05/02/2025
ពុទ្ធភាសិតក្នុងគម្ពីរវិសុទ្ធមគ្គ ត្រង់សីលនិទ្ទេសសម្ដែងថា៖
កម្មំ វិជ្ជា ច ធម្មោ ច សីលំ ជីវិតមុត្តមំ
ឯតេន មច្ចា សុជ្ឈន្ដិ ន គោត្តេន ធនេន វា
ប្រែថា : សត្វទាំងឡាយរមែងបរិសុទ្ធស្អាតដោយគុណធម៌ ៥ យ៉ាងនេះ គឺកម្ម១ វិជ្ជា១ ធម៌១ សីល១ ជីវិតដ៏ឧត្តម១ មិនមែនបរិសុទ្ធស្អាតដោយគោត្រនិងទ្រព្យទេ។
សេចក្ដីអធិប្បាយ ពុទ្ធភាសិតនេះថា បណ្តាសត្វទាំងឡាយដែល កើតមកក្នុងលោកសន្និវាសនេះ នឹងត្រូវធ្វើខ្លួនឲ្យបរិសុទ្ធស្អាតចាកគ្រឿងសៅហ្មងគ្រប់ប្រការទៅបាននោះ មិនមានអ្វីដទៃក្រៅអំពីគុណធម៌ ៥ ទាំងនេះទេ រីឯគុណធម៌ ៥ យ៉ាងនោះ គឺ ទី១ កម្មៗ ក្នុងទីនេះបាន ដល់មគ្គរចេតនា គឺេចតនាប្រកបដោយមគ្គ ឬចេតនារបស់បុគ្គលដែលត្រិះរិះរំពឹងពិចារណា ស្វែងរកឧបាយ នឹងធ្វើខ្លួនឲ្យបានបរិសុទ្ធស្អាត គ្រឿងសៅហ្មង គឺកិលេស ។ ទី២ វិជ្ជាៗ បានដល់សម្មាទិដ្ឋិសេចក្តីយល់ត្រូវចូលចិត្តទូទៅទាំងផ្លូវលោក ទាំងផ្លូវធម៌តាមលំអាន លោកិយមគ្គនឹងលោកុត្តរមគ្គ ។ ទី៣ ធម៌ៗ ក្នុងទីនេះ បានដល់មគ្គ ទាំង ៤ គឺ : សម្មាសង្កប្បៈ សេចក្តីត្រិះរិះត្រូវ មានការត្រិះរិះរក ឧបាយ នឹងចេញចាកកាមជាដើម ១, សម្មាវាយាមៈ សេចក្តីព្យាយាមត្រូវ គឺព្យាយាម ក្នុងសមប្បធាន ៤ យ៉ាង គឺៈ មានសេចក្តីព្យាយាមរារាំងប្រុងប្រយ័ត្នមិនឲ្យ អកុសលធម៌កើតឡើងក្នុងសន្តានជាដើម ១, សម្មាសតិ សេចក្តីរលឹកត្រូវ គឺរលឹកក្នុងសតិបដ្ឋាន ៤ គឺ: មានសតិ ជាគឿងដាស់តឿននឹកកំណត់ពិចារណានូវកាយជាអារម្មណ៍ថា កាយនេះគ្រាន់តែ ជាកាយ មិនមែនសត្វ បុគ្គល ខ្លួនប្រាណយើង ខ្លួនប្រាណគេទេ, ហៅថា កាយានុបស្សនាសតិបដ្ឋានជាដើម១ , សម្មាសមាធិ ការតាំងចិត្តខ្ជាប់ខ្លួនត្រូវ តម្កល់ចិត្តឲ្យនឹង នឹងខ្ជាប់ខ្លួនក្នុងឈានទាំង ៤ បានដល់កិរិយាធ្វើចិត្តឲ្យស្ងាត់ប្រាសចាកកាមារម្មណ៍សា្ងត់ចាកអកុសលធម៌ មាននីវរណធម៌ ៥ ជាដើម ១ ។ ទី ៤ សីលៗ ក្នុងទីនេះបានដល់សមា្មវាចា នឹងសម្មាកមន្ត: វាចាត្រូវ គឺពោលពាក្យវៀរចាកវចីទុច្ចរិត ៤ យ៉ាង គឺ មាននិយាយពាក្យភូតកុហក បោកប្រាសគេជាដើម ១ សម្មាកម្មន្តៈ ការងារត្រូវ គឺធ្វើការងារវៀរចាកទុច្ចរិត ៣ យ៉ាង មានការសម្លាប់សត្វជាដើម ១ ។ ទី ៥ ជីវិតដ៏ឧត្តម បានដល់សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ គឺវៀរចាកការចិញ្ចឹមជីវិតខុសគ្រប់យ៉ាងទាំងផ្លូវលោកផ្លូវធម៌ ។ បើខាងឃរាវាស ត្រូវវៀរចាកមិច្ឆាវណិជ្ជា គឺជំនួញខុសធម៌ ៥ យ៉ាង មានលក់គ្រឿងប្រហារជាដើម, បើខាងបព្វជិត ត្រូវវៀរចាកការស្វែងរកជាលោកវជ្ជ: មានទោសតាមផ្លូវលោកនិងបណ្ណត្តិវជ្ជ: មានទោសព្រោះកន្លងបញ្ញត្តិ ។
គុណធម៌ទាំង ៥ យ៉ាង ដូចបានពោលមកដោយសង្ខេបនេះ ជាសេចក្តីប្រតិបត្តិដោយផ្លូវចិត្តដុសខាត់ គំនិតអធ្យាស្រ័យរបស់សត្វ ឲ្យបរិសុទ្ធផុតចាកគ្រឿសៅហ្មង ពោលគឺកិលេសទាំងពួង មិនមែនបរិសុទ្ធដោយសារគោត្រត្រកូលដ៏ខ្ពង់ខ្ពស់នោះទេ ទាំងមិនមែនបរិសុទ្ធដោយសារទ្រព្យសម្បត្តិច្រើននោះទេ ។ ព្រោះហេតុនោះ អស់លោកសប្បុរសជាពុទ្ធមាមកជន គួរជ្រាបថា បើប្រាថ្នាជាសេចក្ដីបរិសុទ្ធឲ្យកើតឡើងដល់ខ្លួន ត្រូវខ្លួនយើងប្រតិបត្តិធ្វើបំពេញកាតព្វកិច្ចផ្ទាល់ដោយ ខ្លួនយើង ឬសេចក្ដីសៅហ្មងកើតឡើងដល់ខ្លួនហើយ ត្រូវតែខ្លួនយើងលាងជម្រះសម្អាតផ្ទាល់ ដោយ ខ្លួនឯង នឹងពឹងពាក់រកអ្នកដទៃឲ្យធ្វើជំនួសខ្លួនពុំបានឡើយ, សេចក្ដីនេះប្រៀបដូចជនអ្នកបរិភោគ អាហារឆ្អែតស្កប់ស្កល់ហើយ ឃើញជនមា្នក់ទៀត មិនទាន់បរិភោគអាហារសោះ កំពុងមានសេចក្តីស្រែកឃ្លាន ហើយចង់ចែកអាហាររបស់ខ្លួន ឲ្យទៅជនដែលកំពុងឃ្លាននោះបានឆ្អែតដូចខ្លួនផង តើជនឆ្អែតនោះ អាចបេះរំលែកឆ្អែតចែកឲ្យទៅជនឃ្លាននោះខ្លះផងបានឬទេ?ម្យ៉ាងទៀត ដូចជនម្នាក់កំពុងអន្ទះសារដោយសេចក្តីឃ្លាន បានឃើញជនមា្នក់ដើរមកជិត ហើយចង់ចែកឃ្លានរបស់ខ្លួន ឲ្យទៅជនម្នាក់នោះ ឲ្យជួយឃ្លានដូចខ្លួនផង តើជនឃ្លាននោះនឹងបេះរំលែកឃ្លាន ឲ្យទៅជនឯទៀតឲ្យគេជួយឃ្លានខ្លះផងបានឬទេ? ជនទាំងពីរនាក់ គឺជនឆ្អែត និង ជនឃ្លាននឹងបេះរំលែក ឆ្អែតនិងឃ្លានចែកឲ្យដល់គ្នានឹងគ្នាផងពុំបានឡើយ សេចក្តីនេះមាន ឧបមា យ៉ាងណា, រីឯសេចក្តីបរិសុទ្ធនិង សៅហ្មងទាំងពីរ ក៏រមែងកើតឡើងអំពីខ្លួនរបស់ខ្លួនឯង បុគ្គលមួយរូបៗ នឹង អាចបេះរំលែកចែកសេចក្តីបរិសុទ្ធនិងសៅហ្មង ឲ្យដល់
គ្នានឹងគ្នាទៅវិញទៅមកពុំបានសោះឡើយ ក៏មានឧបមេ
យ្យដូច្នោះឯង ។