16/12/2020
#ផ្លូវជីវិតមួយ
គ្រាដែលសេចក្ដីស្រឡាញ់ចាប់កំណើតឡើង វាលែងមានអ្វីដែលជារបស់ខ្ញុំទៀតហើយ តែវាគឺរបស់យើង។ ទុក្ខរបស់យើង សេចក្ដីឈឺចាប់របស់យើង ការអត់ធ្មត់របស់យើង ការប្រឹងប្រែងរបស់យើង ការជម្នះតស៊ូរបស់យើង គ្រប់យ៉ាងគឺយើងជួយរំលែកគ្នា ហើយគ្រប់យ៉ាងគឺយើងរីករាយក្នុងការផ្ដល់ចំពោះគ្នា។ ក្រោយពេលរៀបការជាប្ដីប្រពន្ធ មនុស្សពីរនាក់ដែលកើតក្នុងត្រកូលគ្រួសារផ្សេងគ្នា ក៏បានចាប់ដៃបង្កើតគ្រួសារថ្មីជាមួយគ្នា ជ្រកក្រោមដំបូលផ្ទះតែមួយជាមួយគ្នា បរិភោគអាហាររួមគ្នា គេងខ្នើយរួមគ្នា មានមិត្តភក្ដិរួមគ្នា មានគ្រួសារ និងសាច់ញាតិរួមគ្នា។ បេះដូងមនុស្សពីរនាក់រលាយចូលគ្នាតែមួយ “រូបពីរជីវិតមួយ”។ នេះគឺជាពាក្យដែលប្រើក្នុងជីវិតប្ដីប្រពន្ធ។
ពីមនុស្សដែលកើតនៅក្នុងមជ្ឈដ្ឋានផ្សេងគ្នា វាពិតហើយដែលថា យើងមានរឿងខ្លះដែលមិនបានដឹងពីគ្នា។ យើងពីរនាក់ឆ្លងកាត់ជីវិតក្នុងអតីតកាលផ្សេងគ្នា ចួបរឿងរ៉ាវ និងបញ្ហាផ្សេងគ្នា ប៉ុន្តែយើងនៅតែអាចជម្នះវាបាន ហើយទីបំផុតយើងបានមកដល់ទីនេះ ទីកន្លែងមួយដែលយើងចួបគ្នា ហើយបានទទួលស្គាល់គ្នា។
ពេលយើងនិយាយថាយើងស្រឡាញ់នរណាម្នាក់ តើយើងពិតជាស្រឡាញ់គេពិតមែនទេ? អាយុកាន់តែច្រើន បញ្ហាកាន់តែកើន វ័យក៏កាន់តែចាស់ រឿងរ៉ាវទាំងអស់បានរុញច្រានឱ្យគ្រប់គ្នាប្ដូរផ្លាស់ តើយើងអាចទទួលយកបានទេ? ក្ដីស្រឡាញ់ពិតកាន់តែលូតលាស់ច្រើនឡើងៗ ទោះជាយើងបាត់បង់សម្រស់ស្រស់ត្រកាលនៃរូបកាយ។ ប៉ុន្តែដួងវិញ្ញាណនៃសេចក្ដីស្រឡាញ់ វានឹងកាន់តែលូតលាស់រឹងមាំដោយគំនរនៃអនុស្សាវរីយច្រើនរាប់មិនអស់។
------------------------------------------------
អត្ថបទដកស្រង់ចេញពីសៀវភៅ #ដើរចេញពីអតីតកាល
រូបភាព 's_Ar
ប្រភព៖ កូនចាបមាស