13/02/2025
សម្តេចព្រះសុមេធាធិបតី ហួត តាត វជិរប្បញ្ញោ 1891-1975
1912 ជាប់មហាបួនប្រយោគ
1914 ចូលបង្រៀនភាសាបាលីនិងបារាំងនៅសាលាបាលីជាន់ខ្ពស់
1924 បង្រៀនភាសាសំស្ក្រឹតនៅសាលាបាលីជាន់ខ្ពស់
1941 ព្រះអធិបតីក្រុមជំនុំព្រះត្រៃបិដក
1945 ព្រះអធិបតីថេរសភាជាន់ខ្ពស់
1948 ចាងហ្វាងសាលាបាលីជាន់ខ្ពស់
1956 សាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
1956 ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ
1969 ព្រះចៅអធិការវត្តឧណ្ណាលោម
សម្តេចបាននាំកសាងអគារពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាលាសន្និសីទចតុមុខ ព្រះវិហារវត្តប្រាង្គ ... ។
1904 ព្រះអង្គបួសជាសាមណេរនៅអាយុ13 ក្នុងវត្តប្រាង្គ ក្នុងសំណាក់ព្រះធម្មឃោសាចារ្យ មាស។
1905 មកគង់នៅវត្តឧណ្ណាលោមក្នុងសំណាក់ព្រះធម្មលិខិត សូរ
1912 ព្រះអង្គបួសភិក្ខុ ក្នុងវត្តឧណ្ណាលោម ក្នុងសំណាក់ព្រះមហាសង្ឃរាជ និល ទៀង។
សម្តេចព្រះសង្ឃរាជបានបម្រើវិស័យពុទ្ធិកសិក្សាតាំងពី1914-1975។
08/05/2024
STEM គឺ អ្វី?
S = Science វិទ្យាសាស្ត្រ
T = Technology បច្ចេកវិទ្យា
E = Engineering វិស្វកម្ម
M = Math គណិតវិទ្យា
05/05/2024
ស្គាល់ប្រវត្តិថៃដំបូង
************
អ្នកដែលកៀងគរសៀមឲ្យរើបម្រះ ប្រកាសស្វ័យភាពពីនគរខ្មែរ គឺជាព្រះរាជបុត្រច្បងរបស់ព្រះបាទជ័យវរ្ម័នទី ៧ គឺ ព្រះអង្គ(តាមៈលិន្ទ ) ដែលបានសាងព្រះផ្នួសតាំងពីកុមារភាព ដែលមានព្រះនាមថា ព្រះបទុមសូរិយាវង្ស ..សៀមហៅថា ( ពញា រុង ).
បទុសូរិយាវង្ស មានន័យថា ផ្កាឈូករត័្ន ជានិមិត្តរូបនៃពន្លឺព្រះអាទិត្យ .
ហើយជាភាសាសៀម គឺ( រុង ) មានន័យថា ព្រះអរុណ មានន័យថា ឧទ័យ ( ឧទយ: ) = rise or dawn
រីឯឈ្មោះរបស់ សន្តតិវង្ស សៀមដំបូងបង្អស់ ដែលបានបង្កើតឡើងនៅសុខោទ័យ ក្នុងឆ្នាំ1243 នោះគឺជាព្រះនាមរបស់ ពញារុង គឺហៅថា
រាជវង្ស ព្រះរុង ( phra raung dynasty ) មានន័យថា រាជវង្ស ព្រះអរុណ
ឬ ប្រែថា រាជវង្សព្រះឧទ័យ .
.សុខោទ័យ ជាអតីត មជ្ឈមណ្ឌល ព្រះពុទ្ធសាសនា និកាយ ថេរវាទ
ដែលបានបង្កើតឡើងដោយ ព្រះអង្គតាម:លិន្ទ ដែលបាននាំមកពីសេរីលង្កាក្នុងកំលុងឆ្នាំ ១១៩០ ដូច្នេះហើយទើបគេឲ្យឈ្មោះ ព្រះពុទ្ធសាសនា និកាយថេរវាទ ឬ ធម្មយុត្តិក:និកាយ ថាជា សៀមនិកាយ
រីឯ និកាយព្រះសាសនារបស់ខ្មែរយើង គឺជា មហានិកាយ ឬ អាចារ្យវាទ ឬ និកាយបូរាណ ។
សុខោទ័យ មកពី សុខ: + ឧទយ: ប្រែថា ព្រះអរុណនៃសុភមង្គល = dawn of happiness or the light of harmony .
.
ក្នុងឆ្នាំ 1238 ក្រោយពី ព្រះបាទជ័យវរ្ម័នទី8 ឬ ស្ដេចសេនករាជ ជាមេទ័ពបានជ្រែករាជពី ព្រះបាទ ឥន្រ្ទវរ្ម័នទី២ ហើយបានផ្លាស់ប្តូរាជវង្សថ្មី និង បានផ្លាស់ប្ដូរពីព្រះពុទ្ធសាសនា មហាយាន របស់រដ្ឋ ទៅគោរពបូជាព្រះសេវៈ បានបណ្ដាលឲ្យមានជម្លោះរាជវង្សនិងសាសនា ហើយការតម្លើងពន្ធដារ និង សួយសារអាករ ធ្វើឲ្យប្រជារាស្ត្រមិនសប្បាយចិត្ត រីឯសមន្តរដ្ឋក៏រើបម្រះ ប្រកាសស្វ័យភាពរៀង ៗ ខ្លួន នៅពេលនោះ ពញារុង ក៏បានកៀងគរសៀមឲ្យប្រកាសស្វ័យភាពរបស់ខ្លួនដែរ ។
ព្រះនាង សង្ខរទេវី ជាភរិយារបស់ ភូឃុនផាមឿង ដែលប្រជាជនសៀមនៅពេជ្របូរីគោរពទុកជា ទេពក្សត្រី នៃខេត្តផេជប៊ុន ហើយនៅក្នុងខេត្តនោះក៏គេមានសាងព្រះបដិមា របស់ព្រះបាទជ័យវរ្ម័នទី7 មានព្រះនាម ព្រះពុទ្ធមហាធម្មរាជា នៅក្នុងវត្តត្រៃភូមិ ៕
19/03/2024
វត្តអារាមដែលគ្មានការសិក្សាមិនខុសពីខ្ទមអ្នកតាដែលរង់ចាំសំណែននោះទេ
11/02/2024
វិសុទ្ធិមគ្គ ភាគ ១ កថាខណ្ឌ ៣១ ទំព័រ ៨២ តាំងពី តត្ថ សង្ឃមជ្ឈេបិ និសីទិត្វា រហូតដល់ អនាបត្តិ ។ មហាភិរម្យ ប្រែ ថ្ងៃទី ១១ ខែកុម្ភៈ ២០២៤ ។
បាលីនិស្ស័យ
តត្ថ (ចតូសុ បរិភោគេសុ) សង្ឃមជ្ឈេបិ និសីទិត្វា បរិភុញ្ជន្តស្ស ទុស្សីលស្ស (ភិក្ខុនោ) បរិភោគោ ថេយ្យបរិភោគោ នាម. សីលវតោ (ភិក្ខុនោ) អបច្ចវេក្ខិតបរិភោគោ ឥណបរិភោគោ នាម. តស្មា (ភិក្ខុនា) ចីវរំ បរិភោគេ បរិភោគេ បច្ចវេក្ខិតព្ពំ, (ភិក្ខុនា) បិណ្ឌបាតោ អាលោបេ អាលោបេ (បច្ចវេក្ខិតព្ពោ), (ភិក្ខុនា) តថា (បច្ចវេក្ខិតុំ) អសក្កោន្តេន បុរេភត្តបច្ឆាភត្តបុរិមយាមមជ្ឈិមយាមបច្ឆិមយាមេសុ (បច្ចវេក្ខិតព្ពំ). សចេ អស្ស (ភិក្ខុស្ស) អបច្ចវេក្ខតោ, អរុណោ ឧគ្គច្ឆតិ, (សោ ភិក្ខុ) ឥណបរិភោគដ្ឋានេ តិដ្ឋតិ. សេនាសនម្បិ (ភិក្ខុនា) បរិភោគេ បរិភោគេ បច្ចវេក្ខិតព្ពំ. (ភិក្ខុស្ស) ភេសជ្ជស្ស បដិគ្គហណេបិ បរិភោគេបិ សតិបច្ចយតា វដ្ដតិ, ឯវំ (ការណេ) សន្តេបិ, (តស្ស ភិក្ខុស្ស) បដិគ្គហណេ សតិំ កត្វា បរិភោគេ អករោន្តស្សេវ អាបត្តិ (ហោតិ), (តស្ស ភិក្ខុស្ស) បដិគ្គហណេ បន សតិំ អកត្វា បរិភោគេ (សតឹ) ករោន្តស្ស អនាបត្តិ (ហោតិ).
ប្រែលោតប្រយោគ
តត្ថ ចតូសុ បរិភោគេសុ ក្នុងចំណោមការបរិភោគទ. ៤ នោះ, បរិភោគោ រីការបរិភោគ, ទុស្សីលស្ស ភិក្ខុនោ របស់ភិក្ខុទ្រុស្ដសីល, សង្ឃមជ្ឈេបិ និសីទិត្វា បរិភុញ្ជន្តស្ស ដែលអង្គុយបរិភោគសូម្បីត្រង់កណ្ដាលនៃសង្ឃ, ថេយ្យបរិភោគោ នាម ឈ្មោះថា ថេយ្យបរិភោគ ។ អបច្ចវេក្ខិតបរិភោគោ រីការមិនពិចារណាហើយបរិភោគ, សីលវតោ ភិក្ខុនោ របស់ភិក្ខុអ្នកមានសីល, ឥណបរិភោគោ នាម ឈ្មោះថា ឥណបរិភោគ ។ តស្មា ព្រោះហេតុនោះ, ចីវរំ រីចីវរ, ភិក្ខុនា គឺ ភិក្ខុ, បច្ចវេក្ខិតព្ពំ គប្បីពិចារណា, បរិភោគេ បរិភោគេ នៅរាល់ពេលបរិភោគ; បិណ្ឌបាតោ រីអាហារបិណ្ឌបាត, ភិក្ខុនា គឺ ភិក្ខុ, បច្ចវេក្ខិតព្ពោ គប្បីពិចារណា, អាលោបេ អាលោបេ នៅរាល់ពំនូត;
ភិក្ខុនា គឺ ភិក្ខុ, តថា បច្ចវេក្ខិតុំ អសក្កោន្តេន កាលមិនអាច ដើម្បីពិចារណា យ៉ាងនោះ, បច្ចវេក្ខិតព្ពំ គប្បីពិចារណា, បុរេភត្តបច្ឆាភត្តបុរិមយាមមជ្ឈិមយាមបច្ឆិមយាមេសុ ក្នុងកាលមុននៃភត្ត,ក្នុងកាលក្រោយនៃភត្ត,ក្នុងបុរិមយាម, ក្នុងមជ្ឈិមយាម និង ក្នុង បច្ឆិមយាមទ. ។ សចេ ប្រសិនបើ, អស្ស ភិក្ខុនោ កាលភិក្ខុនោះ, អបច្ចវេក្ខតោ មិនពិចារណា; អរុណោ រីអរុណ, ឧគ្គច្ឆតិ រមែងរះឡើង, សោ ភិក្ខុ រីភិក្ខុ នោះ, តិដ្ឋតិ រមែងតាំងនៅ, ឥណបរិភោគដ្ឋានេ ក្នុងឋានៈជាទីបរិភោគនូវបំណុល ។ សេនាសនំបិ សូម្បីរីសេនាសនៈ , ភិក្ខុនា គឺ ភិក្ខុ, បច្ចវេក្ខិតព្ពំ គប្បីពិចារណា, បរិភោគេ បរិភោគេ នៅរាល់ពេលប្រើប្រាស់ ។
ភិក្ខុស្ស ភេសជ្ជស្ស បដិគ្គហណេបិ បរិភោគេបិ សតិបច្ចយតា រីភាវៈនៃភិក្ខុជាអ្នកមានសតិជាបច្ច័យ ក្នុងកាលជាទីទទួល ក្ដី ក្នុងកាលជាទីបរិភោគ ក្ដី នូវភេសជ្ជៈ, វដ្ដតិ រមែងគួរ ; ឯវំ ការណេ នាកាលហេតុ យ៉ាងនេះ, សន្តេបិ សូម្បីមាន; អាបត្តិ រីអាបត្តិ, ហោតិ រមែងមាន, តស្ស ភិក្ខុនោះ ដល់ភិក្ខុនោះ, បដិគ្គហណេ សតិំ កត្វា បរិភោគេ អករោន្តស្ស-ឯវ ដែលធ្វើហើយ នូវសតិ ក្នុងកាលជាទីទទួល មិនធ្វើ នូវសតិ ក្នុងកាលជាទីបរិភោគ ហ្នឹងឯង; បន ប៉ុន្តែ , អនាបត្តិ រីអនាបត្តិ, ហោតិ រមែងមាន, តស្ស ភិក្ខុនោះ ដល់ភិក្ខុនោះ,បដិគ្គហណេ សតិំ អកត្វា បរិភោគេ សតឹ ករោន្តស្ស ដែលមិនធ្វើហើយ នូវសតិ ក្នុងកាលជាទីទទួល ធ្វើ នូវសតិ ក្នុងកាលជាទីបរិភោគ ។
11/02/2024
ធម្មបរិយាយ
*****
យល់ដឹងតាមក្រិត្យ យល់ពិតតាមធម្មជាតិ
*************
សម្មាទិដ្ឋិ ប្រែថា សេចក្តីយល់ឃើញត្រូវ ឬថា គំហើញត្រូវ ពាក្យនេះធ្វើឲ្យមនុស្សជាច្រើនកើតមន្ទិលសង្ស័យថាតើយល់ឃើញដូចម្តេចទៅទើបឈ្មោះថា យល់ឃើញត្រូវ?
មុននឹងពិចារណាពាក្យថា សេចក្តីយល់ឃើញត្រូវ សូមបកស្រាយពាក្យថា ត្រូវ សិន តាមធម្មតា នៅពេលយើងពិចារណាថា អ្វីណានីមួយត្រូវឬមិនត្រូវ យើងត្រូវមានអ្វីមួយជាក្រិត្យឬជាគោលទុកជាមុន បើរឿងណាមួយត្រូវតាមក្រិត្យឬគោលនោះ យើងក៏ចាត់ទុកថា ត្រូវ ឬ ត្រឹមត្រូវ បើខុសពីគោលឬក្រិត្យនោះ យើងហៅថា ខុស ដូចជា យើងឲ្យក្មេងយកលេខ ៥ បូកនឹងលេខ ៥ បើក្មេងឆ្លើយថា ១០ យើងក៏ប្រាប់ថា ត្រូវ ព្រោះយើងមានក្រិត្យឬគោលថា ៥+៥=១០ បើក្មេងឆ្លើយផ្សេងពីនេះ យើងក៏ប្រាប់ថា ខុស ព្រោះខុសចាកក្រិត្យឬគោលដែលកំណត់ ។
ក្រិត្យឬគោលទាំងឡាយដែលយើងកំណត់នោះ អាចថា យើងកំណត់ទុកដោយខ្លួនឯងក៏បាន ឬអាចជាគោលដែលមហាជនសន្មតឡើងនិងទទួលស្គាល់ក៏បាន ឬអាចជាបទពិសោធរបស់មហាជនក៏បាន ឬអាចជាសេចក្តីពិតតាមធម្មជាតិក៏បាន ។
នៅក្នុងសហរាជាណាចក្រ មានសមាគមរបស់ក្រុមមនុស្សដែលជឿថា ផែនដីសំប៉ែត សមាជិករបស់សមាគមនោះកំណត់គោលទុកដោយខ្លួនឯងថា ផែនដីសំប៉ែត បើអ្នកណាប្រាប់ថា ផែនដីសំប៉ែត គេក៏ចាត់ទុកថា ត្រូវ ព្រោះត្រូវតាមក្រិត្យផ្ទាល់ខ្លួនរបស់គេដោយឥតគិតដល់សេចក្តីពិតយ៉ាងណានោះទេ បើអ្នកណាប្រាប់ថា ផែនដីមូល គេក៏ចាត់ទុកថា ខុស ព្រោះខុសចាកគោលរបស់គេទោះបីបើការណ៍ពិត គឺ ផែនដីមានសណ្ឋានមូលក៏ដោយ យ៉ាងនេះហៅថា ក្រិត្យឬគោលដែលបុគ្គលសន្មតឡើងដោយខ្លួនឯងតាមលំនឹកឬសេចក្តីប្រកាន់របស់ខ្លួនដោយឥតគិតដល់សេចក្តីពិតឡើយ ។
គោលច្បាប់និងសីលធម៌ច្រើនតែជាគោលដែលមនុស្សភាគច្រើនសន្មតឡើងនិងទទួលស្គាល់ក្នុងចំណោមមនុស្សផងគ្នា ដូចជា គ្រិស្តសាសនិកជនទទួលស្គាល់ថា ការសម្លាប់សត្វជាអាហារមិនមានបាបទេ បើមានអ្នកណាមួយនិយាយថា ការសម្លាប់សត្វជាអាហារមានបាប គេក៏ចាត់ទុកថា ខុស នេះជាឧទាហរណ៍ខាងសីលធម៌ គោលច្បាប់បញ្ញត្តទុកថា នរជនដែលមានសាក្សីបុគ្គលអះអាងចងឆ្វាក់ថាបានប្រព្រឹត្តបទល្មើស តោងតែទទួលទោស ទោះបីបើនរជនខ្លះអាចមិនបានប្រព្រឹត្តបទល្មើសក៏ដោយ ព្រោះខុសចាកគោលច្បាប់ដែលមនុស្សភាគច្រើនបញ្ញត្តទុកនិងទទួលស្គាល់ ។
ក្រិត្យឬគោលខ្លះអាចសន្មតឡើងចាកបទពិសោធរបស់មនុស្សភាគច្រើន ដូចជា មនុស្សមនាធ្លាប់សង្កេតឃើញមកថា គ្រូពស់ភាគច្រើននៅទីបំផុតក៏ត្រូវស្លាប់ព្រោះពស់ចឹក ទើបកំណត់ទុកជាគោលថា គ្រូពស់ស្លាប់ព្រោះពស់ កាលបើឃើញអ្នកណាមួយចាប់ផ្តើមធ្វើជាគ្រូពស់ ក៏ម៉ៅយកថា តទៅ គាត់នឹងត្រូវស្លាប់ព្រោះពស់ ។
ក្រិត្យឬគោលខ្លះអាចជាសេចក្តីពិតតាមធម្មជាតិដែលកើតឡើងឬមានឡើងដោយឯកឯង ឬតាមធម្មតារបស់ធម្មជាតិនោះ ៗ មិនអាស្រ័យទៅលើអារម្មណ៍ សម្មតិកម្មឬបញ្ញត្តិរបស់មនុស្សនោះទេ ដូចជា យើងដាំស្វាយ ផលដែលយើងទទួលបាន គឺ ស្វាយ ទោះបីអ្នកដាំមិនត្រូវការស្វាយនោះក៏ដោយ ឬទោះបីក្រាបសំពះអង្វរសុំទុរេនក៏ដោយ នៅទីបំផុត យើងក៏នៅតែបានទទួលស្វាយដដែល ព្រោះហេតុនោះ ការនិយាយថា ដាំស្វាយបានស្វាយទើបត្រូវតាមសេចក្តីពិតក្នុងធម្មជាតិ បើដាំស្វាយ បានដូង ទើបខុសចាកសេចក្តីពិតក្នុងធម្មជាតិ ។
កាលបើគោលឬក្រិត្យនៃភាពត្រឹមត្រូវមានយ៉ាងនេះ តើសេចក្តីយល់ឃើញត្រូវដែលហៅថា សម្មាទិដ្ឋិ នោះ សំដៅដល់សេចក្តីយល់ឃើញត្រូវទៅតាមអ្វី? ឬ យល់ឃើញដូចម្តេចទើបឈ្មោះថា យល់ឃើញត្រូវ?
បើយើងសិក្សាពិចារណាមើលភស្តុតាងក្នុងព្រះពុទ្ធសាសនានិងពិចារណាយ៉ាងគ្រប់ជ្រុងជ្រោយ នឹងឃើញថា គំហើញត្រូវ នៅទីនេះ សំដៅដល់ សេចក្តីយល់ឃើញជីវិតរបស់ខ្លួនត្រូវច្រើនជាងអ្វី ៗទាំងអស់ និងយល់ឃើញត្រូវតាមសេចក្តីពិតក្នុងធម្មជាតិច្រើនជាងសេចក្តីយល់ឃើញតាមអារម្មណ៍ ឬតាមច្បាប់ឬតាមសម្មតិកម្មឬតាមបញ្ញត្តិរបស់មនុស្ស ។
សេចក្តីពិតក្នុងធម្មជាតិមានច្រើនកម្រិត ដូចជា កម្រិតសម្មតិសច្ចៈ វត្ថុរាវមួយដែលយើងហៅថា ទឹក អ្នកណា ៗក៏ស្គាល់បាន ប្រសិនបើយើងនិយាយថា ខ្ញុំផឹកទឹក គាត់ងូតទឹក គេហែលទឹក អ្នកផងទាំងពួងក៏យល់ដឹងបានដោយឥតប្រកែក ប៉ុន្តែបើនិយាយក្នុងកម្រិតសភាវសច្ចៈ ទឹកក៏មិនមាន មានតែសារធាតុផ្សំខាងគីមី គឺ មានបរមាណូហៃត្រូជិន(អ៊ីត្រូហ្សែន) ២ បរមាណូផ្សំចូលជាមួយនឹងបរមាណូអុកហ្សីជិន(អុកហ្ស៊ីហ្សែន) ១ បរមាណូ ដែលហៅថា H2O ប៉ុណ្ណោះ ប៉ុន្តែបើនិយាយក្នុងកម្រិតបរមត្ថសច្ចៈH2O ក៏មិនមាន បើយើងយកបរមាណូអ៊ីត្រូហ្សែននិងបរមាណូអុកហ្សីហ្សែនមកប្រញែកប្របែកជាឯឡិកត្រន់ នូត្រន់ ប្រូតន់និងអនុភាគឲ្យតូចល្អិតជាងបរមាណូផ្សេង ៗហើយ (subatomic particles) H2O ក៏មិនមាន នៅសល់តែអនុភាគផ្សេង ៗប៉ុណ្ណោះ ។
សេចក្តីពិត ៣ កម្រិតខាងលើ បើពិចារណាមើលឲ្យហ្មត់ចត់ យើងនឹងឃើញថាជាសេចក្តីពិតទាក់ទងនឹងភាគផ្សំ(components) របស់សារពើវត្ថុ យើងដឹងសេចក្តីពិតទាំងនេះបានដោយការប្រញែកបំបែក(Analysis)ឲ្យជាអនុភាគតូច ៗតាមដែលអាចធ្វើទៅបាន គ្រាន់តែយើងចាប់ផ្តើមប្រញែកបំបែក សេចក្តីពិតដែលយើងទទួលស្គាល់ក៏បាត់ទៅ ធ្វើឲ្យយើងមើលឃើញសេចក្តីពិតកម្រិតផ្សេង ៗទៀតជ្រៅទៅដោយលំដាប់រហូតដល់សេចក្តីពិតកម្រិតចុងក្រោយ(បរមត្ថសច្ចៈ) ដែលមិនអាចប្រញែកបំបែកតទៅទៀតបាន បើពឺតតែប្រញែកបំបែកតទៅទៀត ក៏គ្មានឃើញអ្វីនៅសល់ជាសេចក្តីពិតទេ មានត្រឹមតែលំហទទេ ។
ក្នុងព្រះពុទ្ធសាសនា ប្រើវិធីវិភជ្ជវាទ គឺ ប្រញែកបំបែកក្នុងការស្វែងរកសេចក្តីពិត ដូចជា ការប្រញែកបំបែកមនុស្សចេញជា រូបនិងនាម ការប្រញែកបំបែករូបជាធាតុដី ទឹក ភ្លើង ខ្យល់ ការប្រញែកបំបែកនាមជាវេទនា សញ្ញា សង្ខារ វិញ្ញាណជាដើម ពោលគឺ ការដែលប្រញែកបំបែកភាគផ្សំរបស់មនុស្សនេះ មានគោលបំណងដើម្បីឲ្យដឹងសេចក្តីពិតម្យ៉ាង និង ដើម្បីកុំឲ្យមនុស្សឈ្លក់វង្វេងនឹងសេចក្តីពិតកម្រិតខាងក្រៅ ទាំងនេះក៏ដើម្បីបំផ្លាញ ឃនសញ្ញា គឺ សេចក្តីសម្គាល់ថាជាដុំជាសំណុំជាតួខ្លួនដែលជាហេតុនាំឲ្យប្រកាន់ខ្ជាប់អត្តា និងដើម្បីឲ្យមើលឃើញថា ជីវិតរបស់មនុស្សគ្រាន់តែជាកិរិយាវិធីតាមធម្មជាតិ (natural process)មួយដែលមានគ្រឿងផ្សំតាក់តែងផ្សេង ៗកើតឡើងប្រព្រឹត្តទៅ និង ផុតរលត់ទៅតាមហេតុបច្ច័យ គ្មានអ្វីជាអមតៈខាងក្នុងឡើយ គ្មានអ្នកណាសាងឬបង្កើតឡើង ឬ គ្មានអ្នកណាមួយជាម្ចាស់ឡើយ មិនប្រព្រឹត្តទៅតាមបំណងរបស់អ្នកណាមួយ ។
ក្នុងព្រះពុទ្ធសាសនា មិនត្រឹមតែប្រញែកបំបែកដើម្បីឲ្យដឹងចំណែកផ្សំតាក់តែងផ្សេង ៗរបស់ជីវិតប៉ុណ្ណោះទេ ប៉ុន្តែប្រញែក បំបែកដើម្បីឲ្យដឹងលក្ខណៈសំខាន់ដែលជាសេចក្តីពិតតាមធម្មជាតទៀតផង ពោលគឺ លក្ខណៈសំខាន់ដែលគ្របដណ្តប់រាល់ជីវិត និង សារពើវត្ថុចាត់ទុកបានថាជាសេចក្តីពិតសកលនិងជាសេចក្តីពិតតាមធម្មជាតិ ។
សេចក្តីពិតតាមធម្មជាតិដែលព្រះពុទ្ធសាសនាត្រូវការឲ្យមនុស្សយល់ដឹង គឺ អរិយសច្ចៈ ៤ បានដល់ ទុក្ខ ហេតុនាំឲ្យកើតទុក្ខ ការលុបបំបាត់ទុក្ខ និងវិធីបដិបត្តិដើម្បីលុបបំបាត់ទុក្ខ ការដែលហៅសេចក្តីពិតទាំង ៤ នេះថាជាអរិយសច្ចៈ ព្រោះជាសេចក្តីពិតដ៏ប្រសើរ អាចធ្វើឲ្យបុគ្គលដែលយល់ដឹងសេចក្តីពិតទាំងនេះក្លាយជាបុគ្គលប្រសើរ បុគ្គលនឹងប្រសើរឬថ្លៃថ្នូរទៅបានមិនអាស្រ័យទៅលើឋានៈរបស់គេទេ ប៉ុន្តែអាស្រ័យទៅលើសេចក្តីស្អាតស្អំ ភ្លឺស្វាង និង ស្ងួតស្ងប់របស់គេ ទើបក្លាយជាបុគ្គលប្រសើរឬថ្លៃថ្នូរបាន ការយល់ដឹងសេចក្តីពិតកម្រិតផ្សេង ៗមិនអាចធ្វើឲ្យបុគ្គលស្អាតស្អំ ភ្លឺស្វាង និង ស្ងួតស្ងប់បានទេ ព្រោះហេតុនោះទើបមិននិយមលើកតម្លើងថាជាអរិយសច្ចៈ ហេតុដូច្នេះ តួនាទីរបស់ពុទ្ធសាសនិកជន គឺ សេចក្តីព្យាយាមកសាងសេចក្តីយល់ឃើញត្រូវឲ្យកើតឡើងដោយព្យាយាមឈ្វេងយល់អរិយសច្ចៈនេះមុនអ្វី ៗទាំងអស់ ។
អរិយសច្ចៈមានដល់ទៅ ៤ ប្រការ តើពុទ្ធសាសនិកជនគួរយល់ដឹងអ្វីមុន?
ឆ្លើយថា គួរយល់ដឹងទុក្ខសច្ចៈមុនសច្ចៈដទៃព្រោះហេតុផលដូចតទៅនេះ
១.ទុក្ខចាត់ជាផលជាក់ស្តែងដែលមនុស្សអាចសង្កេតឃើញបានដោយងាយទាំងមាននៅនឹងមនុស្សទូទៅ និងអាចសង្កេតឃើញបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែង ប្រសិនបើយើងហ៊ានសម្លឹងមើលទុក្ខនោះដោយសុចរិត អរិយសច្ចៈ ៣ ប្រការទៀតជាសេចក្តីពិតល្អិតជ្រាលជ្រៅពិបាកនឹងសង្កេតឃើញបានណាស់ ។
២.ទុក្ខចាត់ជាច្រកនាំទៅកាន់សច្ចៈដទៃទៀត ប្រសិនបើមើលឃើញទុក្ខហើយ វាបានជាធ្នាក់នាំទៅកាន់សច្ចៈដទៃទៀត ប្រសិន បើយើងសិក្សាជីវប្បវត្តិរបស់ព្រះពុទ្ធជាម្ចាស់និងអរិយសាវ័កទាំងឡាយ នឹងឃើញថា ជីវិតរបស់ព្រះពុទ្ធជាម្ចាស់និងអរិយសាវ័កទាំងនោះចាប់ផ្តើមឡើងដោយការមើលឃើញទុក្ខ នឿយណាយក្នុងទុក្ខហើយក៏ព្យាយាមរាវរកមូលហេតុនៃទុក្ខ លុះរកឃើញមូលហេតុហើយក៏រិះរកវិធីសាស្រ្តលុបបំបាត់កម្ចាត់មូលហេតុនៃទុក្ខនោះចោល កាលបើលុបបំបាត់កម្ចាត់បានសម្រេចហើយក៏ចូលដល់សេចក្តីសុខដ៏ប្រសើរ រួចស្រឡះចាកទុក្ខទាំងពួង ។
ព្រោះហេតុនោះ ពុទ្ធសាសនិកជនត្រូវខិតខំកសាងទស្សនគតិជាថ្មី ត្រូវមើលឲ្យឃើញថា ជីវិតនេះមានទុក្ខ មូលហេតុរបស់ទុក្ខ គឺតណ្ហា មិនមែនអ្វីដទៃទេ ទាំងត្រូវមើលឲ្យឃើញថា ទុក្ខនោះជារឿងដែលអាចលុបបំបាត់កម្ចាត់បានយ៉ាងពិតប្រាកដទាំងលុបបំបាត់កម្ចាត់បានដោយបម្រឹងប្រឹងប្រែងរបស់មនុស្សខ្លួនឯង មិនត្រូវពឹងអាស្រ័យអំណាចខាងក្រៅណាៗឡើយ និងត្រូវមើលឲ្យឃើញថា មគ្គមានអង្គ ៨ ជាផ្លូវនាំទៅកាន់ការលុបបំបាត់កម្ចាត់ទុក្ខបានទាំងស្រុងមិនមែនផ្លូវដទៃឡើយ ។
សរុបសេចក្តីមកថា ពុទ្ធសាសនិកជនពិតប្រាកដមិនមែនជាមនុស្សមានត្រឹមតែសទ្ធាជ្រះថ្លាក្នុងព្រះរតនត្រ័យ ធ្វើបុណ្យ ឲ្យទាន និង រក្សាសីលតាមប្រពៃណីដោយប្រាសចាកសេចក្តីយល់ឃើញត្រូវជាមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែត្រូវឈ្វេងយល់គោលបដិបត្តិសម្រាប់ខ្លួនឯងផង ពោលគឺ គោលបដិបត្តិពិតប្រាកដមិនមែនសីល សមាធិ បញ្ញាដូចដែលប្រកាន់មកនោះទេ សីល-សមាធិ-បញ្ញាជាគោលបដិបត្តិសម្រាប់ភិក្ខុ-សាមណេរដែលជាអ្នកបួសឧទ្ធិសជីវិតដល់ព្រះពុទ្ធសាសនាហើយ គោលបដិបត្តិសម្រាប់ពុទ្ធសាសនិកជន គឺ មគ្គមានអង្គ ៨ បានដល់ គំហើញត្រូវ តម្រិះត្រូវ សម្តីត្រូវ ទង្វើត្រូវ អាជីពត្រូវ កំហំត្រូវ រលឹកត្រូវ តម្កល់ចិត្តត្រូវ និងសង្ខេបបានជា ៣ គឺ បញ្ញា សីល សមាធិ ព្រោះហេតុនោះ ពុទ្ធសាសនិកជនត្រូវចាប់ផ្តើមការបដិបត្តិដោយបញ្ញាមុន បើនិយាយក្នុងផ្លូវសាសនពិធី គប្បីចាប់ផ្តើមឡើងដោយទេសនា សមាទានសីល និងធ្វើសមាធិ ។
បញ្ញាមាន ៣ កម្រិត គឺ ចេះស្តាប់ បានដល់ ចេះ ដឹង យល់ព្រោះស្តាប់ (សុតមយបញ្ញា) ចេះគិត បានដល់ ចេះ ដឹង យល់ព្រោះគិត(ចិន្តមយបញ្ញា)ចាត់ជាកម្រិតទិដ្ឋិ និង ចេះធ្វើ បានដល់ ចេះ ដឹង យល់ព្រោះធ្វើ ឬ អនុវត្ត(ភាវនាមយបញ្ញា) ចាត់ជាកម្រិតញាណដែលកើតចេញពីសមាធិ ពុទ្ធសាសនិកជនគប្បីចាប់ផ្តើមកម្រិតទិដ្ឋិសិនហើយទើបប្រើបញ្ញាពិចារណារហូតដល់សេចក្តីយល់ឃើញត្រូវជាគោលចិញ្ចឹមជីវិត ។
គំហើញត្រូវ បានដល់ សេចក្តីយល់ឃើញត្រូវតាមសេចក្តីពិតក្នុងធម្មជាតិរបស់ជីវិត ពោលគឺ សេចក្តីយល់ដឹងអរិយសច្ចៈ ៤ ពុទ្ធសាសនិកជនត្រូវមើលឲ្យឃើញថា ជីវិតមានទុក្ខ ទាំងទុក្ខនោះកើតចេញពីមូលហេតុ គឺ តណ្ហា-ចំណង់ ទុក្ខជារឿងដែលអាចលុបបំបាត់កម្ចាត់បានយ៉ាងពិតប្រាកដ និងផ្លូវបដិបត្តិដើម្បីលុបបំបាត់កម្ចាត់ទុក្ខនោះ គឺ មគ្គមានអង្គ ៨ ។
ដើម្បីសាងសម្មាទិដ្ឋិឬបញ្ញាឲ្យកើតឡើង ពុទ្ធសាសនិកជនតោងតែជាអ្នកចូលចិត្តស្តាប់ អាន និង គិត រហូតដល់កើតទស្សនៈដែលត្រឹមត្រូវ គឺ សម្មាទិដ្ឋិ ពោលគឺ ចេះស្តាប់ ចេះគិត និង ចេះធ្វើ ទើបមានផលល្អទាំងដល់ខ្លួនឯងនិងសង្គមជាតិ ។ ចុះផ្សាយឡើងវិញ មហាភិរម្យ ១១ កុម្ភៈ ២០២៤ ។