ព្រះធម៌ ជាទីពឹង

ព្រះធម៌ ជាទីពឹង Redo Reshare

Celebrating my 4th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
28/01/2025

Celebrating my 4th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

ដេីមឈេីផ្តល់ម្លប់និងក្តីសង្ឃឹមខ្ញុំបានតាមដានស្តាប់ថេរដីការបស់ព្រះអង្គតាមបណ្តាញសង្គមមានហ្វេសប៊ុកនិងយូធូបទេីបតែប៉ុន្មានឆ្ន...
24/03/2023

ដេីមឈេីផ្តល់ម្លប់និងក្តីសង្ឃឹម

ខ្ញុំបានតាមដានស្តាប់ថេរដីការបស់ព្រះអង្គតាមបណ្តាញសង្គមមានហ្វេសប៊ុកនិងយូធូបទេីបតែប៉ុន្មានឆ្នាំនេះទេ​ តែកត់សម្គាល់ឃេីញថាព្រះអង្គជាព្រះសង្ឃខ្មែរមួយអង្គដែលមានពុទ្ធិជ្រៅជ្រះអំពីសាសនា​ និងវប្បធម៌ជាតិ​ មិនតែប៉ុណ្ណោះវាចារបស់ព្រះអង្គពីរោះ​ ស្មេី​ ចរិយាទៀតសោតមេីលទៅគឺជាអ្នកប្រតិបត្តិតាមធម៌វិន័យ។

បេីតាមពាក្យខ្មែរគេហៅថាជាមនុស្សយោងស្រុក​ គឺមិនត្រឹមតែប្រតិបត្តិល្អ​ រៀនសូត្រចេះដឹងតែខ្លួនឯងទេនៅថែមទាំងអាចជួយយឹតយោងស្រុកគឺប្រទេសជាតិបានទៀត។

សព្វថ្ងៃខ្មែរយេីងមិនសម្បូរដេីមឈេីល្អបែបនេះទេ​ ដេីមឈេីដែលផ្តល់ម្លប់សម្រាប់មនុស្សទាំងពួង​ ផ្តល់ម្លប់ដល់ជាតិដោយមិនផ្អៀងរេទៅខាងណាមួយ នេះជាចំណុចផ្សះផ្សារ​ បេីសង្គមមានមនុស្សដែលចិត្តគំនិតមិនសាមគ្គីមិនរួបរួមគ្នាជាធ្លុងមួយ​ នោះចំណុចផ្សះផ្សារកាន់តែមានតម្លៃ។ ដេីមឈេីធំផ្តល់ម្លប់ធំគឺដូចជាផ្តល់ក្តីសង្ឃឹមធំសម្រាប់ជាតិ​។

ចាក: ព្រះបិតុលា លីវបុី

សម្ដេចព្រះមហាឃោសានន្ទ វ៉ា យ៉ាវ កាលសិក្សានៅប្រទេសឥណ្ឌា៖ សើរើឡើងវិញរឿងរ៉ាវខ្លះ_____________________________________ព្រះមហា...
24/03/2023

សម្ដេចព្រះមហាឃោសានន្ទ វ៉ា យ៉ាវ កាលសិក្សានៅប្រទេសឥណ្ឌា៖ សើរើឡើងវិញរឿងរ៉ាវខ្លះ
_____________________________________
ព្រះមហា វ៉ា យ៉ាវ ទី២ពីខាងស្ដាំ ។ រូបភាព៖ ទស្សនាវដ្ដីមិត្តសាលាបាលី

ស្ទើរតែមិនបាច់ធ្វើការណែនាំ ក៏ព្រះតេជព្រះគុណ និងលោកអ្នកភាគច្រើនបានស្គាល់ច្រើនឬតិចអំពីសម្ដេចព្រះមហាឃោសានន្ទ (១៩២៥-២០០៧) ជាវីរសង្ឃខ្មែរល្បីល្បាញពេញពិភពលោក ដោយគេបានទទួលស្គាល់ថាព្រះអង្គគឺជា «មហាព្រះគ្រូ» ជាព្រះរស់ ឬជាព្រះពោធិសត្វ ក្នុងព្រះពុទ្ធសាសនាមួយព្រះអង្គ ក្នុងចំណោមមហាព្រះគ្រូទាំង ៤ អង្គ (១) ដែលបានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ក្នុងការធ្វើចលនាដើម្បីបុព្វហេតុជាតិ និងសន្ដិភាពពិភពលោក ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ។ នៅស្រុកខ្មែរវិញ យើងស្គាល់ព្រះអង្គថាជា «ព្រះសង្ឃសន្តិភាព», «គន្ធីរបស់កម្ពុជា» និងជា «ព្រះពុទ្ធក្នុងសមរភូមិ» តាមរយៈធម្មយាត្រាបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិខ្មែរ ។

ជីវប្រវត្តិរបស់ព្រះអង្គត្រូវបានអ្នកពន្ធចងក្រងទុក រួមទាំងទ្រឹស្តីនិងសកម្មភាពរបស់ព្រះអង្គផងពិស្ដារល្មមដែរហើយ ដូចមាននៅក្នុងសៀភៅ «សម្ដេចព្រះមហាឃោសានន្ទ: ព្រះពុទ្ធក្នុងសមរភូមិ» ដោយព្រះសង្ឃជនជាតិអាម៉េរិក ភិក្ខុ សន្ដិធម្មោ (២០០៧) សៀវភៅ «សម្ដេចព្រះមហាឃោសានន្ទ និង សន្តិភាព» ដោយព្រះធម្មចរិយាវង្សា វជិរប្បញ្ញោ ញ៉ែម គឹមតេង (២០១០) សៀវភៅ «មហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរ» ដោយ ស៊ិន សុវណ្ណនិ (២០១២) និងសៀវភៅជាភាសាអង់គ្លេសមួយចំនួនទៀត ។ សម្ដេចព្រះមហាឃោសានន្ទ ក៏បាននិពន្ធសៀវភៅដ៏ពេញនិយមមួយក្បាលដែរគឺ «មួយជំហានម្ដង៖ ការចំរើនបញ្ញា និង ករុណាធម៌» ជាភាសាអង់គ្លេស បកប្រែនិងរៀបចំបោះពុម្ពដោយ ភិក្ខុ វជិរប្បញ្ញោ ញ៉ែម គឹមតេង (១៩៩៣) ។

ដូច្នេះនៅក្នុងទីនេះ ខ្ញុំសូមលើកយកតែការសិក្សានិងសកម្មភាពរបស់ព្រះអង្គ កាលគង់នៅប្រទេសឥណ្ឌាអស់រយៈពេលជិតមួយទសវត្សរ៍កន្លះ និងសិក្សាឡើងវិញនូវកាលបរិច្ឆេទមួយចំនួន ដែលហាក់មិនទាន់ស៊ីសង្វាក់គ្នាខ្លះ ដែលគួរសើរើរឿងរ៉ាវខ្លះឡើងវិញ ដោយយោងតាមប្រភពឯកសារទស្សនាវដ្ដីពុទ្ធសាសនាសំខាន់ពីរគឺ ទស្សនាវដ្ដីកម្ពុជសុរិយា និងទស្សនាវដ្ដីមិត្តសាលាបាលី ដែលក្រោយមកប្តូរឈ្មោះជា ទស្សនាវដ្ដីមិត្តពុទ្ធិកវិទ្យាល័យវិញ ។

ជីវប្រវត្តិសង្ខេប

សម្តេចព្រះមហាឃោសានន្ទ នាមដើម វ៉ា យ៉ាវ ប្រសូតនៅថ្ងៃទី ២៣ ឧសភា ១៩២៥ (តាមប្រភពខ្លះ ១៩១៣) ក្នុងត្រកូលកសិករមួយ នៅឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ ។ ព្រះអង្គមានបិតាឈ្មោះ ចាយ (អនិច្ចកម្មតាំងពីលោកនៅកុមារ) មាតាឈ្មោះ វ៉ា ស៊ាង ហើយព្រះអង្គជាបុត្រទោលតែម្នាក់គត់ក្នុងគ្រួសារ ។

ដោយមាននិស្ស័យក្នុងព្រះពុទ្ធសាសនាតាំងពីតូច ក្នុងអាយុ ៨ ឆ្នាំ កុមារា វ៉ា យ៉ាវ ត្រូវបានមាតាបិតាយកទៅផ្ញើនឹងព្រះសង្ឃវត្តបារាយណ៍ ដើម្បីបានសិក្សារៀនសូត្រអក្សរសាស្រ្តលេខនព្វន្ត ក្នុងសម្នាក់ព្រះសង្ឃ ក្នុងខេត្តកំណើតនេះ ។ លុះអាយុបាន ១៤ ឆ្នាំ ក៏បានបួសជាសាមណេរនៅក្នុងវត្តដដែល ហើយក៏បានចូលរៀនសាលបាលី នៅក្នុងវត្តអង្គមេត្រី ខេត្តតាកែវ ។ បន្ទាប់ពីប្រឡងជាប់ថ្នាក់បាលីរងហើយ ក្នុងឆ្នាំ ១៩៣០ សាមណេរ វ៉ា យ៉ាវ បាននិមន្តទៅបន្តការសិក្សានៅវត្តកែវព្រះភ្លើង នៅទីក្រុងភ្នំពេញ ដើម្បីបន្តថ្នាក់ពុទ្ធិកវិទ្យាល័យទៀត ។

សាមណេរ វ៉ា យ៉ាវ បានបំពេញឧបសម្បទាជាភិក្ខុភាវៈនៅឆ្នាំ ១៩៤៣ ដែលមានសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ជាព្រះឧបជ្ឈាយ៍ និងមាននាមប្បញ្ញតិ្តថា ឃោសានន្ទ ។ ក្រោយពីបានបំពេញឧបសម្បទាជាភិក្ខុហើយ ភិក្ខុ វ៉ា យ៉ាវ ក៏រឹតតែបន្ថែមការប្រឹងប្រែងសិក្សារៀនសូត្ររហូតបានបញ្ចប់ការសិក្សា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ទីក្រុងភ្នំពេញ ។

រូបភាពទី១៖ មហា មាស ចន មហា អាំ សួន និងមហា វ៉ា យ៉ាវ ថតមុនពេលចេញដំណើរទៅកាន់ប្រទេសឥណ្ឌា ក្នុងឆ្នាំ១៩៥៥ ។ រូបភាពទី២៖ នវនាលន្ទា មហាវិហារ (សាកលវិទ្យាល័យនាលន្ទា) បច្ចុប្បន្ន ។

ការសិក្សានៅមហាវិទ្យាល័យនាលន្ទា ប្រទេសឥណ្ឌា ១៤ ឬ ១៥ឆ្នាំ?
បន្ទាប់មក ព្រះអង្គបានបន្ដការសិក្សាវិជ្ជាជាន់ខ្ពស់ នៅប្រទេសឥណ្ឌា ក្នុងឆ្នាំ ១៩៥៥ ។ ប៉ុន្ដែសៀវភៅខាងលើបានសរសេរថា ព្រះអង្គនិមន្តទៅឥណ្ឌា ក្នុងឆ្នាំ ១៩៥៣ ។ តែតាមពិតគឺនៅក្នុងឆ្នាំ ១៩៥៥ ទេ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្ដីមិត្តសាលាបាលី លេខ ៣.៤ (មើលលេខ ៩-១០ ផង) ឆ្នាំ ១៩៥៥ ។ កាលនោះមានព្រះសង្ឃខ្មែរទាំងអស់ ៣ អង្គគឺ មហា មាស ចន ១ មហា អាំ សួន ១ និងមហា វ៉ា យ៉ាវ ១ ដែលជាក្រុមព្រះសង្ឃខ្មែរទី១ បន្ទាប់ពីភិក្ខុ គួច គីឡេង (១៩៥៤) បាននិមន្តទៅរៀននៅប្រទេសឥណ្ឌាមុនគេ ដែលមុនភិក្ខុ គួច គីឡេងហ្នឹងទៀតគឺភិក្ខុធម្មទូតខ្មែរល្បីល្បាញមួយអង្គគឺ សម្ដេចព្រះធម្មវរៈ មហាថេរ (បែល ឡុង) ក្នុងឆ្នាំ ១៩៤៨ (១៩៥០) ។

ទស្សនាវដ្ដីនេះបានរៀបរាប់យ៉ាងពិស្ដារ អំពីព្រឹត្តិការណ៍ដ៏សំខាន់នេះ ក្នុងប្រវត្តិសាស្ត្រពុទ្ធសាសនាខ្មែរ ក្នុងថ្ងៃចេញដំណើរនៅឯព្រលានយន្តហោះពោធិចិនតុង នៅថ្ងៃសុក្រ ទី៤ កុម្ភៈ ដោយមានពុទ្ធបរិស័ទ និងព្រះសង្ឃយ៉ាងច្រើនបានជូនដំណើរសមណនិស្សិតទាំងបីអង្គនេះ ។ ខាងព្រះសង្ឃមានព្រះធម្មលិខិត ល្វី ឯម ព្រះពោធិវ័ង្ស ហួត តាត ជាដើម ។ រីឯខាងគ្រហស្ថមាន លោក រ៉ាយ ប៉ុក និងឯកឧត្តម សម ញាណ ប្រធានពុទ្ធិកសមាគមជាដើម ។ ក្នុងការជូនដំណើរនេះ ក្រុមពុទ្ធបរិស័ទសឹងតែមានសេចក្តីត្រេកអរគ្រប់គ្នា ដោយយោបល់ថា ប្រទេសកម្ពុជា នឹងមានសមណៈទូត ខាងសាសនាជាប្រាកដតទៅអនាគតជាក់ជាមិនខាន ។

ព្រះអង្គនិងព្រះសង្ឃខ្មែរពីរអង្គទៀតបានចូលរៀននៅមហាវិទ្យាល័យនាលន្ទា ក្រុងរាជគ្រឹះ រដ្ឋពិហារ ដែលទើបតែនឹងបើកដំណើរការថ្មី ក្នុងឆ្នាំ ១៩៥១ ដែលផ្ដួចផ្ដើមគំនិតដោយប្រធានាធិបតីទី១ របស់ឥណ្ឌា ឯកឧត្តម រាជេន្ទ្រ ប្រសាទ ដើម្បីស្នងភាពល្បីល្បាញរបស់នាលន្ទាសម័យបុរាណ ដែលជាមជ្ឈមណ្ឌលសិក្សាពុទ្ធសាសនាដ៏សំខាន់បំផុតមួយ ស្របតាមគោលនយោបាយការបរទេសការទូតវប្បធម៌របស់នាយករដ្ឋមន្ត្រីទី១របស់ឥណ្ឌា លោកបណ្ឌិត ចាវ៉ាហាឡាល់ នេហ៍រូ ក្នុងការយកព្រះពុទ្ធសាសនាធ្វើជាគ្រឿងផ្សារភ្ជាប់ទំនាក់ទំនងអន្តរជាតិ ជាមួយប្រទេសក្នុងតំបន់អាស៊ី និងជាពិេសសតំបន់អាស៊ីអាគ្នេយ៍ ។

ដំបូងឡើយវាជាវិទ្យាស្ថានសិក្សាស្រាវជ្រាវដែលមានព្រះតេជព្រះគុណ ជគទិស កស្សប (Jagdish Kashyap) ជាស្ថាបនិកនិងជាព្រះប្រធានគ្រប់គ្រង និងក្រោយមកក្នុងជំនាន់ព្រះមហាឃោសានន្ទ បានអភិវឌ្ឍទៅជា «វននាលន្ទាមហាវិហារ» រហូតមកដល់បច្ចុប្បន្ន ដែលមានតម្លៃទទួលស្គាល់ស្មើនឹងសាកលវិទ្យាល័យ ។ ជាកូនអ្នកស្រុករដ្ឋពិហារ ភិក្ខុកស្សបបានចូលបួសក្នុងសម្នាក់ព្រះពុទ្ធសាសនា មួយឆ្នាំក្រោយបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតភាសាសំស្ក្រឹត នៅសាកលវិទ្យាល័យហិណ្ឌូពារាណសី ក្នុងឆ្នាំ១៩៣២ និងបានបន្តការសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកល្យាណី ប្រទេសស្រីលង្កាក្នុងឆ្នាំ១៩៣៣ ។

វិទ្យាស្ថាននវនាលន្ទាបានផ្ដោតលើការសិក្សាភាសាបាលី និងពុទ្ធសាសនា និងភាសាហិណ្ឌី ចិន ទីបេត៍ ជាដើម ។ យោងតាមសំណេរប្រវត្តិសង្ខេបនៃនាលន្ទារបស់មហា មាស ចន (១៩៥៦) វគ្គសិក្សាកាលនោះមាន ៤ ឆ្នាំ គឺឆ្នាំទី១ ហៅថា «សាស្ត្រី» សម្រាប់សិស្សចេះភាសាបាលីខ្លះៗ, ឆ្នាំទី២ ហៅថា «អាចារ្យ» សម្រាប់សិស្សចេះភាសាបាលីគ្រាន់បើ, ឆ្នាំទី៣ ហៅថា «បរិញ្ញាត្រី» វិជ្ជាគ្រប់យ៉ាងរៀនជាភាសាអង់គ្លេសទាំងអស់ និងឆ្នាំទី៤ ហៅថា «បរិញ្ញាទោ» បាលីនិងអង់គ្លេសរៀនបញ្ចូលគ្នា ។ បាលីប្រើសម្រាប់ស្រាវជ្រាវច្បាប់ពុទ្ធសាសនាពិតៗ មានព្រះអភិធម្មជាដើម និងក្នុងការសរសេរប្រឡង ។

តាមខ្ញុំយល់ថា មើលទៅលើកម្មវិធីសិក្សាខាងលើ ព្រះសង្ឃខ្មែរយើងប្រាកដជាចេះជាងស្រាប់ផងក៏មិនដឹង ព្រោះលោករៀនឡើងអស់ថ្នាក់ទៅហើយ កាលនៅស្រុកខ្មែរ ។ ទោះយ៉ាងណា វននាលន្ទាត្រូវបានដំឡើងឲ្យមានតម្លៃស្មើនឹងថ្នាក់សាកលវិទ្យាល័យតាមស្តង់ដារសម័យទំនើប នៅក្នុងឆ្នាំ ២០០៦ ។

ដូច្នេះបើយោងតាមឯកសារទស្សនាវដ្ដីមិត្តសាលាបាលី ព្រះមហាឃោសានន្ទបានគង់នៅនាលន្ទានេះអស់រយៈពេល ១៤ ឆ្នាំ បើគិតពីឆ្នាំ ១៩៥៥ ដល់ឆ្នាំ ១៩៦៩ ចាប់តាំងពីថ្នាក់បរិញ្ញាបត្ររហូតដល់ថ្នាក់បណ្ឌិត ។ ក្នុងរយៈពេលនៃការស្រាវជ្រាវថ្នាក់បណ្ឌិតនៅទីនេះ មហា វ៉ា យ៉ាវ បានទទួលឥទ្ធិពលពីព្រះសង្ឃជប៉ុនមួយអង្គ ដែលមានកិត្តិនាមល្បីល្បាញព្រះនាមថាព្រះតេជព្រះគុណ នីជីដាស៊ូ ហ្វូជី (Nichidatsu Fujii) ដែលជាអ្នកបង្កើតនិកាយពុទ្ធសាសនាជប៉ុនមួយដើម្បីសន្តិភាព មានឈ្មោះថា នីពុនហ្សាន មីយូ ហូជិ (Nipponzan Myohoji) ។ ក្នុងវ័យជាយុវសមណៈ មហា វ៉ា យ៉ាវ បានទទួលឥទ្ធិពលយ៉ាងខ្លាំង ពីព្រះសង្ឃមហាយានជាតិជប៉ុនអង្គនេះ ផ្នែកទ្រឹស្ដីអហិង្សា និងការប្រឆាំងនឹងសង្គ្រាមដែលកំពុងឆាប់ឆេះស្ទើរគ្រប់ទីកន្លែងក្នុងពិភពលោកនាពេលនោះ ។

ព្រះតេជព្រះគុណ នីជីដាស៊ូ ហ្វូជី បានមានព្រះថេរដីកាប្រាប់ព្រះមហា វ៉ា យ៉ាវ ថា «ព្រះសង្ឃពុទ្ធសាសនា ពិតប្រាកដ មិននៅតែមួយកន្លែងឡើយ» ។ នេះជាឱវាទមួយក្នុងចំណោមឱវាទទាំងឡាយរបស់ព្រះគ្រូជប៉ុនអង្គនេះចំពោះព្រះមហាឃោសានន្ទ ដែលជាបច្ច័យញ៉ាំងឲ្យព្រះអង្គធ្វើសកម្មសាសនាដើម្បីសន្តិភាពនិងអហិង្សា ស្ទើរគ្មានពេលសម្រាកពេញមួយជីវិតរបស់ព្រះអង្គ នាពេលខាងក្រោយមក ។

សមណៈនិស្សិតខ្មែរយើង៣អង្គ (ពីឆ្វេង៖ មហា មាស ចាន មហា អាំ សួន និង មហា វ៉ា យ៉ាង) កំពុងសូត្រធម៌នមស្ការ បូជា ក្រោមដើមពោធិព្រឹក្សជាទីដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ ផ្សាយតាមរលកធាតុអាកាសឥណ្ឌៀ នៅពេលបុណ្យពុទ្ធជយន្តិរំលឹកដល់អាយុនៃពុទ្ធសាសនាជាគំរប់ ២.៥០០ ព្រះវស្សា, ឧសភា ១៩៥៦ ។ រូបភាព៖ ទស្សនាវដ្ដីមិត្តសាលាបាលី

ព្រះមហាឃោសានន្ទមិនបានអមព្រះរាជដំណើរសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ទៅប្រទេសភូមាទេ?

តាមសៀវភៅប្រវត្តិខាងលើបានលើកឡើងស្រដៀងគ្នាថា នៅឆ្នាំ១៩៥៦ មហាសន្និបាតសង្ឃព្រះពុទ្ធសាសនា ដែលគេឲ្យឈ្មោះថា ឆដ្ឋសង្គាយនា បានត្រូវប្រារព្ធឡើងនៅប្រទេសភូមា ហើយពីប្រទេសកម្ពុជា សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត បានដឹកនាំប្រតិភូសង្ឃខ្មែរទៅចូលរួមមហាសន្និបាតដែលកើតឡើងនេះ ស្របពេលនឹងពិធីបុណ្យ ព.ស ២៥០០ ។ នៅពេលដែលបានឮថាព្រះគ្រូរបស់ព្រះអង្គនិមន្តទៅទីនោះដែរ ព្រះមហា វ៉ា យ៉ាវ ក៏បានសុំការអនុញ្ញាតពីសាលា ផ្អាកការសិក្សាមួយរយៈសិន ដើម្បីទៅហែព្រះគ្រូរបស់ព្រះអង្គ នៅប្រទេសភូមារហូតដល់ចប់បេសកកម្ម ទើបបាននិមន្តត្រលប់ទៅសិក្សាដូចដើមវិញ ។

ប៉ុន្តែកាលបរិច្ឆេទត្រង់នេះហាក់មិនសមស្របតាមកំណត់ត្រាព្រឹត្តិការណ៍ ដែលយើងឃើញមានចុះនៅលើទស្សនាវដ្ដីពុទ្ធសាសនាសម័យនោះ ដូចជាកម្ពុជសូរិយា និង មិត្តសាលាបាលី ។ ប្រវិត្តិនៃការធ្វើឆដ្ឋសង្គាយនានេះ ត្រូវបានចុះផ្សាយបរិយាយយ៉ាងពិស្ដារក្នុងលេខពិសេសនៃទស្សនាវដ្ដីមិត្តសាលាបាលី «ឆដ្ឋសង្គាយនា» ឆ្នាំទី៤ លេខពិសេសទី ៦-៧ ខែមិថុនា-កក្កដា (១៩៥៤) និងទស្សនាវដ្ដីកម្ពុជសុរិយាពីរលេខតគ្នាគឺ ឆ្នាំទី ២៦ ខែ វិច្ឆិកា លេខ ១១ និងខែធ្នូ លេខ ១២ ព.ស. ២៤៩៧ គ.ស. ១៩៥៤ ។

តាមពិតបុណ្យឆដ្ឋសង្គាយនាដ៏មហស្ចារ្យនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅមហាបាសាណគុហា ចម្ងាយពីក្រុងរ៉ង្គូនជាង ៥ គីឡូម៉ែត្រ មានរយៈពេលដល់ទៅពីរឆ្នាំពេញ ចាប់ពីខែវិសាខ (១៧ ឧសភា) ឆ្នាំ១៩៥៤ ដល់ខែវិសាខ (២៤ ឧសភា) ឆ្នាំ១៩៥៦ ដែលថ្ងៃចុងក្រោយចំថ្ងៃបុណ្យពាក់កណ្ដាលសាសនា ឬពុទ្ធសាសនា២៥០០ឆ្នាំ (សម្រាប់ភូមា ឥណ្ឌា ស្រីលង្កា ជាដើម, ខ្មែរយើងដូចគ្នានឹងថៃនិងលាវបានធ្វើបុណ្យនេះក្នុងឆ្នាំ១៩៥៧ ខុសគ្នាមួយឆ្នាំ) ។

ថ្ងៃបុណ្យធំជាងគេគឺថ្ងៃចាប់ផ្ដើម ១៧ ឧសភា ១៩៥៤ ដែលសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ទ្រង់បានយាងចូលរួម អមដោយព្រះគ្រូសង្ឃសត្ថា ប៉ុណ្ណ សម្ភាជ (ធម្មារាមោ) (អ្នកផ្ដល់បទសម្ភាសន៍ដល់ទស្សនាវដ្ដីមិត្តសាលាបាលី ឆ្នាំ១៩៥៤) ជាតំណាងផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា និងបាននិមន្តចូលរួមដោយព្រះថេរៈ៧អង្គទៀតមាន ព្រះទេពសត្ថា កឹម តូ (ចន្ទមង្គលោ) (អ្នករៀបរៀងព្រឹត្តិការណ៍ដំណើរទៅកាន់ប្រទេសភូមា ឆ្នាំ១៩៥៤) ជាដើមដោយត្រូវចំណាយសោហ៊ុយផ្ទាល់ខ្លួន ។ មានគ្រហស្ថ ៣ រូប និងឧបាសក ៧ រូប ផ្សេងទៀតមានសទ្ធាជ្រះថ្លាបានអមព្រះរាជដំណើរទៅជាមួយផង ។ ទាំងអស់គ្នាត្រូវចេញដំណើរពីភ្នំពេញទៅថ្ងៃទី ១១ ខែឧសភា ប៉ុន្តែដោយបញ្ហាជើងយន្តហោះ ឧបាសក ៣ រូបត្រូវខកដំណើរ ។

ព្រះគ្រូសង្ឃសត្ថា ប៉ុណ្ណ សុម្ភាជ បានរៀបរាប់ក្នុងទស្សនាវដ្ដីមិត្តសាលាបាលី (១៩៥៤) ថា ឧបាសក ៣ រូបនោះបានចេញដំណើរមកទាន់គ្នា នៅទីក្រុងបាងកក ប្រទេសថៃ ហើយសម្ដេចព្រះមហាសុមេធាធិបតីបាន «សុំនិមន្តព្រះវីរៈធម្មវរៈមហាថេរ (បែល ឡុង) ឲ្យទៅកាន់ប្រទេសភូមាជាមួយផង លោកក៏ព្រមទៅ» ។ គណៈប្រតិភូខ្មែរទាំងអស់បានចួបជុំគ្នានៅព្រលានយន្តហោះដនមឿង ហើយចេញដំណើរទៅប្រទេសភូមា នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែឧសភា ។

នៅក្នុងឱកាសដ៏វិសេសវិសាលនោះ សម្ដេចព្រះធម្មវរៈ មហាថេរ មានភារៈជាអ្នកថ្លែងសាររបស់រាជរដ្ឋាភិបាលកម្ពុជា និងសាររបស់ពុទ្ធិកសមាគមមជ្ឈមណ្ឌលភូមិភាគកម្ពុជរដ្ឋ ជាភាសាអង់គ្លេស និងក៏ប្រហែលជាអ្នកបកប្រែភាសាអង់គ្លេសថ្វាយសម្ដេចព្រះសង្ឃរាជ ជួន ណាត ផងដែរ ។ ក្នុងឱកាសនេះឯងហើយ សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត បានទទួលព្រះបរមងារជា «អគ្គមហាបណ្ឌិត» ដ៏ឧត្តមប្រសើរបំផុតរបស់ប្រទេសភូមា និងក្រោយមកនៅក្នុងពិធីបុណ្យពុទ្ធសាសនា២៥០០ នៅប្រទេសកម្ពុជាដ៏មហាអស្ចារ្យ ក្នុងឆ្នាំ ១៩៥៧ ទើបថ្វាយសញ្ញាបត្រព្រះបរមងារថា «អភិធជមហារដ្ឋគុរុ» ចំពោះសម្ដេចព្រះមហាសុមេធាធិបតីទៀត ដែលជាសមណនាមខ្ពស់បំផុតរបស់ប្រទេសភូមា ។

គណៈប្រតិភូខ្មែរបានត្រលប់មកកម្ពុជាវិញនៅថ្ងៃទី ២៩ ឧសភា និងបានចូលសម្រាក់នៅប្រទេសថៃដើម្បីបំពេញកិច្ចនានាបីបួនថ្ងៃទៀត រហូតដល់ថ្ងៃទី ៤ មិថុនាទើបត្រលប់មកដល់កម្ពុជាវិញ ។

ដូច្នេះយើងសង្កេតឃើញថា ព្រះមហាឃោសានន្ទមិនបាននិមន្តចូលរួម ក្នុងពិធីបុណ្យឆដ្ឋសង្គាយនាវគ្គដំបូងឆ្នាំ ១៩៥៤ នេះទេ ព្រោះពេលនោះព្រះអង្គគង់នៅប្រទេសកម្ពុជានៅឡើយ និងមិនទាន់បាននិមន្តមកប្រទេសឥណ្ឌាទេ ។ ចុះឆ្នាំ១៩៥៦? យើងពុំទាន់ឃើញមានឯកសារណាបានបញ្ជាក់ថា សម្ដេចព្រះមហាសុមេធាធិបតីបានយាងទៅកាន់ប្រទេសភូមាម្ដងទៀតទេក្នុងឆ្នាំ១៩៥៦ ដែលជាឆ្នាំបញ្ចប់មហាឆដ្ឋសង្គាយនានៅទីនោះ ។ ប៉ុន្តែយោងតាមទស្សនាវដ្ដីកម្ពុជសុរិយា (១៩៥៦) បានឲ្យបានដឹងថា ប្រតិភូសង្ឃខ្មែរចំនួន៨អង្គមានព្រះវិសុទ្ធមុនី ថ្លាង អ៊ុក វត្តឧណ្ណាលោម ជាព្រះប្រធាន បានដឹកនាំគណៈប្រតិភូខ្មែរទៅប្រទេសភូមានៅខែធ្នូ ឆ្នាំ១៩៥៥ តាមការនិមន្តរបស់រដ្ឋាភិបាលភូមា ដើម្បីចូលរួមក្នុងសន្និបាតក្នុងចតុត្ថវារៈ នៃឆដ្ឋសង្គាយនា ។

ម្យ៉ាងទៀតនៅក្នុងឆ្នាំ១៩៥៦ រដ្ឋាភិបាលឥណ្ឌាក៏បានប្រារព្ធពិធីបុណ្យពុទ្ធជយន្តិពុទ្ធសាសនា២៥០០ យ៉ាងគគ្រឹកគគ្រេងផងដែរ ពីថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ១៩៥៦ ដល់ថ្ងៃទី ១២ ធ្នូ ១៩៥៦ ។ លោក រ៉ាយ ប៉ុក ប្រធានសមាគមមិត្តពុទ្ធិកវិទ្យាល័យ ត្រូវបានគណៈកម្មាធិការបុណ្យអញ្ជើញឲ្យចូលរួមផងដែរ ។ កាលនោះ រដ្ឋមន្ត្រីក្រសួងធម្មការ ឯកឧត្តម សម សារី ជាប្រធានគណៈប្រតិភូកម្ពុជា ។ នៅក្នុងទស្សនាវដ្ដីកម្ពុជសុរិយា (១៩៥៧) លោក រ៉ាយ ប៉ុក បានរៀបរាប់ក្នុងកំណត់ហេតុរបស់គាត់ថា «ខ្ញុំនឹងអ្នកប្រែភាសា, ភិក្ខុ វ៉ា យ៉ាវ សមណនិស្សិតជាតិខ្មែរ ដែលសមាគមមិត្តពុទ្ធិកវិទ្យាល័យបញ្ជូនឲ្យទៅរៀននៅវិទ្យាល័យនាលន្ទាបាននាំគ្នាទៅទស្សនារដ្ឋសភា» ។ នៅក្នុងទស្សនាវដ្ដីមិត្តពុទ្ធិកវិទ្យាល័យ (លេខ៨, ១៩៥៦) ភិក្ខុ អាំ សួន សមណនិស្សិតមហាវិទ្យាល័យនាលន្ទា បានរៀបរៀងយ៉ាងពិស្ដារផងដែរ អំពីពិធីបុណ្យពាក់កណ្ដាលពុទ្ធសាសនាពុទ្ធជយន្តិ ដ៏មហោឡារិកនេះនៅពុទ្ធគយា ប្រទេសឥណ្ឌា ដោយបានរៀបរាប់ថា សមណនិស្សិតខ្មែរទាំង៣អង្គក៏បានចូលរួមក្នុងពិធីបុណ្យនោះដែរ ។

ដូច្នេះបើយោងតាមកំណត់ត្រាទស្សនាវដ្ដីពុទ្ធសាសនាសំខាន់ទាំងពីរខាងលើ ដែលចេញផ្សាយប្រចាំខែជាពិសេសអំពីព្រឹត្តិការណ៍ពុទ្ធសាសនាស្ទើរមិនមានចន្លោះនាកាលនោះ យើងយល់ឃើញថា ក្នុងឱកាសបុណ្យពាក់កណ្ដាលសាសនាពុទ្ធជយន្តិ ឆ្នាំ១៩៥៦ ព្រះមហាឃោសានន្ទបានគង់នៅប្រទេសឥណ្ឌា និងពុំបាននិមន្តទៅប្រទេសភូមាទេ ។

រូបថត (ទី១) និងរូបថតពីវីដេអូយូធូប ដែលបង្ហាញពីវត្តមានរបស់មហា វ៉ា យ៉ាវ កាលព្រះអង្គគង់នៅប្រទេសឥណ្ឌា (១៩៥៥-១៩៦៩) ។

វិភាគលើឃ្លីបវីដេអូពីរលើបណ្ដាញយូធូប៖ ស្គាល់បណ្ឌិតអម្ពេឌករ និងចួបសម្ដេចសីហនុនៅដែល្លី

យើងឃើញមានវីដេអូឃ្លីបពីរនៅលើបណ្ដាញយូធូប ដែលបង្ហោះដោយសារព័ត៌មានអន្តរជាតិអេភី (AP) អំពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ១៩៥៨ និងឆ្នាំ១៩៦៣ ដែលអាចមើលស្គាល់ថាមានរូបភាពមហា វ៉ា យ៉ាវ ក្នុងនោះដែរ ។

ចូរក្រឡេកមើលរូបភាពទាំងបួនខាងលើ ។ រូបភាពខាងឆ្វេងខាងលើជា បណ្ឌិត ប៊ី.អ័រ. អម្ពេឌករ (B. R. Ambedkar, भीमराव अम्बेडकर) និងភរិយារបស់គាត់ ព្រមទាំងព្រះសង្ឃពុទ្ធសាសនាដែលមិនបានរៀបរាប់ព្រះនាម (ក្នុងប្រភពដើម) ក្នុងពិធីបុណ្យពុទ្ធជយន្តិ ឬព្រះពុទ្ធសាសនា២៥០០ នៅគេហដ្ឋានរបស់គាត់ នៅទីក្រុងញូវដែល្លី ឆ្នាំ១៩៥៦ ដែលជារូបភាពពេញនិយមក្នុងចំណោមបរិស័ទរបស់គាត់ ព្រោះជាពិធីបុណ្យពុទ្ធសាសនាចុងក្រោយដែលគាត់បានប្រារព្ធធ្វើ មុនពេលគាត់ស្លាប់នៅថ្ងៃទី ៦ ធ្នូ ឆ្នាំដដែល ។

នៅក្នុងរូបភាពនេះដែរ យើងឃើញមានព្រះសង្ឃបីបួនអង្គផងដែរ ។ ពីរអង្គឈរនៅជាប់ភរិយារបស់បណ្ឌិត អម្ពេឌករ មើលទៅដូចព្រះសង្ឃខ្មែរ ដោយអង្គទី១ពាក់វែនតាអាចជា មហា មាស ចន និងអង្គទី២អាចជា មហា វ៉ា យ៉ាវ ។ ព្រះសង្ឃទាំងពីរអង្គលេចឡើងម្ដងទៀត នៅក្នុងខ្សែវីដេអូឯកសារទី១នៅលើយូធូប (រូបថតពីវីដេអូទាំងពីរខាងឆ្វេង) ក្នុងពេលដែលព្រះអង្គនិមន្តទៅទទួលសម្ដេចព្រះនរោត្តម សីហនុ ក្នុងដំណើរព្រះរាជទស្សនកិច្ចផ្លូវការលើកទី២ទៅកាន់ប្រទេសឥណ្ឌា នៅអាកាសយានដ្ឋានបាលាំ ទីក្រុងញូវដែល្លី នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៥៨ (លើកទី១នៅខែមីនា ឆ្នាំ១៩៥៥) ។

ដោយឡែករូបខាងឆ្វេងខាងក្រោម ដែលបានថតចេញពីវីដេអូទី២នៅលើបណ្ដាញយូធូបបង្ហាញពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចព្រះនរោត្តម សីហនុ ទៅកាន់ប្រទេសឥណ្ឌាម្ដងទៀត នៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៦៣ ។ ក្នុងរូបនេះបង្ហាញថាមានព្រះសង្ឃបួនអង្គ បាននិមន្តទៅទទួលសម្ដេចសីហនុ នៅអាកាសយានដ្ឋានបាលាំ ទីក្រុងញូវដែល្លី ។ ពីរអង្គខាងស្ដាំដៃបង្អស់មើលពុំស្គាល់ទេ តែពីរអង្គផ្សេងទៀតគឺច្បាស់ជាព្រះវីរៈធម្មវរៈ មហាថេរ (បែល ឡុង) និងបន្ទាប់កណ្ដាលគឺ មហា វ៉ា យ៉ាវ ។ យើងមានរូបថតគុណភាពច្បាស់ល្អមួយផ្សេងទៀតដែលមិនបានបង្ហាញក្នុងទីនេះ ដែលអាចបញ្ជាក់ថាពីរអង្គនេះគឺព្រះវីរៈធម្មវរៈ មហាថេរ និងមហា វ៉ា យ៉ាវ ពិតប្រាកដមែន ។

ដូច្នេះ បើក្នុងរូបថតខាងលើនេះពិតជាមហា វ៉ា យ៉ាវ ពិតមែន មានន័យថា ព្រះអង្គធ្លាប់បានស្គាល់និងមានការប្រាស្រ័យទាក់ទងជាមួយនឹង បណ្ឌិត ប៊ី.អ័រ. អម្ពេឌករ ដែលជាអ្នកនយោបាយកំពូលរបស់ឥណ្ឌា ជាបិតារដ្ឋធម្មនុញ្ញឥណ្ឌា និងជាស្ថាបនិកពុទ្ធសាសនានវយានឥណ្ឌាសម្រាប់ក្រុមប្រជាជនទលិតក្រីក្ររងការរើសអើងពីសង្គមឥណ្ឌា ។ ម្យ៉ាងទៀត រូបភាពខាងលើនេះក៏បានបង្ហាញពីសកម្មភាពរបស់មហា វ៉ា យ៉ាវ ជាមួយសម្ដេចសីហនុ រាល់ពេលដែលព្រះអង្គយាងទៅកាន់ប្រទេសឥណ្ឌា ។

សំណង់បែកបាក់នៃសាកលវិទ្យាល័យនាលន្ទាបុរាណ, ទីក្រុងរាជគ្រឹះ រដ្ឋពិហារ ។ រូបភាព៖ លោកវិទូ

បញ្ចប់ថ្នាក់បណ្ឌិតពីមហាវិទ្យាល័យនាលន្ទា និងការគង់នៅជាយដែនថៃ-ខ្មែរ

កាលនៅនាលន្ទា ព្រះមហាឃោសានន្ទមិនត្រឹមតែល្បីល្បាញ ក្នុងចំណោមបញ្ញវន្តអ្នកសិក្សា មកពីបណ្ដាប្រទេសផ្សេងៗប៉ុណ្ណោះនោះទេ ព្រះអង្គតែងតែជាទីគោរពសក្ការៈរបស់មហាជនអ្នកស្រុកអ្នកភូមិនៅនោះផងដែរ ។ យោងតាមសង្ឃដីការបស់ភិក្ខុ ឡុច សុវណ្ណា សមណនិស្សិតខ្មែរនៅនាលន្ទាបច្ចុប្បន្ន ដែលបានផ្ដល់បទសម្ភាសន៍ជាមួយលោកសាស្ត្រាចារ្យ ចន ម៉ារស្តុន អំពីសម្ដេចព្រះមហាឃោសានន្ទ បានឲ្យដឹងថា៖

«ព្រះអង្គអាចនិយាយភាសាហិណ្ឌីបានយ៉ាងស្ទាត់ជំនាញ ហើយគោលបំណងចម្បងរបស់ព្រះអង្គគឺដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនាដល់មហាជន ។ ព្រះអង្គមានភាពជិតស្និទ្ធជាមួយប្រជាជនសាមញ្ញ កសិករ ពលករ និងកម្មករ នៅតំបន់នាលន្ទា, ហើយពួកជនទាំងនេះក៏គោរពស្រឡាញ់ និងមានសទ្ធាជ្រះថ្លាចំពោះព្រះអង្គខ្លាំងណាស់ដែរ ។»

ព្រះតេជគុណ ឡុច សុវណ្ណា មានសង្ឃដីកាបន្ថែមទៀតថា «ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០ ព្រះអង្គពិតជាមានភាពល្បីល្បាញ មិនត្រឹមតែក្នុងចំណោមហសគមន៍បញ្ញវន្តអ្នកសិក្សានៃនាលន្ទាប៉ុណ្ណោះទេ ថែមទាំងក្នុងចំណោមប្រជាជនក្រីក្រក្នុងតំបន់ផងដែរ» ។ (២)

ក្រោយពីចំណាយពេលអស់ ១៤ ឆ្នាំ នៅប្រទេសឥណ្ឌា មហា វ៉ា យ៉ាវ បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកទស្សនវិជ្ជាពុទ្ធសាសនា ពីសាកលវិទ្យាល័យនវនាលន្ទា ក្នុងឆ្នាំ ១៩៦៩ ហើយទទួលនាមថា «ព្រះមហាឃោសានន្ទ» ។ ប៉ុន្ដែយើងមិនឃើញមានឯកសារណា និយាយអំពីប្រធានបទសារណាថ្នាក់បណ្ឌិតរបស់ព្រះអង្គទេ តែមានប្រភពខ្លះសន្និដ្ឋានថា សារណារបស់ព្រះអង្គទំនងជាអាចបាត់បង់ កំឡុងពេលព្រះអង្គធ្វើធុតង្គនៅតាមព្រះដែនថៃ-ខ្មែរ ។

ក្រោយពីបញ្ចប់ការសិក្សាវិជ្ជាជាន់ខ្ពស់ទស្សនវិជ្ជាពុទ្ធសាសនាដោយបរិបូរណ៍ និងទទួលបានបទពិសោធន៍និងទ្រឹស្តីសន្តិភាពនិយម ព្រះមហាឃោសានន្ទបាននិមន្តចាកចេញពីប្រទេសឥណ្ឌា ទៅសិក្សាវិបស្សនាធុរៈនៅខេត្តនរស្រីធម្មរាជ ប្រទេសថៃ (៣) ។ ខណៈពេលនោះប្រទេសកម្ពុជាកំពុងធ្លាក់ចូលក្នុងភ្លើងសង្គ្រាមស៊ីវិល (១៩៧០-៧៥) និងបន្ទាប់មករបបប្រល័យពូជសាសន៍ខ្មែរក្រហមយ៉ាងខ្លោចផ្សារ (១៩៧៥-៧៩) ។

នៅអាស្រមវិបស្សនាជាយដែនថៃ-ខ្មែរ ព្រះមហាឃោសានន្ទមានព្រះទ័យក្ដុកក្ដួលយ៉ាងខ្លាំងចំពោះសោកនាដកម្មនៅកម្ពុជា ។ មានពេលខ្លះគេបានឃើញ «ព្រះមហាឃោសានន្ទមានទឹកមុខពោរពេញដោយទុក្ខព្រួយ និងក្រៀមក្រំគួរឲ្យណិត» ។ ពេលដែលព្រះមហាឃោសានន្ទបានទទួលដំណឹងថា គ្រួសារញាតិញោមបងប្អូនរបស់ព្រះអង្គត្រូវបានគេសម្លាប់យ៉ាងអយុត្តិធម៌ «ព្រះអង្គសម្រក់ទឹកភ្នែក ហើយថេរដីការរាល់ៗថ្ងៃថា ខ្ញុំមិនអាចបញ្ឈប់ការស្រក់ទឹកភ្នែកបានទេ» ។ នេះជាព្រះទ័យអាណិតអាសូរដល់ជនរួមជាតិរបស់ព្រះអង្គ ។

ក្រោយកងទ័ពវៀតណាមបានផ្ដួលរម្លំរបបខ្មែរក្រហមក្នុងឆ្នាំ ១៩៧៩ សង្គ្រាមរវាងកងទ័ពវៀតណាម និងចលនាខ្មែរអ្នកតស៊ូនៅជាយដែនថៃ បានអូសបន្លាយជាងមួយទសវត្សរ៍ទៀត ដែលបានធ្វើឲ្យប្រជាជនខ្មែររងទុក្ខវេទនាឥតគណនា ។

ក្នុងដើមទសវត្សរ៍ឆ្នាំ១៩៩០ ព្រះមហាឃោសានន្ទបានធ្វើធម្មយាត្រាដើម្បីសន្តិភាព ដោយព្រះអង្គត្រូវឆ្លងកាត់សមរភូមិយោធាពិតៗ ប្រថុយជីវិតដើរកាត់ចំការមីន ធ្វើពលីកម្មដើម្បីជាតិខ្មែរនិងការកសាងព្រះពុទ្ធសាសនាឡើងវិញ ដែលជាដួងព្រលឹងជាតិ ។ មិនតែប៉ុណ្ណោះព្រះអង្គធ្លាប់បាននិមន្តធ្វើជាសក្ខីកម្មជាមួយព្រះសង្ឃជាន់ខ្ពស់ដទៃទៀត ក្នុងការចរចាដើម្បីការផ្សះផ្សាជាតិរវាងភាគីខ្មែរទាំងបួនពួក រហូតដល់សម្រេចជាកិច្ចព្រមព្រាងសន្តិភាពទីក្រុងប៉ារីស ១៩៩១ ។ ព្រះអង្គបានផ្សព្វផ្សាយធម៌អហិង្សានៅទូទាំងពិភពលោក ។

ដោយសារវីរភាពនិងពលីកម្មដ៏ធំធេងនេះ ក្នុងឆ្នាំ១៩៩២ សម្ដេចព្រះនរោត្តម សីហនុ ទ្រង់បានថ្វាយប្រគេនព្រះឋានៈពីព្រះគ្រូ មហោឃោសានន្ទ ជា សម្ដេចព្រះមហាឃោសានន្ទ នៃកម្ពុជា ។ ក្នុងឆ្នាំ១៩៩៧ សម្តេចព្រះមហាឃោសានន្ទ បានទទួលពានរង្វាន់សន្តិភាពពីមូលនិធិ នីវ៉ាណូ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

សម្ដេចព្រះមហាឃោសានន្ទបានសុគតទៅហើយក៏ពិតមែន (ខែមីនា ឆ្នាំ២០០៧ នៅសហរដ្ឋអាម៉េរិក ក្នុងព្រះជន្មាយុ ៨២ ឆ្នាំ) តែកេរ្តិ៍ឈ្មោះនិងកេរដំណែលរបស់ព្រះអង្គតាំងនៅជាអមតៈ ជាគំរូល្អដល់បច្ឆាសមណៈទាំងឡាយ ។ កម្មវិធីដំណើរធម្មយាត្រាដើម្បីសន្តិភាពនិងអហិង្សារបស់ព្រះអង្គ ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក ។ ដំណើរធម្មយាត្រានេះ និងធម្មទេសនាសន្ដិភាពរបស់ព្រះអង្គត្រូវបានគេយកទៅសិក្សាយ៉ាងទូលំទូលាយ ជាពិេសសក្នុងកម្មវិធីសិក្សាស្រាវជ្រាវផ្នែកព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម និងតួនាទីសាសនាក្នុងដំណោះស្រាយវិបត្តិអន្តរជាតិជាដើម ។

សូមបញ្ជាក់ថា ការសើរើរឿងវ៉ាវនេះគ្រាន់តែជាការបង្ហាញពីប្រវត្តិខ្លះ ដែលមិនទាន់ឃើញមានប្រភពច្បាស់លាស់ ដែលអាចជាពន្លឺបន្ថែម សម្រាប់អ្នកសរសេរឬសិក្សាអំពីប្រវត្តិរបស់ព្រះអង្គក្រោយៗទៀតផ្តោតលើបញ្ហានេះ ។ សម្ដេចព្រះមហាឃោសានន្ទផ្ទាល់ត្រូវបានគេមើលឃើញថា ព្រះអង្គពុំសូវជាមានព្រះថេរដីកាអំពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់ព្រះអង្គប៉ុន្មានទេ ។ ដូច្នេះអ្នកសិក្សាត្រូវតាមដាននិងសិក្សាដោយផ្ទាល់ អំពីសកម្មភាពរបស់ព្រះអង្គ ក្នុងសម័យទសវត្សរ៍ឆ្នាំ១៩៩០រហូតមក ។

សម្រាប់ប្រវត្តិរបស់ព្រះអង្គកាលសិក្សានៅប្រទេសឥណ្ឌា យើងឃើញមានបុគ្គលពីររូបអាចផ្តល់ព័ត៌មានបានច្រើនគឺ លោកសាស្ត្រាចារ្យ មាស ចន មិត្តរូមជំនាន់ សព្វថ្ងៃរស់នៅសហរដ្ឋអាម៉េរិក និងព្រឹទ្ធាចារ្យ កែវ ប៉ាម៉ា ជាអតីតសមណនិស្សិតអាហាររូបករណ៍សមាគមមិត្តពុទ្ធិកវិទ្យាល័យដែរក្នុងទសវត្សរ៍ឆ្នាំ១៩៦០ សព្វថ្ងៃរស់នៅប្រទេសឥណ្ឌា ។ តាមរយៈសំណេរនេះ ខ្ញុំសង្ឃឹមថានឹងមានការបកស្រាយបន្ថែមអំពីចំណុចខាងលើ និងព័ត៌មានបញ្ជាក់បន្ថែមទៅលើការបកស្រាយខាងលើនេះ អំពីសម្នាក់កវីអត្ថកោវិទអ្នកប្រាជ្ញបញ្ញវន្តគ្រប់មជ្ឈដ្ឋាន ៕

© អត្ថបទដោយ៖ លោកវិទូ

ជួបទុក្ខលំបាកប៉ុណ្ណា សូមកុំបោះបង់ខ្លួនឯងចោល។ រៀនទទួលស្គាល់ថា ជីវិតតែងមានបញ្ហាអ៊ីចឹងឯង ពេលខ្លះសម្រេចចិត្តខុស ពេលខ្លះមើលមន...
09/03/2023

ជួបទុក្ខលំបាកប៉ុណ្ណា សូមកុំបោះបង់ខ្លួនឯងចោល។ រៀនទទួលស្គាល់ថា ជីវិតតែងមានបញ្ហាអ៊ីចឹងឯង ពេលខ្លះសម្រេចចិត្តខុស ពេលខ្លះមើលមនុស្សខុស អ្នកណាក៏ធ្លាប់ឆ្លងកាត់ដែរ។ ប្រើប្រាស់ពេលវេលាដែលសេសសល់សម្រាប់ធ្វើរឿងត្រូវ រឿងល្អ កុំខ្មាសអៀនអី ដំណើរជីវិតយើងជួបរឿងផ្សេង ដំណើរជីវិតគេជួបរឿងផ្សឹង មិនដូចគ្នាទេ។

ដោយ: គូ សុភាព

04/02/2023

មាឃបូជា គឺជាពិធីបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនាដែលប្រារព្ធដើម្បីរម្លឹកនូវហេតុ៣យ៉ាងគឺ:
១. ទ្រង់ធ្វើចតុរង្គសន្និបាត
២. ទ្រង់សម្ដែងឱវាទបាតិមោក្ខ
៣. ទ្រង់ដាក់អាយុសង្ខារ

02/02/2023

អ្នកតាំងខ្លួនធ្វើជាព្រះសិអារ្យ...

👉🏻នៅពេលដែលមិនទាន់ជួបបញ្ហាផ្ទាល់ខ្លួនអ្នកណាក៏ចេះវិធីលួងលោមអ្នកដទៃដែរ ដល់តែខ្លួនឯងមានសេចក្ដីទុក្ខគ្របសង្កត់ ទើបដឹងថា សូម្ប...
29/01/2023

👉🏻នៅពេលដែលមិនទាន់ជួបបញ្ហាផ្ទាល់ខ្លួនអ្នកណាក៏ចេះវិធីលួងលោមអ្នកដទៃដែរ ដល់តែខ្លួនឯងមានសេចក្ដីទុក្ខគ្របសង្កត់ ទើបដឹងថា សូម្បីតែខ្លួនឯងលួងក៏មិនបានដែរ, សូមចាប់អារម្មណ៍លួងខ្លួនឯងផង។

San Sochea Mengly J. Quach, MD, MPH🥰❤️

22/12/2022

ពាក្យកាព្យបុរាណថា ទាហានថ្កើងដ្បិតសឹក ធ្វើស្រែដ្បិតទឹក ត្រឹកពលដ្បិតបាយ សិស្សប្រាជ្ញដ្បិតគ្រូ ជេរពោលដំវាយ ពលជាដ្បិតនាយ ហ្វឹកហ្វឺនខះខំ ។ (សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ) ។

បណ្ឌិតទាំងឡាយ រមែងគប់រកបណ្ឌិតដូចគ្នា🙏🏻💗
11/11/2022

បណ្ឌិតទាំងឡាយ រមែងគប់រកបណ្ឌិតដូចគ្នា🙏🏻💗

រឿងសសបណ្ឌិត! 🌷🌸💐ពិធីសំពះព្រះខែ ទាក់ទងនឹងព្រះពុទ្ធបរមគ្រូ នៃយេីង🙏(បើមានបំណងធំ គួរកុំស្តាយជីវិតនិងទ្រព្យសម្បត្តិ)។ ក្នុងកា...
11/11/2022

រឿងសសបណ្ឌិត! 🌷🌸
💐ពិធីសំពះព្រះខែ ទាក់ទងនឹងព្រះពុទ្ធបរមគ្រូ នៃយេីង🙏
(បើមានបំណងធំ គួរកុំស្តាយជីវិតនិងទ្រព្យសម្បត្តិ)។
ក្នុងកាល​កន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយ​រាជក្នុង​ក្រុង​ពារាណសី​ ។​ កាល​នោះ​ព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់សោយព្រះជាតិជាសត្វ​ទន្សាយ នៅអាស្រ័យ​ក្នុងដងព្រៃមួយ ក្នុងព្រៃនោះមានស្វា១ ចចក១ ភេ១ ជា​សម្លាញ់នឹង​គ្នា ​បាននៅរួមជាមួយនឹងទន្សាយ សុទ្ធតែជាបណ្ឌិត​គឺសត្វ​ចេះ​ដឹងមានប្រាជ្ញា ​តែងនាំគ្នាស្វែងរកអាហារតាមគោចរស្ថានរៀងៗខ្លួន ដល់ពេល​ល្ងាច​ទើប​មកជួបជុំគ្នា ។ ចំណែកសសបណ្ឌិតគឺទន្សាយ តែងពន្យល់ធម៌ដល់​សត្វទាំង​បីថា អ្នករាល់គ្នាត្រូវធ្វើទាន រក្សាសីលធ្វើឧបោសថកម្មកុំបីខាន សត្វទាំង​បីក៏ព្រមទទួលប្រតិបត្តិឱវាទរបស់ទន្សាយគ្រប់ៗគ្នា។

ថ្ងៃមួយទន្សាយក្រឡេកមើលទៅព្ធដ៏អាកាស បានឃើញ​ព្រះចន្ទរះ​ពេញ​វង់ ​ភ្លឺស្វាងទែងក្នុងនភាល័យ ក៏ដឹងច្បាស់ថា​ស្អែកនេះជាថ្ងៃឧបោសថ ​ទើប​​ហៅ​សត្វ​​​ទាំង​បីមក​​ប្រាប់​ថា ​នែ​! សម្លាញ់​ស្អែកនេះជាថ្ងៃឧបោសថ អ្នក​ទាំង​អស់គ្នា​ត្រូវរក្សា​ឧបោសថ​ហើយឱ្យទាន​ផង ​ព្រោះ​ការ​រក្សា​​សីល​​ហើយ​ឱ្យទាន ​​តែង​បាន​​ផល​ឬសេចក្ដីសុខច្រេីន។

សត្វ​ទាំងបីនោះ​ព្រម​ទទួល​ធ្វើតាម ​លុះព្រឹក​​ឡើង ភេ​​ បានកំណត់​​សីលក្នុង​ចិត្តហើយ​ ក៏ត្រាច់​ទៅ​រកចំណី​ក្បែរ​​ឆ្នេរគង្គាន​ទីបាន​​ឃើញ​ត្រីថ្ពិន ​៧ ​ដែលព្រានសន្ទូច​​ដោត​ជា​ចង្កោម​កប់​ទុក​ក្នុង​គំនរ​ខ្សាច់ ​ក៏បន្លឺ នូវសំឡេងបីដងថា ត្រីនេះមានម្ចាស់ឬទេ? កាលបើមិន​ឃើញម្ចាស់​​ហើយ ក៏ពាំត្រីនោះទៅទុក​ក្នុងលំនៅ​របស់ខ្លួន​ រង់​ចាំកាល​គួរ​នឹង​បរិភោគ ក៏ដេក​ពិចារណា​សីលរបស់ខ្លួន​ទៅ។ ​

ឯចចកចេញទៅរកអាហារ បានប្រទះឃើញសាច់ទន្សង​ឆ្អើរមួយ​ចង្កាក់​នឹងទធិមួយដប​ដែល​អ្នកស្រែម្នាក់ដាក់​ក្នុងខ្ទម ក៏ស្រែក​បន្លឺបីដងថា ​របស់​​នេះ​មានម្ចាស់​ឬទេ ? ​កាលបើមិន​ឃើញម្ចាស់​ហើយ ​ក៏ពាំយក​ទៅ​ទុក​ក្នុង​​លំនៅ​រ​បស់ខ្លួន រង់​ចាំកាល​គួរនឹងបរិភោគ​ ក៏ដេក​ពិចារណា​​សីលរបស់​ខ្លួន​ទៅ។

ឯស្វា ក៏បានចូលទៅក្នុងព្រៃ​រកបេះបានផ្លែស្វាយទុំមួយ យកទៅ​ទុក​ក្នុង​លំនៅ​របស់ខ្លួន រង់​ចាំកាលគួរនឹងបរិភោគ ក៏ដេកពិចារណា​​មើលសីល​​របស់​ខ្លួនទៅ។

ឯទន្សាយ​បណ្ឌិត បានគិតថា ចាំដល់ពេលស្រួល​អញចេញទៅស៊ីស្មៅ ប៉ុន្តែបើមានស្មូមយាចក មកកាន់សំណាក់អញៗ គ្មានអ្វីឱ្យទេ សូម្បីតែ​អង្ករ និងល្ងរក៏​គ្មានដែរ បើប្រសិនជាមានស្មូមយាចកមកសុំមែន អញឱ្យសរីរៈ​របស់​អញ​ទាំង​មូល​​នេះ​ជា​​ទាន ​។ ​ដោយតេជៈ​​នៃសីលនិង​​ទាន​ចេតនា​របស់​​ទន្សាយបណ្ឌិត ដែលកើតមាន​ពិតក្នុងចិត្ត ​ក៏ក្តៅ​ដល់​អាសនៈ​​របស់​ស្ដេចសក្ក​​ទេវរាជ​​។

លំដាប់​នោះស្ដេចសក្កទេវរាជ បានពិចារណាជ្រាបហេតុសព្វគ្រប់ហើយ ទើបចង់​ល្បង​មើល​សីលនិងទានរបស់​ទន្សាយបណ្ឌិត ក៏​និម្មិតខ្លួនជា​ព្រហ្មណ៍តាចាស់ម្នាក់ ដើរចូលកន្លែង​ ភេ​ ជាមុន ភេបានឃើញ​ឥន្ទ​ព្រាហ្មណ៍​នោះ​ហើយ ក៏សួរថា តាអញ្ជើញមក​មានការអ្វី ? ។ ឥន្ទព្រាហ្មណ៍ប្រាប់ថា ខ្ញុំមក​នេះប្រាថ្នារក​អាហារ បើប្រសិន​ជាបានបន្តិចបន្តួច ខ្ញុំបរិភោគ​ហើយ​និង​រក្សា​សីលនៅ​ក្នុងទីនេះ​ ។ ភេឆ្លើយថា ប្រពៃហើយលោកតា ថ្ងៃនេះខ្ញុំបានត្រីថ្ពិន ៧ ដែរ សូមលោកតា​ពិសាចុះ។

ឥន្ទព្រាហ្មណ៍​ទទួលផ្ញើ​ទុ​​ក​ហើយ​ក៏ហួស​​ទៅលំនៅ​​ចចក​ទៀត​ ។ ​ចចកបាន​ឃើញហើយ ក៏បាននិយាយ​រាក់ទាក់នឹង​ឥន្ទព្រាហ្មណ៍ថា លោកតាថ្ងៃនេះ​ខ្ញុំបាន​​សាច់ទន្សង​ឆ្អើរមួយចង្កាក់ និងទធិ​មួយ​ដង ​សូមលោកតា​ពិសា​ហើយ​នៅ​ធ្វើសមណធម៌ក្នុងទីនេះចុះ។

ឥន្ទព្រាហ្មណ៍គ្រាន់តែនិយាយ​ទទួលអំណរហើយ ​ហួស​ទៅលំនៅ​របស់ស្វា​ទៀត ។ ​ស្វាបាន​ឃើញហើយ ក៏និយាយរាក់ទាក់​គួរសមនឹងឥន្ទ​ព្រាហ្មណ៍​ថា ​ថ្ងៃនេះខ្ញុំមាន​តែស្វាយទុំមួយ និងទឹកត្រជាក់ទេ សូមអញ្ជើញ​​លោកតា​ពិសា​ហើយ ​នៅធ្វើសមណ​ធម៌ក្រោមម្លម់ឈើជាទីរីករាយនេះចុះ។

ឥន្ទព្រាហ្មណ៍ ​​គ្រាន់តែរាក់ទាក់ទទួលអំណរហើយ ហួសទៅលំនៅរបស់​ទន្សាយ​បណ្ឌិតទៀត ​។ លុះទៅ ដល់ហើយ ​ក៏និយាយ​រៀបរាប់​អំពី​សេចក្តី​ត្រូវ​កា​រ​​​ចង់បរិភោគអាហារ និងនៅរក្សា​ឧ​បោសថ​សីល​ប្រាប់ដល់​ទន្សាយ​បណ្ឌិត ។ ​ឯទន្សាយបណ្ឌិតបានឮដូច្នេះហើយ ក៏​និយាយថា តាព្រាហ្មណ៍​អើយ ​តាអញ្ចើញ​មកកាន់​សំណាក់​​ខ្ញុំប្រពៃណាស់​​ហើយ ខ្ញុំនឹងបានឲ្យទាន​ដែលខ្ញុំ​មិនធ្លាប់បានឲ្យ ប៉ុន្តែបើ​លោកតា​អ្នករក្សា​សីល តមមិនធ្វើ​បាណាតិបាត ​ចូរតាទៅរក​ឧស​បង្កាត់​ភ្លើង​ហើយមក​ប្រាប់​ដល់ខ្ញុំ ៗ នឹង​លោត​​ទម្លាក់​ខ្លួនត្រង់កណ្តាល​រ​ងើកភ្លើងនោះ ​បើសាច់ខ្ញុំ​ឆ្អិនល្មម​ហើយ​ សូម​លោកតាពិសាហើយធ្វើសមណធម៌ចុះ​។ ​

វេលានោះឥន្ទ​ព្រាហ្មណ៍បានបង្កាត់ភ្លើងដោយឫទ្ធិរបស់ខ្លួន​ឆេះសន្ធោរ​សន្ធៅ​ហើយ មកប្រាប់ដល់​ទន្សាយបណ្ឌិត ៗ ក៏ដើរទៅឈរជិត​គំនរភ្លើង​នោះនិយាយ​ថាប្រសិន​បើមានសត្វល្អិត​ជ្រកនៅត្រង់ចន្លោះរោមរបស់យើង សុំកុំឲ្យ​ស្លាប់ ​​រលាស់​ខ្លួនបីដងហើយ ក៏លោតទៅក្នុងគំនរភ្លើង​ដោយ​ចិត្ត​រីករាយ​​ដូចជា​រាជហង្ស ចុះទំលើគំនរផ្កាឈូកក្រហម គួរអស្ចារ្យពេក​ណាស់ ​​សូម្បីតែរោម​មួយ ក៏មិនឆេះឡើយ ត្រជាក់ដូចជាលោត​ចូល​ទៅក្នុង​គំនរទឹកសន្សើម។

លំដាប់នោះទន្សាយសួរឥន្ទព្រាហ្មណ៍ថា តាអើយ​ភ្លើង​នេះ​ក៏ត្រជាក់ម្លេះ ? ។ ឥន្ទព្រាហ្មណ៍ឆ្លើយថា ចៅអើយ តាមិនមែនជា​ព្រាហ្មណ៍​​ទេ គឺជា​ព្រះឥន្ទ្រ​ ខ្ញុំមកនេះដោយចង់ល្បងមើលសីល និងទាន​របស់​អ្នកទេតើ!។​ ​ទន្សាយបណ្ឌិត បានបន្លឺសីហនាទតបថា បពិត្រទេវរាជ កុំថាឡើយព្រះអង្គ​ម្នាក់ឯង បើទុក​ជាលោកសន្និវាសទាំងមូល មកចង់​ល្បង​មើល​ទាន​​របស់​ខ្ញុំក៏ដោយ ត្រង់របស់ខ្ញុំមិនចង់ឱ្យមិនមានទេ។

លំដាប់នោះ​សក្កទេវរាជ​​​ពោលថា ​ម្នាលទន្សាយបណ្ឌិត គុណរបស់អ្នក​ចូរតាំង​នៅអស់​មួយ​​កប្ប កុំឲ្យរលុបបាត់ឡើយ ទើបចាប់ថ្មភ្នំ​ដោយ​ទេវនុភាព ច្របាច់ពួតយក​ជ័រទៅ​គូរ​ជារូប​ទន្សាយភ្ជាប់​នឹង​មណ្ឌល​ព្រះចន្ទ ហើយ​ត្រឡប់ទៅ​កាន់ទេវ​លោក​វិញ។

ឯសត្វទាំង ៤ ក៏នាំគ្នារក្សាសុចរិតធម៌ ដរាបដល់អស់អាយុ បានទៅកើតក្នុង​ទេវលោក​ទាំងអស់គ្នា។

ជាតកនេះព្រះសាស្តាទ្រង់ត្រាស់ថា ភេក្នុងកាលនោះគឺអានន្ទ ចចកគឺ​មោគ្គល្លាន​ស្វាគឺសារីបុត្រ ព្រះឥន្ទ្រគឺអនុរុទ្ធ ទន្សាយបណ្ឌិត​គឺអង្គ​ព្រះតថាគត ​៕​

(ប្រជុំនិទានជាតកភាគ១) ដេាយ៖ ព្រះបាឡាត់​ឧត្តម​លិខិត​ សុង ស៊ីវ សិទ្ធត្ថោ គ្រូបង្រៀនបាលីនៅវត្តលង្កា

@ ឧបាសក​ ង៉ែត​ ប៊ុនឆៃ

Address

Chak Tomuk
Phnom Penh
12207

Telephone

+85586535730

Website

Alerts

Be the first to know and let us send you an email when ព្រះធម៌ ជាទីពឹង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ព្រះធម៌ ជាទីពឹង:

Shortcuts

Share

Category