29/04/2026
#សូមអនុមោទនាបុណ្យវិសាខបូជា
#បដិបត្តិបូជាជាការបូជាដ៏ឧត្តម
#ភាសិតោវាទ
យោ បន ធម្មានុធម្មប្បដិបន្នោ វិហរតិ
សាមីចិប្បដិបន្នោ អនុធម្មចារី សោ តថាគតំ
សក្ករោតិ គរុករោតិ មានេតិ បូជេតិ បរមាយ បូជាយ ។
អ្នកឯណាមួយ ជាអ្នកប្រតិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ ជាអ្នក ប្រតិបត្តិដោយត្រឹមត្រូវ ជាអ្នកប្រតិបត្តិតាមធម៌ជាប្រក្រតី អ្នកនោះ ឈ្មោះថា ធ្វើសក្ការៈ ធ្វើសេចក្តីគោរពរាប់អានបូជានូវព្រះតថាគត ដោយបដិបត្តិបូជា ជាបូជាដ៏ឧត្តម។
សព្វបាបស្ស អករណំ កុសលស្សូបសម្បទា
សចិត្ត បរិយោទបនំ ឯតំ ពុទ្ធាន សាសនំ ។
កិរិយាមិនធ្វើនូវបាបទាំងពួង កិរិយាបំពេញនូវកុសល កិរិយាធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់ ទាំងនេះជាពាក្យប្រៀនប្រដៅ នៃព្រះពុទ្ធទាំងឡាយ។
ខន្តី បរមំ តបោ តីតិក្ខា
និព្វានំ បរមំ វតន្តិ ពុទ្ធា
ន ហិ បព្វជិតោ រូបឃាតី
សមណោ ហោតិ បរំ វិហេឋយន្តោ ។
អំណត់គឺសេចក្តីអត់ធន់ ជាតបធម៌ដ៏ឧត្តម ព្រះពុទ្ធទាំងឡាយទ្រង់ត្រាស់ថា ព្រះនិព្វានជាគុណជាតដ៏ឧត្តម អ្នកបួសដែលបៀតបៀនសត្វដទៃ សម្លាប់សត្វដទៃ មិនមែនជាបព្វជិត មិនមែនជាសមណៈឡើយ។
អនូបវាទោ អនូបឃាតោ បាដិមោក្ខេ ច សំវរោ
មត្តញ្ញុតោ ច ភត្តស្មឹ បត្តញ្ច សយនាសនំ
អធិចិត្តេ ច អាយោគោ ឯតំ ពុទ្ធាន សាសនំ ។
កិរិយាមិនតិះដៀលអ្នកដទៃ ១ កិរិយាមិនបៀតបៀនអ្នកដទៃ ១ កិរិយាសង្រួមក្នុងបាតិមោក្ខ១ ភាវៈដឹងប្រមាណក្នុងភត្តាហារ១ ទីដេកនិងទីអង្គុយដ៏ស្ងាត់១ កិរិយាបំពេញព្យាយាមក្នុងអធិចិត្ត១ ទាំងនេះជាពាក្យប្រៀនប្រដៅនៃព្រះពុទ្ធទាំងឡាយ។
សីលសមាធិគុណានំ ខន្ដិ បធានការណំ
សព្វេបិ កុសលា ធម្មា ខន្ឍាយេវ វឌ្ឍន្តិ តេ ។
សេចក្តីអត់ធន់ជាហេតុ ជាទីតាំងនៃគុណគឺសីលសមាធិទាំងឡាយ ធម៌ទាំងឡាយជាកុសលទាំងអស់នោះតែងចម្រើនដោយសេចក្តីអត់ធន់មែនពិត។
កេវលានំបិ បាបានំ ខន្តិ មូលំ និកន្តតិ
គរហកលហាទីនំ មូលំ ខណតិ ខន្តិកោ ។
សេចក្តីអត់ធន់ តែងកាត់បង់នូវឫសនៃបាបទាំងឡាយទាំងអស់ បុគ្គលអ្នកអត់ធន់ ឈ្មោះថាជីករំលើងនូវឫសនៃទោសទាំងឡាយ មានពាក្យតិះដៀល និងការឈ្មោះប្រកែកជាដើម។
ខន្តិ ធីរស្ស លក្ការោ ខន្តិ តបោ តបស្សិនោ
ខន្តិ ពលំ វ យតីនំ ខន្តិ ហិតសុខាវហា ។
សេចក្តីអត់ធន់ ជាគ្រឿងអលង្ការរបស់អ្នកប្រាជ្ញ សេចក្តីអត់ធន់ ជាគ្រឿងដុតបង់នូវបាបរបស់អ្នកដែលមានតបធម៌ សេចក្តីអត់ធន់ ជាកម្លាំងរបស់អ្នកប្រព្រឹត្តធម៌ សេចក្តីអត់ធន់ជាគុណជាតិនាំមកនូវប្រយោជន៍ និងសេចក្តីសុខ។
ខន្តិកោ មេតវា លាភី យសស្សី សុខសីលវា
បិយោ ទេវមនុស្សានំ មនោ ហោតិ ខន្តិកោ ។
អ្នកអត់ធន់ ជាអ្នកមានមិត្រសម្លាញ់ ជាអ្នកមានលាភ ជាអ្នកមាន យស ជាអ្នកមានសេចក្តីសុខជាប្រក្រតី។ អ្នកអត់ធន់ រមែងជាទីស្រឡាញ់ ជាទីគាប់ចិត្តនៃទេវតា និងមនុស្សទាំងឡាយ។
អត្តនោបិ បរេសញ្ច អត្ថាវហោ វ ខន្តិកោ
សគ្គមោក្ខគមំ មគ្គំ អារុឡ្ហោ ហោតិ ខន្តិកោ ។
អ្នកអត់ធន់ ជាអ្នកនាំមកនូវប្រយោជន៍ដល់ខ្លួន ដល់ជនទាំងឡាយឯទៀតផង។ អ្នកអត់ធន់ ជាអ្នកឡើងកាន់ផ្លូវជាទីទៅកាន់ស្ថានសួគ៌ និងព្រះនិព្វាន។
សត្ថុនោ វចនោវាទំ ករោតិយេវ ខន្តិកោ
បរមាយ ច បូជា ជិនំ បូជេតិ ខន្តិកោ ។
អ្នកអត់ធន់ ឈ្មោះថា ធ្វើតាមនូវព្រះពុទ្ធដីកា ជាឱវាទនៃព្រះសាស្តាមែនពិត។ អ្នកអត់ធន់ ឈ្មោះថាបូជានូវព្រះវិជិតមារ ដោយការ បូជាដ៏ឧត្តម។
ទុល្លភញ្ច មនុស្សត្តំ ពុទ្ធុប្បទោ ច ទុល្លភោ
ទុល្លភា ខណសម្បត្តិ សធ្ធម្មោ បរមទុល្លភោ ។
ភាវៈកើតជាមនុស្ស គឺសត្វទាំងឡាយបានដោយកម្រ។ កិរិយាត្រាស់ជាព្រះពុទ្ធ គឺសត្វទាំងឡាយបានដោយកម្រ។ កិរិយាដល់ព្រមដោយខណៈ គឺបានកើតជួបនឹងព្រះពុទ្ធ ឬនឹងព្រះពុទ្ធសាសនា គឺសត្វទាំងឡាយបានដោយកម្រ។ ធម៌របស់សប្បុរស គឺសត្វទាំងឡាយបាន ដោយកម្រក្រៃលែង។
សុខោ ពុទ្ធានមុប្បទោ សុខោ សទ្ធម្មទេសនា
សុខា សង្ឃស្ស សាមគ្គី សមគ្គានំ តបោ សុខោ ។
កិរិយាបានត្រាស់នៃព្រះពុទ្ធទាំងឡាយ នាំមកនូវសេចក្តីសុខ។ កិរិយាសម្តែងនូវធម៌របស់សប្បុរស នាំមកនូវសេចក្តីសុខ។ សេចក្តីព្រមព្រៀងគ្នារបស់សង្ឃ ឬពួកក្រុម នាំមកនូវសេចក្តីសុខ។ សេចក្តីព្យាយាមរបស់អ្នកដែលព្រមព្រៀងគ្នាទាំងឡាយ នាំមកនូវសេចក្តីសុខ។
សុខោ វិវេកោ តុដ្ឋស្ស សុតធមស្ស បស្សតោ
អព្យាបជ្ឈំ សុខំ លោកេ បាណភូតេសុ សញ្ញមោ ។
សេចក្តីស្ងប់ស្ងាត់របស់អ្នកដែលត្រេកអរក្នុងទីស្ងាត់ ជាអ្នកមានធម៌បានស្តាប់ហើយ ពិចារណាឃើញនូវធម៌ នាំមកនូវសេចក្តីសុខ។ កិរិយាមិនបៀតបៀន គឺកិរិយាសង្រួមចំពោះសត្វទាំងឡាយនាំមកនូវ សេចក្តីសុខក្នុងលោក។
សុខា វិរាគតា លោកេ កាមានំ សមតិក្កមោ
អស្មិមានស្ស វិនយោ ឯតំ វេ បរមំ សុខំ ។
ភាវៈប្រាសចាករាគៈ គឺកិរិយាកន្លងនូវកាមទាំងឡាយ នាំមកនូវសេចក្តីសុខក្នុងលោក។ កិរិយាធ្វើឲ្យវិនាសនូវអស្មិមានះ នេះឯងនាំ មកនូវសេចក្តីសុខដ៏ឧត្តម។
កិច្ឆោ មនុស្សបដិលាភោ កិច្ឆំ មច្ចាន ជីវិតំ
កិច្ឆំ សទ្ធម្មស្សវនំ កិច្ឆោ ពុទ្ធានមុប្បទោ ។
កិរិយាត្រឡប់បានអត្តភាពជាមនុស្ស ជាការលំបាក។ សេចក្តីរស់ នៅរបស់សត្វទាំងឡាយ ជាការលំបាក។ កិរិយាស្តាប់នូវ ព្រះសទ្ធម្ម ជាការកម្រ។ កិរិយាបានត្រាស់នៃព្រះពុទ្ធទាំងឡាយ ជាការលំបាក។
សត្ថុនោ សទ្ធម្មំ សព្វស្មឹ ជិនសាសនេ
កប្បានិ សតសហស្សានិ ទុគ្គតឹ សោ ន គច្ឆតិ ។
បុគ្គលឯណា បានស្តាប់នូវព្រះសទ្ធម្មរបស់ព្រះសាស្តា ដែលរាប់បញ្ចូល ក្នុងពាក្យប្រៀនប្រដៅនៃព្រះវិជិតមារទាំងពួង បុគ្គលនោះ រមែងមិនទៅកាន់ទុគ្គតិអស់សែនកប្ប។
បុព្វណ្ហេ បិណ្ឌបាតញ្ច សាយណ្ហេ ធម្មទេសនំ
បទោស ភិក្ខុឱវាទ អឌ្ឍរត្តេ ទេវបញ្ហានំ
បច្ចុសេវ គតេ កាលេ ភព្វាភព្វេ វិលោកនំ
ឯតេ បញ្ចវិធេ កិច្ចេ វិសោធេតិ មុនិបុង្កវោតិ ។
ព្រះសម្មាសម្ពុទ្ធ ជាចម្បងជាងអស់អ្នកប្រាជ្ញ ទ្រង់ជម្រះនូវពុទ្ធកិច្ចទាំងឡាយ ៥ ប្រការនេះ គឺក្នុងពេលព្រឹក ទ្រង់ស្តេចទៅបិណ្ឌបាត១ ក្នុងពេលល្ងាចទ្រង់សម្តែងធម៌ទេសនា១ ក្នុងពេលព្រលប់ ទ្រង់ប្រទានឱវាទដល់ពួកភិក្ខុ១ ក្នុងពេលអធ្រាត្រ ទ្រង់ដោះប្រស្នានៃទេវតា១ ក្នុងពេលជិតភ្លឺ ទ្រង់ប្រមើលមើលនូវសត្វលោកដែលគួរត្រាស់ដឹង និងមិនគួរត្រាស់ដឹង១។
ទីតាំង វត្តកណ្តាល ក្រុងបាត់ដំបង