21/10/2021
ទម្លាប់ល្អទាំង៦ប្រចាំយ៉ាង ជួយឱ្យជីវិតអ្នកប្រសើរជាងមុន ៖
1- ឆាប់ភ្ញាក់ពីព្រលឹម
គួរព្យាយាមចូលគេងម៉ោង១០ ឬយ៉ាងយូរម៉ោង១១យប់ ដើម្បីអាចគេងបានគ្រប់គ្រាន់ ៧-៨ម៉ោងហើយអាចភ្ញាក់ពីព្រលឹមម៉ោង ៦ព្រឹក ឬមុននេះ។ គេងគ្រប់គ្រាន់ធ្វើឱ្យអ្នកមានអារម្មណ៍ល្អ មិនរវើយរវាយ ធីងធូង និងជួយត្រៀមរាងកាយសំរាប់ការចាប់ផ្តើមថ្ងៃថ្មីដោយភាពជឿជាក់។ ភ្ញាក់ពីព្រលឹមធ្វើឱ្យអ្នកមានមានពេលគ្រប់គ្រាន់ ក្នុងការហាត់ប្រាណ អានសៀវភៅ ឬធ្វើសមាធិ រៀបផែនការប្រចាំថ្ងៃ ញ៉ាំអាហារពេលព្រឹក និង ធ្វើដំណើរទៅធ្វើការ ឬសាលាបានទាន់ពេល។
2- មានវិន័យក្នុងការគ្រប់គ្រងលុយកាក់
ត្រូវចេះរៀបចំផែនការចំណូលចំណាយផ្ទាល់ខ្លួន ចេះដកមួយចំណែកសន្សំមុនចាយ ចាយត្រូវខ្ទង់ចំណាយ ចាយសំរាប់តម្រូវការចាំបាច់ មិនមែនតាមចំណង់ចង់បាន។ ចេះយកប្រាក់សន្សំបានទៅប្រើប្រាស់បន្ត ដើម្បីបង្កើនប្រភពចំណូល បង្កើនទ្រព្យ មិនមែនបង្កើនបំណុល នឹងជួយអ្នកឱ្យឆាប់ទទួលបានសេរីភាពហិរញ្ញវត្ថុ។
3- ខំប្រឹង យកចិត្តទុកដាក់
មិនថាពេលរៀន ធ្វើការ ឬធ្វើអាជីវកម្ម អ្នកត្រូវខំប្រឹង យកចិត្តទុកដាក់ឱ្យអស់ពីសមត្ថភាពទៅលើអ្វីដែលអ្នកកំពុងធ្វើ ស្តាប់ការណែនាំ ផ្តោតលើដំណោះស្រាយ ចេះរកជំនួយពេលចាំបាច់ នោះនឹងជួយអ្នកឱ្យទទួលបានលទ្ធផលគាប់ប្រសើរ។
4- បន្តអភិវឌ្ឍសមត្ថភាពខ្លួន
ការរៀនសូត្រគ្មានដែនកំនត់ទេ ហើយក៏គ្មានអ្នកណាម្នាក់កើតមកចេះអ្វីៗទាំងអស់នោះដែរ ដូច្នេះអ្នកត្រូវបន្ត រៀនចំណេះ ជំនាញថ្មី បន្តអភិវឌ្ឍសមត្ថភាពដែលខ្លួនមាន ធ្វើឱ្យផលិតភាពខ្លួនកើនឡើងស្របតាមគោលដៅដែលបានកំណត់ នឹងជួយធ្វើអោយជីវិត រីកចំរើន អាជីពថ្កុំថ្កើន លុយកាក់ចូលច្រើន។
5- ធ្វើបុណ្យដោយចិត្តជ្រះថ្លា
ក្នុងជីវិត អ្នកត្រូវចិត្តចេះស្រលាញ់ប្រទេសជាតិ សង្គម និងសហគមន៍ដែលខ្លួនរស់នៅ ដូច្នេះអ្នកត្រូវធ្វើបុណ្យដោយចិត្តជ្រះថ្លា អោយទានទៅអ្នកអត់ ទីទាល់ក្រ ពិការមិនអាចជួយខ្លួនឯងបាន នឹងបានបុណ្យច្រើន។ ទម្លាប់ជួយមនុស្សដែល កំពុងត្រូវការជំនួយ កំពុងអត់ ឃ្លាន កំពុងខ្វះខាត កំពុងគ្រោះថ្នាក់ នឹងជួយយើងអោយស្គាល់អត្តន័យពិតនៃការធ្វើបុណ្យ។ ការធ្វើបុណ្យមិនចាំបាច់ទាល់បរិចាគជាលុយកាក់ទេ អ្នកក៏អាចចូលរួមការងារស្ម័គ្រចិត្តណាដែលជួយជាប្រយោជន៍ដល់សង្គម។
6- ថែរក្សាសុខភាព
អ្នកត្រូវញុំាចំណីអាហារស្អាតមានជីវជាតិ ហាត់ប្រាណទៀងទាត់ ធ្វើចិត្តអោយរីករាយ ស្រស់ថ្លា កាត់បន្ថយស្ត្រេស នឹងជួយឱ្យអ្នកមានសុខភាពល្អ អាយុវែងព្រមទាំងអាចសម្រេចគោលដៅជីវិតរបស់អ្នក។
រូបភាព ៖ Pinterest