21/09/2026
#ឯកសារ «កោះគុត និងដែនសមុទ្រខ្មែរ» - តាមក្រិត្យរបស់លោក ហេង សំរិន (ប្រធានក្រុមប្រឹក្សារដ្ឋ) ឆ្នាំ១៩៨២ បានទទួលស្គាល់ថា «កោះគុត» និង ដែនសមុទ្រខ្មែរពីសម័យមុនៗ រួមទាំង ផែនទីដែនសមុទ្រឆ្នាំ១៩៧២ (សម័យសាធារណរដ្ឋនៃលោក លន់ នល់)។
យោងតាមផែនទីភ្ជាប់ក្រិត្យ ឆ្នាំ១៩៨២ របស់លោក ហេង សំរិន គឺថា ព្រំដែនសមុទ្រកម្ពុជា-ថៃ គូសចេញពីបង្គោលព្រំដែន លេខ៧៣ នៅលើឆ្នេរ (តំបន់ចាំយាម) រត់ត្រង់ទៅកាន់ចំណុចខ្ពស់បំផុត នៅលើកោះគុត (កម្ពស់កោះ ឬ កំពូលភ្នំខ្ពស់ជាងគេ)។ ក្នុងផែនទី សរសេរកោះ«គត់» គឺកោះគុត។
ក្រិត្យស្តីពីការកំណត់តំបន់សមុទ្រទាំងអស់ និងខ្ពង់រាបបាតសមុទ្រ ឆ្នាំ១៩៨២ ដែលសុីញ៉េដោយលោក ហេង សំរិន ជាប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា (សម័យវៀតណាម ត្រួតត្រាកម្ពុជា)។
មាត្រា៣ នៃក្រិត្យនេះ ចែងថា «ដោយឡែកក្នុងតំបន់សមុទ្រ ចន្លោះកោះគត់ និង ចំណុចជាយដែនគោកកម្ពុជា-ថៃ ព្រំប្រទល់របស់ដែនសមុទ្រ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា គឺជាខ្សែចែកតំបន់សមុទ្រ ដែលបានកំណត់តាមព្រំដែនប្រវត្តិសាស្រ្ត ដូចមានចែងក្នុងសន្ធិសញ្ញាបារាំង-សៀម ចុះថ្ងៃទី២៣.០៣.១៩០៧»។
ហេតុនេះ សម័យបារាំង សម័យសង្គមរាស្រ្តនិយម (ឬសម័យសីហនុ) សម័យលន់-នល់, សម័យប៉ុល-ពត និងសម័យហេង-សំរិន គឺថា កោះគុត នៅតែជារបស់កម្ពុជានៅឡើយ។
ដូច្នេះលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានបក្សប្រជាជនកម្ពុជា នៅបច្ចុប្បន្ននេះ ត្រូវតែអនុវត្តតាមក្រិត្យរបស់លោក ហេង សំរិន និងឯកសារគតិយុត្តិនានា ដើម្បីទាមទារយក«កោះគុត» យ៉ាងហោចពាក់កណ្តាល មកឲ្យខ្មែរវិញ តាមយន្តការផ្សះផ្សាដោយបង្ខំនៃអនុសញ្ញា UNCLOS ក្តី ឬតាមការប្តឹងថៃ ទៅតុលាការអន្តរជាតិក្តី។
(អត្ថបទដោយលោក អ៊ុំ សំអាន និងសម្រួលអត្ថបទដោយលោក ម៉ែន ណាត)
------