10/06/2020
ជំពូក៦៖ អត្ថន័យជីវិត
ដំណើរចក្កវាឡភាពស្ងៀមស្ងាត់គ្មានសូរសំឡេង ប្រៀបបីដូចជា តាបសឥសី កំពុងតែរស់នៅក្នុងរូងភ្នំដ៏សែនជ្រៅឆ្ងាយដាច់ សង្វែងពីមនុស្សផងទាំងពួង …ឱធម្មជាតិអើយ! មនុស្សលោក ភ្លេចទាំងដកដង្ហើម ដើម្បីស្វែងយល់ពីដំណើរជីវិតរបស់ខ្លួន រហូតដល់ថ្ងៃស្លាប់ ។ មនុស្សលោកជាប់រវល់តែនឹងសេចក្តី ស្រេកឃ្លានរបស់ក្រពះ តណ្ហា កាមគុណ និងសេចក្តីលោភលន់គ្មានទីបញ្ចប់រហូតដល់ខ្យល់ដង្ហើមលែងដកទ្រនិចនាឡិកានៃជីវិតគាំងលែងដំណើរការ... សង្ខារបស់អ្នកក៏បានចាកចោលផែនដីនេះទៅ គ្មានសល់អ្វីឡើយក្រៅពីការចងចាំពីមនុស្សជាទីស្រលាញ់ និងការបំភ្លេចចោលពីមនុស្សជុំវិញខ្លួន ។
តើមានមនុស្សប៉ុន្មាននាក់ យកពេលវេលាដើម្បីស្វែងយល់ពី អត្ថន័យរបស់ជីវិត?
ក្រៅពីខ្លាចសេចក្តីស្លាប់ ខ្លាចមនុស្សជុំវិញខ្លួន ខ្លាចបរិយាកាសខាងក្រៅ តើអ្នកធ្លាប់សួរខ្លួនឯងទេថា វត្តមាននៃជីវិតរបស់អ្នកសំខាន់ប៉ុនណាសម្រាប់ភពផែនដីនេះ? ធម្មជាតិបង្កើតមនុស្ស លោកមកបានផ្តល់ ទឹក, ដី, ភ្លើង និងខ្យល់ដល់មនុស្ស ដោយមិនទាមទារគុណស្រ័យអ្វីសូម្បីតែបន្តិចសោះឡើយ ។ មនុស្សមិនឲ្យតម្លៃចំពោះវត្តមានរបស់ទឹកឡើយ ទាល់តែពេលមួយគេដើរកាត់វាលខ្សាច់ក្តៅហួតហែងឆ្ងាយដាច់កន្ទុយភ្នែក ទើបគេយល់ពីតម្លៃនៃទឹកមួយដំណក់ៗដែលគេបានខ្ជះខ្ជាយ ។ មនុស្សមិនផ្តល់ភាពសំខាន់ដល់ដីឡើយ ទាល់តែពេលមួយគេស្ថិតនៅលើផ្ទៃមហាសមុទ្រដ៏ធំល្វឹងល្វើយគ្មានកោះត្រើយរាប់សិបឆ្នាំ ទើបគេដឹងថាដីមានសារៈសំខាន់សម្រាប់គេប៉ុនណា ។ មនុស្សមិនឲ្យតម្លៃដល់ភ្លើងឡើយ រហូតទល់តែពេលមួយគេកំពុងរស់នៅលើវាលទឹកកក គ្មានកំដៅថ្ងៃ ទើបគេយល់ពីភាពសំខាន់របស់ភ្លើង ។ មនុស្សមិនឲ្យតម្លៃដល់ខ្យល់ឡើយ រហូតទាល់តែថ្ងៃមួយខ្យល់ដង្ហើមលែងដក យកអុកស៊ីហ្សែនមកភ្ជាប់នឹងច្រមុះ ទើបគេដឹងថាខ្យល់ដង្ហើមដែលគេដករាល់ថ្ងៃនេះមានតម្លៃប៉ុនណា?
អ្នកមិនដែលនិយាយថា អរគុណដល់ពិភពលោកនេះឡើយ រហូតទាល់តែវត្តមាននៃពិភពលោកនេះរលត់ផុតទៅ ។ អ្នក តែងតែបំផ្លាញធម្មជាតិ បង្កគ្រោះភ័យដល់សព្វសត្វទាំងឡាយទាំងពួងដែលពួកគេក៏ត្រូវការជីវិតរស់នៅដូចអ្នកដែរ ។ មនុស្សលោកនេះ កើតមកចេះបំផ្លាញច្រើនជាងការពារ និងថែរក្សា ដូច្នេះភាពផុយស្រួយនៃផែនដីនេះមិនស្ថិតស្ថេរយូរអង្វែងឡើយ ។ មនុស្សច្បាំងគ្នា ដើម្បីបង្ហាញពីអំណាច និងឥទ្ធិពលរបស់ខ្លួន ប៉ុន្តែព្រះអាទិត្យ, ព្រះចន្ទ, ទឹក, ដី, ភ្លើង, ខ្យល់ ដែលគិតទាមទារចង់បង្ហាញឥទ្ធិពល និងអំណាចរបស់ពួកគេដល់អ្នកគ្រប់គ្នាទេ?
វត្តមាននៃ រ៉ុសកូរ៉ូណា (កូវីដ១៩) ក្រៅពីជះឥទ្ធិពលច្របូកច្របល់ដល់មនុស្សស្ទើរពេញមួយផែនដី វាក៏ផ្តល់ពេលវេលាមួយសម្រាប់ឲ្យមនុស្សយកមកពិចារណាទៅលើវត្តមានរបស់ពួកគេនៅលើផែនដីនេះផងដែរ ។ គ្មានអ្វីល្ងង់ខ្លៅដល់មនុស្សឡើយ គេតែងតែយកភាពឆ្លាតរបស់គេ មកបំផ្លាញពិភពលោកនេះ ដោយគិតថាត្រឹមត្រូវ នេះហើយទស្សនៈឆោតល្ងង់បំផុតរបស់មនុស្ស ។ ផែនដីនេះនឹងត្រូវផុតរលត់ដោយសារពូជមនុស្ស ។
ដូច្នេះ តើអ្នកត្រូវធ្វើអ្វីខ្លះ ដើម្បីបង្កើតអត្ថន័យជីវិត?
ទី១៖ រស់នៅដោយភាពត្រឹមត្រូវ៖ ដូចម្តេចដែលហៅថា ភាពត្រឹមត្រូវ? តម្លៃរបស់មនុស្សមិនអាស្រ័យលើ ទ្រព្យសម្បត្តិមហាសាល ដែលបានមកពីការកេងប្រវ័ញ្ច កិត្តិយសបន្លំភ្នែកមនុស្សផងទាំងពួង អំណាចបានមកពីការជិះជាន់ និងបុណ្យស័ក្តដែលបានមកពីការសូកប៉ាន់ឡើយ ។ បើអ្នកបានរបស់ទាំងនេះដោយអំពើបាបកម្មខាងលើ អ្នកមិនបានឈរលើភាពត្រឹមត្រូវឡើយ ។
ទី២៖ រៀនអរគុណដល់ធម្មជាតិ ទឹក, ដី, ភ្លើង, ខ្យល់៖ យោងតាមភាពសំខាន់ដែលបានបកស្រាយខាងលើ អ្នកត្រូវបង្រៀនខ្លួនឯងឲ្យចេះអរគុណចំពោះវត្តមាននៃធម្មជាតិនេះផង ។ បើមិនបានជួយអ្វីដល់ធម្មជាតិទេ អ្នកត្រូវរៀនកាត់បន្ថយសកម្មភាពភាពកាប់បំផ្លាញផ្សេងៗ ។ យប់ថ្ងៃ ល្ងាចព្រឹក ដេកក្រោកត្រូវប្រកាន់ភ្ជាប់នូវសតិដឹងគុណចំពោះវត្តមាននៃព្រះអាទិត្យ, ព្រះចន្ទ, ព្រះអគ្គី, ព្រះវាយោ, ព្រះពាយ, ភពផែនដី , និងព្រះគង្គា ។ ត្រូវសួរខ្លួនឯងជាប្រចាំថា បើគ្មានវត្តមាននៃព្រះទាំងនេះទេ តើមានជីវិតរបស់អ្នកកើតឡើងមកទេ?
ទី៣៖ ពេលរស់នៅត្រូវចេះបន្សល់ទុកនូវការចងចាំល្អៗ និងថែរក្សាការពារទឹកដី និងមាតុភូមិសម្រាប់កូនចៅជំនាន់ ក្រោយ ។ ពូជអ្នកត្រឹមត្រូវ គឺត្រូវឈរលើភាពត្រឹមត្រូវដើម្បីកូនចៅជំនាន់ក្រោយរបស់អ្នក ។ អ្នកមិនត្រូវរស់នៅដោយភាពអាត្មានិយម គិតតែប្រយោជន៍គ្រួសារ និងបក្សពួករស់អ្នកឡើយ អ្នកត្រូវចេះចែករំលែក និងមើលថែពូជខ្មែរឲ្យបានស្ថិតស្ថេរគង់វង្សផង ។ ដ្បិតដូនតាខ្មែរបន្សល់ទុកនៅដីប៉ុណ្ណេះសម្រាប់កូនចៅខ្មែររាប់សិបជំនាន់ទៅមុខទៀត មុនពេលជីវិតពួកគាត់រលត់ផុតទៅ ។ ក្រៅពីសាងភាពរីកចម្រើនដល់ទឹកដីនេះ អ្នកត្រូវបង្កើតពូជថ្លៃថ្នូរដល់ដូនតាខ្មែរផង កុំភ្លើតភ្លើនសប្បាយបង្កើតតែពូជល្ងង់ខ្លៅពេញស្រុកខ្មែរ ពោរពេញដោយធនធានមនុស្ស ខ្វះគុណធម៌ ខ្វះសច្ចភាព និងខ្វះចំណេះដឹង ។ យើងជាខ្មែររួមគ្នាបង្កើតពូជថ្លៃថ្នូរឲ្យសមនឹងតម្លៃនៃអរិយភាពរបស់ដូនតាខ្មែរនាសម័យមហានគរ ។
ស្រង់ចេញពីសៀវភៅ៖ ចក្កវាឡ និពន្ធដោយ eBook Cambodia