28/08/2021
ជាទូទៅ មនុស្សរស់នៅស្វែងរកសេចក្តីសុខឬជីវិតប្រសើរតាមរយៈការធៀបខ្លួននឹងមនុស្សជុំវិញខ្លួនគឺ រៀនអោយពូកែជាងគេ មានការងារល្អជាងគេ មានទ្រព្យច្រើនជាងគេ ទាមទារសមត្ថភាពខ្ពស់ជាងគេ។ ប៉ុន្តែពួកគេមិនដឹងថាជីវិតរស់បែបនេះប្រៀបដូចជាកាំរទេះអញ្ចឹង ការបានឈរនៅមុខគេដូចក្តីរំពឹងទុកនោះមិនមានឡើយ។ វាតែងតែនៅកណ្តាលគេជានិច្ចទោះប្រឹងយ៉ាងណាក៏ដោយ យើងគប្បីដឹងថាការយល់ឃើញឬការនឹកគិតទាំងឡាយរបស់ចិត្តមិនពិតឬគ្មានវត្តមានជាបច្ចុប្បន្នឡើយ ហើយព្រមរស់ជាមួយការពិតដែលកំពុងប្រាកដក្នុងខៈណៈនេះដែលមានយើងជាសាក្សីចំពោះដំណើរទាំងឡាយដោយមើលឃើញថា ការវិភាគរបស់ខួរក្បាលឬចិត្តមិនពិត(គឺលើសពីភាពសាមញ្ញដែលបានឃើញឬដឹង)ហើយជាកម្មបទនៃការដឹងរបស់យើង។ បើមិនដូច្នេះវានឹងបង្ករភាពភ័យខ្លាចនិងក្តីបារម្ភដល់ខ្លួនឯងយ៉ាងច្រើនដោយអត់បានដឹងពីហេតុពិត។