ការសរសើរនេះនឹងលើកទឹកចិត្តឱ្យពួកគេចង់ធ្វើល្អបន្តទៀត។

១៧. ផ្តោតលើ "គោលដៅរួម" ជាជាង "អ្នកណាឈ្នះអ្នកណាចាញ់"
ពេលមានការខ្វែងគំនិតគ្នា សូមកុំប្រកែកគ្នាដើម្បីយកឈ្នះរៀងខ្លួន ត្រូវទាញការសន្ទនាត្រឡប់មកវិញដោយសួរថា៖ "តើអ្វីទៅជាប្រយោជន៍រួមដែលក្រុមហ៊ុនចង់បាន?" ការផ្តោតលើគោលដៅរួម ជួយលុបបំបាត់ភាពអត្មានិយម។

១៨. ការសរសើរគួរធ្វើជាសាធារណៈ ឯការរិះគន់ស្ថាបនាគួរធ្វើនៅទីកន្លែងឯកជន
ដើម្បីរក្សាទឹកចិត្តមិត្តរួមការងារ ឬកូនចៅ បើគេធ្វើល្អត្រូវសរសើរនៅមុខអ្នកដទៃ តែបើគេធ្វើខុសត្រូវហៅគេមកនិយាយទល់មុខគ្នាតែពីរនាក់។ ការស្តីបន្ទោសនៅមុខគេឯង គឺជាការបំផ្លាញទំនុកចិត្តយ៉ាងធ្ងន់ធ្ងរ។

១៩. កសាងភាពរឹងមាំផ្នែកផ្លូវចិត្ត
ត្រូវទទួលស្គាល់ថា យើងមិនអាចគ្រប់គ្រងអាកប្បកិរិយារបស់អ្នកដទៃបានទេ តែយើងអាចគ្រប់គ្រងប្រតិកម្មរបស់យើងបាន ហ្វឹកហាត់ចិត្តឱ្យស្ងប់ ពេលប៉ះទង្គិចជាមួយពាក្យសម្តីអវិជ្ជមាន។

២០. កត់ត្រាទុកជាលាយលក្ខណ៍អក្សរ
ពេលធ្វើការជាមួយមនុស្សដែលចូលចិត្តប្រកែក ឬភ្លេចការសន្យា ក្រោយពេលប្រជុំ ឬឯកភាពគ្នារួច គួរសរសេរជាអ៊ីមែល ឬសារសង្ខេបផ្ញើទៅពួកគេវិញ ដើម្បីទុកជាភស្តុតាងការពារខ្លួនឯងនៅថ្ងៃក្រោយ។

២១. មានការយោគយល់ តែត្រូវរក្សាជំហររឹងមាំ
យើងអាចបង្ហាញក្តីអាណិត និងយល់ពីការលំបាករបស់អ្នកដទៃ (ឧទាហរណ៍៖ "ខ្ញុំយល់ថាបងកំពុងរវល់ខ្លាំង...") ប៉ុន្តែការងារដែលត្រូវធ្វើគឺនៅតែត្រូវតែធ្វើ ("...ប៉ុន្តែរបាយការណ៍នេះចាំបាច់ត្រូវតែប្រគល់នៅថ្ងៃស្អែកម៉ោង ៥ ល្ងាច") យោគយល់តែមិនបោះបង់គោលការណ៍ការងារ។

២២. ដឹងពីពេលវេលាដែលគួរ "ដើរចេញ" ឬ "រាយការណ៍ទៅថ្នាក់លើ"
បើអ្នកបានព្យាយាមគ្រប់មធ្យោបាយហើយ តែបុគ្គលនោះនៅតែបង្កបញ្ហាធ្ងន់ធ្ងររហូតប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងលទ្ធផលការងាររបស់អ្នក អ្នកត្រូវហ៊ានរាយការណ៍ប្រាប់អ្នកគ្រប់គ្រង ឬផ្នែកធនធានមនុស្ស (HR) ដើម្បីអន្តរាគមន៍ កុំទ្រាំលីសែងបញ្ហាតែម្នាក់ឯង។

_____សុវត្ថន៍-Sovathn

#សុវត្ថន៍_Sovathn #ការគ្រប់គ្រង #ការដឹកនាំ #ចិត្តសាស្ត្រ #ចិត្តវិទ្យា #យុទ្ធសាស្ត្រ #ផ្នត់គំនិត #ថាមពលវិជ្ជមាន #ការគិត #ការអភិវឌ្ឍន៍ខ្លួនឯង #របៀបគិតរបស់មនុស្សខ្លាំង #ថាមពលផ្លូវចិត្ត #រឹងមាំ #ចង្វាក់ជីវិត #ភាពខ្ជាប់ខ្ជួន #គូប្រកួតប្រជែង #ស្គាល់កាលៈទេសៈ #ពេលវេលា #មនុស្សជោគជ័យ #មនុស្សពូកែ #អាជីវកម្ម #ផលិតផល

មេរៀនដ៏សំខាន់បំផុតមួយដែលយើងត្រូវរៀនចេះ គឺការធ្វើជាម្ចាស់លើសុភមង្គល និងអារម្មណ៍របស់ខ្លួនឯង។ ជាញឹកញាប់ យើងតែងតែរំពឹងថាអ្នក...
07/21/2026

មេរៀនដ៏សំខាន់បំផុតមួយដែលយើងត្រូវរៀនចេះ គឺការធ្វើជាម្ចាស់លើសុភមង្គល និងអារម្មណ៍របស់ខ្លួនឯង។ ជាញឹកញាប់ យើងតែងតែរំពឹងថាអ្នកដទៃនឹងធ្វើឱ្យយើងសប្បាយចិត្ត ឬផ្តល់តម្លៃឱ្យយើង ប៉ុន្តែការធ្វើបែបនោះ គឺមិនខុសពីការហុចសោរបើកទ្វារបេះដូងរបស់យើងទៅឱ្យគេគ្រប់គ្រងឡើយ។ នៅពេលគេធ្វើល្អ យើងក៏សប្បាយចិត្ត តែនៅពេលគេប្រែប្រួល យើងក៏ខកចិត្ត។ តើត្រូវទេ?

គ្មាននរណាម្នាក់អាចធ្វើឱ្យអ្នកឈឺចាប់ ឬខកចិត្តបានឡើយ ប្រសិនបើអ្នកមិនបើកទ្វារ ឱ្យពួកគេចូលមកគ្រប់គ្រងចិត្តរបស់អ្នក។ ចូលមកកាន់ពិភពលោកនេះតែម្នាក់ឯង ពេលចាកចេញទៅវិញក៏តែម្នាក់ឯង ដូច្នេះចូរធ្វើជាអ្នកបង្កើតក្តីសុខឱ្យខ្លួនឯងដោយស្នាមញញឹមដ៏មានមោទនភាពបំផុត។ សេចក្តីសុខរបស់អ្នក ស្ថិតនៅក្នុងដៃរបស់អ្នកផ្ទាល់! 💪❤️🌟

ជូនចំពោះអ្នកដែលកំពុងមានវិប្បសារី និងកំពុងបន្ទោសខ្លួនឯងព្រោះកំហុសពីអតីតកាល...💙     នៅក្នុងជីវិតមនុស្សយើងម្នាក់ៗតែងតែជួបប្...
07/20/2026

ជូនចំពោះអ្នកដែលកំពុងមានវិប្បសារី និងកំពុងបន្ទោសខ្លួនឯងព្រោះកំហុសពីអតីតកាល...💙

នៅក្នុងជីវិតមនុស្សយើងម្នាក់ៗតែងតែជួបប្រទះនូវកំហុសឆ្គងជានិច្ច គ្មាននរណាម្នាក់ដែលកើតមកល្អឥតខ្ចោះនោះទេ។ ការសាងកំហុសក្នុងអតីតកាល មិនមែនជាទីបញ្ចប់នៃជីវិត ឬជាវិប្បដិសារីដែលអ្នកត្រូវរែកពុនរហូតដល់ថ្ងៃស្លាប់នោះឡើយ។ កំហុសឆ្គងទាំងនោះគឺជាមេរៀនជីវិតដ៏មានតម្លៃបំផុតដែលបង្រៀនយើងឱ្យចេះរឹងមាំ និងមានភាពចាស់ទុំជាងមុន។ វិប្បដិសារីដែលចេះតែកើតមានក្នុងចិត្ត គឺជារឿងធម្មតាដែលបង្ហាញថាយើងមាន
ការទទួលខុសត្រូវ និងមានមនសិការ។

ប៉ុន្តែ ការបណ្តោយឱ្យវិប្បដិសារីនោះមកគ្រប់គ្រងបច្ចុប្បន្នកាលរបស់អ្នក គឺជាការបំផ្លាញអនាគតខ្លួនឯង។ ដើម្បីដោះលែងខ្លួនឯងពី អារម្មណ៍ខុសឆ្គង ជាដំបូងយើងត្រូវរៀនទទួលស្គាល់ការពិត ហើយអភ័យទោសឱ្យខ្លួនឯង។ សូមចងចាំថា អ្នកកាលពីម្សិលមិញ និងអ្នកនៅថ្ងៃនេះ គឺជាមនុស្សពីរនាក់ផ្សេងគ្នា។

អ្នកនៅថ្ងៃនេះមានការយល់ដឹងច្រើនជាងមុន និងរឹងមាំជាងមុន ដោយសារតែកំហុសកាលពីម្សិលមិញ។ ដូច្នេះ សូមចាត់ទុកអតីតកាលជាមេរៀនដើម្បីក្រេបយកបទពិសោធ មិនមែនជាគុកដែលឃុំឃាំងសេចក្តីសុខរបស់អ្នកឡើយ។

ចូរផ្តល់ឱកាសឱ្យខ្លួនឯងចាប់ផ្តើមជាថ្មីដោយក្តីសង្ឃឹម និងថាមពលវិជ្ជមាន ដើម្បី
ឈានទៅរកភាពជោគជ័យ។✨

Address

New York
New York, NY

Website

Alerts

Be the first to know and let us send you an email when គតិអប់រំ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Featured

Share