27/04/2026
الحمد لله والصلاة والسلام على رسول الله وعلى آله وصحبه أجمعين أما بعد
ការសិក្សាអំពីតាវហេទគឺជាកាតព្វកិច្ចរបស់មូស្លីមគ្រប់រូបទាំងបុរសនិងស្ត្រី ពីព្រោះអល់ឡោះ ﷻ បានបង្កើតមនុស្ស និងជីនមកគឺក្នុងគោលបំណងតែមួយគត់ដើម្បីអោយមានតាវហេទចំពោះទ្រង់ ពោលគឺការគោរពសក្ការៈចំពោះអល់ឡោះ ﷻ តែមួយគត់។ អល់ឡោះ ﷻ បានមានបន្ទូលថា:
وَمَا خَلَقْتُ الْجِنَّ وَالْإِنْسَ إِلَّا لِيَعْبُدُونِ
ហើយយើងមិនបានបង្កើតជីននិងមនុស្សមកឡើយ លើកលែងតែដើម្បីឱ្យពួកគេគោរពសក្ការៈចំពោះយើងតែប៉ុណ្ណោះ។ (ស៊ូរ៉ោះ អាត់-ហ្សារីយ៉ាត: ៥៦)
អាស្រ័យហេតុនេះហើយទើបអល់ឡោះ ﷻ បានបញ្ជូនបណ្តារ៉ស៊ូល(អ្នកនាំសារ)ទៅកាន់គ្រប់អ៊ូម៉ាត់ទាំងអស់ក្នុងគោលបំណងដើម្បីអំពាវនាវពួកគេអោយមានតាវហេទចំពោះ អល់ឡោះតែមួយគត់។ អល់ឡោះ ﷻ បានមានបន្ទូលថា:
وَلَقَدْ بَعَثْنَا فِي كُلِّ أُمَّةٍ رَسُولًا أَنِ اعْبُدُوا اللَّهَ وَاجْتَنِبُوا الطَّاغُوتَ ۖ
ហើយជាការពិតណាស់ រាល់អ៊ូម៉ាត់នីមួយៗយើងបានបញ្ជូននូវរ៉ស៊ូលម្នាក់ដែលពួកគេតែងតែពោលទៅកាន់អ៊ូម៉ាត់របស់ខ្លួនថា: ចូរអ្នករាល់គ្នាគោរពសក្ការៈចំពោះអល់ឡោះនិងជៀសឱ្យឆ្ងាយពី តហ្គូត។ (ស៊ូរ៉ោះ អាន-ណាហ៍ល: ៣៦)
អត្ថន័យនៃតហ្គូតគឺជាអ្វីៗទាំងអស់ដែលត្រូវបានគេគោរពសក្ការៈក្រៅពីអល់ឡោះ ﷻ។
ហេតុដូច្នេះហើយ មូស្លីមម្នាក់ដែលមិនយល់អំពីតាវហេទ ដែលជាខ្លឹមសារសំខាន់នៃសាសនាឥស្លាមនោះ តាមពិតទៅរូបគេគឺមិនយល់អំពីសាសនារបស់ខ្លួនឡើយ ទោះបីជាគេបានអះអាងថាបានសិក្សានូវចំណេះដឹងផ្សេងៗយ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ដោយ។