02/06/2025
សង្គមសម័យថ្មីពោរពេញទៅដោយ “ការប្រកួតប្រជែងគ្រប់បែបយ៉ាង” បើមិនព្យាយាមជាបន្តបន្ទាប់សមត្ថភាពដែលយើងមានអាចហួសសម័យបានគ្រប់ពេល។
វាជាគំនិតរបស់អ្នកនិពន្ធដែលដូចគ្នានឹងគំនិតរបស់ផេក Brain Update យើងតែម្ដង។ ដែលដំបូងឡើយមុននឹងខ្ញុំសម្រេចចិត្តថាបង្កើតផេកនេះឡើងមកគឺមានគោលបំណងធំមួយគឺចង់ដាស់ស្មារតីឲ្យយើងគ្រប់គ្នាកុំភ្លេចខ្លួននៅក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ។ ព្រោះខ្ញុំបានសង្កេតឃើញរឿងមួយដែលជាប់ទាក់ទងនឹងកម្មវិធីទូរស័ព្ទជាច្រើនមិនថាជាកម្មវិធីហ្គេម កម្មវិធីអ្វីៗផ្សេងៗនោះទេ គឺខ្ញុំបានមើលឃើញថាពួកគេតែងតែមានការអភិវឌ្ឍសមត្ថភាព ឬក៏ចរនាបទរូបរាងរបស់កម្មវិធីគេជាប្រចាំតែម្ដង ដែលធ្វើឲ្យអ្នកប្រើប្រាស់របស់គេមិនងាយធុញទ្រាន់ក្នុងការចូលទៅប្រើប្រាស់ឡើងវិញ ដោយសារតែវាមានអ្វីដែលថ្មីរហូត។ តែក៏នៅមានកម្មវិធីមួយចំនួនផងដែរ ដែលមិនបានចាត់ចែងធ្វើការអភិវឌ្ឍកម្មវិធីរបស់ខ្លួនឯងជាប្រចាំ ឬក៏មានមួយចំនួនទៀតគឺអត់ដែលអភិវឌ្ឍសោះតែម្ដង។ ហេតុនេះលទ្ធផលគឺមិនអាចទៅប្រកួតប្រជែងជាមួយគេបានទៀតនោះទេ ព្រោះវាហួសសម័យនឹងឯង។
ត្រលប់មកវិញ នេះហើយជាអ្វីដែលខ្ញុំចង់ឲ្យយើងគ្រប់គ្នាបានយល់ដឹងពីបញ្ហារនេះផងដែរ ថាខួរក្បាលរបស់មនុស្សយើងក៏គ្មានខុសគ្នាពីកម្មវិធីទាំងនោះដែរ បើសិនណាជាយើងតែងតែអភិវឌ្ឍខួរក្បាលខ្លួនឯងជាប្រចាំ និងជាប់លាប់រហូតដល់ថ្ងៃស្លាប់ក៏អ្នកមិនបាច់ទៅភ័យព្រួយរឿងខ្លាចការប្រកួតប្រជែងនឹងសង្គមខាងក្រៅដែលផ្លាស់ប្ដូរលឿនរហ័សឥតឈប់ឈរនោះដែរ។ តែបើសិនណាជាអ្នកមិនព្រមព្យាយាមធ្វើការអភិវឌ្ឍខួរក្បាលរបស់ខ្លួនជាប្រចាំ និងជាប់លាប់ទេនោះប្រាកដណាស់ថាសមត្ថភាពរបស់អ្នកទៅថ្ងៃមុខគឺច្បាស់ជាហួសឌឺឡេជាមិនខាន មិនខ្វល់ថាសមត្ថភាពរបស់អ្នកនៅពេលនេះវាខ្លាំងដល់កម្រិតកំពូលណានោះទេ! គ្រាន់តែចាំថាសង្គមឥឡូវនេះគឺវាជាសម័យ AI ដូច្នេះវាគឺផ្លាស់ប្ដូរលឿនរហ័សមែនទែន។
ដូច្នេះជាចុងក្រោយគឺ «សូមព្យាយាមធ្វើការអភិវឌ្ឍសមត្ថភាពខួរក្បាលរបស់អ្នកជាប្រចាំ និងជាប់លាប់ជានិច្ច»។🧠💪