19/07/2024
ជាទូទៅ គេគិតថាអ្វីៗតែងតែប្រព្រឹត្តទៅដោយអាស្រ័យទៅលើទំនាក់ទំនងរវាងហេតុនិងផល ឬអនុលោមតាមទ្រឹស្ដីកម្មផល។ គ្មានអ្វីមួយអាចកើតឡើងដោយគ្មានបុព្វហេតុ ឬកម្មឡើយ។ ហេតុដូច្នោះហើយ ទើបបុព្វបុរសខ្មែរ បានលើកឡើងនូវសុភាសិតមួយថា«ទំពក់វាទៅ ទើបព្នៅវាមក»។ តើសុភាសិតនេះ មានន័យដូចម្ដេច? ហើយវាបង្កប់ខ្លឹមសារអប់រំយ៉ាងណាដែរ?
មុននឹងបកស្រាយសុភាសិតនេះ យើងគប្បីយល់ដឹងនូវពាក្យគន្លឹះមួយចំនួនដូចខាងក្រោម។ ពាក្យ«ទំពក់» សំដៅយកឧបករណ៍ដែលធ្វើពីឈើ ឬឫស្សី ដែលមានដងវែងឬខ្លីអាស្រ័យតាមតម្រូវការ ដែលចុងរបស់វាមានរាងកោង ឬត្រូវគេពុះជាពីរ ដើម្បីអាចថ្ពក់ឬគាបផ្លែឈើដែលគេចង់បេះនោះបានតាមប្រាថ្នា។ «ព្នៅ» គឺជារុក្ខជាតិមួយប្រភេទ ដែលស្លឹករបស់វាមានក្លិនហាងប្រហើរ, ត្រួយឬស្លឹកខ្ចីប្រើធ្វើជាអន្លក់ឬរបោយបាន, ផ្លែរបស់វាមានជ័រស្អិតនៅរុំគ្រាប់, កាលនៅខ្ចីមានរសហាង លុះដល់ទុំឡើងសម្បុរលឿងមានក្លិនក្រអូបឈ្ងុយ មានសាច់ម៉ដ្ឋ រសជាតិផ្អែម, ប្រើជាចំណីឬជាថ្នាំកែរោគក៏បាន ជាដើម។ ព្នៅ មានច្រើនប្រភេទផ្សេងៗគ្នា ដូចជា ព្នៅពងមាន់, ព្នៅសណ្ដាយ ជាដើម។
ក្នុងន័យត្រង់ «ទំពក់វាទៅ ទើបព្នៅវាមក» មានន័យថា បើយើងមិនយកទំពក់ទៅបេះផ្លែព្នៅទេ ផ្លែព្នៅក៏វាមិនជ្រុះដែរ។ ក្នុងន័យនេះចំពោះការបេះផ្លែឈើផ្សេងៗទៀតក៏មានលក្ខណៈដូចគ្នាដែរ ទាល់តែយើងប្រើទំពក់ទៅបេះវា ទើបផ្លែឈើទាំងនោះវាធ្លាក់មក។
ក្នុងន័យធៀប «ទំពក់វាទៅ ទើបព្នៅវាមក» អាចសំដៅយកន័យជាច្រើន និងក្នុងវិស័យជាច្រើន ដូចជា ក្នុងអន្តរកម្មសង្គម បើយើងមិនទៅរករឿងគេ គេក៏មិនមករករឿងយើងវិញដែរ។ បើយើងមិនជេរគេ គេក៏មិនជេរយើងវិញដែរ។ បើយើងមិនប្រើហិង្សាលើគេ គេក៏មិនប្រើហិង្សាលើយើងវិញដែរ។ បើយើងមិនប្រើល្បិចអាក្រក់ដាក់គេ គេក៏មិនប្រើល្បិចអាក្រក់ត្រឡប់មកលើយើងវិញដែរ។ បើយើងមិនទាក់ទងគេ គេក៏មិនមានទំនាក់ទំនងជាមួយយើងដែរ។ បើយើងមិនធ្វើល្អជាមួយគេ គេក៏មិនធ្វើល្អជាមួយយើងវិញដែរ...។
ក្នុងទំនាក់ទំនងស្នេហា បើយើងមិនលួងលោមគេ គេក៏មិនបាក់ចិត្តស្រឡាញ់យើងដែរ។ បើយើងមិនបើកដៃឱ្យគេ ក៏គេមិនហ៊ានដែរ។ ក្នុងវិស័យព្រះពុទ្ធសាសនា សុភាសិតនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងជ្រុងមួយនៃ«ទ្រឹស្ដីកម្មផល ៖ ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់»។ ក្រៅពីនេះ គេក៏អាចប្រើវាបាននៅក្នុងវិស័យជាច្រើនទៀត រួមទាំងទំនាក់ទំនងអន្តរជាតិផងដែរ។ ជាក់ស្ដែង ទំនាក់ទំនងការទូតរវាងប្រទេសពីរ ឬតំបន់ពីរ តែងតែប្រព្រឹត្តទៅជាអន្តរកម្មរវាងប្រទេស ឬតំបន់នោះ ដែលមានបំណងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងខាងនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាដើម។
27/02/2024
13/11/2023
11/11/2023
09/11/2023
28/12/2022
03/09/2022
31/08/2022
21/06/2022