07/06/2013
ឯកឧត្តម ជា ចាន់តូ ចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ
នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
នៅព្រឹកថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៣ ឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារចុះជួយខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនដល់ប្រជាពលរដ្ឋចំនួន ២៤០ គ្រួសារ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៣ នេះ នៅទូទាំងខេត្តកំពង់ធំ ក្រុមការងារបានផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានចំនួន ៣.៦៦០ គ្រួសារ ដែលមាន ៥.៨៤១ ក្បាលដី ស្មើនឹងទំហំផ្ទៃដីជាង ១២.៤៤៥ ហិកតា ។ ដោយឡែកថ្ងៃនេះ ប្រជាពលរដ្ឋដែលនឹងទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ពីរាជរដ្ឋាភិបាលមានចំនួន ២៤០ គ្រួសារ ត្រូវនឹង ៧៦៨ក្បាលដី ស្មើនឹងទំហំជាង ១.៨៥២ ហិកតា ។
ឯកឧត្តម ជា ចាន់តូ បានបញ្ជាក់ថា ការដែលរាជរដ្ឋាភិបាលផ្តល់ប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាក់ស្តែងនៅស្រុកប្រាសាទសំបូរពេលនេះ រៀបដូចជា សម្តេចតេជោ ហ៊ុន សែន បានប្រគល់ទ្រព្យសម្បត្តិ ធនធាន មាសប្រាក់ និងលុយកាក់ ជូនបងប្អូនដូច្នេះដែរ ព្រោះវាបានបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់លើដីធ្លី មិនថាសំរាប់បច្ចុប្បន្ននេះទេ គឺមានតម្លៃរហូតដល់កូនចៅគ្រប់ជំនាន់ ។ ឆ្លៀងក្នុងឱកាសនោះដែរ ឯកឧត្តម ជា ចាន់តូ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមទៅបោះឆ្នោតនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណត្តិទី៥ ជាបន្តទៀត ។
បន្ទាប់មក ឯកឧត្តម ជា ចាន់តូ បាននាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ពលរដ្ឋទាំង ២៤០ គ្រួសារ ដែលទទួលបាននូវប័ណ្ណកម្មសិទ្ធិថ្ងៃនេះ ដោយក្នុង ១គ្រួសារ ទទួលបានឃីត ១កញ្ចប់ ថវិកា ២ម៉ឺនរៀល ឧបត្ថម្ភក្រុមយុវជនស្ម័គ្រចិត្ត ក្រុមបច្ចេកទេស ក្នុង ១ក្រុម ១លានរៀល ឧបត្ថម្ភដល់យុវជននិងមន្ត្រីបច្ចេកទេស ២៥នាក់ ម្នាក់ៗ ១០ម៉ឺនរៀល ជូនដល់យុវនារីចំនួន ៣នាក់ ម្នាក់ៗ ១៥ម៉ឺនរៀល ជូនដល់សាលាស្រុកប្រាសាទសំបូរ ១លាន រៀល និងចែកជូនដល់ប្រជាពលរដ្ឋចូលរួមចំនួន ១០០នាក់ ម្នាក់ៗសារុង១ ថវិកា ១ម៉ឺនរៀល ជូនក្រុមប្រឹក្សាឃុំ ៣២នាក់ ម្នាក់ៗ សារុង១ ថវិកា ១ម៉ឺនរៀល និងឧបត្ថម្ភដល់ការជួសជុលដំបូលសាលាបឋមសិក្សាភូមិថ្មីស្រើង ចំនួន ៦០ម៉ឺនរៀល ។