កំណាព្យវេយ្យាករណ៍ប្រចាំថ្ងៃ The Grammar poem daily

  • Home
  • Cambodia
  • Battambang
  • កំណាព្យវេយ្យាករណ៍ប្រចាំថ្ងៃ The Grammar poem daily

កំណាព្យវេយ្យាករណ៍ប្រចាំថ្ងៃ The Grammar poem daily ផេកនេះរក្សាមតិណាដែលប្រកបដោយក្រមសី? https://youtu.be/eipKC7MEdsE

01/12/2021
29/11/2021
 #សំណួរ ៖ បង! ពាក្យប៉ុណ្ណឹង និង ពាក្យប៉ុនហ្នឹង ប្រើបានដូចគ្នាដែរឬទេ? ចម្លើយ ៖ ពាក្យប៉ុណ្ណឹង និង ពាក្យប៉ុនហ្នឹងគឺប្រើបានដ...
28/03/2021

#សំណួរ ៖ បង! ពាក្យប៉ុណ្ណឹង និង ពាក្យប៉ុនហ្នឹង ប្រើបានដូចគ្នាដែរឬទេ?
ចម្លើយ ៖ ពាក្យប៉ុណ្ណឹង និង ពាក្យប៉ុនហ្នឹងគឺប្រើបានដូចគ្នា។ ទោះបីនៅក្នុងវចនានុក្រមដែលបោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ មិនបានបង្ហាញត្រង់មេពាក្យ(ប៉ុនហ្នឹង)ក៏ដោយ តែពាក្យនេះ(ប៉ុនហ្នឹង)គឺបានបង្ហាញនៅត្រង់មេពាក្យប៉ុណ្ណឹងយ៉ាងច្បាស់។ ដោយនៅក្នុងវចនានុក្រមបានពន្យល់ថា “ប៉ុណ្ណឹង(ប៉ុន-ណឹង) និបាតសព្ទ ពាក្យប្រើក្លាយមកអំពីពាក្យ ប៉ុនហ្នឹង គឺប៉ុនគ្នាឬស្មើគ្នា នឹង ហ្នឹង ប៉ុណ្ណឹងចុះ,តែប៉ុណ្ណឹងបានហើយ។
អនុសារ និង អនុស្សារ មួយណាត្រឹមត្រូវបង?
អនុសារ និង អនុស្សារ ជាពាក្យត្រឹមត្រូវទាំងពីរ ព្រោះជាពាក្យដែលមាននៅក្នងវចនានុក្រមទាំងអស់ តែពាក្យទាំងពីរនេះមានន័យនិងលក្ខណៈនៃការប្រើប្រាស់ខុសគ្នា។
#តាមវចនានុក្រមខ្មែរ
អនុសារ នាមសព្ទ (សំ.) លំអាន, ដំណែល,ទំនៀម,ទំនៀមទម្លាប់,ការប្រព្រឹត្តតាមដំណែល,តាមលំអាន,តាមទំនៀមឬតាមបវេណី,តាមបវេណីនិយម។ ធ្វើតាមអនុសារ; កាន់តាមអនុសារចាស់ព្រឹទ្ធាចារ្យ។
អនុស្សារ(អនុស-សារ)/អនុស្វារ(អនុស-ស្វារ៉ៈ) នាមសព្ទ(សំ. ឬ បា.) និគ្គហិត(ំ) អនុស្វារមានសំឡេងជាគរុ(ប្រើជា-រៈ ក៏បាន)។
#ចំណាំ៖ អនុសារ គឺគេយកទៅប្រើប្រាស់ក្នុងន័យតម្អូញតម្អែររៀបរាប់ពីដំណើររឿងរ៉ាវអតីកាលដែលធ្លាប់បានធ្វើអ្វីជាមួយនឹងគ្នាកន្លងមក។
ឧទាហរណ៍៖ អនុសារអូននិងបង ធ្លាប់សាសងផ្ដោះផ្ដងក្រោមដួងចន្ទថ្លា...។
#តាមវចនានុក្រមសំស្ក្រឹត
अनुसार (Anusar,anussar អានថា អនុ-សារ៑, ឬ អនុស៑-សារ៑) នាមសព្ទ ការដេញតាម,ការអនុលោម,ការសម្រេចចិត្ត, គុណនាម ដែលយោងទៅតាម
अनुस्वार(anusvaaraH អានថា អនុ-ស្វារៈហះ) ជានិគ្គហិតមួយប្រភេទដែលមានឈ្មោះថា អនុស្វារៈនៅក្នុងភាសាសំស្ក្រឹត។
#រូបសញ្ញានិងឈ្មោះ
រូបសញ្ញា “ं”
និគ្គហិតនេះហៅថា អនុស្វារៈ(अनुस्वार)
#គោលការណ៍ប្រើប្រាស់
អនុស្វារៈ នេះគឺសម្រាប់ប្រើជានិគ្គហិតមការន្ត(បញ្ចេញសំឡេងតាមច្រមុះបញ្ចប់ដោយសំឡេង “ម”នៅខាងចុង)។ ឧទាហរណ៍៖ अस्तंगमन(អស្ត័ម-គមនៈ) ,संस्कृत(ស័ម-ស្ក្រឹតៈ) ។ នៅត្រង់ “स्तं ស្ត័ម និង सं​ ស័ម”ហ្នឹងហើយ ដែលលោកឱ្យឈ្មោះថា អនុស្វារៈនោះ។
សញ្ញាសម្គាល់របស់អនុស្វារៈ“ं” និងសញ្ញាសម្គាល់ពិន្ទុឬអនុនាសិកៈ“ँ”នេះស្រដៀងគ្នា គ្រាន់តែខុសត្រង់ពិន្ទុមានអឌ្ឍចន្ទបន្ថែម។ ហើយការបញ្ចេញសំឡេងសោតគឺខុសគ្នាបន្តិចប៉ុណ្ណោះ គឺត្រង់អនុស្វារៈរៀងស្រាលជាងសំឡេងពិន្ទុបន្តិច។
អនុស្វារៈ គឺជាសញ្ញាសម្រាប់អាស្រ័យលើស្រៈដែលបញ្ចេញសំឡេងតាមច្រមុះ។
ចំណាំ អនុស្វារៈ និង ចន្ទពិន្ទុ ឬ អនុនាសិកៈ ទោះបីប្រើជា “ម ការន្ត”ដូចគ្នាក៏ពិតមែន តែការបញ្ចេញសំឡេងគឺខុសប្លែកចាកប្រក្រតី ដោយសំឡេងចន្ទពិន្ទុធ្ងន់ជាងសំឡេង អនុស្វារៈ។
#សរុបរួមមក ៖ ពាក្យ អនុសារ និង អនុស្សារ/អនុស្វារ ប្រើបានទាំងពីរ គ្រាន់តែន័យនិងការប្រើប្រាស់ខុសគ្នាតាមតួនាទីរៀងៗខ្លួនប៉ុណ្ណោះ..........។
#សំណួរ ៖ សុំប្រែឈ្មោះប្អូនផង វរមនោ?
ចម្លើយ ៖ វរោ មនោ=វរមនោ ។
#ប្រែលោតប្រយោគ
មនោ រីចិត្ត វរោ ប្រសើរ រវមនោ ឈ្មោះថាវរមនោ, វរមនោ រីចិត្តស្អាត
#ប្រែយកន័យ
ចិត្តស្អាត,ចិត្តដែលប្រាសចាកគ្រឿងសៅហ្មង,ចិត្តដែលរួចផុតពីគ្រឿងស្មោកគ្រោក
#សម្ព័ន្ធ
វរោ វិសេសន:របស់មនោ ៗលិង្គត្ថ, វរមនោ សមាសនាមបទ ឈ្មោះវិសេសនបុព្វបទកម្មធារយលុត្តសមាស និងជាលិង្គត្ថ។
#សំណួរ ៖ សូមប្អូនពន្យល់ពីការប្រើប្រាស់ពាក្យ សុំ និង សូម?
#ចម្លើយ ៖ តាមវចនានុក្រមខ្មែរ
សុំ កិរិយាសព្ទ សុំទាន,សុំគេស៊ី។
សម្រាប់អ្នកធំនិយាយទៅរកអ្នកតូចដោយសេចក្ដីអង្វរឬសេចក្ដីគួរសម...។
សូម កិរិយាសព្ទ បញ្ចេញវាចាឬសម្ដែងអាការឱ្យគេឱ្យអ្វីៗដែលខ្លួនត្រូវការ។
សូមទាន,សូមប្រាក់,សូមពរ(ព.សា. សុំ)។
វិភាគតាមបែបវេយ្យាករណ៍
សុំ
“សុំ”គឺសម្រាប់ប្រើជាកិរិយាសព្ទសុទ្ធ ហើយក៏ជាកិរិយាធំគ្រប់គ្រងនៅក្នុងប្រយោគផងដែរ...។
- កិរិយា+នាម (សុំទាន)
-បុរសទី២+កិរិយា+កិរិយា(សុំ)+នាមសព្ទ (ឯងទៅសុំស្លឹកគ្រៃពីផ្ទះយាយអ្ហែងមួយគល់មក.....)
-អតីតកាល+កិរិយា+សព្វនាម(បុរស)+កិរិយា(សុំ) (ម្សិលមិញឱ្យខ្ញុំសុំទោសផង ដែលបាននិយាយពាក្យមិនគប្បីដាក់លោកបង.....)។
- សព្វនាម(បុរស)+កិរិយា(សុំ)+កិរិយា(ខ្ញុំសុំទៅដែរ…..)
កំណត់ចំណាំ ៖ “សុំ”គឺប្រើជាកិរិយាសព្ទសុទ្ធ ហើយជាកិរិយាសព្ទធំនៅក្នុងប្រយោគ ឬជាកិរិយាសព្ទគ្រប់គ្រងប្រយោគទាំងមូល ដោយមិនមានកិរិយានុគ្រោះមកជំនួយឡើយ។
ឧទាហរណ៍៖ ខ្វិតទាំងនេះខ្ញុំបានសុំពីផ្ទះអ៊ំឆនមក។......
សូម
“សូម” គឺសម្រាប់ប្រើនៅក្នុងប្រយោគដែលជាអនុត្តកាល(កាលដែលមិនបានប្រាប់ថាជាបច្ចុប្បន្ន អតីត ឬអនាគតកាល) ហើយប្រើសម្រាប់ប្រាប់សេចក្ដីប្រាថ្នា សេចក្ដីប៉ុនប៉ង និង សេចក្ដីអង្វរ។
-សព្វនាម(បុរស)+កិរិយានុគ្រោះ(សូម)+កិរិយា (ខ្ញុំសូមអង្វរសុំដោះលែងខ្ញុំទៅ) ប្រាប់សេចក្ដីអង្វរ
-​ សព្វនាម(បុរស)+កិរិយានុគ្រោះ(សូម)+កិរិយាសព្ទ (ខ្ញុំសូមប្រាថ្នា សច្ចវាចា តទៅជាតិមុខ..........)។ ប្រាប់សេចក្ដីប្រាថ្នា
-កិរិយានុគ្រោះ(សូម)+កិរិយា (សូមឱ្យខ្ញុំបានជួបនាងជារៀងរហូតទៅ) ប៉ុនប៉ង ឬ ប្រាថ្នា។
-កិរិយានុគ្រោះ(សូម)+នាមនាម/សព្វនាម(បុរស)+កិរិយា (សូមអ្នកទាំងឡាយស្ដាប់ខ្ញុំ....................)
កំណត់ចំណាំ៖ “សូម”គឺសម្រាប់ប្រើនាំមុខកិរិយាសព្ទ និងនាំមុខនាមនាម ឬសព្វនាម តែត្រូវនាមនាមឬសព្វនាមនោះហៅរកកិរិយាសព្ទមកអាស្រ័យជាមួយផង គឺកិរិយានុគ្រោះមិនអាចដើរដោយខ្វះកិរិយាសព្ទបានឡើយ។
ឧទាហរណ៍ ៖ សូមឱ្យព្រះពុទ្ធសាសនារុងរឿងចម្រើន សូមឱ្យព្រះពុទ្ធសាសនាផ្សាយទូទៅពេញសកលលោក…………….។ យើងឃើញថា “សូម”គឺជាកិរិយានុគ្រោះ(ពាក្យដែលនាំមុខកិរិយាសព្ទ) រីឯ “ឱ្យ”គឺជាកិរិយាសព្ទធំសម្រាប់គ្រប់គ្រងប្រយោគ​ឬគ្រប់គ្រងឃ្លានីមួយៗ។ ដូច្នេះយើងអាចចំណាំបានថា កិរិយានុគ្រោះ “សូម”គឺដើរនាំមុខកិរិយាសព្ទ ឬហៅរកកិរិយាសព្ទធំជានិច្ច។
សូមឲ្យឯកសារមួយនេះបានជាប្រយោជន៍ដល់សិក្ខាកាមគ្រប់រូប។..........
#បើមិត្តៗប្រាថ្នាចង់សិក្សាវេយ្យាករណ៍កំណាព្យប្រចាំថ្ងៃសូមចូលរួម ចុច👍🏿 Share និង Follow ផេកនេះ មិត្តៗនឹងទទួលបានឯកសារវេយ្យាករណ៍កំណាព្យប្រចាំថ្ងៃជាប្រចាំ។ សូមអរព្រះគុណ!-សូមអរគុណ!
សូមមេត្តាចូលទៅកាន់តំណផេកខាងក្រោម ↓
https://www.facebook.com/%E1%9E%80%E1%9F%86%E1%9E%8E%E1%9E%B6%E1%9E%96%E1%9F%92%E1%9E%99%E1%9E%9C%E1%9F%81%E1%9E%99%E1%9F%92%E1%9E%99%E1%9E%B6%E1%9E%80%E1%9E%9A%E1%9E%8E%E1%9F%8D%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%85%E1%9E%B6%E1%9F%86%E1%9E%90%E1%9F%92%E1%9E%84%E1%9F%83-The-Grammar-poem-daily-108829637505393/
#សូមបញ្ជាក់ ខ្ញុំព្រះករុណា-ខ្ញុំមិនមែនជាវេយ្យាករណបណ្ឌិតឡើយ គឺគ្រាន់តែចង់ចែករំលែកនូវមត៌កអក្សរសាស្ត្ររបស់ជាតិតែប៉ុណ្ណោះ។ ប្រសិនបើខ្ញុំព្រះករុណា-ខ្ញុំឆ្លើយទៅហើយខុសឆ្គងមិនទំនងទៅតាមបែបបទវេយ្យាករណ៍ត្រង់ចំណុចណាមួយ សូមពហុស្សូតទាំងឡាយចូលរួមកែលម្អដោយក្ដីអនុគ្រោះ។
#សូមសេចក្ដីចម្រើនកើតមានដល់អក្សរសាស្ត្រជាតិរបស់ខ្ញុំជារៀងរហូតតទៅ!
🖋២៨.០៣.២០២១🖋
ពីខ្ញុំព្រះករុណា-ខ្ញុំប៉ាកកាកោវិទ

 #សំណួរ ៖ ប្អូនសុំសួរពាក្យ “កុំបី”មានន័យយ៉ាងណា? ចុះបើសរសេរថា កុំបីឃ្លៀងឃ្លាត វិញមានន័យបែបណា?                            ...
21/03/2021

#សំណួរ ៖ ប្អូនសុំសួរពាក្យ “កុំបី”មានន័យយ៉ាងណា? ចុះបើសរសេរថា កុំបីឃ្លៀងឃ្លាត វិញមានន័យបែបណា?
ចម្លើយ
#ទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ
= កុំគប្បីនិយាយអាក្រក់(វាចា)
កុំបី =កុំសូម្បីតែគិតទៅរកផ្លូវអាក្រក់(ចិត្ត)
=កុំដើម្បីតែប្រយោជន៍ខ្លួនឯងហ៊ានធ្វើអំពើអាក្រក់(កាយ)
#ចំណុចទី១ ៖ “គប្បី សូម្បី ដើម្បី” យើងពិនិត្យឃើញថា ពាក្យទាំងបីខាងដើមនៅក្នុងអព្ភន្តរសញ្ញាគឺសុទ្ធតែជាពាក្យដែលមានពីរព្យាង្គទាំងអស់ ហើយសូរដែលនៅខាងចុងនៃព្យាង្គទាំងនោះគឺសុទ្ធតែបញ្ចប់ដោយពាក្យ“បី”ទាំងអស់ដូចគ្នា។ ដូច្នេះយើងអាចធ្វើការសន្និដ្ឋានបានថា ក្នុងបណ្ដាពាក្យទាំងឡាយបីនោះ គឺលោកកាត់ចោលព្យាង្គខាងមុខ(គាប់ សូម្ ដើម្)ចេញ ហើយលោកកំណត់យកតែព្យាង្គខាងចុង(បី)ប៉ុណ្ណោះ ដើម្បីឱ្យដើរតួជាមួយនឹងពាក្យបដិសេធ(កុំ) ហើយជម្រុញពាក្យបដិសេធ“កុំ”ទៅដាក់ពីខាងមុខ“បី”វិញ រក្សាទុកចំនួនព្យាង្គនៅដដែល ទើបបង្កើតបានទៅជាពាក្យបដិសេធមួយ(កុំបី)ដូច្នេះ។ បុរាណាចារ្យយើងបង្កើតពាក្យ “កុំបី”នេះឡើងគឺដើម្បីបង្កប់ន័យឱ្យយើងស្វែងរកនូវប្រភពពិត ហើយម្យ៉ាងវិញទៀត បុរាណាចារ្យយើងចង់ឱ្យយើងដឹងថា បាបរមែងបង្កប់នៅជាមួយនឹងកាយ វាចា ចិត្តរបស់យើងគ្រប់ពេល ទើបលោកបង្កើតពាក្យ“កុំបី”នេះឡើង។
#ចំណុចទី២ ៖ យើងឃើញថាពាក្យទាំងបី “គប្បី សូម្បី ដើម្បី”នេះ ប្រសិនបើយកពាក្យបដិសេធ“កុំ”ដាក់ពីមុខ ឃើញថាពាក្យទាំងនេះមានលក្ខណៈបដិសេធតាមបែបផែនរៀងៗខ្លួន។
- “កុំគប្បី” សម្រាប់ប្រើដាស់តឿន ដោយចង្អុលបង្ហាញពីផលនៃអំពើរបស់បុគ្គលណាមួយ ហើយលើកយកផលនៃអំពើរបស់បុគ្គលនោះមកក្រើនរម្លឹកដាស់តឿនដល់បុគ្គលដទៃផ្សេងទៀត ដើម្បីកុំឱ្យបុគ្គលនោះយកជាគម្រូតាម។ ឧទាហរណ៍៖ ឯងកុំគប្បីធ្វើដូច្នេះឡើយ!>ឯងកុំបីធ្វើដូច្នេះឡើយ!>ឯងកុំធ្វើដូច្នេះឡើយ!។ យើងសង្កេតឃើញថា ពាក្យ”កុំគប្បី កុំបី កុំ”គឺចេញមកពីប្រភពតែមួយ គ្រាន់តែពាក្យមួយជាពាក្យពេញលេញ និងពាក្យពីរទៀតជាពាក្យបង្រួមខ្លីប៉ុណ្ណោះ។ ម្យ៉ាងទៀត ពាក្យ“កុំគប្បី”នេះគឺបានបង្ហាញអំពើតាមទ្វារពីរគឺ កាយទ្វារ(អំពើដែលស្ដែងចេញតាមរយៈផ្លូវកាយ) និង វចីទ្វារ(អំពើដែលស្ដែងចេញតាមរយៈផ្លូវវាចា)
-“កុំសូម្បី” គឺប្រើបដិសេធបែបប្រៀបធៀបលក្ខណៈណាមួយទៅកាន់លក្ខណៈមួយទៀត ដោយយកលក្ខណៈដែលត្រូវបដិសេធនោះបង្ហាញលក្ខណៈធ្ងន់ជាងលក្ខណៈដែលត្រូវលើកយកមកប្រៀបធៀបនោះ។ ឧទាហរណ៍៖ កុំសូម្បីតែនិយាយ សូម្បីត្រឹមតែគិតក៏វាអាក្រក់ណាស់ទៅហើយ=កុំថាឡើយត្រឹមតែនិយាយ សូម្បីតែគិតក៏វាអាក្រក់ណាស់ដែរ(បង្ហាញពីលក្ខណៈពាក្យសម្ដី)។ កុំសូម្បីតែហិត សូម្បីតែធុំក្លិនស្ទើរតែចង់ក្អួតទៅហើយ(បង្ហាញពីលក្ខណៈតាមផ្លូវអារម្មណ៍)។ កុំសូម្បីត្រឹមតែបានឃើញ សូម្បីត្រឹមតែឮក៏វាគួរឱ្យរន្ធត់ណាស់ទៅហើយ(បង្ហាញលក្ខណៈឃោរឃៅ)...........។ “កុំសូម្បី”នេះមានលក្ខណៈប្រើជាច្រើនសណ្ឋាន ដូចជាមាន៖ (កុំសូម្បី.............សូម្បីតែ.......), (កុំថាឡើយ.......សូម្បីត្រឹមតែ........), (កុំសូម្បីត្រឹមតែ...........គ្រាន់តែ......) (កុំថាឡើយបាន..................សូម្បីតែ.........)យើងឃើញបែបផែនទាំងអស់នេះវាមានលក្ខណៈប្រើប្រាស់ដូចគ្នា ទោះណាវាបានបង្ហាញទៅលើរូបផ្សេងគ្នាក៏ដោយ។
-“កុំដើម្បី”សម្រាប់ប្រើនិយាយបដិសេធទៅលើអំពើដែលជាហេតុ តែបែរជាបដិសេធអំពើដែលជាផលទៅវិញ។ ឧទាហរណ៍៖ កុំដើម្បីតែចង់បំពេញក្រពះខ្លួនឯង បែរជាហ៊ានទៅសម្លាប់ជីវិតសត្វដទៃនោះ។ (កុំដើម្បីតែ........បែរជា.......នោះ។ កុំដើម្បីតែចង់ស្អាតខ្លួនឯង ហ៊ានលួចលុយម៉ែបួនប្រាំរយដុល្លាទៅទិញឡេលាបនោះ។...........................................។
សរុបសេចក្ដីមកវិញ ពាក្យ ថា“កុំបី”នេះគឺចង់បង្ហាញទៅលើការហាមប្រាមមិនឱ្យប្រព្រឹត្តអំពើអាក្រក់នានាតាមទ្វារទាំង៣ គឺ ៖ ផ្លូវកាយ ផ្លូវវាចា និង ផ្លូវចិត្ត (កុំបីប្រព្រឹត្តអាក្រក់ដោយកាយ កុំបីនិយាយពាក្យអាក្រក់ដោយវាចា និង កុំបីគិតអាក្រក់ដោយចិត្ត)។ ហើយពាក្យ“កុំបី”នេះ គឺជាពាក្យសង្ខេបសរុបរួមដោយពាក្យបួនម៉ាត់គឺ កុំ+(គប្បី,សូម្បី,ដើម្បី=កុំបី ដូច្នេះឯង)។
#ទស្សនៈតាមឯកសារ
យើងឃើញថា ពាក្យ “កុំបី”នេះមានការប្រើប្រាស់ជាច្រើនអន្លើ ទាំងក្នុងសម័យមុន និងក្នុងសម័យបច្ចុប្បន្ន ។ ភាគច្រើនយើងតែងឮតាមរយៈការឱ្យពរ តាមរយៈការអាន និងតាមរយៈព្រះសង្ឃសូធ្យធម៌ជាដើម។
-…..សូមឱ្យ(បុរសទី២)ជួបនូវពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។ បង្ហាញពីការអង្វរករដល់ម្ចាស់ទាន គឺមានន័យថា សូមកុំឱ្យម្ចាស់ទានប្រព្រឹត្តអំពើណាដែលជាអកុសល ដែលជាអំពើបដិបក្ខជាមួយនឹងពុទ្ធពរ ហើយនាំឱ្យពុទ្ធពរឃ្លាតឆ្ងាយពីខន្ធសន្ដានរបស់អ្នកនោះ, គឺមានន័យថា សូមកុំបណ្ដោយឱ្យអំពើបាបកើតឡើងតាមទ្វារទាំងបីចូលទៅបំផ្លាញនូវវពុទ្ធពរទាំងទាំងបួនប្រការនោះឡើយ។
-.....នេះគឺច្បាប់ក្រម ប្រសើរឧត្ដម ទូន្មានអ្នកផង ប្រើឱនលំទោន កុំបីមានឆ្គង ប្រាជ្ញាបុណ្យផង កើតដោយប្រណិប័តន៍។
- ....អន្តរាយទាំងឡាយកុំបីមានដល់……………..ឡើយ។
យើងឃើញថា ពាក្យ“កុំបី”នេះ ត្រូវបានស្មេរនិងកវីនិពន្ធលើកយកមកប្រើប្រាស់សម្រាប់ឃាត់ឃាំង ទប់ស្កាត់ និងបដិសេធនូវអំពើកាត់ផ្ដាច់នូវប្រយោជន៍ណាមួយ ហើយអ្នកនិពន្ធក៏បានយកពាក្យនេះមកបដិសេធនូវវត្តមានអពមង្គលផងដែរ។
#សរុបរួមមកពាក្យថា “កុំបី”នេះគឺសម្រាប់ប្រើបដិសេធនូវវត្តមានរបស់អពមង្គល និង ប្រើសម្រាប់ក្រើនរម្លឹកដល់ជនទាំងឡាយ ដើម្បីកុំបណ្ដោយឱ្យអកុសលកើតឡើងតាមទ្វារទាំងបីគឺទ្វារណាមួយបានឡើយ។
សូមឲ្យឯកសារមួយនេះបានជាប្រយោជន៍ដល់សិក្ខាកាមគ្រប់រូប។..........
#បើមិត្តៗប្រាថ្នាចង់សិក្សាវេយ្យាករណ៍កំណាព្យប្រចាំថ្ងៃសូមចូលរួម ចុច👍🏿 Share និង Follow ផេកនេះ មិត្តៗនឹងទទួលបានឯកសារវេយ្យាករណ៍កំណាព្យប្រចាំថ្ងៃ។ សូមអរព្រះគុណ!-សូមអរគុណ! សូមចូលទៅកាន់តំណផេកខាងក្រោម ↓
https://www.facebook.com/%E1%9E%80%E1%9F%86%E1%9E%8E%E1%9E%B6%E1%9E%96%E1%9F%92%E1%9E%99%E1%9E%9C%E1%9F%81%E1%9E%99%E1%9F%92%E1%9E%99%E1%9E%B6%E1%9E%80%E1%9E%9A%E1%9E%8E%E1%9F%8D%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%85%E1%9E%B6%E1%9F%86%E1%9E%90%E1%9F%92%E1%9E%84%E1%9F%83-The-Grammar-poem-daily-108829637505393/
#សូមបញ្ជាក់ ខ្ញុំព្រះករុណា-ខ្ញុំមិនមែនជាវេយ្យាករណបណ្ឌិតឡើយ គឺគ្រាន់តែចង់ចែករំលែកនូវមត៌កអក្សរសាស្ត្ររបស់ជាតិតែប៉ុណ្ណោះ។ ប្រសិនបើខ្ញុំព្រះករុណា-ខ្ញុំឆ្លើយទៅហើយខុសទំនងទៅតាមបែបបទវេយ្យាករណ៍ត្រង់ចំណុចណាមួយ សូមពហុស្សូតទាំងឡាយចូលរួមកែលម្អដោយក្ដីអនុគ្រោះ។
#សូមសេចក្ដីចម្រើនកើតមានដល់អក្សរសាស្ត្រជាតិរបស់ខ្ញុំជារៀងរហូតតទៅ!
🖋២៣.០៣.២០២១🖋
រក្សាសិទ្ធិដោយខ្ញុំព្រះករុណា-ខ្ញុំប៉ាកកាកោវិទ

សូមឲ្យឯកសារមួយនេះបានជាប្រយោជន៍ដល់សិក្ខាកាមគ្រប់រូប។...........    សូមសិក្ខាកាមគ្រប់រូបទាញយកសៀវភៅនេះទៅសិក្សាតាមសេចក្ថីប្រ...
21/07/2020

សូមឲ្យឯកសារមួយនេះបានជាប្រយោជន៍ដល់សិក្ខាកាមគ្រប់រូប។...........
សូមសិក្ខាកាមគ្រប់រូបទាញយកសៀវភៅនេះទៅសិក្សាតាមសេចក្ថីប្រាថ្នាចុះ។
#សៀវភៅ : មូលដ្ឋានគ្រឹះបាលីវេយ្យាករណ៍
https://drive.google.com/file/d/1itMK7JvGlv0BB_2YZz0RO37hd9nroB5i/view?usp=drivesdk
🖋២១.០៧.២០២០🖋
#បើមិត្តៗប្រាថ្នាចង់សិក្សាវេយ្យាករណ៍កំណាព្យប្រចាំថ្ងៃសូមចូលរួម ចុច👍🏿 Share និង Follow ផេកនេះ មិត្តៗនឹងទទួលបានឯកសារវេយ្យាករណ៍កំណាព្យប្រចាំថ្ងៃ។ សូមអរព្រះគុណ!-សូមអរគុណ! សូមចូលទៅកាន់តំណផេកខាងក្រោម ↓
https://www.facebook.com/%E1%9E%80%E1%9F%86%E1%9E%8E%E1%9E%B6%E1%9E%96%E1%9F%92%E1%9E%99%E1%9E%9C%E1%9F%81%E1%9E%99%E1%9F%92%E1%9E%99%E1%9E%B6%E1%9E%80%E1%9E%9A%E1%9E%8E%E1%9F%8D%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%85%E1%9E%B6%E1%9F%86%E1%9E%90%E1%9F%92%E1%9E%84%E1%9F%83-The-Grammar-poem-daily-108829637505393/

Address

Battambang
02350

Alerts

Be the first to know and let us send you an email when កំណាព្យវេយ្យាករណ៍ប្រចាំថ្ងៃ The Grammar poem daily posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category