17/08/2026
លោក វន សំភាស់៖ កីឡា ផ្សារភ្ជាប់ជាមួយទេសចរណ៍ និងការអប់រំ
តាកែវ៖ កីឡាមិនត្រឹមតែធ្វើឲ្យសុខភាពល្អប៉ុណ្ណោះទេ។ ប៉ុន្តែវាបានផ្សារភ្ជាប់យ៉ាងស្អិតរមួត ជាមួយទេសចរណ៍ និងការអប់រំ។ បច្ចុប្បន្ន កីឡាជិះកង់ និងរត់ម៉ារ៉ាតុង កាន់តែពេញនិយមដែលជាមធ្យោបាយផ្សព្វផ្សាយតំបន់ទេសចរណ៍ផ្សេងៗ។ នៅក្នុងកម្មវិធីជិះកង់ដើម្បីទេសចរណ៍ប៉ៃតងភ្នំដា លោក វន សំភាស់ ប្រធានអង្គការអ័្សកសិន អេឌ្យូខេសិន (Action Education) លើកឡើងថា តំបន់ទេសចរណ៍ចង់ឱ្យភ្ញៀវទេសចរទៅកម្សាន្តលុះត្រាតែមានការផ្សព្វផ្សាយទូលំទូលាយទើបភ្ញៀវទេសចរស្គាល់ និងចង់ទៅទស្សនា។
លើសពីនេះការរៀបចំសេវាពហុលទ្ធភាពចំពោះទេសចរ ក៏ជាកត្តារួមចំណែកទាក់ទាញភ្ញៀវទេសចរផងដែរ។ ជាមួយគ្នានោះ អង្គការអ័្សកសិន អេឌ្យូខេសិន បានផ្តល់កង់ចំនួន ១០ ដល់សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិភ្នំដា ដើម្បីភ្ញៀវទេសចរជិះកម្សាន្ត។ ឆ្លៀតក្នុងឱកាសនោះអង្គការក៏បានផ្តល់កង់ និងសម្ភារៈសិក្សាមួយចំនួនដល់កុមារក្រីក្រផងដែរ។
សូមជម្រាបថាព្រឹត្តិការណ៍ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដារៀបចំឡើងដោយសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិភ្នំដា សហការជាមួយក្លឹបជិះកង់អូដាកកម្ពុជា និងអង្គការ អ័្សកសិន អេឌ្យូខេសិន (Action Education) ដោយមានការគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
ការធ្វើដំណើរនេះចាប់ផ្តើមពីវិមានឯករាជ្យភ្នំពេញ ទៅសាលាស្រុកព្រៃកប្បាស (ខេត្តតាកែវ) ដើម្បីសម្រាក និងទទួលទានអាហារសម្រន់ ទើបបន្តដំណើរទៅតំបន់ទេសចរណ៍ប្រវត្តិសាស្ដ្រ ប្រាសាទភ្នំដា ដែលស្ថិតនៅស្រុកអង្គរបុរី ។ ក្នុងនោះ មនុស្ស៨០០នាក់ បានចូលរួមក្នុងចម្ងាយផ្លូវសរុបប្រមាណ ១៧៩គីឡូម៉ែត្រ។
ដោយ៖ តុប វណ្ណារ៉ា