12/06/2026
📚 ពិធីប្រកួតអំណានថ្នាក់ដំបូង នៅសាលាបឋមសិក្សាក្ដុល 📚
នៅថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2026 សាលាបឋមសិក្សាក្ដុល បានរៀបចំពិធីប្រកួតអំណានថ្នាក់ដំបូង (Literacy Contest) ដោយមានការចូលរួមពី គណៈកម្មការគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ អ្នកពាក់ព័ន្ធផ្នែកអប់រំ និងមាតាបិតាសិស្ស។
សិស្សថ្នាក់ទី 1 ទី 2 និងទី 3 សរុប 60 នាក់ (ស្រី 38 នាក់) បានចូលរួមក្នុងកម្មវិធីនេះយ៉ាងសកម្ម។
គោលបំណងនៃកម្មវិធី គឺដើម្បីលើកកម្ពស់ទម្លាប់អាន និងពង្រឹងសមត្ថភាពអាន-សរសេររបស់សិស្ស ព្រមទាំងធ្វើឱ្យសាលារៀនក្លាយជាកន្លែងរៀនសប្បាយ មិនមែនត្រឹមតែការបង្រៀនប៉ុណ្ណោះទេ។
តាមរយៈការប្រកួតនេះ លោកគ្រូអ្នកគ្រូអាចវាស់វែងសមត្ថភាពសិស្ស និងតាមដានការរីកចម្រើនក្រោយការសិក្សា។
មាតាបិតា និងអ្នកពាក់ព័ន្ធក៏បានចូលរួមគាំទ្រសាលា ដោយជួយទាំងថវិកា និងសម្ភារៈ សម្រាប់ការអភិវឌ្ឍសាលា។
ការរៀបចំកម្មវិធីនេះបានធ្វើឡើងយ៉ាងល្អ ដោយមានការត្រៀមជាច្រើនសប្ដាហ៍ និងធានាថាការប្រកួតមានភាពយុត្តិធម៌ តម្លាភាព និងការគ្រប់គ្រងល្អ។ សិស្សទាំងអស់បានចូលរួមយ៉ាងក្លាហាន ទោះបីមិនឈ្នះ ក៏ទទួលបានបទពិសោធន៍ល្អ។
អ្នកឈ្នះទទួលបានរង្វាន់ និងការលើកទឹកចិត្ត ដើម្បីបន្តខិតខំរៀនសូត្រ។
ក្នុងពិធីនេះ លោកមេឃុំបានថ្លែងអំណរគុណដល់ KAPE តាមរយៈគម្រោង CLASS និងសាលា ដែលបានរៀបចំកម្មវិធីលើកកម្ពស់ការអានសម្រាប់កុមារ។ លោកបានរំឭកថា កាលពីអតីតកាល ដោយសារសង្គ្រាម ការសិក្សាមានការលំបាក និងគ្មានឱកាសដូចសព្វថ្ងៃទេ។
លោកក៏បានអរគុណ KAPE ដែលបានគាំទ្រសាលាតាំងពីឆ្នាំ 2019 មក និងបានជួយអភិវឌ្ឍសាលា និងសមត្ថភាពសិស្សយ៉ាងច្រើន។
យើងសង្ឃឹមថា កុមារជំនាន់ក្រោយ នឹងបន្តខិតខំរៀនសូត្រ និងរួមចំណែកអភិវឌ្ឍសហគមន៍ ជាពិសេសនៅតំបន់ជនបទដូចយើង។
📖 ខ្ញុំជឿថា ការអប់រំអាចផ្លាស់ប្តូរពិភពលោកបាន។
KAPE CLASS, Kampong Chhnang province.
10/06/2026
08/06/2026