23/06/2026
កាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានស្តង់ដារកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមការងារ និងសិក្ខាសាលាស្ដីពីផែនការអនុវត្តផែនទីបង្ហាញផ្លូវ STRACAP ២០២៦-២០៣២ នៅសណ្ឋាគារ Caravan រាជធានីភ្នំពេញ។ កម្មវិធីនេះមានការចូលរួមពីសមាជិកក្រុមការងារមកពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍រួមមាន RT4D, CAPRED និង UNIDO ។
គោលបំណងសំខាន់ៗនៃអង្គប្រជុំ និងសិក្ខាសាលានេះរួមមាន៖✅ តម្រង់ទិសសមាជិកក្រុមការងារ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងលក្ខខណ្ឌការងារ (TOR) ព្រមទាំងកំណត់ច្បាស់លាស់នូវអាណត្តិ តួនាទី និងការទទួលខុសត្រូវរបស់សមាជិកក្នុងការអនុវត្តផែនទីបង្ហាញផ្លូវ
✅ រៀបចំផែនការសកម្មភាពអាទិភាព (Quick Wins) និងលទ្ធផលនៃផែនទីបង្ហាញផ្លូវទៅជាសកម្មភាពជាក់ស្តែងសម្រាប់រយៈពេល ១២ ខែដំបូង (២០២៦-២០២៧) ដោយកំណត់ពេលវេលា និងតម្រូវការធនធាន ដើម្បីគាំទ្រដល់កាតព្វកិច្ច RCEP
✅ បង្កើតយន្តការសម្របសម្រួល និងពិភាក្សាលើការរៀបចំយន្តការសហប្រតិបត្តិការ ក៏ដូចជាការកៀរគរធនធានជាមួយដៃគូអភិវឌ្ឍន៍ ។
19/06/2026
កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានស្តង់ដារកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី ការដាក់ស្លាកសញ្ញាកម្រិតជាតិស្ករលើភេសជ្ជៈមានជាតិស្ករជាមួយវិស័យឯកជនពាក់ព័ន្ធ។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា ក្នុងគោលបំណងពិនិត្យពិភាក្សាផ្ដល់យោបល់ និងប្រមូលព័ត៌មានបន្ថែមលើការដាក់ស្លាកសញ្ញាកម្រិតជាតិស្ករលើសំបកវេចខ្ចប់ភេសជ្ជៈ ដើម្បីដាក់ជូនក្រុមប្រឹក្សាស្តង់ដារជាតិកំណត់ជាបទប្បញ្ញតិ្តបច្ចេកទេស ដែលភេសជ្ជៈទាំងនោះមានដូចជា៖
១. ភេសជ្ជៈផ្អែមមាន និងគ្មានជាតិហ្គាស (Carbonated or non-carbonated waters, containing added sugar or other sweetening flavored)
២. ភេសជ្ជៈទឹកបន្លែ និងទឹកផ្លែឈើ (Fruit/vegetable juice and drinks)
៣. ភេសជ្ជៈមានជាតិស្ករក្នុងទម្រង់ជាវត្ថុរាវ និងម្សៅ (Liquid and powder concentrates)
៤. ភេសជ្ជៈប៉ូវកំលាំង (Energy drink whether or not aerated)
៥. ភេសជ្ជៈកាហ្វេ និងតែមានជាតិស្ករ (Ready-to-drink tea and coffee)
៦. ទឹកដោះគោមានជាតិស្ករ និងរសជាតិ (Flavored milk drinks )។
សម្រាប់ព័ត៌មានបន្ថែម https://isc.gov.kh/km/articles/165
11/06/2026
សេចក្តីជូនដំណឹងស្តីពីរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម នៃបណ្តាប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក សម្រាប់ខែឧសភា ឆ្នាំ២០២៦ មានចំនួន ៣៩៤សេចក្ដីជូនដំណឹង ពីបណ្ដាប្រទេសចំនួន ៣៥។
សម្រាប់ព័ត៌មានលម្អិត នៃរបាំងបច្ចេកទេសទាំងនេះ សូមស្វែងរកតាមរយៈគេហទំព័រ www.epingalert.org
05/06/2026
វិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) បានរៀបចំកិច្ចប្រជុំគណៈកម្មការបច្ចេកទេសទី១០ (គ.ប.១០) ផ្នែកផលិតផលពីឈើ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងពិភាក្សាលើស្តង់ដារអន្តរជាតិ ISO ចំនួន ៥ស្តង់ដារ។ ជាលទ្ធផលអង្គប្រជុំបានឯកភាពទទួលយកស្តង់ដារទាំងអស់ដើម្បីដាក់ជូនក្រុមប្រឹក្សាស្តង់ដារជាតិអនុម័តជាស្តង់ដារកម្ពុជា។
ការអនុម័តស្តង់ដារទាំងនេះនឹងររួមចំណែកលើកកម្ពស់ផលិតផលឈើ សម្ភារសំណង់ឈើ និងការធ្វើតេស្ត ប្រកបដោយចីរភាពនៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម https://isc.gov.kh/km/articles/160