ប៉េង ប៊ុនហេង Peng bunheng

ប៉េង ប៊ុនហេង Peng bunheng

Share

09/04/1988

18/02/2026

បុរាណតាក់តែងចែងអប់រំ
កសាងសង្គមកុំបន្ធូរ
ចង់បានដែកល្អស្លឱ្យយូរ
ដំតាមគំរូស៊ូហត់ក្តៅ។

រីគ្រូបង្រៀនប្រៀនសិស្សា
លោកថាត្រូវថែណែប្រដៅ
កុំឱ្យសិស្សល្ងង់លង់ខ្លោចខ្លៅ
វល្លិ៍ផ្តៅរំពាត់វាត់ព្រមាន។

ថ្នមឱ្យឡើងចាងអាងសិទ្ធិការ
សិស្សក្លាបំពុលរុលបំពាន
ព្រហើនលែងត្រាប់ស្តាប់ទូន្មាន
ជាតិអន្តរធានឈានភ្លាត់ប្លាត។

វាយល្មមរាំងចាលតាមដូនតា
បុណ្យច្រើនប្រការថ្លាថ្លៃស្អាត
បើម៉ែឪខឹងប្តឹងនឹងខាត
កូនធ្លាក់ដល់បាតបាត់តម្លៃ។

កុំអាងលើកសិទ្ធិផ្តិតរូបប្តឹង
ងងើលស្រវឹងខឹងគ្រូវ៉ៃ
អុងអាត់អួតអាងសាងថ្វីដៃ
អវចីរង់ចាំចុះបញ្ជី។

បុរាណមិនយឺតយើងត្រូវចាំ
ទំនើបប្រេះស្រាំស្រួយខ្ទេចខ្ទី
ជាតិវិបល្លាសផ្លាស់នាទី
មើលងាយចៅជីវ៍មេបាព្រះ។

(មនុស្សថ្មី) ១៨-០២-២០២៦

01/08/2025

បទ ឈឺចាប់ព្រោះចោរ
១. ប្រើលេសចាប់ដៃដើម្បីបានក្បែរ
ភ្ជង់ចាប់ទ័ពខ្មែរបង្វែរបំភ្លៃ
កុហកជាតិខ្លួនថាខ្មែរចូលដី
ឈាមខ្មៅអប្រិយព្រៃផ្សៃតិរច្ឆាន។

២. ធ្វើទារុណកម្មចាក់ថ្នាំឫស្យា
ឱ្យឆ្កួតពិការឈឺផ្សាហួសស្មាន
កាលទៅជាសោះមកអស់ខ្លួនប្រាណ
មិនអាចដើរបានសន្តានលែងដឹង។

៣. ខ្ញុំហូរទឹកភ្នែកយំស្រែកស្រណោះ
មិនគួរណាសោះសៀមធ្វើដល់ម្ល៉ឹង
ធ្វើបាបពុកខ្ញុំបងខ្ញុំអ៊ីចឹង
គំនុំមួយហ្នឹងខ្ញុំនឹងចាំចង។

៤. ពុកអើយបងអើយតើឈឺយ៉ាងណា
ពុកហូរនេត្រាលើថ្ពាល់ទាំងសង
ពុកឈឺចុកចាប់ន័យប្រាប់ប្អូនបង
ផ្តាំអស់ញាតិផងកុំទុកចិត្ដចោរ។

សរសេរដោយ ប៉េង ប៊ុនហេង (មនុស្សថ្មី)
សុក្រ ០១ សីហា ២០២៥

24/03/2025

#បើដោះមិនចេញ...!

បញ្ហាកើតហើយត្រូវដោះស្រាយ
កុំអូសបន្លាយឆ្ងាយដំណោះ
បើដោះមិនចេញត្រូវដូរដោះ
កុំទុកដល់ខ្សោះដោះលែងចេញ។

យើងត្រូវដូរដោះឱ្យគេម្តង
អ្នកថ្មីគេស្នងទើបចំណេញ
កុំនៅព្យាយាមនាំទោម្នេញ
ជ្រក់ជ្រេញកើតទុក្ខនឹងបញ្ហា។

នេះខ្ញុំគ្រាន់ប្រាប់ស្តាប់ឱ្យយល់
ចង់ដឹងឫសគល់ក្បួនប្រាជ្ញា
មកចួបខ្ញុំផ្ទាល់ផ្ទៀងសោតា
តម្រាស្រាយដោះខ្ញុំប្រាប់free។

កុំលោតតាមចាក់ឃើញប្រាក់ច្រើន
ក្រវើនស្រវាឡើងនាទី
តំណែងលើសប្រាជ្ញអាចវក់វី
ជាតិខ្ទេចខ្ទាំខ្ទីដោយសារយើង។

បន្លំបន្លប់បន្លាចរាស្ត្រ
បំពុលពេញពាសបឺតដូចឈ្លើង
បំប៉នតណ្ហាចិត្តទំនើង
ដើរពើងបូសក្លៀកមិនព្យាបាល។

ឥឡូវសូន្យស្ងាត់ស្ងៀមដំណោះ
ទុកអស់រាប់ខែមិនឈឺឆ្អាល
ពេលរាស្ត្រនិយាយថាអុចអាល
ទោសធ្ងន់មិនស្រាលបទញុះញង់។

#មនុស្សថ្មី
#គំនិតថ្មី
#សង្គមថ្មី

21/03/2025

#គ្រូបង្រៀន បទទ្វេមាត្រពាក្យ៨ (នាគបរិព័ទ្ធ)

ធ្វើជាគ្រូ គំរូ ស៊ូប្រឹងប្រែង
ស៊ូប្រឹងប្រាប់ ហេតុស្តែង គេក្លែងបិទ
គេក្លែងបាំង បំភាន់ ធ្វើជាស្និទ្ធ
ធ្វើជាស្នាល កៀកកិត ដ្បិតយើងឆោត។

ដ្បិតយើងឆាប់ ជឿជាក់ ឥតរិះគិត
ឥតរិះគន់ គំនិត បិទអស់សោត
បិទអស់សួរ ជីវ្ហា មិនហាក្រោធ
មិនហាក្រោក ចងចោទ ចាប់សង្ស័យ។

ចាប់សាកសួរ រឿងហេតុ មាគ៌ាជាតិ
មាគ៌ាជួយ ឱ្យឃ្លាត ផុតទុក្ខភ័យ
ផុតទុក្ខភិត សត្រូវ ប៉ងប្រល័យ
ប៉ងប្រលោម ឱ្យក្ស័យ ន័យមិត្តភក្តិ។

#មនុស្សថ្មី

23/07/2024

គីង្គក់ខឹងព្រហ្មព្រោះទុរភិក្ស
ឈ្លោះគ្នាវរវឹកស្ពឹកសរសៃ
ដេញដោលរុកកួនហេតុបច្ច័យ
ដូចវ៉ៃកម្ចាត់ស្ងាត់រឿងប្រេត។

ព្រះឥន្ទចាត់ចែងបែងតាមបទ
តួក្បត់តួឯកចែកស៊ីឆ្អែត
សម្តែងឱ្យល្អបង្កហេតុ
ឃើញស្ប័ស្តក្រឡែតទោះបីល្ខោន។

សត្វសេកខំពោលពីដំណើរ
បាលីសរសើរបញ្ចកោណ
បង្រាបពួកប្រេតឱ្យព្រមឱន
លំទោនខ្លបខ្លាចមន្តស្តេចហង្ស។

ក្របី🐃និងគោ🐄ប្តូរវាចា
ពោលសរសើរថាស្តេចអាចអង់
ផ្លូវក្នុងបារមីជុំក្រឡង់
យុទ្ធសាស្ត្រត្រចង់គ្មានអ្នកផ្ទឹម។

ចចកកញ្រ្ជោងតោនិងខ្លា
សម្បូរអាហារមុខញញឹម
ទន្សាយប្រើសឈ្លួសអស់សង្ឃឹម
ព្រោះឈើសន្លឹមសល់ច្រឡឹង។

អង្គារ ២៣_០៧_២០២៤ (មនុស្សថ្មី)

10/07/2024

🤔 គេលើកទំនប់ យើងលុបទន្លេ
ឃាត់រាស្ត្រធ្វើស្រែ ខ្លាចទឹកមិនគ្រប់
ប្រឡាយមិនជីក បឹងព្រែកចាក់លុប
ទឹកមានមិនគ្រប់ បែរបន្ទោស​មេឃ ។

🤔 ស្រែស្រូវអស់ន័យ ចាក់ដីពុះឡូត៍
កសិករស្រែកថ្ងូរ រាស្ត្រហូរទឹកភ្នែក
ស្រុកកសិកម្ម ធ្វើស្រែចាំមេឃ
ផលដល់ល្អពេក ស្រេចលើមាត់ឈ្មួញ ។

🤔 កំណត់ទីផ្សារ ខ្លាចថាកុម្មុយនីស្ត
ខ្លាចគេថាជិះ ជាន់អ្នកជំនួញ
យើងស្រុកសេរី ធ្វើអីតាមឈ្មួញ
កុំខ្វល់រាស្ត្រទួញ រួញរាយ៉ាងណា ។

🤔 មន្ត្រីច្រើនពេក ដេកកំដរយស
កសិកម្ម​តែឈ្មោះ រាស្ត្ររស់ខ្លោចផ្សា
បញ្ញវន្តពស់វែក បណ្ឌិតដបស្រា
រាស្ត្រខ្ចីអង្គការ ស្ទើរតែគ្រប់ផ្ទះ ៕

រាមា ជើងព្រៃ

20/06/2024

_ សល់ក្តីអាណិតដ្បិតរួមសាសន៍
ចេះតែជួយដាស់ជួយរំឭក
តាមតែទឹកចិត្តដែលគ្រាំស្ពឹក
ខ្ជិលនឹងនានឹកឫកពូជហ្នឹង ។

_ ពូជជ័យអត់ធនរត់ពន្ធជាតិ
រស់ក្រៅមារយាទដូចសំផឹង
ក្បត់វង្សត្រកូលពោលលែងដឹង
ចោលសាច់យកឆ្អឹងពឹងវាសនា ។

_ ពឹងព្រះពឹងព្រាយសម្ពាយបុណ្យ
ពឹងសប្បុរសជនអ្នកឧកញ៉ា
ពឹងពរតេជៈអ្នកទេសនា
ពឹងមីក្រមាស្ករប៊ីចេង។

_ ពឹងនេះពឹងនោះច្រើនសណ្ឋាន
អ្វីពឹងមិនបានខួរខ្លួនឯង
ពឹងគេមួយចប់សព្វកន្លែង
រស់នៅជាល្បែងកំដរគេ ។

_ ខ្លួនគ្មានរំពឹងជាតិពឹងអ្វី
នេះជាសក្ខីលៃរិះរេ
បើយើងនៅរស់ព្រោះពឹងគេ
ជាតិយើងដូចគ្នាមិនធារទេ ។

_ ពាក្យពេចន៍ខ្ញុំច្រើនក្រើនរំឭក
ទោះចិត្តខ្ញុំស្ពឹកក៏មិនប្រែ
មួយជាតិខ្ញុំរស់ឈ្មោះជាក្មែរ
គ្មានគិតគេចកែប្រែប្រួលឡើយ ។

_ ពាក្យពិតរែងស្លែងខ្ញុំតែងប្រាប់
ថ្នាំល្វីងឆុតឆាប់ខ្ញុំប្រាប់ហើយ
ស្តាប់បានស្តាប់ច៎ុះណាត្រាណត្រើយ
ពិបាកឆ្លងឆ្លើយចែកភពគ្នា ។

_ ខ្ញុំរស់មួយជាតិឥតចំណុះ
សខ្មៅត្រូវខុសជាមាគ៌ា
យុត្តិធម៌ជាស្នូលពោលពណ៌នា
គោរពវន្ទាតែសុចរិត ។

_ ខ្ញុំឥតត្រូវការពាក្យសរសើរ
បញ្ជោរហៃអើគ្មានការពិត
ក៏ឥតព្យាយាមតម្រូវចិត្ត
បងប្អូនញាតិមិត្តណាមួយសោះ ។

_ ខ្ញុំគ្មានទំនោរជោរសង្គម
គ្មានរសនិយមនឹងសប្បុរស
ខ្ញុំចង់ធ្វើមនុស្សបេះដូងស្មោះ
ជាមហាបុរសប៉ុណ្ណោះឯង ៕

ឧបរាជ គ្មាននគរ

03/06/2024

មាតុភូមិអើយ ម្តេចស្រងេះស្រងោចម្ល៉េះ !

សញ្ញានៃសតិសម្បជញ្ញៈ នឹងបង្ហាញប្រាប់អ្នកថា
អ្នកជាឈាមជ័រពូជសាសន៍ដែលបាត់បង់ ល្គឹកណា
ក្នុងហឫទ័យរបស់អ្នកក្តុកក្តួលអួលណែនស្រណោះ
ស្រណោក វិយោគ រកបំផុតគ្មានចំពោះការបាត់បង់នេះ ។

សាកបិទភ្នែកអ្នកបន្តិច រួចស្រមៃដល់ការលះបង់របស់
បុព្វបុរស សាច់ស្រស់ឈាមស្រស់ ខ្លួនកប់ជ្រៅទៅ
ក្នុងដី ក្បាលដាំតែ ដៃជាប់ខ្នោះ ជើងជាប់ច្រវាក់
ត្រចៀកត្រូវគេដោតខ្សែបន្តគ្នាជាជួរ ក្បាលត្រូវគេកាត់
ឈាមហូរស្រោចធរណី ឆ្អឹងគរដូចភ្នំ ... តើអ្នកនឹង
ទទួលបាននូវអារម្មណ៍បែបណា ?
តើការលះបង់របស់ដូនតាបុ ព្វបុរស ដើម្បីអ្វី ?
ប្រសិនបើពួកគាត់ មានភាពអាត្មានិយមដូចអ្នក
តើអ្នកនឹងមានអ្វីខ្លះនៅថ្ងៃនេះ ?
ទឹកដីដ៏ពិសិដ្ឋមួយ បែរជាពោរពេញទៅដោយអកតញ្ញូជន
រស់នៅទៅវិញ តើឱ្យបន្តចីរភាពបានដោយរបៀបណា ?

បច្ចុប្បន្នភាព មនុស្សក្មែរមួយចំនួនកំពុងតែវង្វេង សប្បាយ
ភ្លើតភ្លើនទៅតាមទំនោរសង្គម មនោគមនវិជ្ជារបស់គេ
និងភាពអវិជ្ជារបស់ខ្លួន ស្របទៅតាមបែបផែនប្រជាភិថុតិ
ដែលគេបានរៀបចំ ។ ចាស់ ចាប់ផ្តើមក្លាយជាគំរូអាក្រក់
បាត់បង់តម្លៃជាអ្នកអប់រំប្រាជ្ញាស្មារតីសង្គម ។ ក្មេងមួយ
ចំនួន ចាប់ផ្តើមទាត់ចោលវីរភាពរបស់ដូនតា ជ្រើសដើរ
តាមគន្លងភាវូបនីយកម្ម ទំនើបកម្មវិជ្ជាបរទេសអនុត្តរភាព
និយម ហើយមួយចំនួនទៀត បានភ្លេច និងមិនដឹងទាល់
តែសោះចំពោះការបាត់បង់ទឹកដីជាង២១ខេត្តនៅថ្ងៃនេះ ។

ជាតិនិយម ត្រូវបានគេរុញឱ្យទៅជាជោរនិយម ទៅតាម
ផែនការយុទ្ធសាស្ត្ររុញឱ្យខ្លោចរោជឱ្យឆៅ ។

ខ្ញុំលើកពីចំណុចមួយ ដែលខ្លួនខ្ញុំផ្ទាល់បានត្រឹមតែខាំមាត់
លួចសម្រក់ទឹកភ្នែកនោះគឺពូជសាសន៍របស់ខ្លួន កំពុង
ចាញ់មនោគមគេហើយ ថែមទាំងចាត់ទុកមនោគមនោះ
គឺជាមោទនភាពរបស់ខ្លួនទៀត តួយ៉ាងដូចជាការសាក់រូប
ផែនទីផ្ទៃក្រឡា១៨១០៣៥គីឡូម៉ែត្រក្រឡាយ៉ាងផុសផុល
ប្រកូកប្រកាសផ្សព្វផ្សាយយ៉ាងទូលំទូលាយ ...។
ម្រាយអើយ ! នេះជាតិនិយម ឬជោរនិយម ឆ្កួតឬក៏ជា
កសាង ឬក៏បំផ្លាញ ...ឱ្យប្រាកដ ។

ប្រសិនបើគ្រប់គ្នាសុទ្ធតែប្រកាន់យក១៨១០៣៥គីឡូម៉ែត្រ
ក្រឡាទៅហើយ តើនៅនិយាយពីថ្ងៃ៤មិថុនានេះធ្វើអ្វីទៀត ?
វាមិនស្មើនឹងការយល់ព្រមដោយតណ្ហីភាពទេឬ ?
ជាង២១ខេត្ត រយៈពេល៧២ឆ្នាំ មិនក្លាយជាអសារបង់ក្រោម
របត់ជោរនិយមនេះហើយទេឬ ?
មនោសគមស្ទង់ស្ទាប បញ្ជ្រាប រុញច្រាន មួយជំហានៗ
សុទ្ធតែដើរតាមផែនការយុទ្ធសាស្ត្រ និងសមស្របទៅតាម
ទំនោរចលនាផ្នត់គំនិតមនុស្សខ្មែរជានិច្ច ។

សល់ពេលមិនយូរទេជនរួមជាតិ ដែលយោងទៅតាមច្បាប់
អន្តរជាតិ កម្ពុជាក្រោមនឹងក្លាយទៅជាទឹកដីស្របច្បាប់
របស់បរទេសឈ្លានពាន ។
ក្នុងនាមជាអ្នកបន្តវេនពូជសាសន៍ ជាអ្នករៀនសូត្រ ជា
យុវជននៃសង្គមជាតិមួយ តើអ្នកព្រមឈរឱបដៃមើល
មាតុភូមិមួយនេះធ្លាក់ទៅក្នុងដៃបរទេសដោយមិនអើពើ
មិនសួរនាំ មិនរកវិធី មិនចូលរួម ...ឬយ៉ាងណា ?

ប្រសិនបើអ្នកមានទឹកចិត្តមោះមុត ពុះកញ្ជ្រោល ស្តាយ
ស្រណោះ ... ម្តេចអ្នកមិនចូលរួមជាមួយខ្ញុំ ?
យ៉ាងហោចណាស់ ក្នុងនាមជាជនរួមឈាមមួយរូប
អ្នកមិនបានសល់វិប្បដិសារីសម្រាប់មាតុភូមិនេះទេ ។

ជាការពិតណាស់ អ្នកអាចជ្រើសយកជម្រើសឱបដៃ
ឈរមើលបាន ...
ប៉ុន្តែក្នុងចិត្តខ្ញុំ ជនជំពូកនេះ មិនមែនជាមនុស្សទេ ។

ទំព័រខ្ញុំនេះ ជាទំព័រឈឺចាប់នៃពូជសាសន៍បាត់បង់មួយ
ហើយបដិទាននៃគំនិតនេះ មិនមានថ្ងៃរីងស្ងួតឡើយ ។
ចេញចុះ ! ប្រសិនបើអ្នកឆ្គាំឆ្គង ប្រទើសចិត្ត និងមាន
អារម្មណ៍ថា ខ្ពើមរអើម ជ្រក់ជ្រេញ ។

ម្នាក់នេះ ឱ្យតម្លៃមនុស្ស និងមាក់ងាយមនុស្សណាស់
ប៉ុន្តែគ្រប់យ៉ាង មានសច្ចភាពជាប្រធាន ។

ជាក្មែរមួយរូប ខ្ញុំសូមចូលរួមសោកស្តាយជាពន់ពេក
សម្រាប់ការបាត់បង់ការគ្រប់គ្រងទឹកដី៧៥ឆ្នាំ ។
ខ្ញុំសច្ចាថា ខ្លួនខ្ញុំដាច់ខាតមិនមែនជាជនឈរឱបដៃ
មើលនោះទេ ។

កសាងមាគ៌ាមហាបរុស ដើម្បីសង្គ្រោះទឹកដីមកវិញ ៕

ជន_សេរី ______

01/06/2024

_ រន្ទះ​ភ្លៀងផ្គរស្នូរខ្យល់ខាងកើត
ស្តូបស្ទុះអង់អើតឆើតឆាយហំហួន
ពូជHOលាស់ត្រួយស្ទួយសាវតារដួន
ដៃកាន់ក្តារឈ្នួនទិញងារឧបរាជ ។

_ ដង្កូវ​ក្នុងពាងច្រៀងឌឺម្ចាស់ស្រុក
ក្អែកកាច់សម្បុកទំនាយគ្រោះកាច
រឿងស្មៅកន្ត្រើយស្បើយអ្នកខ្លបខ្លាច
គោអស់អំណាច ភ្ជួ​រស្រែស្រុកឆ្ងាយ ។

_ មោទក​ផ្ទួនៗដួនហក់ឡើងគោក
សម្បទានវិនិយោគកៅសិបឆ្នាំផ្លាយ
ទន្លេអស់ត្រី ព្រៃក៏ខ្ចាត់ខ្ចាយ
ទំពាំងពុលបាយលែងស្តាយដូនតា ។

_ ព្រំដែន​ចេះដើរក្លើចេះតែខ្លាំង
ម្ចាស់ស្រុកប្រណាំងរង្វាន់បៀរស្រា
បណ្ឌិតកើតច្រើនដីរួមក្រឡា
រស់ខ្វះមនសិការតើជាតិពឹងអ្វី ?

_ សង្ឃឹមឧបជ្ឈាយ៍​ទេសនា​ពន្យល់
ហេតុផលឫសគល់ការពារទឹកដី
តែអស់លោកវិញទន្ទេញបាលី
ចេះចាំសេចក្តីទេសសន្សំសុខ ។

_ សង្ឃឹមលើគ្រូវិញ្ញូឧត្តម
ពោលពិតអប់រំជួយរំដោះទុក្ខ
មើលយល់ស្គាល់ហេតុនៅគ្រាខាងមុខ
តែបែររកសុខទុកជាតិមួយឡែក ។

_ សង្ឃឹមយុវជនជាទុនសសរ
ស្មារតី​បន្តថ្ងៃនេះថ្ងៃស្អែក
តែយុវជនខ្លះប្រាស់វង្វេងបែក
ទុកជាតិឱ្យក្អែកហែកចែកគ្នាស៊ី ។

_ សង្ឃឹម​ពួកបក្សអ្នកនយោបាយ
ចេះ​ស្រណោះ​ស្តាយរួបរួមសាមគ្គី
តែផ្ទុយមកវិញប្រជែងពេញទី
ទោះជាតិខ្ទេចខ្ទីក៏មិនខ្វល់ខ្វាយ ។

_ សង្ឃឹមអ្វីទៀត ឱ! ជាតិខ្ញុំអើយ
ដឹងហើយឮហើយបានត្រឹមសោកស្តាយ
ទំនុកភ្លេងHO មនោគម​វែងឆ្ងាយ
ពេលណាអាចស្រាយ ចំណងនេះបាន ?

ប៉ាកកា​ អរូប

24/03/2024

សង្ខេបរឿងរ៉ូមេអូ-ហ៊្សូលីយ៉ែត
_អ្នកនិពន្ធ វីល្លីយ៉ាម សេកស្ពៀរ
_កាលកំណត់តែង គ.ស. ១៥៩៥
_បកប្រែដោយ លោកហង្ស ធុនហាក់ ១៩៧១
រឿងនេះស្ថិតនៅក្នុងក្រុង វ៉េរ៉ូណា (Verona) ប្រទេសអ៊ីតាលី។ ចាប់ផ្ដើមឡើងដោយជម្លោះគ្រួសារ ម៉ុងតាហ្គុយ (Montague) និង កាប់ពុយឡែត (Capulet) ។ ជម្លោះគ្រួសារទាំងពីរ មិនដឹងជាកើតឡើងពីពេលណាទេ។ រ៉ូមេអូ ជាកូនក្នុងគ្រួសារ ម៉ុងតាហ្គោ បានស្រឡាញ់រ៉ូសាលីន (Rosaline) តែនាងមិនស្រឡាញ់វិញ។ ហ្ស៊ូលីយ៉ែត ជាកូនស្រីអាយុ ១៣ឆ្នាំ របស់គ្រួសារកាពុយឡែត។ ឪពុកម្ដាយរបស់នាង ចង់ឱ្យនាងរៀបការជាមួយប៉ារីស ដែលជាមិត្តភក្តិរបស់ព្រះអង្គម្ចាស់អេស្កាលឹះ របស់ក្រុងវ៉េរ៉ូណា ទើបគ្រួសារ កាប់ពុយឡែត ប្រារព្វពិធីជប់លៀងមួយក្នុងគេហដ្ឋានកាប់ពុយឡែត។ រ៉ូមេអូក៏ទៅចូលរួមពិធីនៅះដែរ ទោះពុំមានការអញ្ជើញក៏ដោយ ព្រោះគេគិតថា មានវត្តមានរ៉ូសាលីន។ ប៉ុន្តែ គេក៏ជួប និងស្រឡាញ់ហ្ស៊ូលីយ៉ែត ហើយវាជាការថើបលើកដំបូងរបស់ហ្ស៊ូលីយ៉ែតដែរ។ រ៉ូមេអូបានលួចមកជួបនាងយប់នោះ ហើយក្រោយមកពួកគេក៏សន្យារៀបការជាមួយគ្នាដោយសម្ងាត់ ដោយមានការជួយពីលោកឪពុក(អាចារ្យ)ឡូរ៉ង់ (Friar Laurence)។ នៅថ្ងៃដែលពួកគេការ រ៉ូមេអូក៏ជ្រុលដៃសម្លាប់ទីបាល់ (Tybalt) ដែលជាបងប្អូនជីដូនមួយរបស់ ហ្ស៊ូលីយ៉ែត ទើបព្រះអង្គម្ចាស់អេស្កាលឹះ បញ្ជូនគេចេញពីវ៉េរ៉ូណា ហើយមួយយប់មុនថ្ងៃចាកចេញ រ៉ូមេអូបានលបទៅជួបហ្ស៊ូលីយ៉ែត ហើយជារាត្រីដំបូងរបស់គេ។ ក្រោយមក ហ្ស៊ូលីយ៉ែតត្រូវបានបង្ខំឱ្យរៀបការជាមួយប៉ារីស។ នាងក៏សូមជំនួយពី អាចារ្យឡូរ៉ង់ ហើយគាត់ក៏រៀបគម្រោងមួយ ដោយឱ្យ ហ្ស៊ូលីយ៉ែតផឹកថ្នាំដេក៤៨ម៉ោង។ រួចគាត់បញ្ជូនគេឱ្យប្រាប់រ៉ូមេអូ។ តែផែនការនេះបរាជ័យ ដោយរ៉ូមេអូទទួលដំណឹងថា ហ្ស៊ូលីយ៉ែតស្លាប់ ក៏ស្កាត់មកជួបនាងទាំងយប់ រួចលេបថ្នាំពុលសម្លាប់ខ្លួនក្បៃរកន្លែងគេដាក់សាកសពនាង។ បន្តិចក្រោយមក ហ្ស៊ូលីយ៉ែតក៏ដឹងខ្លួន ឃើញរ៉ូមេអូស្លាប់ ក៏ចាក់ពោះសម្លាប់ខ្លួនតាម។ ទីបំផុតទើបគេទទួលស្គាល់ភក្តីភាពស្នេហាអ្នកទាំងពីរ ហើយសាងរូបអ្នកទាំពីរ និងឈប់ឈ្លោះគ្នាពីពេលនោះមក។

ប្រភព: ហ្វេសប៊ុក

23/03/2024

ស្រីគ្រប់លក្ខណ៍ត្រូវប្រកបដោយលក្ខណៈ៣១យ៉ាង ៖

១- មិនចេះអេចអូចនិយាយដើមគេ
២- ចេះគួរសមក្រោកទទួលមាតា បិតានិងស្វាមី
៣- ដឹងគុណ តបគុណមាតា បិតា ញាតិសន្តានទាំងពីរខាង
៤- មិនចេះដេកថ្ងៃ
៥- មិនភ្លីភ្លើ ភ្លេចមុខ ភ្លេចក្រោយ
៦- ចេះថែទាំរបស់ទ្រព្យ
៧- មិនផិតក្បត់ស្វាមី
៨- មិនចេះប្រចណ្ឌស្វាមី
៩- គ្មានកលមាយា
១០- មិនរំសាយសក់ឱ្យគេឃើញ
១១- មានចិត្តអត់ធន់ធ្ងន់ធ្ងរ
១២- មានជើងស្រាល មិនដើរទន្រ្ទាំក្ឌុងក្ឌាំង
១៣- មិនឈរ ឬអង្គុយសម្ញែងកាយឱ្យគេឃើញ
១៤- មិនដើរញ៉ិកញ៉ក់កាច់រាង
១៥- ចេះសង្រួមភ្នែក មិនក្រឡេករឡេមរឡាម
១៦- មានដំណើរល្អ មិនគ្រលែងកាយ ជំទយគូទ
១៧- មិនបង់បោយញាក់ស្មា គ្រលែងដើមដៃ
១៨- មានសំឡេងតិច ច្បាស់លាស់ មិននិយាយឡូឡា
១៩- មិនចេះឡេះឡោះលេងសើច
២០- មិននិយាយផ្តោះផ្តងចំពោះបុរស និងស្ត្រី
២១- មិនទម្រន់ ធ្វើការណាធ្វើទាល់តែហើយការនោះ
២២- ទៅទីណាឆាប់ត្រឡប់មកវិញ កុំញៀនអង្គុយផ្ទះគេ
២៣- ចេះទុកដាក់ឥវ៉ាន់ក្នុងពេលគួរទុកដាក់
២៤- ចេះរៀបចំផ្ទះសម្បែង
២៥- ចេះតុបតែងគ្រឿងឧបភោគ បរិភោគ
២៦- ខ្លាចចិត្តស្វាមី មាតា បិតា ហើយគោរពតាមឱវាទ
២៧- បរិភោគចំណីអាហារក្រោយស្វាមី និងមាតាបិតា
២៨- ឈប់បរិភោគមុនស្វាមី និងមាតា បិតា
២៩- ដេកលក់ក្រោយស្វាមី
៣០- ភ្ញាក់មុនស្វាមី
៣១- មានមេត្តា ករុណា ចេះធ្វើបុណ្យទាន។
ស្ត្រីដែលប្រកបដោយលក្ខណៈគ្រប់ពេញលេញទាំង៣១នេះហៅថា ស្រីគ្រប់លក្ខណ៍ បើមិនពេញលេញទេគឺមានខ្វះខាតខ្លះគេហៅថា ស្រីខាតលក្ខណ៍ ហើយ បើមានតែត្រង់នេះខ្លះ ត្រង់នោះខ្លះ រដាច់រដោច គេហៅថា ស្រីដាច់លក្ខណ៍ ឬ មេកំដាច់លក្ខណ៍។

ប្រុសគ្រប់លក្ខណ៍ត្រូវប្រកបដោយលក្ខណៈ២៦យ៉ាង ៖

១- ឧស្សាហ៍ខ្នះខ្នែងធ្វើការងារ រៀនសូត្រ មិនប្រកាន់ខ្លួន
២- មិនចេះលួចប្លន់ កិបកេង ឆបោក
៣- មិនឈ្លានពានចំពោះកូនប្រពន្ធអ្នកដទៃ
៤- មិនរំភើបញាប់ញ័រ ភ័យអរផ្តេសផ្តាស
៥- មិននិយាយកុហក ភរភូតឱ្យលើសពីការពិត
៦- មិននិយាយត្រាប់ឱ្យអៀនខ្មាស
៧- បានឮដំណឹងហើយ វិនិច្ឆ័យសិន ទើបជឿជាក្រោយ
៨- ធ្វើការងារមិនរួសរាន់ពេក មិនយឺតយូរពេក
៩- មិនចេះនិយាយបំភ្លើសសើចលេង
១០- ចេះទទួលភ្ញៀវពន្លឺមិនលាក់មុខ
១១- មានថ្នាំកែរោគបម្រុងទុកមិនឱ្យខ្វះក្នុងពេលត្រូវការ
១២- មិនប្រាប់ការសម្ងាត់ដល់អ្នកដទៃ
១៣- មិនផ្ញើរបស់ទុកនឹងបុគ្គលមិនគួរផ្ញើ
១៤- មានចិត្តអត់ធន់ តស៊ូ មិនញ៉ាក
១៥- មានស្វាមីភក្តិចំពោះចៅហ្វាយនាយ
១៦- មិនចេះឡិកឡក់ចំពោះស្រីក្រមុំ
១៧- ស្គាល់ចំណេញ ស្គាល់ខាត
១៨- រកប្រដាប់តុបតែងខ្លួនឱ្យភរិយា បុត្រធីតានិងខ្លួនឯង
១៩- មិនទិញជឿនូវរបស់ប្រើប្រាស់គ្រប់យ៉ាង
២០- ដឹងគុណ តបគុណ សរសើរគុណចំពោះអ្នកមានគុណ
២១- គោរពតាមឱវាទមាតា បិតា ញាតិមិត្តនិងអ្នកប្រាជ្ញ
២២- ចេះអត់ទ្រាំស្តាប់នូវពាក្យដែលគេស្តីបន្ទោស ប្រដៅ
២៣- មានកាយ វាចាសមរម្យ មិនឆ្គង
២៤- ឱ្យដំណឹងមនុស្សក្នុងផ្ទះហើយ ទើបចេញទៅ
២៥- ចេះវាយប្រដៅកូនដោយរំពាត់យ៉ាងតូច
២៦- ខឹងឆាប់បាត់ មិនចងកំហឹងទុក។

បុរសដែលប្រកបដោយលក្ខណៈគ្រប់ពេញលេញទាំង២៦នេះហៅថា ប្រុសគ្រប់លក្ខណ៍ បើមិនពេញលេញទេគឺមានខ្វះខាតខ្លះគេហៅថា ប្រុសខាតលក្ខណ៍ ហើយ បើមានតែត្រង់នេះខ្លះ ត្រង់នោះខ្លះ រដាច់រដោច គេហៅថា ប្រុសដាច់លក្ខណ៍ ឬ អាកំបាក់ទន្សា។

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Website

Address


Phnom Penh