30/03/2026
អ្នកមួយចំនួន គ្មានលទ្ធភាពបានរៀនសូត្រគ្រប់គ្រាន់ ដោយសារតែជីវភាព កង្វះខាតក្នុងគ្រួសារ ត្រូវបង្ខំចិត្ត ចេញទៅធ្វើការ លក់ដូរ តាំងពីក្មេង
អ្នកមួយចំនួនទៀត ដើរផ្លូវខុស ប្រព្រឹត្តអំពើលួច ឆក់ ប្លន់ គ្រឿងញៀន ក្រុមក្មេងទំនើង បង្កអសន្ដិសុខសង្គម ប៉ះពាល់ដល់អ្នកដទៃ ដោយសារការសេពគប់ខុស និងមិនទទួលបានការអប់រំ ឬ ការប្រៀនប្រដៅពីគ្រួសារ
កូនអ្នកមានខ្លះ មានលទ្ធភាពរៀនសូត្របានខ្ពង់ខ្ពស់ ជ្រៅជ្រះ ក៏ចេញទៅរៀននៅក្រៅប្រទេស ខ្លះរស់នៅទីនោះតែម្ដង ខ្លះត្រឡប់មកស្រុកខ្មែរវិញ
កូនអ្នកមានខ្លះ អ្នកមានបែបទំនើង មានសម្ភារៈនិយម អាងទ្រព្យសម្បត្តិ អាងឋានៈបុណ្យសក្ដិ បំពានគេ ប្រមាថអាយុជីវិតគេ បង្កភាពអនាធិបតេយ្យ អយុត្តិធម៌ និងអសីលធម៌ក្នុងសង្គម ( មាន តែមារយាទអន់)
តើបញ្ហាទាំងអស់នេះ មកពីកត្តាអ្វីឲ្យប្រាកដ?
តើអាចដោះស្រាយវាបានតាមវិធីណា?
តើអ្នកណាខ្លះ ដែលត្រូវមានទំនួលខុសត្រូវលើរឿងនេះ?
ប្រាកដណាស់ ទិដ្ឋភាពទាំងអស់នេះ មិនមែនមានតែស្រុកខ្មែរយើងនោះទេ តែអ្វីដែលសំខាន់នោះ ស្រុកយើងសម្បូរបញ្ហានឹងជាងគេ ហើយកើតឡើងដដែលៗ ជាច្រើនលើក ជាច្រើនសារ ដោយគ្មានវិធានការណាមួយច្បាស់លាស់ ដែលជាភស្ដុតាង បញ្ជាក់ថា រឿងទាំងអស់នេះ យើងពិតជាអាចដោះស្រាយបាន និងបង្ក្រាបបានមែន ។
ពីព្រោះថា:
- បញ្ហាគ្រឿងញៀន បង្ក្រាបយូរហើយ នៅតែមានគ្រឿងញៀន
- បញ្ហាក្មេងទំនើង ចាត់វិធានការយូរហើយ តែនៅតែមានក្មេងទំនើង
- បញ្ហា គ្រោះថ្នាក់ចរាចរណ៍ដោយអយុត្តិធម៌ នៅតែបន្តកើតមានពីមួយថ្ងៃទៅមួយថ្ងៃ
បញ្ហាទាំងអស់នេះ សុទ្ធតែប៉ះពាល់ទៅដល់ធនធានមនុស្ស ហើយប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍសំខាន់ណាស់ធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ បើសិនជាធនធានមនុស្សត្រូវបានបាត់បង់ ត្រូវបានខូចជាបន្តបន្ទាប់ តើពេលណាទើបប្រទេសយើងអាចរីកលូតលាស់ល្អបានដូចគេ ឬត្រូវពឹងផ្អែកលើគេគ្រប់បែបយ៉ាង?
#
26/08/2025
21/08/2025