02/02/2026
មនុស្សរាល់គ្នាសុទ្ធតែមានការឈឺចាប់រៀងៗខ្លួន ការឈឺចាប់ដែលមិនអាចបញ្ចេញជាពាក្យ មិនអាចបង្ហាញជាទឹកភ្នែក និងមិនអាចពន្យល់ឲ្យអ្នកដទៃយល់បាន។
ខ្លះលាក់វា នៅក្រោយស្នាមញញឹម ខ្លះលាក់វា នៅក្រោយភាពស្ងៀមស្ងាត់ ខ្លះលាក់វា នៅក្រោយភាពរឹងមាំ
ដែលមនុស្សផ្សេងៗយល់ថា “គ្មានអ្វីទេ” ប៉ុន្តែជាការពិត វាគឺជាសង្រ្គាមក្នុងចិត្តដែលគេកំពុងប្រយុទ្ធរាល់ថ្ងៃ។
អ្នកខ្លះហាក់ដូចជារឹងមាំ ព្រោះគ្មានជម្រើសក្រៅពីការរឹងមាំ
អ្នកខ្លះហាក់ដូចជាអស់សង្ឃឹម ព្រោះបានរក្សារការឈឺចាប់អស់ជាយូរមកហើយ។
ដូច្នេះ សូមកុំឆាប់វាយតម្លៃលឿនពេក កុំវិនិច្ឆ័យមនុស្សតាមរូបរាងខាងក្រៅឬតាមអ្វីដែលយើងបានឮតែម្តង ព្រោះពាក្យវិនិច្ឆ័យតូចមួយអាចក្លាយជាបន្ទុកធ្ងន់លើបេះដូងដែលកំពុងរងរបួស។
បើយើងមិនអាចយល់អារម្មណ៍គេបាន យ៉ាងហោចណាស់ សូមរក្សារភាពស្ងៀមស្ងាត់
បើមិនអាចជួយសម្រួលការឈឺចាប់ យ៉ាងហោចណាស់ កុំបន្ថែមការឈឺចាប់ថ្មី។
ភាពយល់ចិត្ត និងមេត្តាករុណា មិនត្រូវការពាក្យធំៗទេ ពេលខ្លះ គ្រាន់តែការមិនវាយតម្លៃក៏អាចជាការជួយដ៏មានតម្លៃបំផុតសម្រាប់មនុស្សម្នាក់ដែលកំពុងតស៊ូរស់នៅក្នុងភាពស្ងៀមស្ងាត់របស់ខ្លួនបានដែរ។