18/08/2026
សក់ ស៊ីម៖ ប្រធានកងអន្តរាគមន៍លេខ៩៨០
នៅឆ្នាំ១៩៨០ តា ម៉ុក បានតែងតាំងខ្ញុំធ្វើជាប្រធានកងអន្តរាគមន៍លេខ៩៨០ ដើម្បីដឹកនាំកម្លាំងដើរត្រួតពិនិត្យ និងតាមដានភូមិសាស្រ្តនៅខេត្តសៀមរាប។ ស៊ីម បាននិយាយរៀបរាប់អំពីរឿងដូចខាងក្រោម៖
ខ្ញុំបាទឈ្មោះ សក់ ស៊ីម អាយុ៦៧ឆ្នាំ(គិតត្រឹមឆ្នាំ២០១៣)។ ខ្ញុំមានស្រុកកំណើតនៅភូមិព្រៃអំពាវ ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នរស់នៅភូមិទួលចារ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ ខ្ញុំមានប្រពន្ធឈ្មោះ ម៉ឹង រឿង អាយុ៦៥ឆ្នាំ (គិតត្រឹមឆ្នាំ២០១៣) មានស្រុកកំណើតនៅភូមិព្រៃអំពាវ ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ខ្ញុំមានកូនចំនួន២នាក់ និង កូនចិញ្ចឹមចំនួន១នាក់(ប្រុស២នាក់ ស្រី១នាក់)។ ឪពុកខ្ញុំឈ្មោះ សក់(ស្លាប់) និងម្ដាយឈ្មោះ ង៉ែត(ស្លាប់)។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់(ប្រុស២នាក់ និងស្រី៤នាក់) ។ ខ្ញុំជាកូនពៅនៅក្នុងគ្រួសារ។
កាលពីក្មេងខ្ញុំបានចូលរៀននៅក្នុងវត្ត សាស្រ្ដាវែង ចេះអាន និង ចេះសរសេរអក្សរ បានបន្តិចបន្តួច។ ខ្ញុំបានឮឪពុករបស់ខ្ញុំនិយាយថា កាលពីឆ្នាំ១៩៥០ សម្ដេច នរោត្ដម សីហនុ បានបង្ហាត់ក្រុមយុវជន និងយុវនារី បង្កើតបានជាកម្លាំងជីវពល (កម្លាំងដ៏អង់អាចក្លាហាន) ដើម្បីបណ្ដេញយោធាបារាំងចេញពីប្រទេសកម្ពុជា រហូតទទួលបានឯករាជ្យពីបារាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ នៅពេលពេញវ័យ ខ្ញុំបានស្ម័គ្រចិត្តចូលរួមជាមួយកងជីវពលរបស់សម្ដេច នរោត្ដម សីហនុ។ បន្ទាប់មក ម្ដាយរបស់ខ្ញុំបានរៀបចំឱ្យខ្ញុំមានគ្រួសារ។ បន្ទាប់ពីរៀបរួច ខ្ញុំនិងប្រពន្ធ បានប្រកបមុខរបរធ្វើស្រែចម្ការ និងឡើងត្នោត។
នៅឆ្នាំ១៩៦៨ នៅក្នុងភូមិព្រៃអំពាវ ចាប់ផ្ដើមកកើតមានខ្មែរក្រហម។ ខណៈពេលនោះ ខ្ញុំ(ស៊ីម) សូសារឿន(០៥) អ៊ំសឿន និង តាម៉េត បានសម្រេចចិត្តចាកចេញពីភូមិ រួចធ្វើដំណើរទៅចូលរួមជាមួយកងទ័ពខ្មែរក្រហមនៅក្នុងព្រៃផុង ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។ នៅក្នុងអំឡុងពេលនោះ ប្រជាជនបានចូលរួមជាបន្តបន្ទាប់រហូតបង្កើតបានជាកងវរសេនាធំលេខ១៤។ ប្រធានគ្រប់គ្រង សូ សារឿន។ នៅឆ្នាំ១៩៧០ លោកឧត្ដមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេច នរោត្ដម សីហនុ ចេញពីមុខតំណែងប្រមុខរដ្ឋ។ បន្ទាប់ពីទទួលបានដំណឹងថា លោកឧត្ដមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេច នរោត្ដម សីហនុ ចេញពីមុខតំណែង សូ សារឿន បានចាប់ផ្ដើមប្រមូលកម្លាំងមកពីខាងប៉ែកនិរតី និងប៉ែកខាងជើង(កំពង់ឆ្នាំង) ដើម្បីរួបរួមកម្លាំងបង្កើតទៅជាកងពលលេខ១៤ ដើម្បីចេញធ្វើប្រតិបត្តិការណ៍វាយជាមួយទាហាន លន់ នល់ ដែលកំពុងបោះទីតាំងឈរជើងនៅខាងជើងផ្លូវជាតិលេខ៤ រហូតទៅដល់វាលរេញ ដែលស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ខណៈពេលនោះកងលេខ១៤ បានបំបែកជា៥វរសេនាធំ៖ វរសេនាធំរបស់ អ៊ុង រ៉ែម និង វរសេនាធំរបស់ តា ប្រ៉(ជនជាតិភាគតិច)។ បន្ទាប់មក សូ សារឿន បានចាត់តាំងឱ្យ ខ្ញុំ និងតា សាន ធ្វើជាគណៈកងពល។ នៅឆ្នាំ១៩៧៣ តា សាន ត្រូវបាន សូ សារឿន ផ្លាស់ឱ្យទៅគ្រប់គ្រងកងពលលេខ៩២០ ដែលស្ថិតនៅក្នុងខេត្តមណ្ឌលគិរី។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សូ សារឿន បានដឹកនាំកម្លាំងនៃកងពលលេខ១៤ ទៅវាយរំដោះនៅទីក្រុងភ្នំពេញ រហូតទទួលបានជ័យជម្នះ និងកាន់កាប់ទីក្រុងភ្នំពេញទាំងស្រុង។ បន្ទាប់ពីទទួលបានជ័យជម្នះកងពលលេខ១៤ បានរួមបញ្ចូលកម្លាំងបន្ថែមមកពីកងពលលេខ១៤០ និង កងពលលេខ១៦០ រួចត្រូវបានថ្នាក់លើផ្លាស់ប្ដូរទៅជាកងពលលេខ៨០១។
នៅខែសីហា ឆ្នាំ១៩៧៥ កងពលលេខ៨០១ ត្រូវបានថ្នាក់លើបញ្ជូនឱ្យទៅការពារនៅស្រុកវ៉ើនសៃ ខេត្តរតនគិរី។ ពេលចូលមករស់នៅខេត្តរតនគិរីដំបូង កងទ័ពជាច្រើនត្រូវបានស្លាប់ដោយសារជំងឺគ្រុនចាញ់។ ក្រោយពីរស់នៅខេត្តរតនគិរីអស់ជាច្រើនខែ កងពលលេខ៨០១ បានបែកកម្លាំងជា៣វរសេនាធំ៖ វរសេនាធំលេខ៨១ វរសេនាធំលេខ៨២ និង វរសេនាធំលេខ៨៣។ វរសេនាធំលេខ៨១ មានតួនាទីឈរជើងការពារនៅ ដំក្រឡ សៀមបាង និងនៅតាមព្រំដែនឡាវ។ ប្រធានគ្រប់គ្រងឈ្មោះ ខូន ។ វរសេនាធំលេខ៨២ ប្រធានគ្រប់គ្រង(ភ្លេចឈ្មោះ) ស្លាប់ដោយសារយន្តហោះទម្លាក់គ្រាប់បែក។ បន្ទាប់មក សូ សារឿន បានដកខ្ញុំឱ្យមកគ្រប់គ្រងជំនួសបណ្ដោះអាសន្ន។ វរសេនាធំលេខ៨៣ មានតួនាទីឈរជើងការពារនៅទន្លេ សេសាន។ ប្រធានគ្រប់គ្រងដោយឈ្មោះ តា ឡឺ ។ បន្ទាប់ពីខ្ញុំគ្រប់គ្រងវរសេនាធំលេខ៨២ បានប្រហែលកន្លះខែ សូ សារឿន បានបញ្ជាឱ្យខ្ញុំដឹកនាំកម្លាំងទៅជួយវាយនៅសមរភូមិ(មិនបានបញ្ជាក់ទីតាំង)។ ខណៈពេលនោះ កងវរសេនាធំលេខ៨២ សូ សារឿន បានដកតា ខូន ឱ្យឡើងមកគ្រប់គ្រងជំនួសវិញម្ដង។ ចំណែកវរសេនាធំលេខ៨១ សូ សារឿន បានចាត់តាំងឱ្យ កែវ សារឿន ឡើងមកគ្រប់គ្រងជំនួស។ បន្ទាប់ពីត្រឡប់មកពីសមរភូមិ ខ្ញុំ ត្រូវបាន សូ សារឿន បញ្ចូលទៅមន្ទីរកងពលខាងសមរភូមិវិញ។ ក្រោយមកទៀត កងទ័ពនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង និងកងទ័ពនៅខេត្តប៉ៃលិន បានខ្វះកម្លាំងជាច្រើន។ ខណៈពេលនោះ សូ សារឿន បានដក កែវ រឿន ដើម្បីដឹកនាំកម្លាំងយកទៅបំពេញបន្ថែមតាមតំបន់ដែលខ្វះខាត។ ចំណែកវរសេនាធំលេខ៨១ សូ សារឿន បានចាត់តាំងឱ្យឈ្មោះ ស៊ុន ឡើងមកគ្រប់គ្រងជំនួសវិញ។
នៅឆ្នាំ១៩៧៨ ខ្ញុំបានឡើងទៅយកប្រពន្ធនៅឯស្រុកកំណើត ឱ្យមករស់នៅជាមួយ។ លុះដល់ចុងឆ្នាំ១៩៧៨ កងទ័ពខ្មែរក្រហមបានចាប់ផ្ដើមមានជម្លោះព្រំដែនជាមួយកងទ័ពវៀតណាម។ ខណៈពេលនោះអង្គភាពរបស់ខ្ញុំ បានរួមកម្លាំងជាមួយកងពិសេសរបស់កងពលធំ ដែលដឹកនាំដោយ តា លាង បានធ្វើប្រតិបត្តិការណ៍វាយបណ្ដេញកងទ័ពវៀតណាមធ្លាក់រហូតទៅដល់ដុងកឺ នៃប្រទេសវៀតណាម។ បន្ទាប់ពីវាយអស់រយៈពេល៣ថ្ងៃ ខ្ញុំ និងកងទ័ពទាំងអស់ទទួលដំណឹងថា កងទ័ពវៀតណាមបានវាយរំដោះនិងកាន់កាប់បានទីក្រុងភ្នំពេញ។ បន្ទាប់ពីទទួលបានដំណឹងបែបនេះ ខ្ញុំ និងកងទ័ពទាំងអស់បាននាំគ្នារត់ភៀសខ្លួនចេញពីប្រទេសវៀតណា ហើយរត់សំដៅទៅក្នុងព្រៃខាងកើតទន្លេ ដែលស្ថិតនៅក្នុងខេត្តមណ្ឌលគិរី។ ពេលរត់ចូលទៅដល់ក្នុងព្រៃ ខេត្តមណ្ឌលគិរី ខ្ញុំ បានជួបជាមួយ សូ សារឿន ហើយបានពិភាក្សាគ្នា ដើម្បីរៀបចំយុទ្ធសាស្រ្តវាយបកត្រឡប់ទៅវិញ។ ខណៈពេលនោះកងទ័ពដែលនៅសេសសល់ មានប្រហែល៣០០ទៅ៤០០នាក់។ បន្ទាប់មក សូ សារឿន បានបែងចែកកម្លាំងជាក្រុមតូចៗ ដើម្បីចេញវាយជាលក្ខណៈកងឈ្លប។ ចំណែកប្រពន្ធនិងកូនរបស់ខ្ញុំ បានរត់បែកខ្ញែកគ្នា ប៉ុន្តែត្រូវបានកងទ័ពវៀតណាមចាប់ខ្លួនបានពេលកំពុងឆ្លងទន្លេ រួចចាប់បញ្ជូនយកទៅឃុំឃាំងនៅកោះកន្ទុយគោ ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។
នៅឆ្នាំ១៩៧៩ កងទ័ពនៃរបបសាធារណរដ្ឋប្រជាមានិត្យកម្ពុជា និងកងទ័ពវៀតណាម បានវាយសម្រុកចូលមកកាន់ខេត្តរតនគិរី។ ខណៈពេលនោះកងទ័ពដែលរស់នៅក្នុងព្រៃខេត្តរតនគិរី បានប្រញាប់ប្រញាល់កាប់ឬស្សីធ្វើជាក្បូន និងខ្លះទៀតបានហែលទឹកឆ្លងកាត់ទន្លេសំដៅទៅស្រែក្រសាំង ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។ បន្ទាប់ពីឆ្លងទន្លេផុត កងទ័ពទាំងអស់បានបន្តដំណើរថ្មើរជើងសំដៅទៅភូមិរុន ឃុំចំការលើ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ទើប សូ សារឿន បានទំនាក់ទំនងទៅខាងអង្គភាពឱ្យបញ្ជូនកាណូតចំនួន៥គ្រឿង ដើម្បីដឹកជញ្ជូនកងទ័ពទៅទន្លេល្ពៅនៃតំបន់មុំបី(១០០១) ដែលមានទីតាំងស្ថិតនៅលើភ្នំដងរែក។ បន្ទាប់ពីរស់នៅលើភ្នំដងរែកបានប្រហែលមួយរយៈពេល អង្គភាពរបស់ខ្ញុំបានចាកចេញពីកងពល៨០១ រួចបានធ្វើដំណើរទៅចូលរួមជាមួយកងពល តា ម៉ុក ដែលមានទីតាំងនៅស្រុកអន្លង់វែង(តំបន់៨០៨) ។
នៅឆ្នាំ១៩៨០ តា ម៉ុក បានបង្កើតកងពលថ្មីឱ្យអង្គភាពរបស់ខ្ញុំ ហើយបានហៅអង្គភាពនោះថា កងអន្តរាគមន៍លេខ៩៨០។ ខណៈពេលនោះ តា ម៉ុក បានចាត់តាំងឱ្យខ្ញុំធ្វើជាប្រធានកងពល និង សឿន (ខាងកងរថក្រោះ)ធ្វើជាអនុកងពល។ បន្ទាប់មក កងពលអន្តរាគមន៍លេខ៩៨០ ត្រូវបានតា ម៉ុក បញ្ជូនទៅខេត្តសៀមរាប ដើម្បីឱ្យដើរត្រួតពិនិត្យ និងតាមដានជុំវិញខេត្តសៀមរាប។ ពេលធ្វើដំណើរចូលទៅដល់ខេត្តសៀមរាបដំបូង កងអន្តរាគមន៍លេខ៩៨០ បានបំបែកជា៤វរសេនាធំ៖ វរសេនាធំលេខ៩១ វរសេនាធំលេខ៩២ វរសេនាធំលេខ៩៣ និងវរសេនាធំ៩៤ (ខាងកងនារីដឹកជញ្ជូន) ប្រធានឈ្មោះ បាវ។ នៅខែមីនា ឆ្នាំ១៩៨០ កងទ័ពវៀតណាមបានដឹកនាំកម្លាំងទៅវាយរំដោះនៅខេត្តកោះកុង ដែលជាទីតាំងឈរជើងរបស់កងពលលេខ១៦៤។ ប្រធានឈ្មោះ មាស មុត (កូនប្រសារតា ម៉ុក)។ ខណៈពេលនោះ កងទ័ពវៀតណាមបានវាយសម្រុកចូលទៅខ្លាំងដែលធ្វើឱ្យកងទ័ពរបស់ មាស ម៉ុត ពិបាកទប់ទល់។ បន្ទាប់មក មាស មុត បានដឹកនាំកម្លាំងរត់ភៀសខ្លួនចេញពីខេត្តកោះកុង សំដៅមកកាន់ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ លុះពេលធ្វើដំណើរចូលមកដល់ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ កងទ័ពរបស់ មាស មុត បានចូលរួមកម្លាំងជាមួយកងពលរបស់ខ្ញុំ។ ក្រោយមក តា ម៉ុក បានដកដំណែង ខ្ញុំ និង សឿន ឱ្យនៅក្រោមការគ្រប់គ្រងរបស់ មាស មុត។ ខណៈពេលនោះ ខ្ញុំ ត្រូវបានដកដំណែងពីប្រធានកងពលមកត្រឹមជាអនុកងពលអន្តរាគមន៍លេខ៩៨០។ នៅក្នុងកំឡុងពេលនោះ សឿន ចាប់ផ្ដើមអន់ចិត្តជាមួយ តា ម៉ុក ដែលបានដកដំណែងរបស់ខ្លួនឱ្យនៅក្រោមការគ្រប់គ្រងរបស់ មាស ម៉ុត។ បន្ទាប់មក សឿន និង មិត្តរួមអាវុធដែលកំពុងបំពេញការងារនៅក្នុងក្រសួងមន្ទីរបានដកខ្លួនចេញពីកងពលអន្តរាគមន៍លេខ៩៨០ រួចបានធ្វើដំណើរទៅចូលរួមជាមួយទាហានប៉ារ៉ា ដែលដឹកនាំដោយលោកតា សឺន សាន។ មូលហេតុដែល សឿន ដកខ្លួនចេញពីកងពលអន្តរាគមន៍លេខ៩៨០ ដោយសារតែ សឿន ធ្លាប់មានទំនាស់ជាមួយ មាស មុត ពីព្រោះតែ សឿន ធ្លាប់បានសម្លាប់ថ្នាក់ដឹកនាំនៅក្នុងកងពលលេខ១៦៤។
នៅក្នុងខែកក្កដា ឆ្នាំ១៩៨៣ ខ្ញុំ និងកងទ័ពប្រហែល៤៧នាក់ ត្រូវបាន តា មុត ដកឱ្យត្រឡប់ទៅរស់នៅតំបន់មុំបី(១០០១) ហើយបានជួបជាមួយ សុន សេន ដែលកំពុងដឹកនាំកម្លាំងឈរជើងនៅទីនោះ។ បន្ទាប់មក ខ្ញុំ បានលាឈប់ពីកងទ័ពមកធ្វើជាប្រជាជនធម្មតានៅតាមមូលដ្ឋានវិញ។ លុះដល់ឆ្នាំ១៩៨៥-១៩៨៦ កងទ័ពនៃរបបសាធារណៈរដ្ឋប្រជាមានិត្យកម្ពុជា និងកងទ័ពវៀតណាម បានដឹកនាំកម្លាំងមកវាយរំដោះនៅទន្លេល្ពៅនៃតំបន់មុំបី ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ។ ខណៈពេលនោះ តា ម៉ុក បានបញ្ជាឱ្យកងទ័ពទាំងអស់រៀបចំកម្លាំង និងដឹកជញ្ជូនសព្វាវុធ ស្បៀងអាហារ ដើម្បីចាំទប់ទល់ជាមួយកងទ័ពនៃរបបសាធារណៈរដ្ឋប្រជាមានិត្យកម្ពុជា និងកងទ័ពវៀតណាម។ ខណៈពេលនោះ ខ្ញុំ និងក្រុមគ្រួសារកងទ័ព ត្រូវបានរថយន្តរបស់កងទ័ពដឹកជញ្ជូនយកទៅដាក់នៅជំរំអូរត្រាវ ដែលស្ថិតនៅក្នុងស្រុកខុនហាន ខេត្តស៊ីសាកេត នៃប្រទេសថៃ។ បន្ទាប់ពីទប់ទល់អត់ឈ្នះជាមួយកងទ័ពនៃរបបសាធារណរដ្ឋប្រជាមានិត្យកម្ពុជា និងកងទ័ពវៀតណាម តា ម៉ុក បានបញ្ជាឱ្យកងទ័ពទាំងអស់រត់ភៀសខ្លួនសំដៅទៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយ ខេត្តស្ទឹងត្រែង។ បន្ទាប់ពីរស់នៅជំរំអូរត្រាវបានរយៈពេល១ឆ្នាំ ប្រជាជនចាប់ផ្ដើមសម្រុកចូលមករស់នៅជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ។ ខណៈពេលនោះ ខ្ញុំ និងក្រុមគ្រួសារកងទ័ពត្រូវបានផ្លាស់ឱ្យទៅរស់នៅជាំស្លា ដែលស្ថិតនៅក្នុងស្រុកខុនហាន ខេត្តស៊ីសាកេត នៃប្រទេសថៃ។
នៅឆ្នាំ១៩៨៩ កងទ័ពវៀតណាមបានដកកម្លាំងចេញពីប្រទេសកម្ពុជាត្រឡប់ទៅប្រទេសវៀតណាមវិញ។ ខណៈពេលនោះស្រុកអន្លង់វែង បានក្លាយទៅជាទីតាំងយុទ្ធសាស្ត្រ និងជាតំបន់កាន់កាប់ដ៏សំខាន់របស់កងទ័ពខ្មែរក្រហម ដែលគ្រប់គ្រងដោយ តា ម៉ុក និង សុន សេន។ បន្ទាប់ពីកងទ័ពវៀតណាមបានដកកម្លាំងចេញពីស្រុកអន្លង់វែងបានរយៈពេល១ឆ្នាំ ខ្ញុំ និងក្រុមគ្រួសារកងទ័ពដែលរស់នៅជាំស្លា បានវិលត្រឡប់ចូលមករស់នៅក្នុងស្រុកអន្លង់វែងវិញ។ ពេលធ្វើដំណើរចូលមកដល់ស្រុកអន្លង់វែង ខ្ញុំ និងក្រុមគ្រួសារកងទ័ពបាននាំគ្នាសាងសង់ផ្ទះនៅតាមមាត់អូរ និងបានកាប់ឆ្ការព្រៃយកដីធ្វើចម្ការបន្តិចបន្តួច ដើម្បីផ្គត់ផ្គងជីវភាពនៅតាមគ្រួសារ។ បន្ទាប់មកស្រុកអន្លង់វែងត្រូវបានប្រជាជនមូលមតិគ្នាបង្កើតទៅជាស្រុកថ្មីមួយទៀតគឺ ស្រុកត្រពាំងប្រាសាទ។ គ្រប់គ្រងដោយតា ជុំ ជាតិ។ បន្ទាប់មកស្រុកត្រពាំងប្រាសាទចាប់ផ្ដើមមានប្រជាជន និងកងទ័ពតាមកងពលចូលមករស់ជាបន្តបន្ទាប់មានដូចជា កងពលតា ញ៉ន កងពលតា ផល និងកងពលតា ហឿន។ បន្ទាប់មកទៀត តា ជុំ ជាតិ បានចាត់តាំងឱ្យ ខ្ញុំ គ្រប់គ្រងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមាន័យ។
នៅឆ្នាំ១៩៩០ សុន សេន ត្រូវបាន ប៉ុល ពត ដកឱ្យទៅគ្រប់គ្រងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិនវិញ។ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៦ សុន សេន បានចូលមករស់នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ក្រោយពីការដួលរលំ និងការផ្តាច់ខ្លួនរបស់កងទ័ពខ្មែរក្រហមនៅខេត្តប៉ៃលិន និងស្រុកម៉ាឡៃ។ នៅឆ្នាំ១៩៩៧ ប៉ុល ពត បានចាប់ផ្ដើមសង្ស័យទៅលើ សុន សេន ថាមានបំណងក្បត់បក្ស លួចទាក់ទងចរចាដាច់ដោយឡែកជាមួយរដ្ឋាភិបាលកម្ពុជា។ លុះដល់ខែមិថុនា ឆ្នាំ១៩៩៧ សុន សេន និងសមាជិកគ្រួសារចំនួន១៣នាក់ ត្រូវបាន តា ម៉ុក បញ្ជាកូនចៅឱ្យទៅសម្លាប់ចោល ដោយចោទប្រកាន់ថាបានក្បត់បក្សលួចទាក់ទងធ្វើការចរចាយ៉ាងសម្ងាត់ជាមួយរាជរដ្ឋាភិបាលកម្ពុជា(សម្ដេច ហ៊ុន សែន)។ សពរបស់ សុន សេន និងសមាជិកគ្រួសារត្រូវបានដុតបំផ្លាញសាកសពចោលនៅទីតាំងក្នុងភូមិស្រះឈូក ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បន្ទាប់ពីសម្លាប់ សុន សេន បានសម្រេច តា ម៉ុក បានប្រមូលកម្លាំង ដើម្បីតាមសម្លាប់ ប៉ុល ពត បន្ថែមទៀត។
នៅឆ្នាំ១៩៩៨ ស្រុកអន្លង់វែង ដែលជាបន្ទាយចុងក្រោយរបស់ខ្មែរក្រហម បានជួបប្រទះការបែកបាក់សាមគ្គីផ្ទៃក្នុងយ៉ាងខ្លាំង ដោយសារវិបត្តិមនោគមវិជ្ជា ការចោទប្រកាន់គ្នាខុស និងការភ័យខ្លាចការបោសសម្អាតរវាងមេដឹកនាំ និងកងទ័ព ដែលនាំឱ្យកងទ័ពជាច្រើននាំគ្នារត់ចោលជួរ។ ខណៈពេលនោះកងទ័ពនិងក្រុមគ្រួសាររបស់កងទ័ពបានផ្ដាច់ខ្លួនចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា។ បន្ទាប់ពីប្រទេសមានសន្តិភាព រាជរដ្ឋាភិបាលបានតែងតាំងឱ្យ តា ជុំ ជាតិ ធ្វើជាអភិបាលស្រុកត្រពាំងប្រាសាទ។
នៅឆ្នាំ២០០០ តា ជុំ ជាតិ និងប្រជាជននៅក្នុងស្រុកត្រពាំងប្រាសាទបាននាំគ្នាកសាងវត្តសារឡើងវិញ ហើយបានដាក់ឈ្មោះវត្តនោះថា វត្តត្រពាំងប្រាសាទ។ បន្ទាប់ពីសាងសង់វត្តរួចរាល់ នៅថ្ងៃពេញបរមីប្រជាជនបាននិមន្តព្រះសង្ឃឈ្មោះ សំ ឱ្យចូលទៅគង់នៅក្នុងវត្តត្រពាំងប្រាសាទ។ បន្ទាប់មកនៅក្នុងវត្តត្រពាំងប្រាសាទចាប់ផ្ដើមមានកូនចៅអ្នកស្រុកចូលទៅបួសជាបន្តបន្ទាប់។ បន្ទាប់មក ខ្ញុំ ត្រូវបាន ជុំ ជាតិ តែងតាំងធ្វើជាប្រធានការិយាធម្មាការប្រចាំស្រុកត្រពាំងប្រាសាទ។ ក្រោយមកទៀត ខ្ញុំ មានអាយុកាន់តែច្រើន ខ្ញុំបានលាឈប់ពីប្រធានការិយាធម្មាការស្រុកត្រពាំងប្រាសាទ៕
ដោយ៖ ចាន់ ណារិទ្ធ