Anlong Veng Peace Center

Anlong Veng Peace Center ANLONG VENG PEACE CENTER
Searching for Truthfulness and Reconciliation. It has been 25 years since the signing of the Paris Peace Agreement.

Peace remains a ‘fragile one’ in Cambodia. As one of the beneficiaries from the agreement, and in my role now as director of the Documentation Center of Cambodia, I would like to highlight the work of the Anlong Veng Peace Center and its contribution to the peaceful process. Peace will remain to be a long road for all Cambodians, if we don't walk together. Youk Chhang, Director, Documentation Center of Cambodia.

ផ្លយ សៀម ៖ បើអ្នកណាដែលបានស្លាប់ហើយ ខ្មែរក្រហមនឹងកប់ចោលឲ្យចាំទំនប់ទឹកនោះតែម្ដងផ្លយ សៀម ដែលមានអាយុ៧៣ឆ្នាំ និងរស់នៅក្នុងក្រ...
20/08/2026

ផ្លយ សៀម ៖ បើអ្នកណាដែលបានស្លាប់ហើយ ខ្មែរក្រហមនឹងកប់ចោលឲ្យចាំទំនប់ទឹកនោះតែម្ដង

ផ្លយ សៀម ដែលមានអាយុ៧៣ឆ្នាំ និងរស់នៅក្នុងក្រុងសំរោង ខេត្ដឧត្ដរមានជ័យ បាននិយាយអំពីប្រវត្តិឆ្លងកាត់របបខ្មែរក្រហមថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន១៣នាក់ (ស្រី៩នាក់ និងប្រុស៤នាក់)។ កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រទេ ដោយសារជីវភាពក្រុមគ្រួសារមានការលំបាកពេក។ ខ្ញុំរកសំពត់ស្លៀកមួយស្ទើរពុំបានផង។ ម្យ៉ាងទៀត ខ្ញុំគឺជាកូនច្បងនៅក្នុងគ្រួសារ ដែលត្រូវទទួលរ៉ាប់រងនូវរាល់ការងារនៅក្នុងគ្រួសារ។ ខ្ញុំបានរៀបការនៅអាយុ២០ឆ្នាំ មុនសម័យខ្មែរក្រហម។

នៅពេលដែលខ្មែរក្រហមចូលមកដល់ភូមិរបស់ខ្ញុំ ខ្ញុំបានរត់ភៀសខ្លួនទៅកាន់ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ។ ខ្មែរក្រហមបានរៀបចំប្រធានភូមិបុស្បូវ និងបង្កើតជាសហករណ៍ ដើម្បីឲ្យប្រជាជនរស់នៅ និងធ្វើការរួមគ្នា។ ខ្មែរក្រហមបានជម្លៀសប្រជាជនដែលជាប់និន្នាការពីសម័យ លន់ នល់ ទៅកាន់តំបន់ផ្សេងៗទៀត ដោយប្រាប់មូលហេតុថាត្រូវទៅសង់ផ្ទះថ្មី។ តាមការពិត ខ្មែរក្រហមបានយកអ្នកទាំងនោះទៅសម្លាប់ចោល។ ចំណែកឯប្រពន្ធកូនរបស់អ្នកដែលជាប់និន្នាការក្បត់ ត្រូវបានខ្មែរក្រហមបញ្ជូនខ្លួនទៅតាមក្រោយ។

ឪពុករបស់ខ្ញុំត្រូវបានខ្មែរក្រហមប្រើឲ្យឃ្វាលគោ ខណៈដែលម្ដាយខ្ញុំធ្វើការងារតម្បាញ និងថែទាំកុមារ។ ខ្មែរក្រហមបានប្រមូលទ្រព្យសម្បត្ដិរបស់ប្រជាជនមកដាក់រួមក្នុងផ្ទះបាយរបស់សហករណ៍។ បន្ទាប់មក កម្លាំងរបស់ប្រជាជនត្រូវបានបែងចែកឲ្យធ្វើការងារ។ ខ្មែរក្រហមបានចាត់ឲ្យខ្ញុំធ្វើការងារក្នុងកងកាត់ដេរសម្លៀកបំពាក់ពេញមួយរដូវប្រាំង។ លុះដល់ខែវស្សា ខ្ញុំត្រូវបានចាត់ឲ្យដកសំណាប និងស្ទូងស្រូវ។ ជាទូទៅ ខ្ញុំត្រូវធ្វើការងារដកសំណាបនៅពេលយប់ និងស្ទូងស្រូវនៅពេលថ្ងៃ។ បន្ទាប់ពីស្ទូងស្រូវរួច ខ្មែរក្រហមបានបញ្ជូនខ្ញុំទៅធ្វើការងារកាត់ដេរវិញ។ អាហាររបស់ខ្ញុំគឺបបរ និងទឹកប្រហុក។

មួយឆ្នាំក្រោយមក ខ្ញុំមានផ្ទៃពោះ។ លុះដល់ជិតសម្រាលកូន ខ្មែរក្រហមមិនបានឲ្យខ្ញុំឈប់សម្រាកពីការងារឡើយ។ ខ្មែរក្រហមនៅតែឲ្យខ្ញុំ និងប្រជាជនផ្សេងទៀតធ្វើការងារជាទម្ងន់ដដែល និងគ្មានពេលឈប់សម្រាកគ្រប់គ្រាន់ឡើយ។ គ្មានករណីលើកលែងទៅលើជនណាម្នាក់ឡើយ សម្រាប់ខ្មែរក្រហម។

លុះដល់ពេលខ្ញុំសម្រាលកូន ខ្មែរក្រហមបានឲ្យខ្ញុំសម្រាករយៈពេល១ខែ ហើយប្ដីរបស់ខ្ញុំធ្លាប់បានស្នើសុំអង្ករពីអង្គការខ្មែរក្រហមចំនួន៤ទៅ៥កំប៉ុងសម្រាប់ឲ្យខ្ញុំហូបរយៈពេលពីរទៅបីថ្ងៃ។ អំឡុងពេលខ្ញុំសរសៃខ្ចី ខ្មែរក្រហមមិនជម្លៀសខ្ញុំទៅតំបន់ណាផ្សេងឡើយ។ រហូតដល់កូនរបស់ខ្ញុំមានអាយុលើសពីមួយខែ ខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យទៅដកស្ទូងស្រូវ និងតម្រូវឲ្យខ្ញុំយកកូនទៅផ្ញើកងថែទាំកុមារ។

ជាទម្លាប់ប្រចាំថ្ងៃ ខ្ញុំត្រូវក្រោកទៅធ្វើការងារនៅមុនម៉ោង៦ព្រឹក ហើយយកកូនរបស់ខ្លួនទៅផ្ញើកងថែទាំកុមារ។ នៅក្នុងក្រុមរបស់ខ្ញុំមានសមាជិកចំនួន១០នាក់ ដោយទទួលបានផែនការស្ទូងស្រូវឲ្យរួចរាល់ទំហំពីរហិកតា។ កងចល័តខ្មែរក្រហមទទួលបានរបបអាហារចំនួនពីរពេលក្នុងមួយថ្ងៃ ពេលថ្ងៃត្រង់ និងពេលល្ងាច។ របបអាហារជាទូទៅ គឺបបរត្រកួន ដោយស្ទើរតែគ្មានគ្រាប់អង្ករសោះ។ ចំណែកឯស្រ្ដីមានផ្ទៃពោះអាចទទួលបានរបបអាហារហូបចុកគ្រប់គ្រាន់។

កុមារៗនៅក្នុងកងទទួលបានរបបអាហារបបរលាយជាមួយពោត ចំនួនពីរពេលក្នុងមួយថ្ងៃ។ កុមារដែលមានអាយុក្រោម១២ឆ្នាំ ខ្មែរក្រហមបានប្រើឲ្យកាប់ដើមទន្ទ្រានខែត្រ ដើម្បីធ្វើជាជីដាក់ស្រែ។ កុមារទាំងនោះប្រឈមនឹងមុខនឹងការរបួសជើង ហើយគ្មានថ្នាំព្យាបាល។ ចំណែកឯប្រជាជននៅក្នុងកងចល័តតែងតែទទួលបានរបបបាយសម្រាប់អ្នកធ្វើការងារខ្លាំង ខណៈដែលអ្នកខ្សោយទទួលបានបបរតែប៉ុណ្ណោះ។
ក្នុងពេលចៃដន្យណាមួយ ប្រជាជនបានដួលសន្លប់នៅការដ្ឋានលើកទំនប់ ខ្មែរក្រហមនឹងយកទៅកោសខ្យល់។ បើអ្នកណាដែលបានស្លាប់ហើយ ខ្មែរក្រហមនឹងកប់ចោលឲ្យចាំទំនប់ទឹកនោះតែម្ដង។ បើសិនបើខ្មែរក្រហមចង់សម្លាប់នរណាម្នាក់ គឺគ្រាន់តែចោទប្រកាន់ថា អ្នកនោះជាប់និន្នាការ ហើយក្បត់នឹងអង្គការ។

រហូតដល់ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្ដវៀតណាមបានចូលមកដល់ប្រទេសកម្ពុជា។ ខ្ញុំនិងអ្នកភូមិផ្សេងទៀតបាននាំគ្នារត់ភៀសខ្លួនពីគោកពង្រទៅកាន់គោកអំពិល។ ក្រោយមក ខ្ញុំបានចូលទៅរស់នៅក្នុងក្រុងសំរោងមួយរយៈ មុននឹងវិលត្រឡប់ទៅកាន់ទីកន្លែងកំណើតវិញ។

ការឆ្លងកាត់បទពិសោធន៍នៃការរស់រានមានជីវិតពីសម័យខ្មែរក្រហម ខ្ញុំមានអារម្មណ៍ភ័យខ្លាច។ ខ្ញុំយល់ថា ការកាត់ទោសមេដឹកនាំខ្មែរក្រហមតាមផ្លូវតុលាការ ពិតជាមានសារសំខាន់ក្នុងការស្វែងរកយុត្ដិធម៌ដល់ជនរងគ្រោះ និងជំរុញឲ្យមានការចងចាំដល់យុវជនជំនាន់ក្រោយតាមរយៈការអប់រំប្រវត្ដិសាស្ដ្រនៅតាមសាលារៀន និងប្រមែរប្រមូលសាច់រឿងពីអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម»៕

បញ្ជាក់៖ ញ៉យ ផាន់និន អ្នកស្ម័គ្រចិត្ដមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង សម្ភាសន៍ជាមួយ ផ្លយ សៀម ក្នុងគម្រោង៖ «ការលើកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម» នៅក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។ ផ្លយ សៀម ភេទស្រី អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិផ្លង់ ឃុំបុស្បូវ ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ។ សួត វិចិត្រ បានសង្ខេបបទសម្ភាសន៍នេះ។

សំ ផុន ៖ ខ្មែរក្រហមបានធ្វើបាបមនុស្សតាមអំពើចិត្ដសំ ផុន ដែលមានអាយុ៧៦ឆ្នាំ និងរស់នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័...
20/08/2026

សំ ផុន ៖ ខ្មែរក្រហមបានធ្វើបាបមនុស្សតាមអំពើចិត្ដ

សំ ផុន ដែលមានអាយុ៧៦ឆ្នាំ និងរស់នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ បាននិយាយអំពីប្រវត្តិតស៊ូឆ្លងកាត់របបខ្មែរក្រហមថា៖ «នៅសម័យខ្មែរក្រហម ខ្មែរក្រហមបានប្រគល់ក្របីមួយនឹមឲ្យខ្ញុំ ដើម្បីភ្ជួរស្រែ។ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ខ្ញុំមិនទទួលបានរបបអាហារហូបចុកគ្រប់គ្រាន់ឡើយ។ ខ្ញុំទទួលបានរបបអាហារ នៅម៉ោង១ ឬ២រសៀល។ ចំពោះរបបអាហារ ខ្មែរក្រហមប្រាប់ឲ្យយើងកាន់ចានមួយម្នាក់ៗ ទៅកាន់កន្លែងបាយរួម នៅរៀងរាល់ម៉ោងហូបអាហារ។ ម្នាក់ទទួលបានបបរចំនួន៣វែក។

នៅពេលមួយ ខ្ញុំបានឃើញខ្មែរក្រហមដួសបបរចេញពីក្នុងខ្ទះត្នោត ហើយមានភក់នៅលើបបរនោះ។ អ្នកដួសបបរគ្រាន់តែដួសភក់នៅលើបបរនោះចេញ ហើយឲ្យយើងហូប។ នៅពេលនោះ ប្រជាជនម្នាក់ៗត្រូវបានខ្មែរក្រហមបង្ខំឲ្យធ្វើការងារស្ទើរតែស្លាប់ស្ទើររស់ទៅហើយ។ ខ្ញុំបានរស់នៅបែកចេញពីក្រុមគ្រួសារ នៅកងឆ្ងាយពីគ្នា។ នៅពេលខែភ្លឺ ខ្មែរក្រហមតែងតែប្រើឲ្យយើងធ្វើការងាររហូតយប់ជ្រៅ។ ជួនកាល ប្រជាជនក្នុងសហករណ៍បានជួបគ្រោះថ្នាក់ដោយសារការកាប់ដីចំគ្រាប់មីនកណ្ដាលវាលស្រែ បណ្ដាលឲ្យរបួស និងស្លាប់បាត់បង់ជីវិត។ អ្នករបួសត្រូវដេករនោករនាលនៅលើវាលស្រែ។

នៅសម័យនោះ គ្មានអ្នកណាជួយអ្នកណាទេ។ ម្នាក់ៗយករស់តែរៀងខ្លួន។ សូម្បីតែយើងងាកក្បាលចុះឡើងៗ បម្រុងចូលទៅក្នុងព្រៃ ខ្មែរក្រហមនឹងចាប់ត្រឡប់មកវិញភ្លាមៗ។ ប្រសិនបើធ្វើបែបនេះលើសពី២ដង ខ្មែរក្រហមនឹងយកយើងទៅកសាង ឬសម្លាប់ចោល។

ក្រោយមក ខ្ញុំរត់ទៅរស់នៅពន្លៃ។ នៅទីនោះ ខ្មែរក្រហមបានកាប់សម្លាប់មនុស្សយ៉ាងព្រៃផ្សៃ ហើយមិនបានកប់សពទាំងនោះឲ្យត្រឹមត្រូវទេ។ ខ្មែរក្រហមបានកាច់មែកឈើគ្របពីលើជាការស្រេច។ ជួនកាល សត្វឆ្កែកកាយ ហើយអូសសាកសព ដែលស្អុយរលួយទាំងនោះ ជាផ្នែកៗ ដូចជា ភ្លៅ ឬកំភួនដៃជាដើម ចូលមកក្នុងភូមិវិញ។

ខ្មែរក្រហមសម្លាប់មនុស្ស ដោយប្រើត្បូងចប។ ចំពោះក្មេងៗ ខ្មែរក្រហមវាយក្បាលនឹងញញួរ បន្ទាប់ពីបានអប់រំកែប្រែជាច្រើនដងពីការលួចអាហារ។ ខ្មែរក្រហមមានភាពល្អិតល្អន់ណាស់ទៅលើការងារប្រចាំថ្ងៃ ដោយមិនឲ្យមានការភ្លាំងភ្លាត់ទៅលើចំណុចណាមួយឡើយ។

អ្វីដែលខ្ញុំចងចាំមិនភ្លេចពីសម័យខ្មែរក្រហម គឺការហូបមិនគ្រប់គ្រាន់។ ខ្មែរក្រហមបានធ្វើបាបមនុស្សតាមអំពើចិត្ដ។ ជាពិសេស ខ្ញុំត្រូវបានប្រើឲ្យជីករណ្ដៅ នៅឯភ្នំដំរី។ ខ្ញុំគិតក្នុងចិត្ដថា ប្រសិនបើយើងជីករណ្ដៅនោះរួចរាល់ ប្រាកដជាខ្មែរក្រហមវាយខ្ញុំសម្លាប់ទម្លាក់ នៅទីនោះតែម្ដង។
សំណាងល្អ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្ដវៀតណាមបានចូលមកដល់ប្រទេសកម្ពុជារហូតដល់ឆ្នាំ១៩៧៩។ ខ្ញុំនិងប្រជាជនផ្សេងទៀតបាននាំគ្នារត់ភៀសខ្លួនពីគោកពង្រទៅកាន់គោកអំពិល។ ក្រោយមក ខ្ញុំបានចូលទៅរស់នៅក្នុងក្រុងសំរោង នៃខេត្ដឧត្ដរមានជ័យ មួយ រយៈ មុននឹងវិលត្រឡប់ទៅកាន់ទីកន្លែងកំណើតរបស់ខ្លួនវិញ។ ខ្ញុំមិននឹកស្មានថាអាចនៅរស់រានមានជីវិតដូចសព្វថ្ងៃនេះទេ។

ការឆ្លងកាត់បទពិសោធន៍ដ៏ជូរចត់ និងភាពភ័យខ្លាចនៃការរស់រានមានជីវិតពីសម័យខ្មែរក្រហម ពិតជាធ្វើឲ្យខ្ញុំយល់ថា ការកាត់ទោសមេដឹកនាំខ្មែរក្រហមតាមផ្លូវតុលាការ គឺមានសារសំខាន់ខ្លាំងណាស់ក្នុងការស្វែងរកយុត្ដិធម៌ដល់ជនរងគ្រោះ ការផ្សះផ្សា និងផ្ដល់សំណងជារួម នៅក្នុងប្រទេសរបស់យើង ជាពិសេសគឺការជំរុញការចងចាំអំពីប្រវត្ដិសាស្រ្ដដល់យុវជនជំនាន់ក្រោយ តាមរយៈការអប់រំប្រវត្ដិសាស្ដ្រនៅតាមសាលារៀន និងការបង្កើតទីកន្លែងថែរក្សាឯកសារខ្មែរក្រហម»៕

បញ្ជាក់៖ គាំ ស្រីកែវ អ្នកស្ម័គ្រចិត្ដមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង សម្ភាសន៍ជាមួយ សំ ផុន ក្នុងគម្រោង៖ «ការលើកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម» នៅក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។ សួត វិចិត្រ បានសង្ខេបបទសម្ភាសន៍នេះ។

សំ ដឿក ៖ ខ្ញុំបានឮសម្លេងសត្វព្រៃយំ ខ្ញុំស្រណោះខ្លួនពេកបានយំតាមសត្វនោះសំ ដឿក បាននិយាយរៀបរាប់ពីរឿងរ៉ាវប្រវត្តិតស៊ូរបស់ខ្លួ...
19/08/2026

សំ ដឿក ៖ ខ្ញុំបានឮសម្លេងសត្វព្រៃយំ ខ្ញុំស្រណោះខ្លួនពេកបានយំតាមសត្វនោះ

សំ ដឿក បាននិយាយរៀបរាប់ពីរឿងរ៉ាវប្រវត្តិតស៊ូរបស់ខ្លួនដែលបានឆ្លងកាត់នៅក្នុងរបបខ្មែរក្រហមដូចតទៅ៖ «កាលពីកុមារភាព ខ្ញុំមិនបានសិក្សារៀនសូត្រទេ។ គ្រួសារខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ ដែលស្ថានភាពជីវភាពគឺក្រលំបាកណាស់។ ខ្ញុំមានបងប្អូនបង្កើតចំនួន៥នាក់ ហើយខ្ញុំគឺជាកូនទី៤នៅក្នុងគ្រួសារ។ ឪពុកខ្ញុំមានឈ្មោះ សំ និងម្ដាយឈ្មោះ ប៊ួយ។ ឪពុកខ្ញុំបានចែកឋានទៅដោយសារជំងឺ។ ខ្ញុំបានរស់នៅជាមួយម្ដាយ និងបងប្អូន ដោយបានខិតខំធ្វើការងារស្រែចម្ការ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។

នៅពេលដែលរបបកម្ពុជាប្រជាធិបតេយ្យឆ្នាំ១៩៧៥ ដល់១៩៧៩បានឡើងកាន់អំណាច ខ្ញុំត្រូវបានបំបែកចេញពីគ្រួសារទៅរស់នៅក្នុងកងចល័ត។ ការងារខ្ញុំផ្តោតលើការធ្វើស្រែ ស្ទូងស្រូវ ដកសំណាប និងប្រមូលផលស្រូវ។ ម្ដាយខ្ញុំធ្វើការផ្នែកលើកទំនប់ ជីកប្រឡាយ ចំណែកឯបងប្អូនប្រុសស្រីរបស់ខ្ញុំត្រូវបានអង្គការបញ្ជូនទៅធ្វើការនៅតាមការដ្ឋានផ្សេងៗពីគ្នា។ យើងមិនមានពេលឈប់សម្រាកឡើយ។ អ្នកធ្វើស្រែនិងស្ទូងស្រូវ ដូចជារូបខ្ញុំ ត្រូវតែខិតខំប្រឹងប្រែងធ្វើការឲ្យទាន់ពេលវេលា។ ប្រសិនបើមាននណាម្នាក់ស្ទូងស្រូវមិនទាន់គេ គឺឈ្លបដើររុញពីក្រោយជាប់រហូត អ្នកខ្លះឈានដល់ការច្រានទម្លាក់ភក់ក៏មាន។

ជារៀងរាល់ថ្ងៃ យើងធ្វើការតាំងពីព្រឹកព្រលឹម រហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបបានសម្រាកហូបបបរ។ លុះដល់ម៉ោង១រសៀល យើងចុះធ្វើការរហូតដល់ម៉ោង៥ល្ងាចទើបបានឈប់សម្រាក។ ចំពោះការហូបចុក យើងជួបការលំបាកខ្លាំង ដោយមួយថ្ងៃទទួលបានបបរមួយកូនកា។ កំឡុងពេលនោះ អង្គការមិនអនុញ្ញាតឲ្យយើងរកអាហារហូបចុកនៅខាងក្រៅទេ ប្រសិនជាអ្នកណាដែលលួចអាហារហូបតែម្នាក់ឯង នឹងត្រូវអង្គការចោទថាក្បត់។

យើងមិនមានថ្នាំព្យាបាលឲ្យបានត្រឹមត្រូវទេ។ យើងទទួលបានថ្នាំអាចម៍ទន្សាយ(គ្រាប់មូលតូចៗពណ៌ខ្មៅ)។ លើសពីនេះទៀត ប្រសិនបើនណាម្នាក់ឈឺធ្ងន់ឈប់សម្រាកច្រើនថ្ងៃ អង្គការថា យើងខ្ចិលច្រអូស ហើយចោទថា៖ «គ្រុនញាក់គ្រុនញ័រ គ្រុនត្រាក់ទ័រគ្រុនបាយបាន»។ ចាប់តាំងពីខ្ញុំបានចាកចេញពីគ្រួសារ ខ្ញុំពុំបានដឹងដំណឹងពីសមាជិកគ្រួសារទេ។ យើងហាក់បីដូចជាមិនមែនគ្រួសារ ព្រោះតែការកាត់ផ្ដាច់ទំនាក់ទំនង។ ខ្ញុំតែងតែនឹករលឹកដល់ក្រុមគ្រួសារ ដែលបានបែកគ្នាយូរ។ ជាពិសេស ខ្ញុំនឹកម្ដាយ។ ថ្ងៃមួយ ខ្ញុំបានឮសម្លេងសត្វព្រៃយំ ខ្ញុំស្រណោះខ្លួនពេកបានយំតាមសត្វនោះ។

ក្រោយមកទៀត ខ្ញុំត្រូវបានផ្លាស់ទៅធ្វើការនៅរលំ ឯខាងជើងស្ពាន។ ការងារនៅទីនោះ គឺស្ទូងស្រូវ ដកសំណាប និងជញ្ជូនសំណាប។ អង្គការកំណត់ឲ្យខ្ញុំដកសំណាបឲ្យបានចំនួន៦ផ្លូន ក្នុងមួយថ្ងៃ។ រីឯការងារលើកភ្លឺស្រែត្រូវសម្រេចឲ្យបានចំនួនប្រវែង១០ម៉ែត្រក្នុងមួយថ្ងៃ ទើបអាចឈប់សម្រាកបាន។ ការងារជញ្ជូនសំណាបគឺជាការងារលំបាកហើយធ្ងន់ទៀតផង។ ខ្ញុំមានមាឌតូចជាងមិត្តដទៃ។ ថ្ងៃមួយ ខ្ញុំត្រូវបានអង្គការហៅទៅណែនាំ ដោយសារខ្ញុំលើកសំណាបមិនរួច។
ក្រៅពីការងារទាំងអស់នេះ ខ្ញុំត្រូវទៅបិទភ្លឺស្រែ។ ខ្ញុំមិនធ្វើការនៅមួយកន្លែងឡើយ ពោលគឺត្រូវចល័តទៅគ្រប់ទីកន្លែងដូចជា ភ្នំក្រោម ភូមិគោកដូង ទក្សិណ និងខ្នាររង្វាស់ជាដើម។ ការងារនៅខ្នាររង្វាស់គឺកាប់ឆ្ការព្រៃ។ យើងកាប់ឆ្ការព្រៃទៅតាមសម្រួល ដោយមិនបានកំណត់ចំនួនដូចកន្លែងផ្សេងៗឡើយ។

នៅយប់មុនថ្ងៃដួលរលំនៃរបបប៉ុល ពត នៅក្នុងឆ្នាំ១៩៧៩ មិត្តនៅក្នុងកងចល័តជាមួយគ្នាបាននិយាយថា៖ «នៅព្រឹកស្អែកនេះប្រហែលជាយើងមិនបានធ្វើការទៀតទេ ដឹងតែមានឮសម្លឹងគ្រាប់កាំភ្លើងមិនខាន»។ លុះដល់ម៉ោង៤ទាបភ្លឺ យើងបានឮសម្លេងកាំភ្លើងពិតមែន។ ខ្ញុំបានឮថា កងទ័ពសាធារណរដ្ឋប្រជាមាណិតកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម រំដោះបានទីក្រុងភ្នំពេញហើយ។ ក្នុងថ្ងៃដដែល ប្រហែលជាម៉ោង៣រសៀល យើងបានដឹងថាការរំដោះបានមកដល់ដំដែក នៃខេត្តសៀមរាប។

យើងបានពិភាក្សាគ្នាអំពីការធ្វើដំណើរចាកចេញពីកងចល័ត ហើយវិលត្រឡប់ទៅរកស្រុកកំណើតវិញ។ យើងបានសម្រេចចិត្តនាំគ្នា ធ្វើដំណើរឆ្លងកាត់តាមទំនប់បារាំង។ យើងមិនហ៊ានឆ្លងថ្នល់ទេ ព្រោះយើងខ្លាចសម្លេងគ្រាប់ផ្លោង និងរថក្រោះ។ យើងបាននាំគ្នានៅសំងំ នៅក្នុងព្រៃក្បែរផ្លូវថ្នល់ រហូតដល់ស្ងាត់សម្លេងគ្រាប់ផ្លោង ទើបយើងឆ្លងថ្នល់។ ខ្ញុំបានធ្វើដំណើរត្រឡប់ទៅដល់ផ្ទះ ដោយបានជួបជាមួយម្ដាយមុនគេ និងក្រោយមកជួបបងប្អូនដទៃទៀត។ ម្ដាយខ្ញុំបានឈរចាំមើលផ្លូវកូនៗត្រឡប់ទៅផ្ទះវិញ។ ពេលគាត់ឃើញខ្ញុំភ្លាម គាត់ពិតជាមានសប្បាយចិត្តណាស់។ យើងរស់នៅតែពីរនាក់ម្ដាយកូន។ យើងបានចាប់ផ្ដើមធ្វើស្រែចម្ការនៅក្នុងប្រវាស់ដៃ ដើម្បីផ្គត់ផ្គង់ជីវភាព។

រយៈពេលមួយឆ្នាំក្រោយមក បងប្រុសខ្ញុំបានវិលត្រឡប់មកដល់ផ្ទះវិញដែរ។ ខ្ញុំនិងម្ដាយពិតជាមានត្រេកអរជាខ្លាំង ដែលបានជួបជុំបងប្អូនវិញ។ យើងបានចំណាយពេលវេលា៣ឆ្នាំគត់ ទម្រាំបងប្អូនខ្ញុំទាំងអស់បានមកជួបជុំគ្នាវិញ។ យើងរស់នៅជួបជុំគ្នាមិនបានយូរប៉ុន្មាន។ ម្ដាយខ្ញុំបានស្លាប់បាត់បង់ជីវិតដោយសារជំងឺ។

ក្រោយមក ខ្ញុំបានរៀបការជាមួយប្ដីខ្ញុំ ដែលជាអ្នកស្រុកកំណើតជាមួយគ្នា។ យើងទាំងពីរនាក់ បានខិតខំធ្វើការងារស្រែចម្ការ ដើម្បីចិញ្ចឹមជីវិត។ យើងសុទ្ធតែជាកូននៃគ្រួសារអ្នកក្រលំបាកដូចគ្នា។ ហេតុនេះហើយ យើងមិនដែលត្អូញត្អែរនឹងការងារធ្ងន់ស្រាលឡើយ។ បច្ចុប្បន្ននេះ ខ្ញុំមានជីវភាពមធ្យម ដោយមិនខ្វះស្រូវអង្ករហូបទេ»៕

បញ្ជាក់៖ យ៉ម ស្រីមុំ យុវជនស្ម័គ្រចិត្តមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៅក្នុងស្រុកវ៉ារិន ខេត្តសៀមរាប សម្ភាសន៍ជាមួយ សំ ដឿក កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។ សុំ ដឿក ភេទស្រី អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិនគរក្រៅ ឃុំនគរធំ ស្រុកសៀមរាប ខេត្តសៀមរាប ។ ដឿក បច្ចុប្បន្នរស់នៅក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ មេក វិន បានសង្ខេបបទសម្ភាសន៍នេះ។

ឃាម ថែ ៖ ពេទ្យខ្មែរក្រហមបានប្រើម្ជុរចាក់ថ្នាំគោ ដើម្បីចាក់ថ្នាំខ្ញុំឲ្យហូបបបរបានវិញឃាម ថែ ដែលមានអាយុ៥២ឆ្នាំ និងរស់នៅក្នុ...
18/08/2026

ឃាម ថែ ៖ ពេទ្យខ្មែរក្រហមបានប្រើម្ជុរចាក់ថ្នាំគោ ដើម្បីចាក់ថ្នាំខ្ញុំឲ្យហូបបបរបានវិញ

ឃាម ថែ ដែលមានអាយុ៥២ឆ្នាំ និងរស់នៅក្នុងឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ បាននិយាយអំពីប្រវត្តិឆ្លងកាត់របបខ្មែរក្រហមថា៖ «ខ្ញុំមានបងប្អូនចំនួន១០នាក់ (ស្រី៥នាក់ និងប្រុស៥នាក់) ប៉ុន្ដែបានស្លាប់ចំនួន២នាក់ដោយសារជំងឺនៅក្នុងសម័យរដ្ឋកម្ពុជា។ កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រជ្រៅជ្រះទេ ដោយសារជីវភាពក្រុមគ្រួសារមានការលំបាកពេក។ ខ្ញុំបានផ្ដោតលើការជួយឪពុកម្ដាយធ្វើស្រែ ដើម្បីចិញ្ចឹមបងស្រីពិការម្នាក់ និងប្អូនៗនៅក្នុងបន្ទុក។

ចាប់ពីឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានចូលគ្រប់គ្រងភូមិឃុំរបស់ខ្ញុំ និងបង្កើតជាសហករណ៍មួយ ដើម្បីជំរុញឲ្យប្រជាជនធ្វើការងារបង្កបង្កើនផលស្រូវ។ ខ្មែរក្រហមបានប្រមូលទ្រព្យសម្បត្ដិឯកជន ដើម្បីធ្វើជារបស់រួម និងបម្រើផលប្រយោជន៍រួមក្នុងសហករណ៍។ ស្ថានភាពនៃការហូបចុករបស់ប្រជាជន មិនមានភាពប្រសើរឡើយ ដោយហូបបបរដែលស្ទើរពុំមានគ្រាប់អង្ករ។

ដោយសារខ្ញុំនៅតូច ខ្មែរក្រហមបានបញ្ជូនខ្ញុំទៅរស់នៅក្រោមការគ្រប់គ្រងរបស់កងថែទាំកុមារ។ ខ្ញុំបានបែកចេញពីឪពុកម្ដាយ។ នៅពេលណាដែលខ្ញុំនឹកឳពុកម្តាយ ខ្ញុំចង់វិលត្រឡប់ទៅផ្ទះណាស់។ នៅពេលមួយ ខ្ញុំបានកកាយដីលូនចេញពីរបង ព្រោះតែចង់វិលត្រឡប់ទៅរកឪពុកម្ដាយនៅឯផ្ទះវិញ។ ប៉ុន្ដែ ខ្ញុំត្រូវបានកងថែទាំកុមារចាប់បាន។ ខ្ញុំបានឆ្លងកាត់កុមារភាព និងធ្លាប់ឮការនិយាយតៗគ្នាអំពីជីវិតលំបាកវេទនាក្នុងរបបខ្មែរក្រហម។ ខ្ញុំបានចងចាំនូវការបាត់បង់ និងការប៉ះទង្គិចផ្លូវចិត្តជាច្រើន។ ពេទ្យខ្មែរក្រហមបានប្រើម្ជុរចាក់ថ្នាំគោ ដើម្បីចាក់ថ្នាំខ្ញុំឲ្យហូបបបរបានវិញ។ ទិដ្ឋភាពទាំងនោះបានធ្វើឲ្យខ្ញុំខ្លាចម្ជុរចាក់ថ្នាំ និងខ្លាចគ្រូពេទ្យ រហូតដល់សព្វថ្ងៃ។

នៅឆ្នាំ១៩៧៨ ខ្មែរក្រហមបានយកអ៊ំប្រុសរបស់ខ្ញុំទៅសម្លាប់ចោល ដែលខ្ញុំមិនអាចដឹងមូលហេតុបាន ក្រោមហេតុផលថាផ្លាស់ទៅរស់នៅក្នុងសហករណ៍ថ្មី។ ក្រៅពីនេះ ក្នុងសម័យខ្មែរក្រហម ប្រជាជនត្រូវបានបង្ខំឲ្យរៀបមង្គលការ ទោះបីខ្លួនពេញចិត្ដ ឬមិនពេញចិត្ដក៏ដោយ។ ប្រសិនបើមាននរណាម្នាក់ហ៊ានប្រកែកតវ៉ា ប្រាកដណាស់ ខ្មែរក្រហមមិនទុកជីវិតឲ្យរស់នៅតទៅទៀតទេ។ ខ្មែរក្រហមបានផ្សំផ្គុំគូស្រករចាប់ពី១០ទៅ៣០គូ ដោយមិនមានការរៀបចំកម្មវិធីតាមប្រពៃណីខ្មែរឡើយ។ គូស្រករថ្មីថ្មោងដែលទើបតែរៀបការរួច មិនសូវបានរស់នៅជាមួយគ្នាឡើយ ដោយម្នាក់ៗត្រូវទៅធ្វើការងារតាមតួនាទីក្នុងសហករណ៍រៀងៗខ្លួន។

ខ្មែរក្រហមបានប្រព្រឹត្ដអំពើរំលោភបំពានលើស្រ្ដីភេទ ហើយក្រោយមក ត្រូវសម្លាប់ចោលយ៉ាងអយុត្ដិធម៌ទៀតផង។ អំពើទារុណកម្មដែលខ្មែរក្រហមបានប្រព្រឹត្ដមកលើប្រជាជនមានច្រើនណាស់ រួមបញ្ចូលទាំងយកផ្លែឡាមទៅឆូតមុខអ្នកទោស និងអារកនឹងធាងត្នោត។ មន្ទីរសន្តិសុខមួយ នៅក្នុងស្រុកកោះធំ ខេត្ដកណ្ដាល បានដាក់សាកសពរបស់ប្រជាជនស្លូតត្រង់។ មន្ទីរនោះមានទំហំធំណាស់ ដែលអាចផ្ទុកសាកសពបានដល់រាប់ពាន់នាក់។ សាកសពទាំងនោះត្រូវបានទុកគរដូចភ្នំ រហូតដល់រលួយសេសសល់តែគ្រោងឆ្អឹង។ ប្រធានមន្ទីរដែលប្រព្រឹត្ដអំពើព្រៃផ្សៃនេះ មានឈ្មោះថា តាកង។ ក្រៅពីនេះ មន្ទីរសន្តិសុខមួយទៀតឈ្មោះថា«ពោធិ៍ទន្លេ» ដែលកម្រមានអ្នកដែលអាចចេញចូលបានណាស់ នៅក្នុងរបបខ្មែរក្រហម។

នៅពេលដែលរបបខ្មែរក្រហមបានដួលរលំទៅ នៅក្នុងឆ្នាំ១៩៧៩ ប្រជាជនបាននាំគ្នារត់ទៅលាក់ខ្លួនក្នុងព្រៃបណ្ដោះអាសន្ន ទម្រាំអាចសម្រេចចិត្ដយ៉ាងច្បាស់វិលត្រឡប់ទៅផ្ទះសម្បែងឯភូមិកំណើតរៀងៗខ្លួនវិញ។ ផ្ទះសម្បែង និងដីធ្លីដែលខ្លួនធ្លាប់មានពីមុនមក ត្រូវបានក្រុមគ្រួសារអ្នកដទៃយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ប៉ុន្ដែ ដោយសារការខិតខំប្រឹងប្រែងតវ៉ារបស់ខ្ញុំ និងការជួយសម្របសម្រួលរបស់អាជ្ញាធរ ក្រុមគ្រួសាររបស់ខ្ញុំបានទទួលដី និងផ្ទះរបស់ខ្លួនមកវិញ។ ចាប់ពីពេលនោះ អ្នកស្រុកតែងតែនាំគ្នាប្រារព្ធពិធីបុណ្យឧទ្ទិសកុសលដល់អ្នកដែលស្លាប់នៅក្នុងមន្ទីរតម្កល់សាកសពជារៀងរាល់ឆ្នាំ គួបផ្សំនឹងការអាក់ខាននៃការគោរពប្រណិតប័តជំនឿសាសនានៅក្នុងសម័យខ្មែរក្រហមរយៈពេលជិត៤ឆ្នាំ។

មកទល់នឹងពេលបច្ចុប្បន្ននេះ អ្វីដែលខ្ញុំចងចាំបំផុតពីសម័យខ្មែរក្រហមគឺការអត់អាហារ ដែលបបរមួយចានស្ទើរតែពុំមានគ្រាប់អង្ករទាល់តែសោះ។ ពេលវេលាមួយទៀតដែលកំសត់សម្រាប់ខ្ញុំ គឺម្ដាយនិងបងស្រីរបស់ខ្ញុំបានឆ្លាស់គ្នាពរខ្ញុំឆ្លងទឹកយ៉ាងលំបាក ដើម្បីវិលត្រឡប់ទៅភូមិកំណើតវិញ។ មកដល់ពេលនេះ ខ្ញុំមានចិត្ដសប្បាយរីករាយយ៉ាងខ្លាំង ដែលបានរួចផុតជីវិតពីសម័យខ្មែរក្រហម និងបានរួមរស់នៅក្នុងសង្គមមួយ ដែលប្រឹងប្រែងកសាងសន្ដិភាព និងមិនបង្កការភិតភ័យដល់ប្រជាជន ដូចជំនាន់មុនទៀត»៕

បញ្ជាក់៖ ណែម ចាន់រ៉ា អ្នកស្ម័គ្រចិត្ដរបស់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង សម្ភាសន៍ជាមួយ ឃាម ថែ នៅក្នុងគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម នៅក្នុងឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។ ឃាម ថែ ភេទស្រី អាយុ៥២ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្ដកណា្ដល។ សួត វិចិត្រ បានសង្ខេបបទសម្ភាសន៍នេះឡើងវិញ។

ឃាន ដា ៖ ឪពុកនិងប្អូនស្រីរបស់ខ្ញុំបានស្លាប់ដោយសារជំងឺ នៅក្នុងសម័យខ្មែរក្រហមឃាន ដា ដែលមានអាយុ៦៧ឆ្នាំ និងរស់នៅក្នុងឃុំបាក់...
17/08/2026

ឃាន ដា ៖ ឪពុកនិងប្អូនស្រីរបស់ខ្ញុំបានស្លាប់ដោយសារជំងឺ នៅក្នុងសម័យខ្មែរក្រហម

ឃាន ដា ដែលមានអាយុ៦៧ឆ្នាំ និងរស់នៅក្នុងឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ បាននិយាយអំពីរឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហមថា៖ «កាលពីកុមារភាព ខ្ញុំបានរៀនសូត្របន្ដិចបន្ដួចនៅវត្ដស្លក្រាម។ ខ្ញុំគឺជាកូនស្រីច្បងក្នុងចំណោមបងប្អូនបង្កើតចំនួន២នាក់ (ស្រីទាំងពីរនាក់)។

នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ក្រុមគ្រួសាររបស់ខ្ញុំមានជីវភាពក្រខ្សត់ណាស់ ដោយរស់ពឹងផ្អែកតែទៅលើការងារធ្វើស្រែ និងចិញ្ចឹមសត្វ (សត្វគោ និងមាន់)។ ស្របពេលនោះ ការទម្លាក់គ្រាប់បែករបស់ទាហាន លន់ នល់ តាមយន្ដហោះ បានកើតឡើងយ៉ាងខ្លាំង ដែលបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្ដិរបស់អ្នកស្រុក និងការបាត់បង់អាយុជីវិត។

ក្រុមគ្រួសាររបស់ខ្ញុំមានតែកូនខ្ទមតូចមួយ ដើម្បីរស់នៅប៉ុណ្ណោះ។ យើងពុំមានទ្រព្យសម្បត្ដិអ្វីផ្សេងទៀត ដែលគួរឲ្យសោកស្ដាយទេ។ ក្រុមគ្រួសាររបស់ខ្ញុំបានរត់ជាមួយប្រជាជនផ្សេងទៀត ដោយពរកូនចៅ និងរបស់របរដែលអាចយកទៅជាមួយបាន។ ជាទូទៅ អ្នកស្រុកតែងតែកត់សម្គាល់ពីសភាពការណ៍នៃគ្រាប់ផ្លោង និងទម្លាក់គ្រាប់បែកពីលើយន្ដហោះដោយខ្លួនឯង ដោយមិនមានការប្រកាសដំណឹង ឬការព្រមានជាមុនឲ្យទៅលាក់ខ្លួនឡើយ។ ក្រុមគ្រួសាររបស់ខ្ញុំបានរត់ចោលផ្ទះសម្បែងទៅលាក់ខ្លួន នៅតាមចម្ការរបស់អ្នកស្រុក ដែលទើបឆ្ការព្រៃហើយថ្មីៗ។

នៅពេលដែលខ្ញុំមានអាយុ១៩-២០ឆ្នាំ ខ្មែរក្រហមបានចូលមកកាន់កាប់ភូមិរបស់ខ្ញុំ។ ខ្មែរក្រហមបានបំផ្លិចបំផ្លាញសម្បត្ដិវប្បធម៌ និងវត្ដអារាមព្រះពុទ្ធសាសនា។ យើងបានជួបទុក្ខលំបាក គ្មានសេរីភាព និងរត់ភៀសខ្លួនចុះឡើងៗដោយសារតែសង្គ្រាមអស់ជាច្រើនឆ្នាំ។ ឪពុកនិងប្អូនស្រីរបស់ខ្ញុំបានស្លាប់ដោយសារជំងឺនៅក្នុងសម័យខ្មែរក្រហម នៅចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩។

នៅក្រោយឆ្នាំ១៩៧៩ ខ្ញុំបានចាកចេញពីស្រុកកំណើត ហើយធ្វើដំណើរតាមខ្មែរក្រហមទៅដល់តំបន់អន្លង់វែង។ នៅទីនោះ ឈិត ជឿន ហៅតាម៉ុក ដែលជាមេទ័ពក្នុងតំបន់នោះផ្ទាល់ បានផ្គត់ផ្គង់ស្បៀងអាហារ ដូចជា អង្ករ និងត្រីខកំប៉ុង។

ក្រោយមក ខ្ញុំបានរៀបការជាមួយប្តីខ្ញុំ ដោយសារតែគាត់បានស្នើទៅកាន់អង្គភាពរយៈពេល៣ខែមកហើយ តាមរយះប្រធានអង្គភាព។ ការរៀបការរបស់ខ្ញុំស្ថិតក្នុងចំណោម២គូ ដែលមានចាស់ទុំពីរបីនាក់ចូលរួម។ អង្គការខ្មែរក្រហមធ្វើម្ហូបឲ្យយើងហូបជុំគ្នា។ ប្ដីរបស់ខ្ញុំគឺជាកងដឹកជញ្ជូនរបស់ខ្មែរក្រហម ដែលតែងតែដឹកស្បៀងអាហារជូនដល់ប្រជាជននៅសមរភូមិក្រោយ និងកងទ័ពដែលឈរជើងនៅសមរភូមិមុខខាងក្នុងប្រទេស។ គោលដៅរបស់គាត់ គឺចេញឆ្ងាយពីតំបន់អន្លង់វែង ឬភ្នំដងរែក។ នៅជំនាន់តាម៉ុក អ្នកដែលមានជំងឺឈឺថ្កាត់ មិនត្រូវបានទុកចោលឡើយ។ ក្រុមគ្រូពេទ្យកងទ័ពនៅរង់ចាំព្យាបាលយើងគ្រប់ពេលវេលា និងមានឱសថគ្រប់គ្រាន់ដូចជា សេរ៉ូម ថ្នាំលេប និងថ្នាំចាក់ ជាដើម ដើម្បីសង្គ្រោះជីវិត។

ក្រោយមក ខ្ញុំបានធ្វើជាកងបិតចម្រូងឬស្សីឲ្យខ្មែរក្រហម ដើម្បីធ្វើជាអន្ទាក់ការពារខ្មាំងដែលមានបំណងចូលមកក្នុងភូមិឋានរបស់យើង។ នៅពេលនោះ ខ្ញុំទើបសម្រាលកូនហើយ។ ខ្ញុំមិនបានធ្វើការងារផ្សេង ក្រៅពីការបិតចម្រូង និងកាប់ឬស្សីទៅតាមផែនការកំណត់ឡើយ។ ចម្រូងនីមួយៗសណ្ឋានចុងស្រួចៗ ដែលមានប្រវែង២០សង់ទីម៉ែត្រ និងទំហំប៉ុនម្រាមដៃ។ នៅក្នុងមួយថ្ងៃ ខ្ញុំត្រូវបិតចម្រូងឲ្យបានចំនួន១៥០ដើម។ មូលដ្ឋានរបស់យើងភាគច្រើន គឺនៅតាមជំរំ នៅលើខ្នងភ្នំដងរែក។

បន្ទាប់ពីការធ្វើសមាហរណកម្ម ខ្ញុំបានចុះពីលើជំរំខ្នងភ្នំដងរែកទៅរស់នៅក្នុងស្រុកអន្លង់វែងដើម្បីប្រកបមុខរបរធ្វើស្រែចម្ការចិញ្ចឹមជីវិត។ យើងត្រូវម្ចាស់ការលើស្បៀងអាហារដោយខ្លួនឯង ជាជាងការពឹងផ្អែកលើការទំនុកបម្រុងទាំងស្រុង។

តាមរយៈរឿងរ៉ាវជីវិតដែលខ្ញុំធ្លាប់ឆ្លងកាត់ផ្ទាល់ពីសម័យខ្មែរក្រហម ខ្ញុំបានចែករំលែកទៅកាន់កូនចៅ និងក្មេងៗជំនាន់ក្រោយ ដើម្បីឲ្យស្វែងយល់រឿងរ៉ាវទាំងនោះ និងទប់ស្កាត់ការឡើងសាជាថ្មីម្ដងទៀត។ ប៉ុន្ដែដោយសារក្មេងៗជំនាន់ក្រោយមិនបានជួបប្រទះផ្ទាល់ អ្នកខ្លះជឿ ហើយអ្នកខ្លះទៀតមិនជឿទៅតាមការគិតរៀងៗខ្លួន។ អ្វីដែលខ្ញុំចងចាំមិនភ្លេច គឺការបាត់បង់ឳពុក និងប្អូនស្រី ព្រមទាំងការបំបិទសិទ្ធិសេរីភាព និងស្ថានភាពរស់នៅដ៏លំបាក ដែលស្ទើរតែមិនអាចពិពណ៌នាបាន»៕

បញ្ជាក់៖ ណែម ចាន់រ៉ា អ្នកស្ម័គ្រចិត្ដមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង សម្ភាសន៍ជាមួយ ឃាន ដា នៅក្នុងឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ឃាន ដា ភេទស្រី អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្ទោង ខេត្ដកំពង់ធំ។ សួត វិចិត្រ សង្ខេបបទសម្ភាសន៍នេះ។

យាំ ធួរ ៖ អំបិលគ្រួសមួយគ្រាប់ក៏ត្រូវដាក់ជាសមូហភាពដែរ នៅក្នុងរបបខ្មែរក្រហមយាំ ធួរ ដែលមានអាយុ៧៤ឆ្នាំ និងរស់នៅក្នុងសង្កាត់ប...
17/08/2026

យាំ ធួរ ៖ អំបិលគ្រួសមួយគ្រាប់ក៏ត្រូវដាក់ជាសមូហភាពដែរ នៅក្នុងរបបខ្មែរក្រហម

យាំ ធួរ ដែលមានអាយុ៧៤ឆ្នាំ និងរស់នៅក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ បាននិយាយអំពីរឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហមថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំគឺជាកូនច្បងនៅក្នុងគ្រួសារជាកសិករ។ កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រឡើយ ព្រោះជីវភាពក្រុមគ្រួសារមានការលំបាកពេក។

នៅសម័យខ្មែរក្រហម ខ្ញុំបានឆ្លងកាត់ការអត់ឃ្លានយ៉ាងខ្លាំង។ ខ្មែរក្រហមផ្ដល់បបរត្រកួន និង បាយ។ ដំបូង ខ្ញុំបានឃើញមនុស្សស្លៀកសម្លៀកបំពាក់ពណ៌ខុសប្លែកពីធម្មតា នៅពេលខ្មែរក្រហមចូលមកគ្រប់គ្រងភូមិរបស់ខ្ញុំ និងមានប្រដាប់ដោយកាំភ្លើង។ នៅពេលនោះ ខ្ញុំនិងក្រុមគ្រួសារបានរត់ភៀសខ្លួនទៅកាន់ព្រៃមួយកន្លែង ប៉ុន្ដែត្រូវបានខ្មែរក្រហមឃាត់ខ្លួនឲ្យវិលត្រឡប់ទៅកាន់ភូមិរបស់ខ្លួនវិញ។ នៅពេលនោះ ខ្ញុំមានផ្ទៃពោះ ស្របពេលខ្មែរក្រហមបានប្រមែរប្រមូលប្រជាជនដែលជាប់និន្នាការនឹងរបប លន់ នល់ ឲ្យទៅសង់ផ្ទះរស់នៅតំបន់ផ្សេង។ ប្រជាជនដទៃទៀតត្រូវបានខ្មែរក្រហមរៀបចំឲ្យនៅធ្វើការងារនៅក្នុងភូមិ ដូចជា បិទភ្លឺស្រែជាដើម។

លុះដល់ខ្ញុំសម្រាលកូនបានមួយរយៈ ខ្មែរក្រហមបញ្ជូនខ្ញុំទៅកិនស្រូវ និងច្រូតស្រូវនៅពេលយប់។ ចំពោះការហូបចុក យើងទទួលបាយ ច្រើនជាងបបរ។ ចំណែកឯ ការងារវិញ គ្មានពេលសម្រាប់គ្រប់គ្រាន់ឡើយ។ ការងារកាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ បន្ទាប់មក ក្រុមគ្រួសាររបស់ខ្ញុំបានជម្លៀសខ្លួនទៅកាន់ភូមិថ្នល់បត់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ ដើម្បីកិនស្រូវ។ ការហូបចុកនៅទីនោះទទួលបានបបរផង និងបាយផង ប៉ុន្ដែមិនគ្រប់គ្រាន់ឡើយ។ ខ្មែរក្រហមមិនអនុញ្ញាតឲ្យថែមរបបអាហារ ឬលួចអាហារហូបដោយឡែកឡើយ។ អំបិលគ្រួសមួយគ្រាប់ក៏ត្រូវដាក់ជាសមូហភាពដែរ នៅក្នុងរបបខ្មែរក្រហម។
ក្រុមគ្រួសាររបស់ខ្ញុំបានជួបនូវទុក្ខលំបាកវេទនាណាស់ ពីព្រោះខ្មែរក្រហមបានបញ្ជូនយើងឲ្យទៅធ្វើការងារនៅតាមតំបន់ជាយដែន។ ក្រោយមក ឪពុករបស់ខ្ញុំត្រូវបានខ្មែរក្រហមចាប់ខ្លួនយកទៅសម្លាប់ចោល ដោយបានភូតភរថាយកទៅឲ្យធ្វើការងារនៅសហករណ៍មួយផ្សេងទៀតក្នុងខេត្ដសៀមរាប។ ក្រោយមក ម្ដាយ និងប្អូនៗរបស់ខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសទៅកន្លែងផ្សេងទៀត។ ខ្ញុំបានដឹងថា ម្ដាយរបស់ខ្ញុំត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោលនៅវត្ដចក ចំណែកឯប្អូនរបស់ខ្ញុំបានអត់អាហាររហូតស្លាប់។ ក្នុងពេលនោះ ខ្ញុំត្រូវធ្វើការងារនៅក្នុងសហករណ៍ភូមិថ្នល់បត់ ដោយជួបប្រទះការអត់អាហារយ៉ាងខ្លាំង ជាពិសេសរបបអាហារដែលត្រូវកំណត់យ៉ាងតឹងរ៉ឹង និងមិនអនុញ្ញាតថែមថយឡើយ។

ក្រៅពីការងារកិនស្រូវ ខ្មែរក្រហមបានប្រើឲ្យខ្ញុំជញ្ជូនកណ្ដាប់ស្រូវពីក្នុងស្រែប្រដេញទឹក និងដាំបាយក្នុងសហករណ៍។ នៅក្នុងសម័យខ្មែរក្រហម យើងមិនមានពេលវេលាសម្រាកទេ ពោលគឺធ្វើការងារជារៀងរាល់ថ្ងៃ។ ជាពិសេស ប្រសិនបើនរណាម្នាក់ហ៊ានទម្រន់ ឬទ្រុឌទ្រោមនឹងការងារ ខ្មែរក្រហមនឹងចោទប្រកាន់ថាជាខ្មាំងរបស់អង្គការ និងយកទៅសម្លាប់ចោល។ ក្នុងជំនាន់នោះ ក្រុមគ្រួសាររបស់ខ្ញុំត្រូវបានកាត់ផ្ដាច់ទំនាក់ទំនងនឹងគ្នា។ ជាពិសេស យើងផ្ដោតលើការងារ និងមិនហ៊ានប្រកែកតវ៉ានឹងខ្មែរក្រហមឡើយ។

រហូតដល់ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្ដវៀតណាមបានចូលមកដល់ប្រទេសកម្ពុជា។ កងទ័ពទាំងនោះបានរំដោះប្រជាជននៅក្នុងភូមិរបស់ខ្ញុំ។ ខ្ញុំ និងប្ដី បានរត់ចូលទៅក្នុងព្រៃ និងបានជួបទៅនឹងបងប្អូន ដែលសេសល់ពីការសម្លាប់របស់ខ្មែរក្រហម។ ខ្ញុំបានចូលទៅរស់នៅក្នុងក្រុងសំរោង ដោយមិនទទួលបានការហូបចុកគ្រប់គ្រាន់។ នៅឆ្នាំ១៩៨៣ ប្ដីរបស់ខ្ញុំបានស្លាប់។ ក្រោយត្រឡប់មកផ្ទះរបស់ខ្លួនវិញ ខ្ញុំបានធ្វើការងារបង្កបង្កើនផលជាក្រុម និងប្រវ៉ាស់ដៃគ្នា ដើម្បីកសាងជីវភាពឡើងវិញ។

តាមរយៈការឆ្លងកាត់បទពិសោធន៍នៃការរស់រានមានជីវិតពីសម័យខ្មែរក្រហម ខ្ញុំយល់ឃើញថា ការកាត់ទោសមេដឹកនាំខ្មែរក្រហមតាមផ្លូវតុលាការ គឺមានសារសំខាន់ក្នុងការស្វែងរកយុត្ដិធម៌ដល់ជនរងគ្រោះ និងជំរុញឲ្យមានការចងចាំដល់យុវជនជំនាន់ក្រោយតាមរយៈការអប់រំប្រវត្ដិសាស្ដ្រនៅតាមសាលារៀន និងប្រមែរប្រមូលរឿងរ៉ាវពីអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម»៕

បញ្ជាក់៖ ញ៉យ ផាន់និន អ្នកស្ម័គ្រចិត្ដមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង សម្ភាសន៍ជាមួយ យាំ ធួរ នៅក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣។ យាំ ធួរ អាយុ៧៤ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ។ សួត វិចិត្រ បានសង្ខេបបទសម្ភាសន៍នេះ។

ស្មើន ផាន ៖ ខ្មែរក្រហមបានធ្វើការលត់ដំកងចល័តយ៉ាងខ្លាំងខ្ញុំឈ្មោះ ស្មើន ផាន អាយុ៦៦ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្ននៅក...
14/08/2026

ស្មើន ផាន ៖ ខ្មែរក្រហមបានធ្វើការលត់ដំកងចល័តយ៉ាងខ្លាំង

ខ្ញុំឈ្មោះ ស្មើន ផាន អាយុ៦៦ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្ននៅក្នុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៣នាក់ ហើយខ្ញុំគឺជាច្បងនៅក្នុងគ្រួសារកសិករ។ កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រឡើយ ព្រោះជីវភាពក្រុមគ្រួសារមានការលំបាកពេក។

នៅក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកក្នុងភូមិរបស់ខ្ញុំ ហើយចាប់ផ្ដើមមានការបែងចែកកម្លាំងប្រជាជនឲ្យរស់នៅ និងធ្វើការងារតាមសហករណ៍នីមួយៗទៅតាមវ័យ។ ពេលនោះ ខ្មែរក្រហមបានប្រមែរប្រមូលទ្រព្យសម្បត្ដិរបស់ប្រជាជន ដើម្បីធ្វើជាសម្បត្ដិរួមនៅក្នុងសហករណ៍ សូម្បីតែសម្លៀកបំពាក់ ជាដើម។

ខ្មែរក្រហមបានបញ្ចូលខ្ញុំទៅក្នុងកងចល័ត ដើម្បីធ្វើការងារដកស្ទូងស្រូវ។ ខ្ញុំដកសំណាបនៅពេលយប់ និងស្ទូងស្រូវនៅពេលព្រឹក។ នៅម៉ោង៤ទៀបភ្លឺ យើងត្រូវក្រោកពីដេក ដើម្បីបន្ដធ្វើការងារ។ ចំណែកឯម្ហូបអាហារវិញ ខ្មែរក្រហមមិនបានផ្ដល់ឲ្យយើងហូបចុកគ្រប់គ្រាន់ទេ។ យើងត្រូវហូបបបរស្ទើរតែគ្មានគ្រាប់អង្ករ។ ជាពិសេស យើងត្រូវធ្វើការងារដោយបង្ខិតបង្ខំ និងធ្ងន់ៗទៀតផង។ ខ្មែរក្រហមបានយកប្រជាជនទៅរៀនសូត្រ ឬសម្លាប់ជារឿយៗ។

ក្រោយមក ខ្ញុំត្រូវបានផ្លាស់ទៅកាន់សហករណ៍ភ្លង់ (ស្ថិតនៅក្នុងភូមិភ្លង់) ដើម្បីធ្វើការងារដកស្ទូងពេញមួយរដូវវស្សា។ ក្រុមរបស់ខ្ញុំមានគ្នាចំនួន១២នាក់ ខ្មែរក្រហមបានដាក់ផែនការឲ្យធ្វើស្រែចំនួន១ហិកតា។ ក្រៅពីនេះ ខ្មែរក្រហមបានប្រើឲ្យខ្ញុំជីកប្រឡាយទឹក ដើម្បីបង្កបង្កើនផលកសិកម្ម ព្រមទាំងកាប់ដី ដើម្បីដាំស្រូវឲ្យបាន១០ម៉ែត្របួនជ្រុងក្នុងមួយថ្ងៃ។ ប្រសិនបើមិនគ្រប់តាមផែនការកំណត់ ខ្មែរក្រហមនឹងឲ្យយើងធ្វើបន្ដរហូតដល់យប់។ ពេលខ្លះ ខ្មែរក្រហមបានបញ្ជាឲ្យកាប់ដីរហូតដល់៣០ម៉ែត្របួនជ្រុងក្នុងមា្នក់។

ខ្មែរក្រហមបានធ្វើការលត់ដំកងចល័តយ៉ាងខ្លាំង ដែលបណ្ដាលឲ្យប្រជាជនម្នាក់ៗមានសភាពស្គមស្គាំងស្បែកដណ្ដប់ឆ្អឹង និងស្ទើរស្លាប់ស្ទើររស់។ របបអាហាររបស់កងចល័ត គឺហូបបបរត្រកួន ដំឡូងមី និងកំពីងចេក ដោយក្នុងម្នាក់ទទួលបាន១វែក។ ទោះបីជាយើងហូបឆ្អែត ឬមិនឆ្អែតយ៉ាងណា គ្មាននរណាម្នាក់ហ៊ានសុំថែមរបបឡើយ។ ចំពោះរសជាតិវិញ គឺប្រៃ និងល្វីងយកតែម្ដង។ នៅពេលនោះ មិនមានប៊ីងចេង ឬម៉្សៅស៊ុបដូចសព្វថ្ងៃនេះឡើយ។

ខ្មែរក្រហមបានជម្លៀសខ្ញុំទៅកាន់សហករណ៍តាម៉ា ដើម្បីជីកប្រឡាយ និងលើកទំនប់ទឹក។ នៅទីនោះ ខ្ញុំត្រូវលើកទំនប់ទឹកត្រពាំងវែង ដោយមានការចូលរួមពីប្រជាជនទូទាំងឃុំតែម្ដង។ ចំពោះកន្លែងស្នាក់នៅវិញ យើងត្រូវសង់ខ្ទមតូចៗនៅខាងតាម៉ា ហើយត្រូវក្រោកតាំងពីម៉ោង៣ទៀបភ្លឺ ដើម្បីធ្វើដំណើរទៅលើកទំនប់ទឹកនៅត្រពាំងវែង។ រហូតដល់ម៉ោង៥ ឬជួនកាលដល់ម៉ោង៨ឬ៩យប់ ទើបអាចវិលត្រឡប់មកដល់កន្លែងស្នាក់នៅវិញ ហើយនាំគ្នាហូបអាហារ។ ជួនពេលខ្លះ អាហារដែលយើងទទួលបាន គឺបបរពីរទៅបីស្លាបព្រាប៉ុណ្ណោះ។

បន្ទាប់ពីចំណាយពេលជាច្រើនខែ ខ្មែរក្រហមបានបញ្ជូនខ្ញុំបន្តទៅកាន់ការដ្ឋានតាល័ក្ខ ដើម្បីស្ទូងស្រូវ ជីកប្រឡាយ និងលើកទំនប់ទឹកតាល័ក្ខ។ នៅទីនោះ យើងបានប្រឈមទៅនឹងការលំបាកជាច្រើន ដោយសារតែការងារច្រើនហួសកម្លាំង និងធ្ងន់ៗ។ យើងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់សម្រាកឡើយ សូម្បីតែការផឹកទឹក។

អំឡុងពេលនោះ ខ្មែរក្រហមបានរៀបចំពិធីមង្គលការដល់ប្រជាជនជាគូៗ ដោយពេលខ្លះមានចំនួនរហូតដល់៥០គូ ឬលើសពីនេះ។ ក្នុងកម្មវិធីមង្គលការ ខ្មែរក្រហមគ្រាន់តែចាក់បន្លឺសម្លេងមេក្រូបន្ដិចបន្ដួចប៉ុណ្ណោះ។ បន្ទាប់មក គូស្រករថ្មីថ្មោងដែលរៀបការ ត្រូវរួមដំណេកនៅលើផ្ទះ ដែលខ្មែរក្រហមបានសាងសង់ទុករួចជាការស្រេច និងមានការតាមដានពីកងឈ្លប។ ប្រសិនបើខ្មែរក្រហមរកឃើញថា គូស្រករណាមួយដែលមិនមានភាពចុះសម្រុងគ្នាទេ នោះនឹងប្រឈមមុខនឹងការយកទៅសម្លាប់ចោល។

បន្ទាប់មក ខ្មែរក្រហមបានបញ្ជូនខ្ញុំទៅស្ទូងស្រូវ និងដកសំណាបនៅក្នុងភូមិបុស្បូវវិញម្ដង។ នៅទីនោះ យើងជួបប្រទះនឹងការហូបចុកមិនគ្រប់គ្រាន់យ៉ាងខ្លាំង។ ពេលខ្លះ ខ្មែរក្រហមបានផ្ដល់អង្ករតែ៤កំប៉ុងប៉ុណ្ណោះ សម្រាប់ឲ្យយើងហូបគ្នា១៥០នាក់។

ខ្ញុំត្រូវបានបញ្ជូនបន្តទៀតទៅធ្វើការងារក្នុងការដ្ឋានអន្លង់ថ្ម។ នៅទីនោះ ខ្ញុំត្រូវបានចាត់ឲ្យធ្វើជាចុងភៅដាំបាយក្នុងសហករណ៍វិញម្តង។ ទោះជាយ៉ាងនេះក្ដី ខ្ញុំនៅតែហូបចុកមិនគ្រប់គ្រាន់ និងត្រូវធ្វើការងារយ៉ាងមមាញឹកឥតស្រាកស្រាន្ត។ នៅពេលព្រឹក ខ្ញុំត្រូវដើរបេះបន្លែបង្ការ ដើម្បីត្រៀមធ្វើអាហារសម្រាប់ប្រជាជនធ្វើការងារក្នុងការដ្ឋាន ដោយស្ថិតនៅក្រោមការឃ្លាំមើលរបស់កងឈ្លបខ្មែរក្រហមជានិច្ច។

រហូតដល់ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្ដវៀតណាមបានចូលមកដល់ប្រទេសកម្ពុជា។ កងទ័ពទាំងនោះ បានធ្វើការចូលរំដោះប្រជាជនដល់សហករណ៍ភ្លង់ ដែលបណ្ដាលឲ្យខ្មែរក្រហមរត់ខ្ចាត់ខ្ចាយចូលទៅក្នុងព្រៃ។ នៅពេលនោះ ខ្ញុំបានរត់ទៅជាមួយដែរ។ ប៉ុន្ដែ ខ្ញុំបានវិលត្រឡប់ទៅកាន់ទីកន្លែងកំណើតរបស់ខ្លួនវិញ។

បច្ចុប្បន្ននេះ ខ្ញុំមានកូនចំនួន១០នាក់ហើយ (ស្រី៤នាក់ និងប្រុស៦នាក់)។ ខ្ញុំកំពុងរស់នៅក្នុងជីវភាពក្រលំបាកខ្លាំង។ តាមរយៈការឆ្លងកាត់បទពិសោធន៍នៃការរស់រានមានជីវិតពីសម័យខ្មែរក្រហម ខ្ញុំយល់ឃើញថា ការកាត់ទោសមេដឹកនាំខ្មែរក្រហមតាមផ្លូវតុលាការ គឺមានសារសំខាន់ក្នុងការស្វែងរកយុត្ដិធម៌ដល់ជនរងគ្រោះ និងជំរុញឲ្យមានការចងចាំដល់យុវជនជំនាន់ក្រោយតាមរយៈការអប់រំប្រវត្ដិសាស្ដ្រនៅតាមសាលារៀន៕

បញ្ជាក់៖ ញ៉យ ផាន់និន អ្នកស្ម័គ្រចិត្ដមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង សម្ភាសន៍ជាមួយ ស្មើន ផាន ក្នុង គម្រោង៖ «ការលើកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម» នៅក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣។ សួត វិចិត្រ ធ្វើសេចក្តីសង្ខេបនៃបទសម្ភាសន៍នេះ។

ទន់ ដាវ៖អង្គការកែប្រែខ្ញុំចំនួនមួយយប់ ដោយសារតែឲ្យផ្លែដូងទៅតាទេកទន់ ដាវ អាយុ៨២ឆ្នាំនៃស្រុកអង្គរធំ  ខេត្តសៀមរាប បាននិយាយអំ...
13/08/2026

ទន់ ដាវ៖អង្គការកែប្រែខ្ញុំចំនួនមួយយប់ ដោយសារតែឲ្យផ្លែដូងទៅតាទេក

ទន់ ដាវ អាយុ៨២ឆ្នាំនៃស្រុកអង្គរធំ ខេត្តសៀមរាប បាននិយាយអំពីរឿងរ៉ាវប្រវត្តិតស៊ូរបស់ខ្លួនដែលបានឆ្លងកាត់នៅក្នុងរបបខ្មែរក្រហមដូចតទៅ៖ «កាលពីកុមារភាព ខ្ញុំមិនបានសិក្សារៀនសូត្រទេ ដោយសារតែមិនទាន់មានសាលារៀននៅក្នុងមូលដ្ឋាន។ ម្យ៉ាងវិញទៀត គ្រួសារខ្ញុំមានជីវភាពខ្វះខាត។ គ្រួសារខ្ញុំ ប្រកបមុខរបរធ្វើស្រែចម្ការសម្រាប់ចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៥នាក់ ហើយខ្ញុំគឺជាកូនទី៣ នៅក្នុងគ្រួសារ។ ប្រជាជនរស់នៅមានជីវភាពក្រខ្សត់ណាស់។ ការរស់នៅប្រចាំថ្ងៃមានលក្ខណៈខ្មែរបុរាណ។ ចំពោះការធ្វើដំណើរផ្លូវជិតផ្លូវឆ្ងាយ ភាគច្រើនយើងប្រើប្រាស់រទេះគោក្របី និងជិះកង់។ ទីផ្សារមិនសូវទូលំទូលាយ។ យើងរស់នៅដោយការចែករំលែករបស់របរ និងអាហារឲ្យគ្នាទៅវិញទៅមក។ នៅពេលនោះ ប្រជាជនមានភាពសាមគ្គី និងចេះជួយយកអាសាគ្នាណាស់។ យើងពឹងផ្អែកលើការធ្វើស្រែ និងការនេសាទ។ ប៉ុន្តែកំឡុងពេលនោះ ប្រជាជនរស់នៅមានភាពវឹកវរ និងភ័យខ្លាចខ្លះៗ ដោយសារសង្គ្រាមទាមទារឯករាជ្យ និងការវាយឆ្មក់រវាងទ័ពបារាំង និងចលនាខ្មែរឥស្សរៈនៅតាមជនបទ។ ប្រជាជនត្រូវបង់ពន្ធជូនរដ្ឋបាលបារាំង។ ចំពោះការអប់រំ និងសុខាភិបាលទំនើបស្ថិតនៅតែតាមទីប្រជុំជនធំៗ។

លុះក្រោយទទួលបានឯករាជ្យនៅក្នុងឆ្នាំ១៩៥៣ ភាពសម្បូរសប្បាយក្រោមការដឹកនាំរបស់ សម្តេចព្រះ នរោត្តម សីហនុ របស់ប្រទេសជាតិ និងសន្តិភាពពេញលេញ បានកកើតឡើង។ ប្រទេសកម្ពុជានាពេលនោះត្រូវបានស្គាល់ជាទូទៅថាជា«កោះសន្តិភាព» ស្របពេលដែលប្រទេសជិតខាងកំពុងមានសង្គ្រាម។ ការរីកចម្រើនផ្នែកសេដ្ឋកិច្ចបាននាំឲ្យប្រជាជនរស់នៅដោយជីវភាពធូរធារ និងមានក្តីសង្ឃឹម។ វិស័យកសិកម្ម ឧស្សាហកម្មធន់ស្រាល និងពាណិជ្ជកម្ម មានការអភិវឌ្ឍជាលំដាប់។ រាជធានីភ្នំពេញមានភាពស៊ីវិល័យរហូតដល់ជាប់ឈ្មោះថាជា«គុជអាស៊ី»។ ការអប់រំនិងសុខាភិបាល សាលារៀន វិទ្យាល័យ មន្ទីរពេទ្យ និងសាកលវិទ្យាល័យត្រូវបានកសាងឡើយយ៉ាងព្រោងព្រាត រហូតដល់តាមបណ្តាខេត្ត។ កម្រិតជីវភាព និងចំណេះដឹងប្រជាជនបានកើនឡើងខ្ពស់។ វប្បធម៌និងសិល្បៈ ជីវិតរស់នៅរបស់ប្រជាជនពោរពេញដោយភាពរីករាយតាមរយៈការរីកដុះដាលនៃភាពយន្តខ្មែរ តន្ត្រីសម័យ និងស្ថាបត្យកម្មខ្មែរទំនើប។

ក្នុងឆ្នាំ១៩៧០ លន់ នល់បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ពីតំណែង។ ប្រទេសជាតិកើតមានភាពចលាចល និងវឹកវរម្ដងទៀត។ ប្រជាជនត្រូវជម្លៀសចេញពីភូមិស្ថានទៅរស់នៅក្នុងព្រៃ ឬភូមិដាច់ស្រយាល។ យើងមិនដែលបានរស់នៅផ្ទះសុខស្រួលនោះទេ។ កំឡុងពេលនោះ ខ្ញុំបានរៀបការហើយ ប្ដីខ្ញុំគឺជាអ្នកស្រុកជាមួយគ្នា។ ក្រោយមកទៀត ប្រជាជនបាននាំគ្នារត់ចូលព្រៃម៉ាគី ដើម្បីតស៊ូទាមទារអំណាចជូនសម្ដេចព្រះ នរោត្តម សីហនុ។ សង្គ្រាមក្នុងប្រទេសចាប់ផ្ដើមកើតមានឡើងសារជាថ្មី។ កងកម្លាំងខ្មែររំដោះបានកើនឡើងយ៉ាងខ្លាំងក្លា រហូតដល់វាយដណ្ដើមបានទីក្រុងភ្នំពេញពី កងទ័ព លន់ នល់ នៅក្នុងឆ្នាំ១៩៧៥។

នៅក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានបង្កើតសហករណ៍ហូបរួម រស់នៅរួម និងធ្វើការរួមគ្នា។ ខ្ញុំត្រូវបានបញ្ជូនទៅធ្វើការនៅក្នុងសហករណ៍ក្រុមប្រមូលផ្ដុំ ធ្វើការងារ គាស់គល់ឈើ កាប់គុម្ពឬស្សីព្រៃ កាប់ដីដំបូក និងសម្អាតដីធ្វើស្រែ។ ចំណែកឯប្ដីខ្ញុំ ត្រូវបានបញ្ជូនទៅធ្វើការនៅកងចល័ត លើកទំនប់ រែកដី និងធ្វើប្រឡាយទឹក។ យើងមិនបានរស់នៅជួបជុំគ្នាទេ។ យើងគ្មានពេលឈប់សម្រាកគ្រប់គ្រាន់ឡើយ ដោយសារយើងត្រូវធ្វើការទាំងយប់ទាំងថ្ងៃ។ ការហូបចុកនៅពេលនោះមានការលំបាកខ្លាំង យើងហូបតែបបរលាយស្លឹកដំឡូងមី លាយត្រកួន និងដើមចេកជាដើម។ ដោយសារតែអង្គការបានគៀបសង្កត់ប្រជាជនខ្លាំងពេក ប្ដីរបស់ខ្ញុំបាននិងមិត្តចំនួន២នាក់ទៀតបាននាំគ្នាលួចរត់ចេញពីកងចល័ត។ ខ្ញុំពុំបានដឹងរឿងទាំងនេះនោះទេ ព្រោះប្ដីខ្ញុំមិនបានប្រាប់ ឬផ្ដល់ដំណឹងជាមុន។ រហូតទាល់តែអង្គការមកចាប់ខ្ញុំ និងកូនយកទៅឃុំឃាំងទើបខ្ញុំបានដឹងរឿង។

ជីវិតខ្ញុំលំបាកណាស់។ ខ្ញុំបីកូនតូចទៅជាមួយ។ នៅទីនោះ ខ្ញុំធ្វើការតាមធម្មតា ដោយគ្រាន់តែមិនអាចចេញទៅណាបាន និងត្រូវរស់នៅមួយកន្លែង។ នៅពេលយប់ឡើង មានកងឈ្លបមកយាមជាប់ជានិច្ច។ ខ្ញុំ នៅទីនោះបានរយៈពេល១ខែ ទើបអង្គការអនុញ្ញាតឲ្យខ្ញុំចេញមកធ្វើការនៅតាមសហករណ៍វិញ។ ពេលនោះ ខ្ញុំធ្វើការផ្នែកចុងភៅដាំបាយ និងធ្វើម្ហូបម្ដង។ ក្រៅពីការងារទាំងអស់នេះ ខ្ញុំទៅប្រមូលយកផ្លែដូងនៅតាមភូមិ។ ថ្ងៃមួយ ខ្ញុំបានធ្វើដំណើរទៅយកដូងដូចរាល់ដល់ ពេលត្រឡប់មកវិញ ខ្ញុំបានជួបជាមួយតាទេក ដែលធ្វើការអស់កម្លាំង និងមិនទាន់បានហូបបាយ។ ខ្ញុំរែកដូងមកដល់ ស្រាប់តែឭគាត់និយាយថាបើបានដូងផឹកទឹកមួយផ្លែប្រហែលជាមានកម្លាំង។ ខ្ញុំឮបែបនេះអាណិតគាត់បានឲ្យដូងមួយផ្លែ។ ពេលទៅដល់កន្លែងវិញ អង្គការកែប្រែខ្ញុំចំនួនមួយយប់ ដោយសារតែឲ្យផ្លែដូងទៅតាទេក។ ក្រោយមក ខ្ញុំត្រូវបានបណ្ដេញចេញពីកន្លែងសហករណ៍ដាំបាយ ទៅធ្វើស្រែវិញ។

លុះដល់ឆ្នាំ១៩៧៩ កងទ័ពសាធារណរដ្ឋប្រជាមាណិតកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមបានចូលមករំដោះប្រជាជនចេញពីរបបខ្មែរក្រហម។ ប្រជាជនមានសេរីភាពអាចត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។ ខ្ញុំបាននាំកូនត្រឡប់ទៅស្រុកកំណើត ដើម្បីទៅរកបងប្អូន។ ខ្ញុំបានឃើញកងទ័ពវៀតណាមរស់នៅក្នុងភូមិច្រើនណាស់។ ការរស់នៅរបស់ប្រជាជននៅពេលនោះមិនមានភាពងាយស្រួលប៉ុន្មានទេ។ កងទ័ពវៀតណាមតែងតែដើរអុកឡុកប្រជាជននៅក្នុងភូមិមិនឈប់ឈរ។ ថ្ងៃមួយ ខ្ញុំបានចូលព្រៃទៅបោចវល្លិ៍ ពេលត្រឡប់មកវិញខ្ញុំបានឮសម្លេងកងទ័ពវៀតណាមនៅខាងមុខបានទៅលាក់ខ្លួននៅក្បែរដំបូក។ ខ្ញុំមិនអាចលាក់ខ្លួនពីភ្នែកកងទ័ពវៀតណាមបាននោះទេ ព្រោះវៀតណាមបានឃើញខ្ញុំ និងយកកាំភ្លើងមកភ្ជុងហើយសួរនាំខ្ញុំថា៖«ផ្ទះនៅឯណា?»។ ភ្លាមៗនោះ ខ្ញុំបានឆ្លើយប្រាប់ថា៖«ខ្ញុំនៅភូមិខាងត្បូងនេះ»។ ក្រោយមក ដោះលែងខ្ញុំវិញ។ ទម្រាំតែកងទ័ពវៀតណាមដកទ័ពចេញពីប្រទេសកម្ពុជា ខ្ញុំសប្បាយចិត្តដែលប្រទេសជាតិមានសន្តិភាព ធ្វើឲ្យការរស់នៅប្រចាំថ្ងៃយើងមានសេរីភាពក្នុងការប្រកបការងារផ្សេងៗ»៕

បញ្ជាក់៖ អឿន អូជី យុវជនស្ម័គ្រចិត្តមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៅក្នុងស្រុកវ៉ារិន ខេត្តសៀមរាប បានជួបសម្ភាសន៍ជាមួយ ទន់ ដាវ កាលពី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ បច្ចុប្បន្ន ទន់ ដាវ រស់នៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។ មេក វិន បានសង្ខេបបទសម្ភាសន៍នេះឡើងវិញ។

Address

Anlong Veng District
Ânlóng Vêng

Opening Hours

Monday 07:30 - 12:00
13:30 - 17:00
Tuesday 07:30 - 12:00
13:30 - 17:00
Wednesday 07:30 - 12:00
13:30 - 17:00
Thursday 07:30 - 12:00
13:30 - 17:00
Friday 07:30 - 12:00
13:30 - 17:00

Telephone

+85512570465

Alerts

Be the first to know and let us send you an email when Anlong Veng Peace Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Anlong Veng Peace Center:

Shortcuts

Share