15/06/2026
និស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាប់ជាជម្រើសបន្តប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីសហគ្រិនមហាវិទ្យាល័យ រដូវកាលទី៤
នាថ្ងៃទី១២-១៤ ខែមិថុនា ឆ្នាំ២០២៦ និស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានចូលរួមក្នុងកម្មវិធីសហគ្រិនមហាវិទ្យាល័យ រដូវកាលទី៤ ដែលរៀបចំឡើងដោយសហគ្រិនខ្មែរ នៅសាកលវិទ្យាល័យខេមតិច ដោយមានអ្នកចូលរួមប្រកួតប្រមាណ ២០០នាក់ មកពីសាកលវិទ្យាល័យចំនួន ១១ ទូទាំងប្រទេស។
ក្នុងឱកាសនោះ ក្រុមនិស្សិត Natural Rice ដែលបានបង្កើតគំរូអាជីវកម្ម «Natural Rice អង្ករស្រែ» បានទទួលជ័យលាភី Top 6 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងទទួលបានឱកាសបន្តចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ។ ការឈានដល់វគ្គផ្តាច់ព្រ័ត្រនេះ គឺជាសមិទ្ធផលដ៏គួរឱ្យកោតសរសើរចំពោះសមត្ថភាព ភាពច្នៃប្រឌិត និងការខិតខំប្រឹងប្រែងរៀបចំគម្រោងអាជីវកម្មដែលអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម។
ទន្ទឹមនឹងនេះ សមិទ្ធផលនេះក៏ជាមោទនភាពមួយសម្រាប់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលបានយកចិត្តទុកដាក់ លើកកម្ពស់ស្មារតីសហគ្រិនភាពដល់និស្សិត និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគំនិតច្នៃប្រឌិត សមត្ថភាពប្រកួតប្រជែង និងភាពជាអ្នកដឹកនាំដ៏មានសក្តានុពល។
12/06/2026
និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ចូលរួមកម្មវិធីសហគ្រិនមហាវិទ្យាល័យរដូវកាលទី៤
ថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានចូលរួមកម្មវិធីសហគ្រិនមហាវិទ្យាល័យរដូវកាលទី៤ មានរយៈពេល ៣ថ្ងៃ ដែលរៀបចំឡើងដោយសហគ្រិនខ្មែរ នៅសាកលវិទ្យាល័យខេមតិច។
ក្នុងនោះក្រុមនិស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាទាំង ៦ក្រុម ចំនួន ៣០រូប បានបង្កើតគម្រោងអាជីវកម្ម៖
១. Natural Rice អង្ករស្រែ (ក្រុម Natural Rice)
២. TATO CRUNCH (ក្រុម Jomka)
៣. Sparkle Wash (ក្រុម Spark Entrepreneur)
៤. Mindful Foodie (ក្រុម Healty Food)
៥. Bloom Catering Service (ក្រុម Bloom House)
៦. Jomka Yerng (ក្រុម Project Success)
10/06/2026
កិច្ចប្រជុំស្តីពី «ការរៀបចំសេចក្តីព្រាង លិខិតបទដ្ឋានគតិយុត្ត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា»
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំកិច្ចប្រជុំស្តីពី «ការរៀបចំសេចក្តីព្រាង លិខិតបទដ្ឋានគតិយុត្ត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា» ក្រោមអធិបតីភាព ឯកឧត្តម ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងមានការចូលរួមពី លោក លោកស្រីសាកលវិទ្យាធិការរង ព្រះមន្រ្តីសង្ឃ មន្រ្តីរាជការ ប្រមាណ ១០អង្គ/នាក់ នៅបន្ទប់ប្រជុំការិយាល័យរដ្ឋបាល។
...........................................................................
ថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦
08/06/2026
ពិធីបើកកម្មវិធី «សហគ្រិនមហាវិទ្យាល័យ ឆ្នាំ២០២៦ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា»
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំពិធីបើកកម្មវិធី «សហគ្រិនមហាវិទ្យាល័យ ឆ្នាំ២០២៦» ក្រោមអធិបតីភាពឯកឧត្តម ងួន ស្ដេចភក្ដី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និង លោកស្រី គា កែវលក្ខិណា អ្នកគ្រប់គ្រងគម្រោងសហគ្រិនមហាវិទ្យាល័យ តំណាងសហគ្រិនខ្មែរ ព្រមជាមួយវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីសាកលវិទ្យាធិការរង គណៈគ្រប់គ្រង លោក លោកស្រីជាគ្រូបង្វឹក និងនិស្សិត ចូលរួមយ៉ាងច្រើនកុះករ ប្រមាណជាង ២០០នាក់ នៅសាលវិមានសន្តិភាព ជាន់ទី៣ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
…………………………………………………………
នាថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។