20/06/2026
🔴អ្វីទៅជាមមោក (humus) នៅក្នុងដី?
មមោកជាសមាសធាតុសរីរាង្គសាំញ៉ាំដែលបានមកពីការពុកផុយនៃកាកសំណល់សរីរាង្គ (ក្រោយពីធាតុគីមីដែលអាចប្រើប្រាស់បានក្នុងសារធាតុសរីរាង្គត្រូវបានទាញយកចេញដោយមីក្រូសារពាង្គកាយ) តាមរយៈដំណើរការមមោកកម្ម (humification)។ ដំណើរការនេះអាចកើតឡើងតាមធម្មជាតិនៅក្នុងដី ឬក្នុងផលិតកម្មកំប៉ុស្តិ៍។ មមោកជាសារធាតុសរីរាង្គដែលងាយស្រូបទឹក មានរន្ធច្រើន មានពណ៌ខ្មៅ ឬត្នោតខ្មៅ និងមានកាបោន (C)ជាមូលដ្ឋាន ហើយអាចស្ថិតនៅក្នុងដីបានច្រើនឆ្នាំ។ សមាសភាពផ្សំ ឬគុណភាពរបស់មមោកប្រែប្រួលខ្លាំងទៅតាមប្រភពនៃសារធាតុសរីរាង្គ និងលក្ខខណ្ឌនៃការពុកផុយ។ “មមោក” ត្រូវបានបែងចែកជាពីរប្រភេទរួមមាន៖
១-មមោកសកម្ម (effective or active humus)៖ មមោកដែលអាចនៅបន្តការពុកផុយបាន និងផ្ទុកមួយភាគធំជាអាស៊ីតសរីរាង្គងាយៗ (អាស៊ីតហ្វុលវីក-fulvic acid) ដែលអាចរលាយក្នុងលក្ខខណ្ឌអាស៊ីត ឬបាស។ មមោកប្រភេទនេះជាប្រភពសំខាន់នៃសារធាតុចិញ្ចឹមដែលអាចបញ្ចេញដល់ដំណាំនៅពេលមីក្រូសារពាង្គកាយធ្វើការបំបែក ប៉ុន្តែផ្តល់អត្ថប្រយោជន៍តិចតួចដល់ទម្រង់ដី និងជីជាតិដីរយៈពេលវែង។ មមោកប្រភេទនេះភាគច្រើនបានមកពីពួកស្ករ ម្សៅ និងប្រូតេអ៊ីនៃសារធាតុសរីរាង្គ។
២-មមោកអកម្ម ឬឋិតថេរ (stable or passive humus)៖ អាស៊ីតយូមីក (humic acid) ដែលរលាយក្នុងលក្ខខណ្ឌបាស ប៉ុន្តែមិនមែនក្នុងអាស៊ីតជាប្រភេទមមោគអកម្ម។ យូមីន (humin) ដែលមិនរលាយក្នុងទឹកអាចទាញភ្ជាប់យ៉ាងណែននឹងគ្រាប់ដីឥដ្ឋ (clay particles) ដែលធ្វើឱ្យពួកមីក្រូសារពាង្គកាយមិនអាចជ្រៀតចូលបាន ជាផ្នែកដ៏ចំបងរបស់មមោកអកម្ម។ មមោកអកម្មធន់នឹងការពុកផុយដែលធ្វើឱ្យវាអាចបន្ថែមសារធាតុចិញ្ចឹមទៅក្នុងប្រព័ន្ធដីបានតិចតួច ប៉ុន្តែវាអាចជួយកែលម្អលក្ខណៈរូបសាស្រ្តរបស់ដី។ មមោកអកម្មបានមកពីប្រភេទសារធាតុសរីរាង្គដែលសំបូរសែលុយឡូស (cellulose) និងលីញីន (lignin) ហើយអាចស្ថិតនៅក្នុងដីដោយមិនផ្លាស់ប្ដូរបានរាប់ពាន់ឆ្នាំ។
ស្ថានភាពរបស់សារធាតុសរីរាង្គដី និងមមោកប្រែប្រួលជាប្រចាំតាមរយៈសកម្មភាពរបស់ភាវរស់នៅក្នុងដី។ ពួកផ្សិត (fungi) និងអាទីណូមីសែត (actinomycetes) ដែលមានច្រើនជាងពួកបាកតេរី (bacteria) ក្នុងលក្ខខណ្ឌត្រជាក់ ហើយសើម ដើរតួសំខាន់ក្នុងការបង្កើតមមោកអកម្ម។ ការប្រែប្រួលលើការពុកផុយរបស់កាកសំណល់សរីរាង្គកើតឡើងលឿនក្នុងលក្ខខណ្ឌសមស្របសម្រាប់សកម្មភាពជីវសាស្រ្តក្នុងដី ហើយការបន្ថែមកាកសំណល់សរីរាង្គថ្មីៗត្រូវអនុវត្តជាបន្តបន្ទាប់ដើម្បីរក្សាដំណើរការបស់វដ្តនៃការពុកផុយនេះ។
By: Dr. Hok Lyda
17/06/2026
12/06/2026
02/06/2026
20/05/2026