12/06/2026
ពុធ១១រោច ខែជេសដ្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនិងថ្ងៃទី១១ខែមិថុនា គ.ស.២០២៦
ឯកឧត្តម ជា សឿន ប្រធានគណៈដឹកនាំចលនាយុវជន ស្មគ្រចិត្ត ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាតិមានជ័យ លោក ង៉ោ ចន្ទនរៈ សាកលវិទ្យាធិការរង លោកស្រី ទ្រី រតនា លោកស្រី សៀន មុំ លោកស្រី លាង លឹមហ៊ាង និងលោកគ្រូ អ្នកគ្រូ ស.ស.យ.ក សាកលវិទ្យាល័យជាតិមានជ័យបានរៀបចំ បឋកថា ជូនដល់និស្សិតនៃសាកលវិទ្យាល័យជាតិមានជ័យចំនួន១៣៣នាក់ ស្រី១០២នាក់។
តាមរាបាយការណ៍របស់ លោកស្រី ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានបានគូសបញ្ជាក់ថា ការសិក្សាត្រូវផ្សារភ្ជាប់បច្ចេកវិទ្យាឌីជីថល ហើយដើរស្របជាមួយតម្រូវការទីផ្សារការងារ និងការបង្កើតអាជីវកម្ម ។ ដើម្បីឆ្លើយតបតាមដំណាក់កាលនៃការរីកចំរើននេះសាកលវិទ្យាល័យជាតិមានជ័យបានបានខិតខំប្រឹងប្រែង និងអនុវត្តន៍តាមៈចក្ខុវិស័យរបស់សាកលវិទ្យាល័យជាតិមានជ័យ គឺ
សាកលវិទ្យាល័យជាតិមានជ័យខិតខំប្រែក្លាយខ្លួនជាគ្រឹះស្ថានឧត្តមសិក្សា អប់រំ ស្រាវជ្រាវ និងនវានុវត្តន៍ប្រកបដោយភាពវៃឆ្លាតឆ្លើយតបតម្រូវការទីផ្សារការងារក្នុងប្រទេស និងតំបន់។ ដោយកំណត់នូវបេសកកម្មសំខាន់ៗចំនួនបីដូចខាងក្រោម៖
១-បណ្តុះបណ្តាល អប់រំនិស្សិតប្រកបដោយសុជីវធម៌ គុណភាព ឆ្លើយតបតម្រូវការទីផ្សារការងារ
២-បណ្តុះវប្បធម៌ បច្ចេកទេសបរិវត្តឌីជីថល ស្រាវជ្រាវ នវានុវត្តន៍ តបផែនការអភិវឌ្ឍជាតិ
៣-សហប្រតិបត្តិការជាមួយដៃគូជាតិ អន្តរជាតិ ឆ្ពោះទៅរកអន្តរជាតូបនីយកម្មសម្រាប់ការអភិវឌ្ឍការ
អប់រំប្រកបដោយចីរភាព ។ដូច្នេះ បាឋកថានាពេលនេះមានសារៈសំខាន់សម្រាប់ប្អូននិស្សិតស្វែងយល់បន្ថែមទៀតលើការសិក្សាជំនាញឯកទេស។
វត្តមានរបស់ ប្អូនៗនិស្សិតទាំងអស់នៅថ្ងៃនេះ គឺជានិមិត្តរូបនៃការផ្សារភ្ជាប់រវាង «ចំណេះដឹងក្នុងសាកលវិទ្យាល័យ» និង «ការអនុវត្តជាក់ស្តែងក្នុងវិស័យពាណិជ្ជកម្ម»។
នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ប្រធានបទនៃបទបង្ហាញថ្ងៃនេះនឹងក្លាយជាវេទិកាដ៏រស់រវើក ក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីៗក្នុងការសិក្សា ដើម្បីឱ្យនិស្សិតទាំងអស់ទទួលបាននូវគំនិតច្នៃប្រឌិតថ្មីៗ មានសមត្ថភាពសមស្របតាមតម្រូវការ និងជំរុញការអភិវឌ្ឍសហគ្រិនភាព។