25/06/2026
អំពីលិខិតបទដ្ឋានគតិយុត្តថ្នាក់ក្រោមជាតិ “ដីកា សេចក្តីសម្រេច និងសេចក្ដីណែនាំ”
1/ ដីកា៖ គឺជាវិធានខាងផ្លូវច្បាប់ មានលក្ខណៈជាបទបញ្ជាទូទៅ ឬលក្ខណៈជាឯកត្តភូត ដែលអនុម័តដោយក្រុមប្រឹក្សាសម្រាប់អនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
2/ សេចក្ដីសម្រេច៖ គឺជាលិខិតបទដ្ឋានគតិយុត្ត ដែលមានទម្រង់ និងខ្លឹមសារជាចំណាត់ការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីប្រើប្រាស់សម្រាប់អនុវត្តខ្លឹមសាររបស់ដីកា ឬសម្រាប់អនុវត្តកិច្ចការណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
3/ សេចក្ដីណែនាំ៖ គឺជាលិខិតបទដ្ឋានគតិយុត្តមួយប្រភេទដែលរៀបចំឡើងដើម្បីណែនាំ ឬកំណត់អំពីបែបបទនិងនីតិវិធីអនុវត្តនានាសម្រាប់បម្រើប្រយោជន៍សាធារណៈ៕
24/06/2026
ប្រភពអត្ថបទ:ក្រសួងមុខងារសាធារណៈ
អត្ថប្រយោជន៍ធំៗ ៣យ៉ាង ពី «ព្រះរាជក្រឹត្យថ្មីស្តីពីលក្ខន្តិកៈគ្រូបង្រៀន»
ព្រះរាជក្រឹត្យស្តីពី «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈគ្រូបង្រៀន» ត្រូវបានរៀបចំឡើងក្នុងគោលដៅច្បាស់លាស់ក្នុងការលើកស្ទួយវិស័យអប់រំ និងផ្តល់តម្លៃខ្ពស់ដល់គ្រូបង្រៀននៅកម្ពុជា ដែលផ្តល់អត្ថប្រយោជន៍ធំៗចំនួន ៣ កម្រិត រួមមាន៖
១. សម្រាប់ប្រទេសជាតិទាំងមូល (កម្រិតជាតិ)
រដ្ឋាភិបាលផ្តល់តម្លៃយ៉ាងខ្ពស់ដល់លោកគ្រូ អ្នកគ្រូ តាំងពីកម្រិតមត្តេយ្យដល់សាកលវិទ្យាល័យ ព្រោះពួកគាត់ជាអ្នកជួយសិស្សានុសិស្សផ្ទាល់។ ការយកចិត្តទុកដាក់លើគ្រូបង្រៀននៅពេលនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សដ៏រឹងមាំសម្រាប់អនាគតប្រទេសជាតិ។
២. សម្រាប់ប្រព័ន្ធគ្រប់គ្រងការងារ (កម្រិតស្ថាប័ន)
ព្រះរាជក្រឹត្យនេះជួយសម្រួលនីតិវិធីរដ្ឋបាលឱ្យកាន់តែលឿន និងមានតម្លាភាពជាងមុន ហើយច្បាស់លាស់ ងាយស្រួល និងរហ័ស ព្រមទាំង គ្របដណ្ដប់គ្រប់ដំណាក់កាល។ ចាប់តាំងពីការប្រឡងចូលរៀនធ្វើគ្រូ ការរៀបចំប្រាក់ខែ ការដំឡើងថ្នាក់ ការតែងតាំងការបណ្តុះបណ្តាលបន្ថែម ការអភិវឌ្ឍអាជីព រហូតដល់ពេលដែលលោកគ្រូ អ្នកគ្រូចូលនិវត្តន៍ គឺត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ និងមានប្រព័ន្ធច្បាស់លាស់។
៣. សម្រាប់លោកគ្រូ អ្នកគ្រូផ្ទាល់ (កម្រិតបុគ្គល)
ព្រះរាជក្រឹត្យថ្មីនេះ នឹងផ្តល់ផលប្រយោជន៍ និងការលើកទឹកចិត្តជាក់ស្តែងដល់លោកគ្រូ អ្នកគ្រូដែលកំពុងបង្រៀនសព្វថ្ងៃ ក៏ដូចជាអ្នកដែលទើបតែប្រឡងជាប់ថ្មីៗ ហើយបើកឱកាសទូលាយសម្រាប់យុវជន។ មិនថាប្អូនៗយុវជនដែលទើបចប់បាក់ឌុប ឬចប់បរិញ្ញាបត្រនោះទេ សុទ្ធតែមានឱកាសប្រឡងចូលរៀនធ្វើជាគ្រូបង្រៀន ក្រោមប្រព័ន្ធបណ្តុះបណ្តាលស្តង់ដារតែមួយ និងស្មើភាពគ្នា។
សរុបមក ចេតនាល្អរបស់រាជរដ្ឋាភិបាលតាមរយៈព្រះរាជក្រឹត្យនេះ គឺចង់ឱ្យអាជីពជាគ្រូបង្រៀនកាន់តែមានតម្លៃ មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ឆាប់រហ័ស និងបើកឱកាសឱ្យយុវជនជំនាន់ក្រោយអាចចូលរួមអភិវឌ្ឍវិស័យអប់រំជាតិបានកាន់តែប្រសើរ។@