វិទ្យាល័យស្រែខ្វាវ - Srekhvav High School

វិទ្យាល័យស្រែខ្វាវ - Srekhvav High School

Share

សូមប្អូនៗមករៀនឱ្យបានទៀងទាត់និងស័្វយសិក្សានៅផ្ទះផង។

06/06/2026

#សេចក្តីប្រកាសព័ត៌មាន ការដាក់វិធានការចំពោះបាតុភាពអសកម្មរបស់សិស្សមួយក្រុមនៅវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ​ រាជធានីភ្នំពេញ

31/05/2026

✍️ដូចម្តេចដែលហៅថា អក្សរសិល្ប៍មានលក្ខណៈជាតិ?
✍️តើលក្ខណៈជាតិនៃអក្សរសិល្ប៍ជាអ្វី?
📖បើយោងទៅតាមសៀវភៅអក្សរសាស្រ្តខ្មែរថ្នាក់ទី១២ ដែលជាសៀវភៅពុម្ពសិក្សាគោលរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យនិយមន័យថា:
📚អក្សរសិល្ប៍មានលក្ខណៈជាតិ គឺជាស្នាដៃបង្ហាញពីតម្លៃពិសេសរបស់ជាតិមួយ ដែលខុសប្លែកពី បរទេស តាំងពីជំនឿ ទំនៀមទម្លាប់ ប្រពៃណី ទស្សនៈ ចិត្តគំនិត និងអាកប្បកិរិយាផ្សេងៗ។ គេចាត់ អក្សរសិល្ប៍មានលក្ខណៈជាតិ គឺជាស្នាដៃអក្សរសិល្ប៍ទាំងឡាយណាដែលទ្រទ្រង់ព្រលឹងជាតិឱ្យស្ថិត ស្ថេរជាអមតៈ ។
📚ចំណែកឯ លក្ខណៈជាតិនៃអក្សរសិល្ប៍ គឺជាលក្ខណៈពិសេសរបស់ជាតិមួយ លេចធ្លោខុសពីជាតិ ដទៃ ដែលស្តែងចេញតាមរយៈអក្សរសិល្ប៍ ។
ដោយឃើញពីលក្ខណៈសត្យបែបនេះហើយ ទើបបានជាក្រុមយុវសិស្សថ្នាក់ទី១២ ក របស់យើងរួមមាន គុណ វិច្ឆិកា យឿន ស្រីអាំ និងហួយ ស្រីនាង មកធ្វើការស្រាយបំភ្លឺ អំពីលក្ខណៈជាតិរបស់អក្សរសិល្ប៍ ដែលមានក្នុង«រឿង គូលីកំណែន» ហើយជាវណ្ណកម្មដ៏ល្អឯក របស់អ្នកនិពន្ធរបស់យើងគឺ លោក អ៉ឹម ថុក។ ចំពោះវណ្ណកម្មនេះផងដែរ បានឆ្លុះបញ្ចាំងពីលក្ខណៈជាតិជាច្រើនរបស់ខ្មែរ នាសម័យអាណានិគមបារាំង-ជប៉ុន ដែលបានប្រសូតឡើងក្នុងឆ្នាំ១៩៥៦ ស្ថិតនៅក្នុងចលនា ខេមរនិយមបែបមនោគមវិជ្ជា។📖📚✍️🙏
#វិទ្យាល័យស្រែខ្វាវ
#អក្សរសាស្រ្តខ្មែរ
#ទុតិយភូមិ2026
#លក្ខណៈអក្សរសិល្ប៍_លក្ខណៈជាតិនៃអក្សរសិល្ប៍
#គូលីកំណែន
#ទី១២ជំនាន់ទី៤

17/05/2026

«អ្វីទៅជាល្ខោនបាសាក់?»🤔
📚✍️ល្ខោនបាសាក់​​ ជាទម្រង់ល្ខោនមួយប្រភេទដែលមានដើមកំណើតនៅខេត្តបាសាក់កម្ពុជាក្រោម។ កាលដើមឡើយល្ខោននេះមានឈ្មោះថា ល្ខោនទ្រើងឃ្លោក ព្រោះគេហាត់រៀនតាមក្រោមជើងឃ្លោក។លុះមកដល់ឆ្នាំ ១៩៣០ ទើបល្ខោនបាសាក់ចូលមករាជធានីភ្នំពេញ ហើយសម្តែងជាលើកដំបូងនៅទូកប៉ុកចាយ ( មុខវត្តឧណ្ណាលោម ) ។
✍️ល្ខោននេះសម្តែងរឿងបុរាណដូចជា ស័ង្ខសិល្ប៍ជ័យ ព្រះជិនវង្ស ... ។​ ល្ខោននេះច្រើនសម្តែងនៅក្នុងពិធីបុណ្យផ្សេងៗតាមវត្តអារាម ឬ តាមស្រុកភូមិ ។
៙កំណត់សម្គាល់
👉កាយវិការក្នុងទម្រង់ល្ខោនបាសាក់មាន ២បែបគឺ កាយវិការធម្មតាសម្រាប់រំលេចន័យខ្លឹមសាររបស់ពាក្យសម្តីនិយាយ ឬ ច្រៀង និង កាយវិការក្បាច់ ( ក្បាច់គុណចិន និងខ្មែរចំរុះ ) ដែលភាសាបច្ចេកទេសក្នុងទម្រងល្ខោនបាសាក់ហៅថា ហួន ។
ដោយមានលក្ខណៈពិសេស គួរជាទីចាប់អារម្មណ៍បែបនេះហើយ បានជាក្រុមយុវសិស្សថ្នាក់ទី១១ ក នៃវិទ្យាល័យស្រែខ្វាវ បានរួមគ្នាសម្តែងឈុតឆាកមួយ ដែលបានដកស្រង់ចេញពីវណ្ណកម្មអក្សរសិល្ប៍ខ្មែររឿង តេជោយ៉ត ជាស្នាដៃដ៏ល្បីល្បាញរបស់ ទី ជីហួត និពន្ធឡើងនៅក្នុងឆ្នាំ១៩៨៣ ស្ថិតនៅក្នុងចលនា ខេមរនិយម ដែលបានឆ្លុះបញ្ចាំងឱ្យឃើញពីតថភាពនៃសង្គមខ្មែរ នាសម័យឧដុង្គ រជ្ជកាលព្រះបាទ ជ័យ ចេស្តា ឬជ័យជេដ្ឋាទី២(១៥៧៥-១៥៩៣)។ ហើយក៏បានបង្កប់នូវគំនិតសំខាន់ៗ និងឧត្តមគតិអប់រំជាច្រើន ដល់អ្នកសិស្សគ្រប់រូប។📚✍️🙏
#វិទ្យាល័យស្រែខ្វាវ
#ល្ខោនបាសាក់
#រឿងតេជោយ៉ត

17/05/2026

📖✍️តាមរយៈការសិក្សាស្រាវជ្រាវ លក្ខណៈរបស់អក្សរសិល្ប៍ គឺជាការសិក្សាពីបញ្ហាផ្សេងៗ ដែលជាគ្រឿងសម្គាល់នូវ ចរិកលក្ខណៈទាំងឡាយដែលមាននៅក្នុងអក្សរសិល្ប៍។ ទស្សនវិទូជាច្រើនបានធ្វើការសិក្សាស្រាវជ្រាវពី លក្ខណៈរបស់អក្សរសិល្ប៍នេះ ហើយមានការបែងចែកខុសៗគ្នាទៅតាមសម័យកាលនីមួយៗ ប៉ុន្តែក្នុងពេលនេះយើងនឹងលើកយកលក្ខណៈសំខាន់ៗចំនួន៨ ដូចជា៖
១. អក្សរសិល្ប៍មានលក្ខណៈមនុស្ស
អក្សរសិល្ប៍មានលក្ខណៈមនុស្សបានដល់អក្សរសិល្ប៍ទាំងឡាយណា ដែលលើកយកចរិតលក្ខណៈធម្មតារបស់មនុស្សហើយបង្កើតបញ្ហាមួយហៅថាបញ្ហាមនុស្ស។ លក្ខណៈមនុស្សក្នុងអក្សរសិល្ប៍សំដៅលើលក្ខណៈរួមទូទៅរបស់មនុស្សដូចជា៖ សើច សប្បាយ រីករាយ ការប្រចណ្ឌ ការខឹង ការបារម្ភ ការភ័យ ជាដើម។
២. អក្សរសិល្ប៍មានលក្ខណៈប្រជាជន
អក្សរសិល្ប៍មានលក្ខណៈប្រជាជន គឺជាអក្សរសិល្ប៍ទាំងឡាយណាដែលយកចិត្តទុកដាក់លើជីវភាពរស់នៅជាក់ស្តែងរបស់ប្រជាជនទាំងជីវភាព ភាសា សាសនា ស្មារតី សម្ភារៈ ... ។ ជាពិសេសវាបានលើកយកពីផ្នត់គំនិត សតិអារម្មណ៍ ព្រលឹង ចំណង់ ចំណូលចិត្ត ឧត្តមគតិ ឆន្ទៈ មនោសញ្ចេតនា និងការពារផលប្រយោជន៍របស់ប្រជាជន ប្រឆាំងនឹងការកេងប្រវ័ញ្ចពីវណ្ណៈជិះជាន់ផងដែរ។
៣. អក្សរសិល្ប៍មានលក្ខណៈវណ្ណៈ
អក្សរសិល្ប៍មានលក្ខណៈវណ្ណៈ គឺជាអក្សរសិល្ប៍ទាំងឡាយណាដែលគេបានលើកយកពីការតស៊ូវណ្ណៈ ការការពារឧត្តមគតិ គោលគំនិត ឬគោលបំណងនៃវណ្ណៈណាមួយមកបង្ហាញ។ នៅក្នុងសង្គមដែលមាន វណ្ណៈគ្រប់ស្នាដៃអក្សរសិល្ប៍ទាំងអស់បង្ហាញការត្រូវការ ចំណង់ ប្រយោជន៍របស់វណ្ណៈរបស់អ្នកបង្កើត។ វណ្ណៈដែលបង្កើតអក្សរសិល្ប៍វណ្ណៈនោះតែងតែការពារឧត្តមគតិ ចរិតរបស់ខ្លួនជានិច្ច។
៤. អក្សរសិល្ប៍មានលក្ខណៈបក្ស
អក្សរសិល្ប៍មានលក្ខណៈបក្ស គឺជាអក្សរសិល្ប៍ទាំងឡាយណាដែលបានលើកពីលក្ខណៈពិសេសរបស់វណ្ណៈក្នុងស្ថានភាពមួយដែលមានការតស៊ូតឹងតែង។ លក្ខណៈបក្សផ្តើមចេញពីលក្ខណៈវណ្ណៈដែលជាសារជាតិ និងជាក្រិត្យក្រមរបស់សង្គម នៅពេលមនុស្សមានការបែងចែកទៅជាពួក ជាក្រុមទៅតាមទស្សនៈ គោលការណ៍ លទ្ធិ ឬមនោគមវិជ្ជាផ្សេងៗ។ ចំណុចពិសេសៗនៃអក្សរសិល្ប៍មានលក្ខណៈបក្សមានដូចតទៅ៖
-បំផុសស្មារតី ឧត្តមគតិស្នេហាជាតិ មាតុភូមិរបស់ប្រជាជន
-បំផុសស្មារតី បញ្ចុះបញ្ចូលអ្នកអាន អ្នកស្តាប់ អ្នកទស្សនាឱ្យមានជំនឿទៅលើបក្សណាមួយ
-ផ្សព្វផ្សាយឥទ្ធិពលដឹកនាំ និងសកម្មភាពរបស់បក្សក្នុងការកសាងមាតុភូមិ
-ជាស្នាដៃបម្រើនយោបាយ និងបម្រើគោលមាគ៌ារបស់បក្ស ការពារផលប្រយោជន៍របស់បក្ស។
៥. អក្សរសិល្ប៍មានលក្ខណៈប្រវត្តិ
អក្សរសិល្ប៍មានលក្ខណៈប្រវត្តិ គឺជាអក្សរសិល្ប៍ទាំងឡាយណាដែលជាប់ទាក់ទងទៅនឹងសម័យកាល ឬព្រឹត្តិការណ៍ខ្លះដែលកើតមាននៅក្នុងប្រវត្តិសាស្ត្រ។ ព្រឹត្តិការណ៍ដែលកើតមានក្នុងសង្គម ត្រូវបានស្មេរកត់ត្រាទុកក្នុងគម្ពីរប្រវត្តិសាស្ត្រ ចំណែកឯអ្នកនិពន្ធគ្រាន់តែលើកយកព្រឹត្តិការណ៍សំខាន់ៗទាំងនោះមករៀបរៀងជាស្នាដៃអក្សរសិល្ប៍ប៉ុណ្ណោះ។
ឧទាហរណ៍៖ រឿងអ្នកតាឃ្លាំងមឿង រឿងទុំទាវ រឿងភូមិតិរច្ឆាន រឿងគូលីកំនែន រឿងក្រឡាហោមគង់ រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់... សុទ្ធតែបានបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រតាមសម័យកាលនីមួយៗ របស់ខ្មែរ ។
៦. អក្សរសិល្ប៍មានលក្ខណៈសង្គម
អក្សរសិល្ប៍មានលក្ខណៈសង្គម គឺជាអក្សរសិល្ប៍ទាំងឡាយណាដែលស្ថិតនៅលើអត្ថបទលើកយកបញ្ហាមនុស្សក្នុងសង្គមណាមួយមកចោទ និងដោះស្រាយតាមសភាពលក្ខណៈរបស់ខ្លួនបើទោះបីធម្មតាក្តី ឬអន់ថយក្តី ។ ការលើកយកបញ្ហាមនុស្សក្នុងអត្ថបទភាគច្រើនត្រូវតំណាងឱ្យសង្គមណាមួយ ហើយត្រូវទ្រង់ទ្រង់នូវទស្សនៈសង្គមនោះ ដើម្បីដោះស្រាយបញ្ហាក្នុងសង្គមរបស់ខ្លួន។
៧. អក្សរសិល្ប៍មានលក្ខណៈជាតិ
អក្សរសិល្ប៍មានលក្ខណៈជាតិ គឺជាអក្សរសិល្ប៍ទាំងឡាយណាដែលបង្ហាញពីតមម្លៃពិសេសរបស់ជាតិមួយដែលខុសប្លែកពីបរទេសតាំងពី ជំនឿ ទំនៀមទម្លាប់ ប្រពៃណី សាសនា ទស្សនៈ ផ្នត់គំនិត និងអាកប្បកិរិយាផ្សេងៗទៀត។
៨. អក្សរសិល្ប៍មានលក្ខណៈអន្តរជាតិ
អក្សរសិល្ប៍មានលក្ខណៈអន្តរជាតិ គឺជាស្នាដៃដែលមានលក្ខណៈជាតិរួចស្រេចទៅហើយ នៅពេលដែលសង្គមជាតិបានទទួលស្គាល់ថាជាអត្ថបទមានតម្លៃទ្រទ្រង់វប្បធម៌ អរិយធម៌របស់ជាតិ។ បន្ទាប់មកអន្តរជាតិបានយកទៅសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយនៅក្នុងសង្គមជាតិរបស់គេ គឺនៅពេលនេះហើយដែលយើងអាចកំណត់បានថា វាជាអក្សរសិល្ប៍មានលក្ខណៈសកល ឬលក្ខណៈអន្តរជាតិនោះ ។
ដោយសម្លឹងឃើញពីលក្ខណៈពិសេសបែបនេះហើយ ទើបបានជាក្រុមយុវសិស្សថ្នាក់ទី១២ របស់យើងរួមមាន ចាន់ ស្រីអូន គុណ វិច្ឆិកា យុន ពេទ្យ កុង កែវ បឿត រួម និងហួយ ស្រីនាង មកធ្វើការបកស្រាយ អំពីលក្ខណៈជាតិរបស់អក្សរសិល្ប៍ ដែលមានក្នុងរឿង ផ្កាស្រពោន ហើយជាវណ្ណកម្មដ៏ល្អឯក របស់អ្នកនិពន្ធរបស់យើងគឺ លោក នូ ហាច។ វណ្ណកម្មនេះផងដែរ បានឆ្លុះបញ្ចាំងពីលក្ខណៈជាតិជាច្រើនរបស់ខ្មែរ នាសម័យអាណានិគមបារាំង តាក់តែងឡើងក្នុងឆ្នាំ១៩៤៧ ស្ថិតនៅក្នុងចលនា ខេមរនិយមផងដែរ។📖📚✍️🙏
#វិទ្យាល័យស្រែខ្វាវ
#អក្សរសាស្រ្តខ្មែរ
#បាក់ឌុប2026
#លក្ខណៈអក្សរសិល្ប៍លក្ខណៈជាតិ
#ផ្កាស្រពោន

14/05/2026

សូមក្រាបថ្វាយបង្គំថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ ក្នុងព្រះរាជវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ គម្រប់ ៧៣ព្រះវស្សា យាងចូល ៧៤ព្រះវស្សា

ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តមសិរីជយាភិរម្យនៃព្រះរាជពិធីចម្រើនព្រះជន្មាយុគម្រប់ ៧៣ព្រះវស្សា យាងចូល ៧៤ព្រះវស្សា នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ទូលព្រះបង្គំយើងខ្ញុំទាំងអស់ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃក្រសួងមុខងារសាធារណៈ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅ នឹងគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង​ ដែលជានិច្ចកាល ព្រះអង្គទ្រង់បានបំពេញព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម ក្នុងព្រះរាជកិច្ចដឹកនាំព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាននូវសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ឯកភាពជាតិ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រកបដោយទសពិធរាជធម៌ ព្រះគតិបណ្ឌិតវាងវៃ ព្រះរាជហឫទ័យសណ្តោសដ៏ថ្លៃថ្លា នាំមកនូវភាពសុខដុមក្នុងសង្គម ជាពិសេសការពង្រីក និងលើកកម្ពស់កិត្យានុភាពឱ្យកាន់តែល្បីសុះសាយទាំងនៅក្នុងតំបន់ និងលើសកលលោក។
ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លាបំផុតនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណមក្រាបបង្គំអញ្ជលិបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មី ព្រមទាំងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គប្រោះព្រំប្រោសប្រទាន ព្រះរាជសព្ទសាធុការពរបវរសួស្តី សិរីមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានគង់ប្រថាប់យូរអង្វែងនៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ក្សេមក្សាន្ត ត្រជាក់ត្រជុំ សុខដុមរមនារបស់ប្រជារាស្ត្រខ្មែរ ជានិច្ចនិរន្តរ៍តរៀងទៅ។
សូម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងគារវកិច្ចដ៏ស្មោះស្ម័គ្រ និងខ្ពង់ខ្ពស់បំផុតស្មើជីវិត អំពីពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕🙏🙏🙏☘️🍀
#ព្រះមហាក្សត្រខ្មែរ
#វិទ្យាល័យស្រែខ្វាវ

Photos from វិទ្យាល័យស្រែខ្វាវ - Srekhvav High School's post 08/05/2026

#បរិស្ថានស្អាតផ្តើមចេញពីយើងទាំងអស់គ្នា!🍀☘️🤝
សកម្មភាពសិស្សានុសិស្សនៃវិទ្យាល័យស្រែខ្វាវ ធ្វើការសម្អាតបរិស្ថាន រើសសំរាមតាមដងវិថី ដែលស្ថិតនៅក្នុងភូមិស្រែខ្វាវឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។
#វិទ្យាល័យស្រែខ្វាវ #ខេត្តសៀមរាប #ស្រុកអង្គរជុំ #បរិស្ថានស្អាត

05/05/2026

អបអរសាទរ! ព្រះរាជពិធីច្រត់ព្រះនង្គ័ល 🌾

ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីប្រពៃណីជាតិ និងសាសនាដ៏មានសារៈសំខាន់បំផុតមួយ ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃអង្គព្រះមហាក្សត្រ ឬព្រះរាជតំណាង ដើម្បីជាការប្រកាសបើករដូវបង្កបង្កើនផលកសិកម្មថ្មីជូនប្រជានុរាស្ត្រទូទាំងប្រទេស។

ទន្ទឹមនឹងនេះ ព្រះរាជពិធីនេះក៏មានការផ្សងប្រផ្នូលតាមរយៈការបរិភោគអាហាររបស់ គោឧសភរាជ ដើម្បីព្យាករណ៍ពីភោគផលកសិកម្ម អាកាសធាតុ ទឹកភ្លៀង និងសភាពការណ៍នានាក្នុងប្រទេស សម្រាប់ឆ្នាំនីមួយៗផងដែរ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំជាគណៈគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ សិស្សានុសិស្សទាំងអស់ នៃវិទ្យាល័ស្រែខ្វាវ សូមបួងសួងសុំឱ្យអាកាសធាតុអំណោយផលល្អ មានភ្លៀងធ្លាក់គ្រប់គ្រាន់ និងសូមជូនពរដល់បងប្អូនប្រជាកសិករ ព្រមទាំងជនរួមជាតិទូទាំងប្រទេស សូមឱ្យការដាំដុះក្នុងឆ្នាំនេះទទួលបានទិន្នផលខ្ពស់ត្រចះត្រចង់ ព្រមទាំងជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងប្រកបដោយពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
#វិទ្យាល័យស្រែខ្វាវ
#ពិធីច្រត់ព្រះនង្គ័ល

Photos from វិទ្យាល័យស្រែខ្វាវ - Srekhvav High School's post 26/04/2026

យើងខ្ញុំទាំងអស់គ្នាជានាយក លោកគ្រូអ្នកគ្រូ និង សិស្សានុសិស្សនៃវិទ្យាល័យស្រែខ្វាវ សូមថ្លែងអំណរគុណដល់ប្អូនៗជាអតីតសិស្សថ្នាក់ទី១២ ជំនាន់៣ ទាំង៥រូប នៃវិទ្យាល័យស្រែខ្វាវ ដែលបានចូលរួមជាថវិកាចំនួន ៥០០០០រៀល នៅក្នុងការអភិវឌ្ឍសាលាយើងជាបន្តទៀត។
យ៉ាងណាមិញ សូមជូនពរប្អូនៗ ទាំង៥រូប ជួបប្រទះតែសេចក្តីសុខ សុខភាពល្អ និង ទទួលបានជោគជ័យក្នុងទំព័រជីវិតថ្មី នៅក្នុងនាមជាសិស្សអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅសាលាSTC Siem Reap Tourism Club Association- STCនាថ្ងៃអនាគតជាបន្តទៀត។
សូមអរគុណ! 🙏🍀
#វិទ្យាល័យស្រែខ្វាវ
#ឧបត្ថម្ភថវិកា
#អតីតថា្នក់ទី១២
#ជំនាន់ទី៣
#អតីតសិស្ស២០២៤_២០២៥
#សាលាអាហារូបករណ៍STC
ឡុញ វិច្ឆកាចំរើន វង្សាយ៉ុត ភ្លឿតនឿន លាម៉ាTa Mickŷ

Photos from សាលាបាយ័ន - Bayon School 's post 23/04/2026

សូមថ្លែងអំណរគុណដល់អង្គការសាលាបាយ័ន - Bayon School សម្រាប់ការផ្តល់ឱកាសអាហារូបករណ៍ដល់សិស្សានុសិស្សគ្រប់រូប ឱ្យបន្តក្តីរបស់ពួកគេ។🙏🙏🙏
ប្អូនៗទី១២ នៃវិទ្យាល័យយើង ឆ្នាំនេះមិនគួរឱ្យរំលងអាហារូបករណ៍ដ៏ល្អនេះទេ👌

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


ឃុំ ស្រែខ្វាវ ស្រុក អង្គរជំុ ខេត្ត សៀមរាប។
Siem Reap

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00