ហេតុអ្វីបានជាខ្ញុំប្រកាន់យកផ្នត់គំនិតនៃការរៀនសូត្រពេញមួយជីវិត ហើយអ្នកទាំងអស់គ្នាក៏គួរធ្វើដូច្នេះដែរ? មូលហេតុគឺដោយសារការយល់ច្បាស់ថា អ្វីៗតែងតែផ្លាស់ប្តូរ ហើយការផ្លាស់ប្តូរនេះបានធ្វើឱ្យចំណេះដឹង ឬវិធីសាស្ត្រមួយចំនួនពីអតីតកាល មិនអាចយកមកប្រើ ឱ្យមានប្រសិទ្ធភាពបានដូចមុនទៀតទេ។
យើងអាចសង្កេតបានថា របៀបធ្វើការមនុស្សបច្ចុប្បន្ន មិនដូចគ្នាកាលពី ១០ ឬ ២០ ឆ្នាំមុនទៀតទេ។ ប្រសិនបើយើងនៅតែយកទ្រឹស្តី ឬរបៀបគ្រប់គ្រងមនុស្សបែបចាស់ៗ មកអនុវត្តក្នុងបរិបទសង្គមសព្វថ្ងៃ នោះយើងអាចនឹងមិនឃើញពីប្រសិទ្ធភាពវាទៀតឡើយ។ ដូច្នេះហើយបាននាពេលបច្ចុប្បន្ន ទស្សនៈនៃការគ្រប់គ្រងបានផ្លាស់ប្តូរពី “ការគ្រប់គ្រងមនុស្ស” ទៅជា “ការធ្វើការជាមួយមនុស្ស” និងការគោរពគ្នាទៅវិញទៅមក ហើយនេះគឺជាអ្វីដែលមនុស្សជំនាន់ថ្មីត្រូវការ។
បើនិយាយអំពីការវិវត្តនៃបច្ចេកវិទ្យាពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសបញ្ញាសិប្បនិម្មិត (AI) វាកាន់តែបង្ហាញឱ្យឃើញច្បាស់ថា ការរៀនសូត្រមិនអាចឈប់បានឡើយ។ បើយើងមិនព្រមទទួលយក និងមិនបន្តរៀនពីវា ក៏នៅតែមានអ្នកផ្សេងទៀតដែលគេកំពុងរៀន សាកល្បង និងយកវាមកប្រើប្រាស់ ដើម្បីធ្វើឱ្យការងាររបស់ពួកគេកាន់តែមានប្រសិទ្ធភាពខ្ពស់ និងកាត់បន្ថយកំហុសបានច្រើនជាងមុន។
តែអ្វីដែលខ្ញុំមើលឃើញលើសពីនេះ មិនមែនស្ថិតនៅត្រង់ថា “ចេះប្រើបច្ចេកវិទ្យាឬអត់” នោះទេ ប៉ុន្តែស្ថិតនៅលើការកសាងមូលដ្ឋានគ្រឹះរបស់ខ្លួនឱ្យបានរឹងមាំសិន ពិសេសសម្រាប់យុវជនយើងសព្វថ្ងៃ ហើយការកសាងមូលដ្ឋានគ្រឹះនេះត្រូវការពេលវេលា។ សម័យនេះ យើងអាចទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស និងពីគ្រប់ទិសទី ប៉ុន្តែបេីពុំមានមូលដ្ឋានគ្រឹះ និងមិនយល់ច្បាស់ពីជំនាញរបស់ខ្លួនទេ នោះយើងនឹងមិនអាចមើលឃើញបញ្ហាពិតប្រាកដ ឬទាញយកអត្ថប្រយោជន៍ពិតពីព័ត៌មានទាំងនោះបានឡើយ។
សរុបមក គឺត្រូវបន្តពង្រឹងទាំងចំណេះគោល និងបន្តពង្រីកចំណេះដឹង និងជំនាញថ្មីៗបន្ថែម ដេីម្បីឱ្យខ្លួនឯងក្លាយជា "high-value human capital."
Chakrey Duong
I research to make impact, innovate to drive commercialization, and share knowledge to empower others.
សូមចូលរួមអបអរសាទរចំពោះប្អូនៗដែលទទួលបានជ័យលាភីក្នុងការប្រឡងសិស្សពូកែទូទាំងប្រទេសឆ្នាំនេះ។ ក្នុងនាមជាអតីតសិស្សពូកែម្នាក់ ខ្ញុំយល់ច្បាស់ពីអារម្មណ៍ដែលលទ្ធផលនេះបានមកពីការតស៊ូ និងការខិតខំរបស់ប្អូនៗអស់រយៈពេលជាច្រើនឆ្នាំ។
សម្រាប់ប្អូនៗដែលមិនបានជាប់ ខ្ញុំគិតថា ការដែលប្អូនបានចូលរួមប្រឡងក៏ចាត់ទុកថា ប្អូនជាសិស្សពូកែម្នាក់រួចទៅហើយ ព្រោះប្អូនអាចតំណាងឱ្យខេត្តរបស់ខ្លួនបាន។ តែត្រូវចាំថា នេះគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ។ ថ្ងៃក្រោយ ប្អូនត្រូវចេះប្រើចំណុចខ្លាំងរបស់ខ្លួន បម្លែងវាឲ្យមានប្រយោជន៍សម្រាប់ខ្លួនឯង និងសង្គម ហើយបន្តបន្ទាបខ្លួនរៀនពីអ្នកដទៃ ទើបជារឿងដ៏ប្រពៃ។
បើប្អូនចង់ទទួលបានអាហារូបករណ៍ល្អទៅសិក្សានៅក្រៅប្រទេស គួរតែពង្រឹងភាសាអង់គ្លេស និងចេះប្រើប្រាស់ (leverage) ចំណុចខ្លាំងដែលខ្លួនមានឲ្យបានល្អ។
26/04/2026
តើមួយណា ជាសកលវិទ្យាល័យក្នុងក្តីស្រមៃរបស់អ្នក?
ពេលត្រៀមដាក់ពាក្យចូលរៀន ជាពិសេសសម្រាប់អាហារូបករណ៍ថ្នាក់ PhD ឬ Master by Research នៅសាកលវិទ្យាល័យណាមួយ ជាទូទៅគេតម្រូវឱ្យភ្ជាប់ជាមួយនឹង research proposal។ ទោះបីពេលខ្លះគេមិនទាមទារ ក៏ការសរសេរ research proposal នៅតែមានសារៈសំខាន់ ព្រោះវាបង្ហាញថាយើងបានគិតទុកមុន និងត្រៀមខ្លួនរួចរាល់សម្រាប់ការស្រាវជ្រាវ។ ខាងក្រោមនេះជាចំនុចដែលខ្ញុំគិតថាចំបាច់ក្នុងការសរសេរ research proposal របស់អ្នក៖
1. Introduction: Why this topic? brief background on why this topic is important? your research questions, research aim and objectives, etc.
2. Literature review: Your industry context, mainstream theories and approaches related to your topic, and what is lacking? how does your research close this gap? etc.
3. Literature review on tool(s) (technical part) to be used: what is it and the role it plays in your research?
4. Proposed Research Design and Methodology: brief literature review on various research methods, what research instruments you plan to use to achieve your research objectives above? Does it include questionnaire survey, interviews, and case studies? Who are the respondents? What inferential statistics you plan to use to analyse your survey data, quantitative and qualitative data? statistical tests of reliability, validity, etc.?
5. Conclusion and Expected outcomes: show a Bar Chart of the timeline you plan for your research (tie in with the scholarship award duration), typically 3 to 4 years for a PhD.
👉This should be about 10 pages, including a detailed list of references.
ការរៀនបន្តថ្នាក់បណ្ឌិត (PhD) គឺជាការសម្រេចចិត្តដ៏ធំមួយក្នុងជីវិត មិនមែនមនុស្សគ្រប់រូបសុទ្ធតែធ្វើបាននោះទេ។ ដូច្នេះ យើងត្រូវពិចារណាឱ្យបានច្បាស់លាស់ ដើម្បីកំណត់ថាវាជាជម្រើសដែលសមស្របសម្រាប់យើងឬអត់ មុននឹងសម្រេចចិត្ត។ សម្រាប់ខ្ញុំផ្ទាល់ ការសម្រេចចិត្តគឺផ្អែកលើកត្តាសំខាន់ៗទាំងនេះ៖
១. កត្តាទីមួយ និងសំខាន់បំផុត គឺគោលដៅការងារ៖ ត្រូវសួរខ្លួនឯងថា ការរៀនបណ្ឌិតនេះស្របតាមគោលដៅរយៈពេលវែងរបស់យើងដែរឬទេ ដូចជា តើគោលដៅចង់ក្លាយជាអ្នកសិក្សាស្រាវជ្រាវ (academic), ជាភាពចាំបាច់នៃស្ថាប័នដែលយើងកំពុងបម្រើការងារ ឬគ្រាន់តែចង់ស្វែងយល់ស៊ីជម្រៅបន្ថែមពីជំនាញរបស់ខ្លួន? បើគ្មានគោលដៅច្បាស់លាស់ ការចំណាយពេលវេលា និងកម្លាំងយ៉ាងច្រើនលើ PhD អាចមិនផ្តល់លទ្ធផលសមស្របនឹងការរំពឹងទុកឡើយ។
២. កត្តាថវិកា៖ កម្រិតនៃការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុដែលយើងទទួលបានក្នុងអំឡុងពេលសិក្សា អាចប៉ះពាល់ដោយផ្ទាល់ទៅលើទាំងការស្រាវជ្រាវ និងគុណភាពនៃការរស់នៅប្រចាំថ្ងៃរបស់យើង។ តើប្រាក់ឧបត្ថម្ភប្រចាំខែ (stipend) សមរម្យ និងគ្រប់គ្រាន់សម្រាប់រស់នៅឬទេ? តើសាកលវិទ្យាល័យចេញថ្លៃសិក្សា (tuition) ឱ្យយើងបានពេញលេញ ឬត្រូវបង់ដោយខ្លួនឯង? តើមានអត្ថប្រយោជន៍បន្ថែមផ្សេងៗទៀតដែរឬទេ (ឧ. ថ្លៃស្នាក់នៅ ប្រាក់ជួយដំបូង ឬការធ្វើដំណើរទៅសន្និសីទផ្សេងៗ)? ប្រសិនបើមានបញ្ហាផ្នែកហិរញ្ញវត្ថុ នោះយើងមិនអាចផ្តោតលើការស្រាវជ្រាវបានពេញលេញទេ ក៏ដូចជាពិបាកក្នុងការសាកល្បងគំនិតថ្មីៗ ចូលរួមសន្និសីទ និងបង្កើតការបោះពុម្ពផ្សាយដែលមានគុណភាពផងដែរ។
៣. ភាពសមគ្នារវាងប្រធានបទស្រាវជ្រាវ សាស្រ្តាចារ្យណែនាំ (supervisor) និងសាកលវិទ្យាល័យ៖ ត្រូវពិនិត្យថាតើប្រធានបទស្រាវជ្រាវរបស់យើងត្រូវគ្នាជាមួយជំនាញរបស់សាស្រ្តាចារ្យណែនាំឬទេ ហើយរបៀបធ្វើការរបស់គាត់សមស្របជាមួយយើងឬអត់។ គួរពិចារណាផងដែរ អំពីបរិយាកាសសាកលវិទ្យាល័យ ដូចជា ប្រព័ន្ធអេកូស្រាវជ្រាវ ការគាំទ្រផ្នែកស្រាវជ្រាវ និងឱកាសបណ្តាញទំនាក់ទំនង។ ការរៀនចប់បាន ឬអត់ មានកម្លាំងចិត្ត ឬស្ត្រេស មួយផ្នែកធំ អាស្រ័យលើសាស្រ្តាចារ្យណែនាំ (supervisor)។
26/03/2026
គុណសម្បត្តិនៃការបន្តរៀនយកបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិតភ្លាមៗ បន្ទាប់ពីការរៀនចប់បរិញ្ញាបត្រ គឺជាការចំណេញពេលវេលា មិនត្រឹមតែអាយុនៅក្មេងក្រោយពេលរៀនចប់ប៉ុណ្ណោះទេ តែវាក៏ជាសេរីភាព និងភាពងាយស្រួលក្នុងការសម្រេចចិត្ត ច្រើនជាងពេលចាំធ្វើការឲ្យមានបទពិសោធរាប់ឆ្នាំសិន ចាំរៀនតដែរ។
វាជារឿងធម្មតាទេដែលគោលបំណងក្នុងជីវិតយើងអាចនឹងមានការផ្លាស់ប្តូរតាមពេលវេលា និងទីកន្លែង។ ប្រសិនបើចាំពេលមានបទពិសោធយូរឆ្នាំពេក ចាំរៀនត ប្រហែលពេលនោះយើងលែងមានបំណងចង់រៀនតទៀតហើយ ក៏ងាកមកផ្តោតលើការកសាងស្ថេរភាពហិរញ្ញវត្ថុ រក្សាតំណែងការងារដែលមានស្រាប់ ឬចាប់ផ្តើមអាជីវកម្ម និងបង្កើតគ្រួសារដោយខ្លួនឯងវិញ។ ពេលនោះទំនួលខុសត្រូវក៏មានកាន់តែខ្ពស់ជាងមុន ធ្វើឲ្យការរៀនតរឹតតែពិបាក។
ចំណុចមួយទៀតនោះគឺ ខួរក្បាលយើងមានភាពងាយស្រួលក្នុងការចាប់យកចំណេះដឹងថ្មីៗ និងអាចផ្សារភ្ជាប់ទៅនឹងចំណេះដឹងដែលទើបតែបានរៀនចប់ក្តៅៗនោះ។ តែបើចាំយូរពេកទើបសម្រេចចិត្តរៀនត ខួរក្បាលយើងអាចនឹងភ្លេចព័ត៌មានចាស់ៗដែលបានរៀនកន្លងមក ហើយត្រូវចំបាច់ឲ្យយើងចំណាយពេលធ្វើការ review រៀនឡើងវិញ។ ចំណេះដឹងដែលរៀនពីមុនៗមក ក៏មិនប្រាកដថាត្រូវបានគេយកមកបង្រៀននាពេលបច្ចុប្បន្ននេះដែរ។
ទោះយ៉ាងណាក៏ដោយ ការបន្តរៀនយកបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិតភ្លាមៗ ដោយមិនមានមូលដ្ឋានយល់ពីវិស័យដែលខ្លួនកំពុងរៀន ពិតជាមានភាពលំបាក ដូចជាពេលរៀនចប់មិនមានបទពិសោធការងារសោះ មានសញ្ញាប័ត្រហួសពីតម្រូវការទីផ្សារការងារ និងមិនសូវមានទំនាក់ទំនងជាមួយមនុស្សដែលកំពុងធ្វើការក្នុងវិស័យដែលខ្លួនរៀនជាដើម។ ម្យ៉ាងវិញទៀត នៅសាលាយើងអាចរៀន និងយល់ពីទ្រឹស្តីបានក៏ពិតមែន តែមិនប្រាកដថាទ្រឹស្តីល្អៗទាំងនោះសុទ្ធតែអាចយកមកអនុវត្តបាននោះដែរ ដូច្នេះហើយបានជាអ្នកស្រាវជ្រាវតែងតែត្រូវការធាតុចូលពីអ្នកប្រកបរបរការងារនៅក្នុងវិស័យនោះ មកធ្វើការបញ្ជាក់ពីភាពជាក់ស្តែងបន្ថែម។
សរុបមក រៀនបន្តភ្លាមៗ ឬចាំពេលមានបទពិសោធសិនចាំរៀនត វាអាស្រ័យលើស្ថានភាព និងការសម្រេចចិត្តផ្តល់ខ្លួនរបស់យើងម្នាក់ៗទេ។ គេតែងតែនិយាយថា ស្គាល់ខ្លួនឯងឲ្យច្បាស់សិន មុនសម្រេចចិត្តធ្វើអ្វីមួយ។ តែបើយើងមានបំណងថាត្រូវតែរៀនត អាចធ្វើការយកបទពិសោធខ្លះៗសិន ចាំរៀនតក៏ល្អដែរ ដើម្បីយល់ពីវិស័យដែលយើងរៀននោះឲ្យកាន់តែច្បាស់ តែក៏មិនគួរចាំយូរពេកដែរ។
(បញ្ជាក់៖ នេះគ្រាន់តែជាទស្សនផ្ទាល់ខ្លួនខ្ញុំប៉ុណ្ណោះ ហើយខ្ញុំក៏មានបទពិសោធការងារគ្រប់គ្រាន់ដែរ មុននឹងខ្ញុំសម្រេចចិត្ត)
21/03/2026
បច្ចុប្បន្ន AI កំពុងតែផ្លាស់ប្ដូររបៀបធ្វើការរបស់យើងស្ទេីរតែគ្រប់វិស័យ រួមទាំងវិស័យសំណង់ផងដែរ។ ការងារមួយចំនួន AI អាចធ្វើបានលឿនជាងមនុស្សឆ្ងាយណាស់ ដូច្នេះក្រុមហ៊ុនក៏ចាប់ផ្តើមមានការរំពឹងទុកខ្ពស់ជាងមុនពីបុគ្គលិក។ អ្វីដែលធ្លាប់ប្រើីពេលពីរ ឬបីថ្ងៃ ត្រូវបានគេរំពឹងថាអាចធ្វើហើយក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ នេះមានន័យថា AI អាចធ្វើឲ្យសម្ពាធការងារកាន់តែខ្ពស់សម្រាប់អ្នកដែលមិនចេះប្រេី AI។
Project Manager ដែលប្រើ AI សម្រាប់ scheduling, cost estimation និង reporting អាចធ្វើការបានលឿនជាងមុន ខណៈពេលដែលពួកគេអាចធានាបាននូវគុណភាពការងារ ដោយយោងទៅលើ expert judgement ដែលគេមាន។ ប៉ុន្តែដោយសារតែការងារធ្វើបានលឿនជាងមុន ក្រុមហ៊ុនអាចរក projects បានច្រើនជាងមុន កំណត់ពេលវេលាឲ្យតិចជាងមុន និងទាមទារទំនួលខុសត្រូវកាន់តែខ្ពស់។
ទោះបីជាយ៉ាងណាក៏ដោយ បើតាមការសិក្សាពី PwC ថ្មីៗនេះបានបង្ហាញថា អ្នកដែលធ្វើការជាមួយ AI អាចទទួលបានប្រាក់ខែខ្ពស់ជាងអ្នកដែលមិនប្រើសោះ ដោយសារផលិតភាពពួកអ្នកដែលប្រេី AI កើនឡើងយ៉ាងខ្លាំង។ នេះមានន័យថា ការប្រើប្រាស់ AI មិនមែនជាជម្រើសទៀតទេ ប៉ុន្តែជា ភាពចាំបាច់សម្រាប់អ្នកដែលចង់នៅមុខគេក្នុងទីផ្សារការងារ។
17/03/2026
គណិតវិទ្យាបង្រៀនខ្ញុំពីរបៀបវាស់បរិមាណ ចេះធ្វើការវិភាគ និងស្រាយបញ្ជាក់ ធ្វើឲ្យការគិតកាន់តែល្អ។ មនុស្សដែលពូកែគណិតភាគច្រើនមិនសូវយកអារម្មណ៍មកនិយាយទេ ពួកគេចូលចិត្តនិយាយពីហេតុ និងផល។
គណិតវិទ្យាក៏មានសក្តានុពលខ្ពស់ផងដែរ សម្រាប់ឱ្យយើងប្រើប្រាស់ ធ្វើការស្វែងយល់ពីបាតុភូតដែលបានកើតឡើងកន្លងមក រួចបង្កេីតជាម៉ូដែលសម្រាប់ការការព្យាករណ៍នាពេលខាងមុខ។
ប៉ុន្តែបន្ទាប់មកខ្ញុំបានយល់ថា មានរឿងខ្លះយើងពិបាកយកគណិតវិទ្យាមកបកស្រាយណាស់។ ឧទាហរណ៍ដូចជា ការគ្រប់គ្រងមនុស្សដែលមានទស្សនៈយល់ឃើញ អារម្មណ៍ និងរបៀបធ្វើការខុសៗគ្នាឱ្យមានប្រសិទ្ធភាព ចាំបាច់ត្រូវការសិល្បៈក្នុងការដឹកនាំ ទំនាក់ទំនង យល់ពីគ្នា និងការគោរពគ្នាទៅវិញទៅមក។
ពូកែគណិតវិទ្យា ធ្វើឲ្យយើងមានសក្តានុពលពិតមែន ប៉ុន្តែយើងក៏មិនគួរអើពើពីការស្វែងយល់នូវបរិបទសង្គម មនោសញ្ចេតនា ឬភាសាទំនាក់ទំនងដែរ។ ការយល់ដឹងពីរឿងទាំងនេះនឹងធ្វើឲ្យយើងអាចសម្របខ្លួនបានលឿន ខណៈដែលស្ថានភាពពិភពលោកកំពុងមានកាប្រែប្រួលយ៉ាងឆាប់រហ័យ។
14/03/2026
ភាពទាក់ទាញនៃ compound interest គឺវាធ្វើឱ្យលុយដែលយើងបានដាក់វិនិយោគ ឬសន្សំ កើនឡើងតាមរបៀបអនុគមន៍អិចស្ប៉ូណង់ស្យែល (exponential) តាមរូបមន្តសាមញ្ញ៖
A = P × (1 + interest rate/n·t)^(n·t) ប្រសិនបើយើងទុកវាក្នុងរយៈពេលយូរ។
ឧទាហរណ៍ឱ្យងាយយល់ បើថ្ងៃនេះខ្ញុំដាក់លុយ 1,000$ ក្នុងធនាគារ មានអត្រាការប្រាក់ប្រចាំឆ្នាំ 10% (ជាក់ស្តែងកម្រមានណាស់ បើមានក៏ហានិភ័យខ្ពស់ដែរ) នោះលុយរបស់ខ្ញុំនឹងកើនទៅជា 1,100$ នៅឆ្នាំក្រោយ (ឆ្នាំទី1)។ បន្ទាប់មក លុយ 1,100$ នេះនឹងក្លាយជាដើមថ្មី ហើយនៅឆ្នាំទី2 លុយសន្សំនេះក្លាយជា 1,100 + 10×1,100/100 = 1,210$។ បើយើងធ្វើរបៀបនេះដដែលៗ 10 ដង រង់ចាំ 10 ឆ្នាំក្រោយ នោះលុយសន្សំដែលខ្ញុំមាន គឺ 2,593.74$។ ពី 1000$ ទៅ 2,593.74$ ដូចជាទាក់ទាញខ្លាំងណាស់មែនទេ? តាមពិត វាគ្រាន់តែជាតម្លៃលុយអនាគត (future value) ដែលអនាគតពិបាកធានាភាពប្រាកដប្រជា ហើយប្រឈមនឹងហានិភ័យនានា ដូច្នេះហើយបានជាអ្នកវិនិយោគធំៗប្រុងប្រយ័ត្នខ្លាំងណាស់នៅពេលគេឃើញ interest rate ខ្ពស់។
អ្វីដែលខ្ញុំចង់និយាយគឺ បញ្ហានៃ compounding interest ធ្វើឱ្យមនុស្សវណ្ណៈកណ្តាលដែលមិនសូវមានធនធាន កាន់តែពិបាកទៅៗ។ មិនមែនដោយសារពួកគេខ្ជិលសន្សំ ឬចាយច្រើនពេកនោះទេ តែដោយសារតែរយៈពេលកំណត់នៃការរកប្រាក់ចំណូល (life cycle of savings) និងអំណាចនៃការទិញ (purchasing power) ធ្លាក់ចុះ។
ឧទាហរណ៍ថា យុវជនធម្មតាម្នាក់ រៀនចប់ ចាប់ផ្តើមធ្វើការនៅខ្ទង់អាយុ 22 ឆ្នាំ អាចមានពេលរកប្រាក់ចំណូលបានប្រហែល 40 ឆ្នាំ មុនចូលនិវត្តន៍។ ខ្ញុំដឹងថា នៅក្នុងសង្គមយើងមានមនុស្សជាច្រើននាក់ដែលចាប់ផ្តើមពីចំណុចសូន្យ ហើយត្រូវរាប់រងលើការចំណាយដូចជា ការជួលផ្ទះ ឬបង់រំលស់ផ្ទះ រថយន្ត រៀបចំពិធីមង្គលការខ្លួនឯង សេវាកម្មថែទាំសុខភាព ពេលមានកូនត្រូវបង់ថ្លៃសាលា ល។ ទាំងនេះបង្កើតឱ្យមានលំហូរសាច់ប្រាក់ចេញយ៉ាងច្រើន រហូតធ្វើឱ្យមនុស្សមួយចំនួនជាប់បំណុលអស់រយៈពេលច្រើនឆ្នាំ។ នេះមិនរាប់បញ្ចូលជំងឺប្រចាំកាយនៅពេលអាយុចាស់បន្តិច និងចំណាយលើការព្យាបាលផង ប្រហែលចុងបញ្ចប់ទៅដោយស្ទើរតែគ្មានអ្វីទាំងអស់។ នេះគឺជាអ្វីដែលសេដ្ឋវិទូហៅថា វដ្តជីវិតនៃការសន្សំ (life cycle of savings)។
មូលហេតុទីពីរគឺ ការធ្លាក់ចុះនៃអំណាចការទិញ ដោយសារ inflation។ និយាយឱ្យស្រួលស្តាប់ ទំនិញដែលត្រូវការចាំបាច់កាន់តែថ្លៃឡើងៗ ការរស់នៅប្រចាំថ្ងៃក៏កាន់តែពិបាកទៅៗ។ ប្រសិនបើប្រាក់ខែមិនឡើងតាមទាន់ inflation ទេ នោះមនុស្សកាន់តែច្រើនឡើងៗ នឹងគ្មានប្រាក់សន្សំ ដូច្នេះ compound interest ក៏គ្មានប្រយោជន៍ដែរ។
នេះក៏ជាមូលហេតុដែលធ្វើឱ្យការទិញផ្ទះ ឬដី ផ្ទាល់ខ្លួនកាន់តែពិបាកទៅៗ នាពេលបច្ចុប្បន្ន។ ប្រសិនបើយើងមានទ្រព្យខ្លះៗ ដូចជា ដី ឬមាស ពេលកំពុងឡើងថ្លៃនេះ យើងគិតថាវាជាឱកាសធ្វើឱ្យយើងក្លាយជាអ្នកមានពេលយើងលក់វា ប៉ុន្តែការពិតគឺយើងកំពុងបាត់បង់ទ្រព្យសម្បត្តិ ហើយមនុស្សជំនាន់ក្រោយ កាន់តែគ្មានលទ្ធភាពទិញទ្រព្យដូចជា ផ្ទះ ឬដី ផ្ទាល់ខ្លួន ដោយសារ compound interest នេះ។
09/03/2026
អក្សរ Ph នៅក្នុងពាក្យ PhD មានន័យថា Philosophy ប៉ុន្តែ មិនមែនគ្រប់ PhD ទាំងអស់សុទ្ធតែជាការសិក្សាពីទស្សនវិជ្ជាទេ។
ឫសគល់នៃពាក្យនេះ មានប្រភពដើមមកពីពាក្យក្រិកថា Philo (love) + Sophia (wisdom) ដែលមានន័យថា សេចក្តីស្រឡាញ់ចំពោះចំណេះដឹង និងប្រាជ្ញា ដូច្នេះ យើងអាចនិយាយបានថា ទស្សនវិជ្ជា គឺជាឫសគល់ដំបូងនៃចំណេះដឹងទាំងឡាយ។
រឿងដែលយើងមិនអាចប្រកែកបានគឺ PhD តម្រូវឱ្យមានការស្រាវជ្រាវ ដើម្បីចូលរួមចំណែកក្នុងការបង្កើតចំណេះដឹងថ្មីៗ នៅក្នុងជំនាញណាមួយ តាមរយៈការបង្កើតទ្រឹស្តីថ្មី ឬ របកគំហើញថ្មី ពីការងារស្រាវជ្រាវនោះ។
សម្រាប់អ្នកដែលចង់រៀនតយក PhD គួរយកចំនុចទាំងនេះមកពិចារណា មុនពេលសម្រេចចិត្ត ដើរលើវិថីមួយនេះ៖
1. ត្រូវមានផ្នត់គំនិតជាអ្នករៀនអស់មួយជីវិត៖ រាល់អ្នកដែលកំពុងរៀន និងអ្នកដែលបានបញ្ចប់ PhD ដែលខ្ញុំស្គាល់ តែងតែប្រកាន់យកអាកប្បកិរិយា ដាក់ខ្លួន និងចង់ដឹងចង់រៀនពីមនុស្សជុំវិញខ្លួន។ ចំណេះដឹងចាប់ផ្តើមពី ការទទួលស្គាល់នូវអ្វីដែលខ្លួនឯងមិនទាន់ចេះ។
2. ក្លាយជាអ្នកជំនាញដោះស្រាយបញ្ហាដោយឯករាជ្យ៖ ចំណុចចាប់ផ្តើមនៃការស្រាវជ្រាវ គឺ ការអាន និងការស្វែងរកបញ្ហា ដែលមិនទាន់មានដំណោះស្រាយច្បាស់លាស់។ ដូច្នេះ ក្នុងនាមជាអ្នកស្រាវជ្រាវត្រូវព្យាយាមដោះស្រាយបញ្ហានោះ ដោយខ្លួនឯងតាមបែបវិទ្យាសាស្ត្រ។ នៅលើលោកនេះ មិនមានមនុស្សទីពីរដែលសិក្សាពីបញ្ហានេះទេ សូម្បីតែគ្រូណែនាំផ្ទាល់ ក៏មិនអាចយល់លម្អិតពីការងារដែលយើងកំពុងធ្វើអស់ដែរ។
3. ភាពបរាជ័យក្លាយជារឿងធម្មតា៖ ក្នុងដំណើរការស្រាវជ្រាវ យើងមិនអាចជៀសផុតពីភាពបរាជ័យបានទេ ដូចជា ប្រមូលទិន្នន័យមិនបានចំនួនគ្រប់គ្រាន់ ឬ p-value មិន significant ជាដើម។
4. Critical thinking ត្រូវមានគ្រប់ពេល៖ ត្រូវ សួរ និងស្វែងយល់ពីឫសគល់ ពីអ្វីដែលបានអាន និងបានសរសេរ។ រាល់ការសន្និដ្ឋាន ត្រូវមាន ភស្តុតាង និងហេតុផលត្រឹមត្រូវ ហើយឆ្លងកាត់ការវាយតម្លៃយ៉ាងប្រុងប្រយ័ត្នបំផុត។
5. Resilience ក្លាយជា DNA របស់យើង៖ វិថីមួយនេះនឹងបង្រៀនឱ្យយើង ចេះប្រឈមនឹងភាពបរាជ័យ ដោះស្រាយបញ្ហាថ្មីៗ និងត្រូវបន្តដំណើរទៅមុខជានិច្ច។
07/03/2026
🌟ពេលរៀបចំផែនការធ្វើអ្វីមួយ យើងតែងតែគិតថា នឹងមាន ពេលវេលា និងខំរកធនធានឲ្យបានគ្រប់គ្រាន់ ដើម្បីធ្វើវាឱ្យបានជោគជ័យ។ ម្យ៉ាងទៀត ពេលយើងចង់ធ្វើគម្រោងណាមួយ យើងតែងតែមាន គំនិតសុទិដ្ឋិនិយម ថា អនាគតនឹងល្អប្រសើរ។ អ្នកចិត្តវិទ្យាហៅបាតុភូតនេះថា Planning Fallacy។
📉ទិន្នន័យក្នុងសៀវភៅ How Big Things Get Done ដែលសរសេរដោយសាស្ត្រាចារ្យ Bent Flyvbjerg ក៏បានបង្ហាញដែរថា ក្នុងចំណោម គម្រោងធំៗទាំង ១០០ មានត្រឹមតែ ៨ គម្រោងប៉ុណ្ណោះ ដែលអាចបញ្ចប់ទាន់ពេល និងមិនលើសថវិកាកំណត់ទុក (on time & on budget)។ គាត់បានរកឃើញថា Planning Fallacy នេះគឺជាមូលហេតុចម្បង ដែលធ្វើឱ្យគម្រោងធំៗទាំងនេះមិនអាចបញ្ចប់បានដោយជោគជ័យ។
👨💻បាតុភូតនេះមិនត្រឹមតែកើតឡើងក្នុងគម្រោងសាងសង់ធំៗប៉ុណ្ណោះទេ វាក៏កើតឡើងលើផែនការជីវិតផ្ទាល់ខ្លួនរបស់យើងផងដែរ។ ឧទាហរណ៍ កាលខ្ញុំនៅរៀន Master មានមិត្តរួមជំនាន់ជាច្រើនបាននិយាយថា ពួកគេរំពឹងថានឹងបញ្ចប់ការសិក្សា ក្នុងរយៈពេលត្រឹម ២ ឆ្នាំ។ ប៉ុន្តែជាក់ស្តែង ក្នុងជំនាន់នោះ មិនដល់ ៣០% ទេ ដែលអាចបញ្ចប់ការសិក្សាទាន់ពេលដូចការរំពឹងទុក។
✋🏻បញ្ហាផ្សែងៗទៀតដូចជា៖ ហេតុអ្វីបានជាមនុស្សសម័យនេះកាន់តែច្រើន ពន្យាពេលរៀបការ ឬពន្យាពេលមានកូន? មានប៉ុន្មាននាក់ដែលបានដាក់គោលដៅថា នឹងសន្សំលុយឱ្យបាន X ដុល្លារ ក្នុងឆ្នាំ Y ហើយអាចធ្វើបានដូចបំណង? រៀនជំនាញគ្របគ្រងអាជីវកម្ម រំពឹងនឹងបើកអាជីវកម្មឱ្យដើរដោយជោគជ័យ តើវាងាយដូចយើងគិតទេ?
💡ផ្លូវដែលយើងត្រូវដើរមិនត្រង់រហូតនោះទេ។ អ្វីដែលពិបាកជាងនេះគឺ យើងមិនដឹងថា ខាងមុខនឹងមានអ្វីកើតឡើង ត្រង់ ឬវៀច ត្រង់ពេលណា វៀចពេលណាដែរ។ នេះហើយដែលគេហៅថា “we don’t know what we don’t know.” ប៉ុន្តែពេលយើងធ្វើផែនការ យើងមិនសូវបានគិតដល់ចំណុចនេះទេ ហើយយើងតែងសន្មត់ថា អ្វីៗនឹងមាន ស្ថេរភាពដូចពេលដែលយើងកំពុងធ្វើផែនការ។
🌟ចំពោះសំណួរដែលខ្ញុំបានសួរខាងលើ ខ្ញុំជឿថា មានមនុស្សមួយចំនួន (មិនច្រើនជាង ៥០%) ដែលអាចធ្វើបានជាក់ស្តែង។ មនុស្សទាំងនោះអាចយកឈ្នះបញ្ហានេះដោយគោលការណ៍មួយសាមញ្ញ៖
👉Think slow, act fast.
ន័យគឺ ពេលធ្វើផែនការ ត្រូវគិតឱ្យបានល្អិតល្អន់ ប្រើទិន្នន័យ និងពិគ្រោះជាមួយអ្នកជំនាញ។ ពេលឱកាសមកដល់ ឬពេលត្រូវធ្វើ ត្រូវ សម្រេចចិត្ត ធ្វើឱ្យលឿន។
Click here to claim your Sponsored Listing.
Location
Category
Contact the school
Website
Address
Phnom Penh