21/02/2022
អត្ថបទប្រវត្តិបុគ្គល
ស្តីពី៖ "ចូហានណេស ខេផ្លើរ Johannes Kepler"
លោក ខេផ្លើរ គឺជាគណិតវិទូ និងតារាវិទូជនជាតិអាឡឺម៉ង់ដែលបានរកឃើញថាផែនដីនិងភពធ្វើដំណើរជុំវិញព្រះអាទិត្យក្នុងគន្លងរាងពងក្រពើ។ គាត់បានផ្តល់ច្បាប់មូលដ្ឋានចំនួនបីនៃចលនានៅលើភពផែនដី ព្រមទាំងការងារសំខាន់ៗផ្នែកអុបទិក និងធរណីមាត្រផងដែរ។
លោក ខេផ្លើ ប្រសូតនៅវេលាម៉ោង១ រសៀល ត្រូវនឹងថ្ងៃទី២៧ ខែឆ្នូ ឆ្នាំ ១៥៧១ ក្នុងរដ្ឋ Württemberg ក្នុងចក្រពភរ៉ូម៉ាំង ហើយបច្ចុប្បន្នជាទីក្រុងមួយរបស់ប្រទេសអាល្លឺម៉ង់។ ឪពុករបស់លោកជាទាហាន និង ម្តាយជាអ្នកបំរើការនៅផ្ទះសំណាក់របស់លោកយាយលោក។ ពេល ខេផ្លើរមានអាយុ ៥ ឆ្នាំឪពុករបស់លោកបានចាកចេញពីផ្ទះទៅធ្វើសង្រ្គាម ហើយត្រូវបានគេនិយាយថាស្លាប់ក្នុងសមរភូមិនៅប្រទេសហូឡង់។ ខេផ្លើរ គឺក្មេងដែលមានទេពកោសល្យផ្នែកគណិតវិទ្យាតាំងពីក្មេង តែដោយសារតែម្តាយរបស់លោកគ្មានលទ្ធភាពបញ្ចូនលោកទៅរៀនសាលាល្អៗ ទើបម្តាយរបស់លោកសម្រេចចិត្តបញ្ជូនរូបលោកទៅកាន់សាលាសាសនាមួយ(វិជ្ជាស្ថានពូជសាសន៍)ដើម្បីឱ្យរូបលោកបានរៀនសូត្រ។ ក្នុងឆ្នាំសិក្សាដំបូង លោកទទួលបាននិទេ្ទស A គ្រប់មុខវិជ្ជាលើកលែងតែគណិតវិទ្យាមួយប៉ុណ្ណោះ។ ប៉ុន្តែក្រោយពីការប្រឡងបញ្ចប់ឆ្នាំសិក្សា គណៈមេប្រយោគបានឯកភាពគ្នាថាលោក មិនគ្រប់លក្ខណៈជាបុព្វជិតឡើយ។
ដោយហេតុថាលោកចូលចិត្តអានសៀវភៅបែបវិទ្យាសាស្រ្ត ដែលនិយាយអំពីការវិលរបស់ភព និងទ្រឹស្តី ដែលគូសបញ្ជាក់ថា ផែនដីធ្វើចលនាជុំវិញព្រះអាទិត្យ។ ផ្ទុយពីសាសនាដែលនិយាយថា ផែនដីជាមណ្ឌលនៃពិភពលោក។ ក្រោយមកមិនយូរប៉ុន្មានលោកបានក្លាយជាសាស្រ្តាចារ្យនៃមហាវិទ្យាល័យមួយ នៅទីនេះហើយលោកទទួលបានការស្រលាញ់រាប់អានច្រើន ក៏ព្រោះតែលោកជាសាស្រ្តាចារ្យវ័យក្មេង ដែលមានទំនាក់ទំនងល្អ ទាំងឆ្លាត ហើយពូកែទៀតផង។ តែមិនយូរប៉ុន្មានលោកត្រូវបានបាត់បង់ការងារជាសាស្រ្តាចារ្យ ដោយគេចោទប្រកាន់ថាលោកបានចូលរួមប្រឆាំងជាមួយសមាគមន៍សាសនា ព្រមទាំងទទួលការគំរាមកំហែងពីខាងសាសនាទៀតផង។
ក្រោយមកលោកបានរៀបអាពាហ៍ពិពាហ៍ជាមួយស្រ្តីម្នាក់ដែលមានឈ្មោះថា បាបារ៉ា ដែលមានកូនប្រុសពីរនាក់ ប៉ុន្តែជាអកុសលប្រពន្ធនិងកូនទាំងពីររបស់លោកបានទទួលមរណភាពនៅពេលនោះ។ ក្នុងឆ្នាំ ១៦១៣ លោកក៏បានរៀបការម្តងទៀតជាមួយអ្នកស្រ្តី ស៊ូសាណា ជីវិតគ្រួសាររបស់លោកមិនសូវជាមានសុភមង្គលទេ គឺដោយសារបញ្ហាលុយកាក់ ក៏បណ្តាលឱ្យកូនស្រីតូចរបស់លោកស្លាប់ទាំងវ័យក្មេង។ ប្រពន្ធស្លាប់ កូនស្លាប់ ម្ដាយត្រូវជាប់គុក ដោយការចោទប្រកាន់ថាចេះធ្វើធ្មប់។
ខេផ្លើរ ត្រូវរស់នៅយ៉ាងវេទនា ដើម្បីរំដោះជីវិតម្ដាយពីទុក្ខទោស ហើយខ្លួនលោកក៏តែងតែត្រូវរងទទួលនូវការចោទប្រកាន់ថា ធ្វើការផ្សព្វផ្សាយនូវទ្រឹស្ដីបិសាចរបស់ នីកូឡាស កូពើនិក។ ក៏ប៉ុន្តែលោកបានពុះពារឆ្លងកាត់គ្រប់ឧបសគ្គ ដោយមិនចុះចាញ់កិច្ចការដែលលោកកំពុងតែធ្វើនោះឡើយ។
ស្នាដៃសំខាន់ៗរបស់លោក
ក្នុងឆ្នាំ ១៥៩៤ លោកបានសរសេរសៀវភៅប្រវត្តិសាស្រ្ត ដោយក្នុងនោះមានទាំងផ្នែកស្ទង់មើលកម្រិតសីតុណ្ហភាព និងសៀវភៅប្រជុំវិញ្ញាសាស្រាវជ្រាវពីលំហអវកាស (១៥៩៧)។ បន្ទាប់មកក្នុងឆ្នាំ ១៦០១ លោកត្រូវបានស្តេចអូទ្រីស តែងតាំងជាគណិតសាស្រ្តដោយមិនទទួលបានបា្រក់កម្រៃ ព្រោះតែគ្រានោះប្រទេសជួបវិបត្តសេដ្ឋកិច្ច។ អំឡុងពេលនោះ លោកក៏បានធ្វើផងដែរជាគ្រូហោរាសាស្រ្ត ឲ្យនាយម៉ីនមន្ត្រីក្នុងរាជវាំងដើម្បីបានកម្រៃចិញ្ចឹមជីវិតខ្លះ។
ស្នាដៃដ៏សំខាន់បំផុតរបស់លោកគឺ ច្បាប់ទាំង ៣ របស់ខេផ្លើរ (Kepler’s 3 Law)។ ច្បាប់២ដំបូង ដែលបានរកឃើញក្រោយពីការធ្វើពលីកម្ម៥ឆ្នាំយ៉ាងលំបាក ដោយត្រូវធ្វើលេខរាប់លានតួ ដែលកត់ត្រាបានពីតារាសាស្ត្ររបស់តារាវិទូ ទីខូប្រាហេ (តារាវិទូជាតិដាណឺម៉ាក ១៥៤៦‑១៦០១) បន្សល់ទុកមក។ ចំណែក ច្បាប់ទី៣ លោកត្រូវចំណាយពលីកម្មចំនួន ៩ឆ្នាំ យ៉ាងនឿយហត់ គឺលោកត្រូវធ្វើការសង្កេតមើលបណ្ដើរ និងបានកត់ត្រាតួលេខតារាសាស្ត្របណ្ដើរ ហើយត្រូវកែសម្រួល រួមទាំងគិតលេខបណ្ដើរផងដែរ។
លោកបានទទួលមរណភាពក្នុងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៦៣០ នៅ Regensburg ខណៈពេលដែលលោកកំពុងធ្វើដំណើរពីផ្ទះរបស់លោកនៅ Sagan ដើម្បីប្រមូលបំណុល។ សពរបស់លោកត្រូវបានគេបញ្ចុះនៅវិហារក្នុងស្រុកមួយ ក៏ប៉ុន្តែ ផ្នូររបស់លោកត្រូវបានគេវាយកម្ទេចចោលក្នុងសម័យសង្គា្រម។
#អត្ថបទប្រវត្តិបុគ្គល