15/04/2024
សេចក្ដីសុខរបស់គ្រហស្ថ ៤ យ៉ាង
សេចក្ដីសុខរបស់យើងអ្នកគ្រប់គ្រងផ្ទះមាន ៤ ប្រការដែល ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែង ហើយយើងត្រូវតែធ្វើឲ្យបានគឺ៖
១- អត្ថិសុខ សុខកើតអំពីការមានទ្រព្យ
២- ភោគសុខ សុខចេះប្រើប្រាស់ចាយវាយទ្រព្យ
៣- អនណសុខ សុខមិនជំពាក់បំណុលគេ
៤- អនវជ្ជសុខ សុខការងារប្រាសចាកទោស។
នេះជាសេចក្ដីសុខ ៤ ប្រការ សម្រាប់យើងជាគ្រហស្ថដែលព្រះសម្ពុទ្ធទ្រង់ជាសព្វញ្ញូ ទ្រង់ជ្រាបច្បាស់នូវសច្ចធម៌ប្រកាសសម្ដែងជាប្រយោជន៍ដល់យើង មានអធិប្បាយថា៖
អត្ថិសុខ បានសេចក្ដីថា យើងជាអ្នកនៅគ្រប់គ្រងផ្ទះ ការមានទ្រព្យចាត់ជាសេចក្ដីសុខមួយយ៉ាងសំខាន់ ដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន គ្រប់ពេលវេលា បើមិនមានទ្រព្យហើយ សេចក្ដីសុខក៏គ្មានដែរ តែក៏គប្បីយល់ដែរថាការបានទ្រព្យនោះមិនមែនបានមកដោយងាយៗឬ ដោយលួច ឆក់ ប្លន់ ដណ្ដើម កេងប្រវ័ញ្ចគេនោះទេ ត្រូវតែព្យាយាមពោលគឺខ្នះខ្នែងដោយកម្លាំងដៃ មានញើសហូរចេញគួបផ្សំនឹងបញ្ញារបស់យើង ដែលបានសិក្សារមកហើយរហូតមានជំនាញក្នុងការងាររកស៊ីគ្រប់មុខ ឬ មុខរបរណាមួយដែលមានសមត្ថភាពយើងអាចធ្វើបាន ហើយទ្រព្យនោះឯង យើងតែងបានមកដោយធម៌សុចរិតទៀងត្រង់ ធ្វើឲ្យយើងមានសុខសោមនស្សថា ទ្រព្យទាំងឡាយ ដែលបានមកដោយសេចក្ដីព្យាយាមរបស់យើង ជាទ្រព្យប្រកបដោយធម៌ បានមកដោយធម៌ របស់អាត្មាអញ មិនមែនបានមកដោយទុច្ចរិតនោះទេ នេះហៅថា អត្ថិសុខ។
ភោគសុខ មានន័យថា ខុសកើតពីការចេះប្រើប្រាស់ចាយវាយទ្រព្យ ដែលខ្លួនរកបានមកនោះ ត្រូវបែងចែកទៅក្នុងផ្លូវជាកុសលដូចចិញ្ចឹមមាតាបិតា បុត្រភរិយា ទាសាទាសី កម្មករដែលរួមរស់ក្នុងបន្ទុករបស់ខ្លួនឲ្យមានសេចក្ដីសុខព្រោះអាស្រ័យទ្រព្យដែលខ្លួនមាននោះ។ ម្យ៉ាងទៀត ចេះចែករំលែកឲ្យទានដល់បុព្វជិតអ្នកបួស និងអ្នកកំសត់ទុគ៌ត ហៅថាធ្វើបុណ្យ។ ត្រូវចៀសវាងយ៉ាងដាច់ខាត នូវការប្រើប្រាស់ទ្រព្យក្នុងផ្លូវខុស គឺ ចំណាយទៅលើស្រី ស្រា ល្បែង ជាអំពើអបាយមុខ នាំឲ្យវិនាសទ្រព្យសម្បត្តិ។
អនណសុខ មានសេចក្ដីថា សុខកើតពីការមិនជាប់ជំពាក់បំណុលគេធម្មតាអ្នកជាប់ជំពាក់បំណុលគេ ទោះតិចក្ដីច្រើនក្ដីតែងមានសេចក្ដីទុក្ខព្រួយភ័យខ្លាចក្នុងចិត្តជានិច្ច ក្រែងម្ចាស់បំណុលគេមកតឿនទារ។ ឯអ្នកមិនជាប់បំណុលគេនេះ តែងមានសេចក្ដីសុខសោមនស្សដូច្នេះថា អាត្មាអញមិនជំពាក់បំណុល ទោះតិចក្ដី ច្រើនក្ដី របស់បុគ្គលណាមួយឡើយ នេះហៅថា អនណសុខ។
អនវជ្ជសុខ មានន័យថា សុខកើតពីការងារប្រាសចាកទោស រាល់ការងារដែលយើងប្រកបក្នុងការរកស៊ីចិញ្ចឹមជីវិតសព្វថ្ងៃ មានការងារខ្លះអាចផ្ដល់ទោសកំហុសដល់អ្នកធ្វើដូចជាត្រូវចូលគុក ជាប់ច្រវាក់ និងត្រូវគេដាក់ទោសទណ្ឌកម្មផ្សេងៗ ផលទាំងអស់នេះបណ្ដាលមកពីការងារមិនសុចរិត។ បុគ្គលអ្នកប្រាថ្នាសេចក្ដីសុខ ត្រូវវៀរចាក ការសម្លាប់ ការលួច ឆក់ ប្លន់ ការប្រព្រឹត្តិខុសក្នុងកាមនិយាយពាក្យកុហក ផឹកទឹកស្រវឹង ហើយបែរមកប្រកបធម៌ល្អមានការស្រលាញ់ចំពោះមនុស្សនិងសត្វទូទៅ រកស៊ីក្នុងផ្លូវសុចរិត ត្រេកអរតែនឹងភរិយារបស់ខ្លួន មានភាពស្មោះត្រង់ចំពោះគ្នានឹងគ្នាចម្រើនសតិវៀរចាកគ្រឿងស្រវឹង និងការងារឲ្យស្អាតដោយកាយ ដោយវាចា និងដោយចិត្ត ការពិចារណាឃើញអំពើដែលខ្លួនធ្វើសុទ្ធតែល្អ ដូច្នេះក៏រមែងត្រេកអររីករាយអ្នកដទៃក៏រាប់អានស្រលាញ់ចូលចិត្តសេចក្ដីសុខសោមនស្សក៏កើតឡើងព្រោះការងារមិនមានទោសយ៉ាងនេះ។ យើងជាអ្នកស្រលាញ់កិត្តិយសកេរ្តិ៍ឈ្មោះ យើងត្រូវតែជាអ្នកមានកាយកម្មសុចរិត វចីកម្មសុចរិត មនោកម្មសុចរិត។ នៅក្នុងអដ្ឋកថាមនោរថបូរណី អដ្ឋកថាចារ្យសម្ដែងថា សុខបីខាងដើមមិន បានចម្រៀកទី១៦ នៃសុខ ដែលកើតអំពីការងារប្រាសចាកទោសឡើយ។
ព្រោះហេតុនោះ សូម្បីតែយើងមិនមានទ្រព្យសម្បត្តិជាសុខក៏ដោយ ក៏យើងមិនត្រូវទៅធ្វើអំពើលាមកមានលួចប្លន់ជាដើមឡើយ យើងត្រូវគិតឃើញថា ទ្រព្យដែលមានវាកើតមកអំពីបុណ្យ បើយើងខ្វះបុណ្យហើយ តើទ្រព្យសម្បត្តិបានអំពីទីណា។
15/04/2024
សុខព្រោះហេតុ ៩ យ៉ាង
មានធម៌ក្នុងខ្លួនទើបដឹងថាសេចក្តីសុខមិនមែនលើការយកឈ្នះអ្នកដទៃនោះទេ គឺសេចក្តីសុខរមែងមានហេតុនៃសេចក្តីសុខដោយឡែកផ្សេងៗ មានដូចជា ៖
១. សុខ ព្រោះមិនបៀតបៀនអ្នកដទៃ
២. សុខ ព្រោះសន្សំសេចក្តីល្អ
៣. សុខ ព្រោះការព្រមព្រៀង
៤. សុខ ព្រោះមានបញ្ញាយល់ដឹងការពិត
៥. សុខ ព្រោះមិនក្រោធខឹង
៦. សុខ ព្រោះការមិនប្រកាន់
៧. សុខ ព្រោះការឲ្យអភ័យ
៨. សុខ ព្រោះការមិនយកទុក្ខមកដាក់ខ្លួន
៩. សុខ ព្រោះការបានឈ្នះខ្លួនឯង
15/04/2024
គន្លឹះធ្វើឲ្យជីវិតអ្នកមានក្តីសុខ
មនុស្សយើងម្នាក់ៗកើតមកតែងតែចង់មានសេចក្តីសុខ គ្មានអ្នកណាចង់មានទុក្ខនោះទេ។ តែទោះជាយ៉ាងណាក្តីកាលណាយើងមានជីវិត យើងតែងជួបទាំងសេចក្តីសុខ និងសេចក្តីទុក្ខ សំខាន់យើងត្រូវដឹងថាគួរធ្វើយ៉ាងណាទើបអាចមានសេចក្តីសុខ សុភមង្គលនៅក្នុងជីវិត ច្រើនជាងសេចក្តីទុក្ខ។
ខាងក្រោមជាគន្លឹះមួយចំនួនដែលអាចជួយអ្នកឲ្យមានសេចក្តីសុខនៅក្នុងជីវិត៖
១. មានមោទនភាពចំពោះអ្វីដែលខ្លួនឯងមាន
ធ្វើជាមនុស្សត្រូវរីករាយចំពោះអ្វីដែលខ្លួនកំពុងមានរាល់ថ្ងៃនេះ ត្រូវសប្បាយចិត្តនឹងសមិទ្ធិផលដែលខ្លួនបានធ្វើ។ ប្រសិនបើយើងមិនចេះសប្បាយចិត្ត មិនគាំទ្រខ្លួនឯងផង សួរថាមានអ្នកណាគេមកអបអរសាទរជាមួយយើងនោះ!
២. មានគំនិតសុទិដ្ឋិនិយម
ត្រូវដៅគោលដៅណាមួយក្នុងជីវិតឲ្យបានច្បាស់ ហើយមានសង្ឈឹម និងភាពជឿជាក់ជានិច្ចថាវានឹងអាចកើតឡើងនៅថ្ងៃណាមួយមិនខាន។ នៅពេលដែលយើងគិតបែបនេះ យ៉ាងហោចណាស់វាធ្វើឲ្យយើងមានកម្លាំងចិត្តក្នុងការតស៊ូដើម្បីបានវាមក។
៣. កុំច្រនែននឹងអ្នកដ៏ទៃ
កុំចង់បានអ្វីដែលមិនអាចទៅរួច ឧទាហរណ៍ បើយើងឃើញគេមានឡានទំនើបជិះ មានផ្ទះវីឡាស្នាក់នៅ ហើយយើងចង់មានដូចគេដែរ តែប្រសិនបើយើងគិតថាវាមិនអាចទៅរួចទេ សូមកុំស្រមើលស្រមៃទៀតអី ព្រោះវានាំតែធ្វើឲ្យយើងខូចចិត្ត និងបាក់ទឹកចិត្តទេ ហើយត្រូវចាំថាមនុស្សយើងកើតមកមានវាសនាមិនដូចគ្នាឡើយ។
៤. ចេះចែករំលែក
នៅពេលដែលយើងចេះចែករំលែកក្តីស្រលាញ់របស់យើងជាមួយនឹងអ្នកដ៏ទៃ វាកាន់តែធ្វើឲ្យយើងមានអារម្មណ៍ថាមានសេចក្តីសុខកាន់តែខ្លាំង។ ឧទាហរណ៍ យើងជួបមនុស្សដែលលំបាកជាងយើង យើងក៏ជួយគេតាមលទ្ធភាពដែលយើងអាចជួយបាន វាធ្វើឲ្យគេមានសេចក្តីសុខ ជឿជាក់ថាយើងក៏សប្បាយចិត្តដូចគ្នាដែរនៅពេលនោះ។
៥. មិនគុំគួន និងចេះអត់ឱន
នោះពេលដែលយើងខឹងអ្នកណាម្នាក់ ហើយយើងគុំនៅក្នុងចិត្តមិនរសាយ ជីវិតយើងនឹងឱបក្រសោបជាប់ជានិច្ចនូវកំហឹងនោះ យើងមិនអាចមានក្តីសុខបានទេ។ ផ្ទុយទៅវិញប្រសិនបើយើងចេះអត់ឱន ចេះបន្ធូរអារម្មណ៍ យើងមិនត្រឹមតែមានអារម្មណ៍ប្រសើរជាងមុនទេ តែអាចប្រែក្លាយសត្រូវឲ្យក្លាយជាមិត្តបានទៀតផង។
៦. មិនលោភលន់
មនុស្សយើងមិនអាចដូចគ្នាទាំងអស់ឡើយ ជួនកាលយើងមាននេះអត់នោះ ហើងអ្នកដ៏ទៃក៏ដូចគ្នា ជួនកាលគេមានរបស់នេះ តែមិនប្រាកដថាមានរបស់នោះ ដូចអ្វីដែលយើងមានឡើយ ដូច្នេះហើយយើងគួរផ្តោតសំខាន់លើអ្វីដែលខ្លួនឯងមានឲ្យបានច្រើនជាង និងថែរក្សាវាឲ្យបានល្អបំផុតទើបជាការប្រសើរ។
15/04/2024
សេចក្តីសុខទាំង ៦
១- សុខរបស់អ្នកគ្រប់គ្រងផ្ទះ ។
២- សុខរបស់មនុស្សមួយរូប ៗ ។
៣- សុខរបស់អ្នកមានប្ដីប្រពន្ធ ។
៤- សុខរបស់អ្នកជាមាតាបិតា នឹងកូនប្រុស-ស្រី ។
៥- សុខរបស់អ្នកជានាយ ចៅហ្វាយ នឹងកូន-ក្មួយ ។
៦- សុខរបស់គ្រូអាចារ្យ នឹងកូនសិស្ស ។
15/04/2024
ពាក្យទាំង ៦ ហាមនិយាយ បើមិនចង់ខាតបង់លាភសំណាង
ពាក្យចាស់ពោលថា « គ្រោះព្រោះតែមាត់ » ជាការពិតណាស់ ពេលខ្លះពាក្យសម្ដីដែលយើងនិយាយស្ដីចេញទៅដោយមិនបានគិត ឬវាជាពាក្យមិនល្អ វាក៏បង្កជាគ្រោះ និងបញ្ហាមកឱ្យយើងវិញមិនខាន។ យ៉ាងណាមិញ ពាក្យទាំង ៦ ខាងក្រោមនេះ ដាច់ខាតកុំនិយាយ ព្រោះវាជាពាក្យដែលធ្វើឱ្យរាសី ក៏ដូចជាសំណាងរបស់អ្នកធ្លាក់ចុះដោយមិនដឹងខ្លួន។
១. ពាក្យបំបាក់ទឹកចិត្ត
តែងតែមានអ្នកនិយាយទុទិដ្ឋិនិយម ដែលធ្វើឱ្យខ្លួនឯង និងអ្នកស្តាប់បាត់បង់ទឹកចិត្ត។ ស្ថានភាពមិនពេញចិត្តក្នុងជីវិតមានប្រាំបី ឬប្រាំបួនផ្នែក ដូច្នេះនៅពេលណាដែលអ្នកត្រូវការពាក្យលើកទឹកចិត្ត។ អាកប្បកិរិយាសុទិដ្ឋិនិយម គឺជាទ្រព្យសម្បត្តិដែលមើលមិនឃើញ។ ដូច្នេះហើយ ពាក្យលើកទឹកចិត្តខ្លួនឯង លើកទឹកចិត្តអ្នកដទៃ ប្រាកដជាអាចផ្លាស់ប្តូរអារម្មណ៍ ធ្វើឱ្យបញ្ហាធំប្រែជាតូច ធ្វើឱ្យបញ្ហាតូចប្រែជាលែងមានបញ្ហា។
២. ពាក្យខឹង
ពេលដែលមនុស្សណាម្នាក់ខឹង គេច្រើនតែលែងមានហេតុផល ហើយនិយាយពាក្យគំរោះគំរើយទៅតាមអារម្មណ៍មួយឆាវ ដែលជាពាក្យវាយប្រហារដល់អ្នកស្ដាប់ ដូច្នេះពេលដែលខឹង សូមប្រឹងទប់អារម្មណ៍ សំខាន់ កុំនិយាយអ្វីទាំងអស់ រក្សាភាពស្ងៀមស្ងាត់ រហូតដល់ចិត្តបានត្រជាក់ ចាំរកហេតុផល។
៣. ពាក្យអាក់អន់ចិត្ត
បុគ្គលដែលមិនពេញចិត្ត ឬតែងមានអាការៈអាក់អនស្រពន់ចិត្ត តែងនិយាយពាក្យប្រមាថឡើងមក។ បុគ្គលដែលអន់ចិត្ត នឹងនិយាយពាក្យគំរោះគំរើយ ដែលលាក់ទុកនៅក្នុងចិត្ត។ ប្រសិនបើមនុស្សម្នាក់ជួបប្រទះបញ្ហានៅពេលដែលគាត់ដឹងពីរបៀបបន្ទោសស្ថានសួគ៌ និងផែនដី បន្ទោសអ្នកដទៃ ហើយមិនអាចស្គាល់ខ្លួនឯងបាន នោះគាត់នឹងមិនអាចលូតលាស់ រីកចម្រើនឡើយ។
៤. និយាយពាក្យអាក្រក់
កុំធ្វើបាបអ្នកដទៃ មិនយូរមិនឆាប់ហេតុ និងផលនឹងមកដល់ ហើយគុណធម៌ក៏ច្បាស់ដែរ។ កុំប្រើពាក្យជេរប្រមាថអ្នកដទៃ ជាពិសេសមនុស្សជាទីស្រឡាញ់របស់អ្នក។ បុគ្គលដែលឈ្នានីស ច្រណែន មិនគោរព និងមិនចេះអត់ឱនឱ្យអ្នកដទៃ ច្បាស់ជាតែងតែនិយាយពាក្យដែលធ្វើឱ្យអ្នកដទៃឈឺចាប់ ប៉ុន្តែអ្វីដែលគេមិនដឹងនោះគឺ ពាក្យដែលធ្វើឱ្យអ្នកដទៃឈឺចាប់ជាទីបំផុត នឹងត្រឡប់មករកគេវិញនៅថ្ងៃណាមួយ។
៥. ពាក្យអួត
ភាពជាមនុស្សទាមទារឆន្ទៈ ធ្វើរឿងអស្ចារ្យ ប៉ុន្តែភាពអស្ចារ្យនោះត្រូវវិនិច្ឆ័យដោយអ្នកដទៃ មិនមែនដោយការប្រកាសខ្លួនឯងទេ ការចេះដាក់ខ្លួន នៅតែជារឿងដែលល្អបំផុត។ ក្នុងជីវិត មានមនុស្សមួយចំនួនចូលចិត្តអួតខ្លួនឯង ធ្វើឱ្យអ្នកដទៃមិនអាចទទួលយកបាន ដែលមកពីអ្នកស្តាប់នឹងមានទស្សនៈមិនល្អ ដោយគិតថាខ្លួនមិនគួរទុកចិត្ត។
៦. ពាក្យនិយាយដើម
មនុស្សក្នុងលោកនេះសុទ្ធតែមានអាថ៌កំបាំងផ្ទាល់ខ្លួន រឿងគ្រួសារ រឿងអាជីព និងអារម្មណ៍។ ដូច្នេះចំពោះរឿងឯកជនរបស់អ្នកដទៃ យើងមិនគួរបញ្ចេញមតិ ឬនិយាយដើមតាមអំពើចិត្តឡើយ។ បុគ្គលដែលលាតត្រដាងរឿងផ្ទាល់ខ្លួនរបស់អ្នកដទៃ មិនថាមានរឿងអ្វីក៏ដោយ ទោះបីអ្នកដទៃមិនតបត ទោះបីទទួលបានផលប្រយោជន៍ជាបណ្ដោះអាសន្នក៏ដោយ ក៏វាបង្ហាញនូវគុណវិបត្តិ និងចរិតដ៏អាក្រក់របស់អ្នកឱ្យអ្នកដទៃបានដឹងច្បាស់ណាស់៕
15/04/2024
បើអ្នកចង់ជោគជ័យគួរតែអានគំនិតទាំង ១០របស់មាសេដ្ឋី កុំខានឲ្យសោះ ៖
០១. មានចំណូលច្រើនប្រភព
សម្រាប់អ្នកដែលចង់ក្លាយខ្លួនជាសេដ្ឋី អាចត្រូវនឿយហត់បន្តិចនៅក្នុងដំណាក់កាលចាប់ផ្ដើម ព្រោះអ្នកត្រូវមានផ្លូវសម្រាប់កសាងចំណូលលើសពី ១ផ្លូវ ដើម្បីកសាងភាពជោគជ័យឲ្យខ្លួនឯង។ អាចធ្វើបានដោយការបណ្ដាក់ទុនលើអចលនទ្រព្យ ឬការបង្កើតវេបសាយ/ប្លុកជាដើម។
០២. រៀនសូត្រពីវិធីប្រើលុយ
នៅពេលអ្នកមានចំណូលពីច្រើនកន្លែងហើយ រឿងដែលត្រូវរៀនសូត្របន្តគឺ “ការសន្សំលុយ" ដែលការសន្សំលុយនៅទីនេះ មិនមែនមានន័យថា មិនចាយលុយនោះទេ ប៉ុន្តែគឺត្រូវចាយលុយដោយវៃឆ្លាត ដូចជាយកលុយមួយផ្នែកទៅបណ្ដាក់ទុនពង្រីកមុខជំនួញ ជាជាងយកលុយទៅចាយខ្ជះខ្ជាយលើរបស់មិនចាំបាច់។
០៣. ធ្វើជាអ្នកបណ្ដាក់ទុន ជាជាងអ្នកសន្សំ
បើអ្នកចង់ក្លាយជាសេដ្ឋី គឺត្រូវយល់ជាមុនថា ការជាសេដ្ឋីដែលជោគជ័យ មិនមែនវាស់ដោយថាអ្នកណាសន្សំលុយក្នុងធនាគារបានច្រើនជាងអ្នកណានោះទេ ព្រោះភាគច្រើនគឺគេវាស់នឹងតម្លៃនៃមុខជំនួញនីមួយៗដែលបានបណ្ដាក់ទុន ថាតើវាអាចបង្កើតលុយឲ្យគេបានច្រើនប៉ុណ្ណា។
០៤. បណ្ដាក់ទុនលើខ្លួនឯង
វាល្អហើយដែលអ្នកចេះបណ្ដាក់ទុនបង្កើតទ្រព្យសម្បត្តិក្រៅខ្លួន ប៉ុន្តែវានឹងកាន់តែល្អថែមទៀតហើយអ្នកអាចបណ្ដាក់ទុនលើការរៀនសូត្រ រៀនធ្វើដោយខ្លួនឯង។ អ្នកអាចបណ្ដាក់ទុនបង្កើតមុខជំនួញខ្លួនឯង ជាជាងសាងមុខជំនួញបន្តពីអ្នកដទៃ ព្រោះចំណុចល្អនៃការបណ្ដាក់ទុនដោយខ្លួនឯងគឺ អ្នកនឹងបានដឹងពីដំណាក់កាលនៃការធ្វើជំនួញតាំងពីដំបូង ហើយនឹងបានទទួលបទពិសោធន៍ច្រើនជាង។ អ្វីដែលសំខាន់គឺកុំបញ្ឈប់ការរៀនសូត្រ។
០៥. ធ្វើការឲ្យខ្លួនឯង
វិថីដើម្បីក្លាយជាសេដ្ឋី គឺការខិតខំធ្វើការ ដើម្បីរកចំណូលចូលហោប៉ៅខ្លួនឯង មិនមែនការធ្វើការដើម្បីរកចំណូលឲ្យអ្នកដទៃនោះទេ។ បើមានមហិច្ឆតាចង់ក្លាយជាសេដ្ឋី គឺត្រូវចាប់ផ្ដើមធ្វើចៅហ្វាយនាយខ្លួនឯងឲ្យបានឆាប់។
០៦. កំណត់គោលដៅ ហើយតែងរំឭកពីវា
អាថ៌កំបាំងដ៏អស្ចារ្យរបស់ការក្លាយជាសេដ្ឋីពិតប្រាកដ គឺការកំណត់គោលដៅដែលដាច់ខាតហើយសម្រេចវាឲ្យបាន។ នៅពេលអ្នកកំណត់គោលដៅដែលត្រូវធ្វើហើយ សូមកុំភ្លេចត្រលប់មករំឭកមើលថា ក្នុងមួយថ្ងៃៗអ្នកបានធ្វើវាឲ្យសម្រេចប៉ុន្មានភាគរយដែរ ដើម្បីបានដឹងពីដំណើរការការងាររបស់ខ្លួនឯង ថានៅខ្វះខាតអ្វី ហើយព្យាយាមបំពេញវាឲ្យបាន។
០៧. ចេះជ្រើសរើសកូនចៅដែលបង្កើតលុយឲ្យអ្នកបាន
ទោះបីអ្នកមានកូនចៅច្រើន ប៉ុន្តែអ្នកគួរព្យាយាមសំឡឹងរកមើលអ្នកណាដែលអ្នកអាចផ្ញើរក្ដីសង្ឃឹម និងដឹងពីវិធីបង្កើតចំណូលឲ្យអ្នកបាន។
០៨. យល់ពីភាសាហិរញ្ញវត្ថុ
មុននឹងអាចក្លាយជាសេដ្ឋីដូចដែលអ្នករំពឹងទុក អ្នកក៏ត្រូវយល់ដឹងពីភាសាផ្សេងៗក្នុងផ្នែកហិរញ្ញវត្ថុផងដែរ ដោយអ្នកអាចរៀនសូត្របានតាមរយៈ Course ផ្សេងៗ រៀនតាមអ៊ិនធឺណិត និងការទិញសៀវភៅមករៀនដោយខ្លួនឯងជាដើម។
០៩. អានឲ្យបានច្រើន
អ្នកដឹកនាំល្អ គឺជាអ្នកអានដ៏ល្អដូចគ្នា។ ជាក់ស្ដែងអ្នកជំនួញល្បីឈ្មោះ Warren Buffet និងមហាសេដ្ឋីបច្ចេកវិទ្យា Bill Gates គឺសុទ្ធតែផ្ដល់តម្លៃនិងពេលវេលាមួយផ្នែកទៅលើការអាន រហូតអាចសម្រេចជោគជ័យបាន។ ដូច្នេះបើអ្នកចង់ក្លាយជាសេដ្ឋីដែលមិនមែនមានតែមាសប្រាក់ ក៏មិនត្រូវភ្លេចការអានដូចគ្នា។
១០. គិតឲ្យធំ
សុភាសិតមួយនិយាយថា “ប៉ងឲ្យដល់ព្រះចន្ទ ទោះមិនបានដល់ព្រះចន្ទ យ៉ាងហោចក៏បាននៅក្នុងចំណោមផ្កាយ" ។ មានន័យថាត្រូវតាំងគោលដៅឲ្យខ្ពស់ ដូច្នេះទោះអ្នកមិនអាចធ្វើវាបានសម្រេច ក៏អ្នកនៅមានក្ដីសង្ឃឹម និងឱកាសល្អជានិច្ច ៕
14/04/2024
កូនអើយ! កុំអស់សង្ឃឹម
បទ ពាក្យប្រាំពីរ
១. កូនអើយ! កុំខឹងនឹងអ្នកម្តាយ ម៉ែនៅស្រុកឆ្ងាយខំធ្វើការ ម៉ែឃ្លាតតែកាយាទេណាជីវា តែក្នុងចិត្ដនឹកកូនថ្លៃ។
២. ទោះម៉ែនឿយហត់មិនរអ៊ូ មានតែតស៊ូទាំងយប់ទាំងថ្ងៃ ខិតខំសន្សំប្រាក់កម្រៃ ប្រឹងអស់ជើងដៃមិនហ៊ានថ្ងូរ។
៣. ចង់ជួបកូនដែរតែលំបាក រវល់ឥតស្រាកមិនហ៊ានថ្ងូរ ជួនកាលចូលដេកទឹកភ្នែកហូរ នឹកគិតអាសូរដល់បុត្រា។
៤. បារម្ភខ្លាចកូនរស់វេទនា ពេលក្ដៅរងារធ្វើយ៉ាងណា គ្មានអ្នកថែទាំដូចមាតា សុខទុក្ខម្ដេចម្ដាម្ដាយមិនដឹង។
៥. កូនអើយ! ណ្ហើយចុះកុំតូចចិត្ត ធ្វើម្ដេចជីវិតយើងបែបហ្នឹង តែកូនរស់នៅត្រូវខំប្រឹង ត្រូវចេះសម្លឹងមើលឱ្យឆ្ងាយ។
៦. ខំរៀនទាន់ខ្លួនកូននៅក្មេង កុំគិតតែលេងសើចសប្បាយ ត្រូវចេះយល់ដឹងការទាំងឡាយ ដើម្បីប្រែក្លាយជីវិតថ្មី។
៧. កូនអើយ! មិនត្រូវអស់សង្ឃឹម ត្រូវតែញញឹមមានសិរី គង់ថ្ងៃណាមួយម្ដាយវិលវៃ សាទរជោគជ័យកូនសម្លាញ់៕
14/04/2024
ងើបឡើង ដើរចេញ ដូរចិត្ត ដូរអារម្មណ៍ ធ្វើការងារថ្មី និយាយរឿងថ្មី ក្ដីសង្ឃឹមថ្មី ប្រឹក្សាជាមួយកល្យាណមិត្ត អ្នកនឹងអាចចាកចេញពីពពកខ្មៅនោះមិនខាន។
14/04/2024
មនុស្សធ្លាប់បែកគ្នាហើយ តើអាចចាប់ផ្ដើមជាថ្មីបានទេ?
14/04/2024
ចង់រកស៊ីធូរកុំជាន់ឈ្លីប្រពន្ធ ចង់សល់ទ្រព្យធន់កុំមើលងាយប្ដី ចង់ឱ្យគ្រួសារមានក្តីសុខសុភមង្គល រាល់ថ្ងៃ កុំឈ្លោះប្រពន្ធប្ដីនាំខាតមង្គល់
14/04/2024
ជីវិតគឺសុទ្ធតែមានតុល្យភាព នៅពេលដែលយើងរកឃើញតុល្យភាពនេះ យើងបង្កើតជីវិតដែលចុះសម្រុងគ្នា ដែលពោរពេញទៅដោយសេចក្តីស្រឡាញ់ ក្តីមេត្តា និងសេចក្តីរីករាយ🙏🕊
14/04/2024
ចូលឆ្នាំហើយ មកលេងម៉ែផងណាកូនម្ដាយ ពេលវេលារបស់ម៉ែនៅសល់តិចណាស់😔