17/08/2026
នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦
លោក សំ សុគន់ ប្រធានការិយាល័យស្តីទី បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់វិស័យអប់រំ និងសុខាភិបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងតំបន់ទី១ ដែលបានប្រព្រឹត្តទៅនៅសាលាខេត្តបាត់ដំបង។
អង្គសិក្ខាសាលានេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដោយមានអ្នកចូលរួមសរុបប្រមាណ ៣០០នាក់ មកពីបណ្តាខេត្តក្នុងតំបន់ទី១ (បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ និងសៀមរាប) រួមមានតំណាងក្រសួង-ស្ថាប័ន ប្រធានមន្ទីរ ព្រមទាំងប្រធានការិយាល័យ និងប្រធានការិយាល័យស្តីទីនៃអង្គភាពពាក់ព័ន្ធ។
🔹 ខ្លឹមសារស្នូលនៃសិក្ខាសាលា៖
ការផ្លាស់ប្តូរទស្សនាទាន៖ ជំរុញការគ្រប់គ្រងមុខងារសាធារណៈឆ្ពោះទៅរក «ប្រព័ន្ធនិយោជន៍ផ្អែកលើសមិទ្ធកម្ម» ដើម្បីធានាឱ្យសាលារៀន និងមណ្ឌលសុខភាពនៅមូលដ្ឋាន មានមន្ត្រីគ្រប់គ្រាន់ ប្រកបដោយសមត្ថភាព និងគុណភាព។
ការចុះកិច្ចសន្យា & វាយតម្លៃ៖ មន្ត្រី និងប្រធានអង្គភាពត្រូវព្រមព្រៀងលើភារកិច្ចរួមគ្នា ដោយមានការត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្មទៀងទាត់ (១ខែ ៣ខែ ៦ខែ ឬ ៩ខែ) តាមប្រព័ន្ធឌីជីថលរបស់រាជរដ្ឋាភិបាល។
ការបន្តកិច្ចសន្យា៖ លទ្ធផលនៃការវាយតម្លៃ ជាមូលដ្ឋានផ្លូវការសម្រាប់សម្រេចបន្ត ឬបញ្ចប់កិច្ចសន្យា ព្រមទាំងការផ្តល់ប្រាក់លើកទឹកចិត្តប្រចាំខែ និងប្រចាំឆ្នាំ។