28/04/2021
+ ប្រទេសដែលគ្មានទន្លេ (Riverless Countries)+
ប្រព័ន្ធទន្លេទន្លេមិនត្រឹមតែផ្ដល់ទឹកប្រើប្រាស់ប្រចាំថ្ងៃនោះទេ តែវាក៏ដើរតួនាទីយ៉ាងសំខាន់ទាំងក្នុងវិស័យពាណិជ្ជកម្ម និងវិស័យកសិកម្ម ឧទាហរណ៍ដូចជាការដឹកជញ្ជូនទំនិញ ការស្រោចស្រពដំណាំ និងការនេសាទជាដើម។ ទន្ទឹមនឹងនេះ ប្រទេសមួយចំនួនដែលភាគច្រើនស្ថិតនៅតំបន់ស្ងួតហួតហែង និងពាក់កណ្ដាលស្ងួតហួតហែង មិនមានទន្លេធម្មជាតិដែលមានទឹកហូរជាប្រចាំនោះទេ ដោយសារខ្វះប្រភពទឹក និងមានកំណកអាកាសប្រចាំឆ្នាំតិច ។ ផ្ទុយទៅវិញ ប្រទេសទាំងនោះ មានវ៉ាឌីស(Wadis) ដែលជាជ្រលងឬផ្លូវទឹកកាត់វាលលំហរ មានទឹកហូរដូចទន្លេតែក្រោយពេលមានភ្លៀង រួចក៏បាត់ទៅវិញហើយស្ងួតហួតហែងស្ទើរពេញមួយឆ្នាំ។ ភាគច្រើន វ៉ាឌីសមាននៅតំបន់វាលលំហររបស់អារ៉ាប់ និងវាលលំហរក្នុងទ្វីបអាហ្រ្វិកភាគខាងជើងជាដើម។ ទោះយ៉ាងណា ប្រទេសវាលលំហដែលគ្មានទន្លេអចិន្ត្រៃយ៍ទាំងនោះសរុបទៅមានភាគតិចតែប៉ុណ្ណោះ។ ក្នុងនោះរួមមានប្រទេសទាំងអស់ក្នុងឧបទ្វីបអារ៉ាប់(Arabian Peninsula) មានប្រទេសអាប៊ីសាអូឌីត អារ៉ាប់រួម គូវ៉េត បារ៉ែន អូម៉ង់ យេម៉ែន និងកាតា និងប្រទេសលីប៊ី(Libya)ដែលស្ថិតភាគខាងជើងនៃវាលលំហសាហារ៉ានៃទ្វីបអាហ្វ្រិក។ លើសពីនេះទៅទៀត ប្រទេសមួយចំនួនដែលទទួលបានកំណកអាកាសប្រចាំឆ្នាំច្រើនក៏គ្មានទន្លេដូចគ្នា ដោយប្រទេសទាំងនោះភាគច្រើនជាដីកោះ និងខ្លះទៀតមានផ្ទៃដីសរុបតូច គ្មានទន្លេឆ្លងកាត់ដូចជាប្រទេសម៉ាណូកូ (Monoco) នៅអឹរ៉ុបជាដើម។ លក្ខណៈពិសេសរបស់ប្រទេសទាំងអស់នេះត្រង់ថា ការចម្រាញ់ទឹកសមុទ្រ បណ្ដាញទុយោទឹកបង្កប់ធំៗ និងទឹកក្រោមដី ជាប្រភពទឹកដ៏សំខាន់ដែលសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេ ។