អប់រំចិត្តតាមបែបព្រះពុទ្ធសាសនា

អប់រំចិត្តតាមបែបព្រះពុទ្ធសាសនា

Share

Buddhism is one of the leading world religions in terms of adherents, geographical distribution, and socio-cultural influence. He was a leader among his peers.

Question: "What is Buddhism and what do Buddhists believe?"

Answer: Buddhism is one of the leading world religions in terms of adherents, geographical distribution, and socio-cultural influence. While largely an “Eastern” religion, it is becoming increasingly popular and influential in the Western world. It is a unique world religion in its own right, though it has much in common with Hinduism in

កំណេីតអស្ចារ្យ​ |និពន្ធ​ និង​ ស្មូតដោយ​ | ភិក្ខុធម្មទិន្នោ​ ឡម​ លឿម​ 08/11/2025

កំណើតអស្ចារ្យ

កំណេីតអស្ចារ្យ​ |និពន្ធ​ និង​ ស្មូតដោយ​ | ភិក្ខុធម្មទិន្នោ​ ឡម​ លឿម​ កំណេីតអស្ចារ្យ​ និពន្ធ​ និង​ ស្មូតដោយ​ ភិក្ខុធម្មទិន្នោ​ ឡម​ លឿម​ គង់នៅវត្តដំណាក់ ខេត្តសៀមរាប​ ។

25/04/2024

ការកុហកបោកប្រាស់មនុស្សស្លូតត្រង់ វាមិនត្រឹមបង្ហាញថាល្ងង់ខ្លៅប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញចិត្តនោះអាក្រក់ណាស់
------------------
១). ការកុហក់បោសប្រាស់គឺជាអំពើអាក្រក់ ជាហេតុនាំទៅរកសេចក្តីវិនាសអន្តរាយ និង ជាការសាងផ្លូវទៅរកគ្រោះមហន្តរាយយ៉ាងពិតប្រាកដ ។ នរណាក៏ចង់ឱ្យគេមានភក្តីភាពចំពោះខ្លួន និង ចង់ឱ្យគេនិយាយពាក្យពិតត្រង់ចំពោះខ្លួន រួមទាំងអ្នកដែលចូលចិត្តដើរកុហកបោកប្រាស់គេនោះផងដែរ ។ ការកុហកនេះ ទោះបីជានិយាយលែងក៏បណ្ដាលឱ្យកើតក្តីវិនាសអន្តរាយដល់ខ្លួនដែរ កុំថាឡើយកុហកបោកប្រាសមែនទែន ។ ក្នុងអក្សរសិល្ប៍ខ្មែរបាននិទានពីបុរសគង្វាលចៀម បានកុហកលែងទៅកាន់អ្នកភូមិថា ជួយផងៗឆ្កែចចកខាំចៀមខ្ញុំហើយ ។ អ្នកឮហើយចេញទៅជួយព្រាតដោយទឹកចិត្តអាណិត បុរសនោះក៏ប្រាប់វិញថា "ខ្ញុំថាលែងទេ" ។ អ្នកស្រុកមានការស្រងាកចិត្តជាខ្លាំង ។ លុះថ្ងៃក្រោយឆ្កែចចកក៏ទៅខាំចៀមរបស់គាត់មែន គាត់បានស្រែករកអ្នកស្រុកឱ្យជួយ ។ ម្តងនេះអ្នកស្រុកស្ងៀមឈឹង ព្រោះគិតថាបុរសនោះកុហកដូចមុន ។ បុរសនោះក៏ដល់នូវក្តីវិនាសអន្តរាយពោលគឺចៀមត្រូវឆ្កែចចកខាំងាប់អស់រលីង ។

២). ទង្វើកុហកបោសប្រាស់ជាអំពើអាក្រក់ស្រាប់ លុះយើងមានចិត្តទៅបោកប្រាស់មនុស្សស្លូតត្រង់ ឬមនុស្សស្មោះត្រង់ និង មនុស្សមានគុណធម៌ថែមទៀត គឺវាពិតជាទង្វើដ៏មហាសែនអាក្រក់ណាស់ ចិត្តនោះសាហាវឃោរឃៅ និង ព្រៃផ្សៃណាស់ ។ ការកុហកបោកប្រាស់បែបនេះ នាំឱ្យមានទោសធ្ងន់ណាស់ប្រៀបដូចជាការកុហកព្រះដូច្នោះដែរ ។ អ្នកមានចំណេះដឹង មានជំនាញ មានទេពកោសល្យ មានវោហារសាស័ព្ទ និង មានបដិភាណល្អ គួរប្រើវាបង្កើតសេចក្តីល្អទាំងចំពោះខ្លួនឯង និង អ្នកដទៃ ពុំគួរយកវាធ្វើជាអាវុធប្រហារខ្លួនឯង និង អ្នកដទៃទេ ។ ចូរកុំយកមាស ឬពេជ្រទៅធ្វើជាសស្រ្តាវុធសម្រាប់ប្រហារជីវិតជនស្លូតត្រង់ ឬមនុស្សល្អ ប៉ុន្តែយកវាទៅច្នែរចនាធ្វើអលង្គារពាក់លម្អប្រាណ ឬធ្វើជាគ្រឿងសក្ការបូជាគុណព្រះរតនត្រ័យ ទើបល្អប្រពៃ ហើយសមនឹងតម្លៃរបស់វា ។ ចូរកុំលុះក្នុងអំណាចលោភខ្លាំងរហូតយកគុណតម្លៃ និង ឧត្តមភាពរបស់ខ្លួនទៅប្តូរដើម្បីបានរបស់ថោកទាបអី ព្រោះការធ្វើដូច្នោះវាពិតជាល្ងង់ខ្លៅណាស់ ។ ធ្វើបែបនេះចាស់ៗថា "អន់ជាអាចម៍មាន់កសិកម្មទៅទៀត" ។ បិតាទីឃាវុកុមារបានផ្តាំដល់ទីឃាវុថាមុនពេលស្តេចទីឃីតិប្រហារជីវិតថា"កូន!ចូរមើលកាលវែង កុំបែងខ្លី" ។ បណ្ដាំនេះបានន័យថា ធ្វើអ្វីក៏ដោយត្រូវគិតដល់ផលដែលត្រូវទទួលវែងឆ្ងាយ កុំមើលតែផលដែលសម្រេចភ្លាម ។ ការកុហកបោកប្រាស់គេ អាចធ្វើឱ្យយើងសប្បាយភ្លាមៗក្នុងរយៈពេលខ្លី ប៉ុន្តែផលនៃការកុហកនោះនឹងត្រូវរងទុក្ខអស់កាលវែងណាស់ ។ ព្រោះហេតុនេះ ទោះបីជានិយាយលែងក្តី ក៏មិនគួរនិយាយកុហកដែរ គួរតែរៀននិយាយពាក្យពិត ពាក្យមានប្រយោជន៍ ពាក្យល្អ ទើបល្អប្រពៃ ហើយវានាំឱ្យបានសុខទាំងអ្នកនិយាយ និង អ្នកស្តាប់ ៕
==============
២៥-០៤-២៥៦៧|២០២៤
ឿម
ឿម

23/04/2024

ធ្វើស្រែលើថ្មមិនបានផលទេ
---------------------
១). ធ្វើស្រែចម្ការដែលនាំឱ្យបានផលជាទីគាប់ចិត្ត អ្នកធ្វើស្រែត្រូវឆ្លាតក្នុងកិច្ចការ៤យ៉ាងគឺ ១. ជ្រើសរើសគ្រាប់ពូជល្អ ២. ស្រែជាដីមានជីវជាតិល្អ ៣. ត្រូវចេះភ្ជួររាស់ដាស់ដី និង បិតភ្លឺទប់ទឹកឱ្យបានល្អ និង ៤. បោសស្មៅថែទឹក មើលសត្វល្អិត និង ថែមជីរគល់ឱ្យល្អ ។ កសិករទាំងឡាយណាបានអនុវត្តនូវគោលការណ៍៤ប្រការនេះជាប្រចាំ ស្រូវនឹងល្អ ហើយផ្តល់ភោគផលជាទីគាប់ចិត្តជាក់ជាមិនខាន ។ ចំណែកកសិករដែលមិនឈ្លាសក្នុងកិច្ចការទាំងនេះទេ ច្បាស់ណាស់ផលកសិកម្មរបស់គេមិនបានល្អទេ ។ ឧទាហរណ៍ យកគ្រាប់ពូជទៅសាបព្រោះលើវាលថ្ម គ្មានដី និង គ្មានទឹកជាដើម ។ ការធ្វើបែបនេះប្រាកដណាស់គឺមិនត្រឹមតែមិនបានផលប៉ុណ្ណោះទេ ប៉ុន្តែគ្រាប់ពូជនោះវាមិនអាចដុះបានថែមទៀតផង ។ លើសពីនេះគ្រាប់ពូជនោះអាចស្អុយខូច ឬក៏សត្វល្អិតឆីជាអាហារអស់រលីង ។

២). យើងងាកមកនិយាយរឿងការសន្សបុណ្យ ឬការធ្វើបុណ្យវិញ ក៏មិនខុសគ្នានឹងការសាបព្រោះពូជនោះដែរ ។ ថ្វីដ្បិតថា មូលហេតុនៃបុណ្យនៅនឹងចិត្តអ្នកធ្វើក៏ពិតមែន ប៉ុន្តែបើធ្វើខុសក៏គ្មានបានបុណ្យអ្វីដែរ ។ ឧទាហរណ៍ មានចិត្តបុណ្យទិញស្រាឱ្យគេផឹក មានចិត្តបុណ្យទិញគោញីយកទៅឱ្យគោឈ្មោល មានចិត្តបុណ្យជួលមនុស្សស្រីទៅឱ្យមនុស្សប្រុស ។ល។ ចិត្តបុណ្យទាំងនេះគ្មានបានបុណ្យទេ ព្រះពុទ្ធត្រាស់ថាទានគ្មានផល ។ ម្យ៉ាងមានចិត្តល្អហើយ ប៉ុន្តែស្វែងរកទក្ខិណេយ្យ ឬបដិគ្គាហកខុសក៏មិនបានផល ។ លើសពីនេះទៅទៀត វាមិនត្រឹមតែមិនបានផលល្អ ប៉ុន្តែអាចនាំឱ្យបានផលអាក្រក់ថែមទៀតផង ប្រៀបដូចការយកគ្រាប់ពូជទៅសាបព្រោះលើវាលថ្មដូច្នោះ ។ ព្រោះហេតុនោះទើបមានពាក្យថា"ស្រែបុណ្យ" ។ ក្នុងនោះព្រះពុទ្ធ និង ព្រះអរហន្តទាំងឡាយជាស្រែកបុណ្យដ៏ប្រសើរលើស ព្រះសង្ឃសាវកជាស្រែក អ្នកមានសីលល្អបរិសុទ្ធល្អជាស្រែបុណ្យ និង ឪពុកម្តាយជាស្រែកដ៏ប្រសើររបស់កូនចៅប្រុសស្រី ។ ពូជគឺទានទាំងឡាយដែលបានសាបព្រោះហើយក្នុងស្រែទាំងនេះ ទើបបានផលល្អជាតីគាប់ចិត្ត ។ ចំណែកពូជគឺទានដែលសាបព្រោះក្រៅចាកស្រែកទាងនេះ មិនឈ្មោះថាសាបព្រោះដោយល្អទេ អាចបានផលខ្លះ និង មិនបានផលខ្លះតាមប្រភេទនៃស្រែដែលបានសាបព្រោះនោះ ។ ព្រោះហេតុនេះ ទើបមានពាក្យមួយទៀតថា "ធ្វើបុណ្យប្រកបដោយបញ្ញា និង ប្រាសចាកបញ្ញា" ។ ធ្វើបុណ្យប្រាសចាកបញ្ញាអាចបានផលខ្លះតែមិនច្រើនដូចដែលគេធ្វើប្រកបដោយបញ្ញាទេ ។ ធ្វើបុណ្យប្រាសចាកបញ្ញាប្រហាក់ប្រហែលគ្នានឹងធ្វើស្រែលើវាលថ្ម ។ ដូច្នេះមុនធ្វើត្រូវសិក្សាឱ្យល្អ ដើម្បីកុំឱ្យធ្វើច្រើនបានផលតិច ៕
==============
២៣-០៤-២៥៦៧-២០២៤
ឿម
ឿម

21/04/2024

សប្បាយនឹងការចងពៀរៗនាំឱ្យជួបទុក្ខដ៏គួរឱ្យសង្វេគ
--------------------
១). ចំណងពៀរវេរាគឺជាចំណងទុក្ខសោកដ៏គួរឱ្យសង្វេគ និង វែងអន្លាយមិនចេះណាស់ ។ ក្នុងធម្មទដ្ឋកថា បាននិយាយរឿងនាងកុលធីតា ដែលបានចាប់ផ្តើមចងពៀរវេរានឹងគ្នានៅពេលដែលខ្លួនមានប្តីរួមគ្នា បានតាំងចិត្តចងអាឃាដព្យាបាទគ្នាទៅវិញទៅមកពីមួយជាតិទៅមួយជាតិ ត្រឡប់ចុះត្រឡប់ឡើងមិនចប់ ទាល់តែបានជួបព្រះពុទ្ធ ទើបព្រមផ្ដាច់ចំណងពៀរចេញ ។ ពាក្យពៀរវេរាគឺវារមែងមានទៅ និង មានមកវិញ ពោលគឺម្តងគេម្តងយើងត្រឡប់ចុះត្រឡប់ឡើង មិនមែនម្តងគេៗនោះឡើយ ។ លើកលែងតែងចំណងពៀរនោះចងតែបុគ្គលម្នាក់ ប្រៀបដូចទេវទត្តដែលតាមចងពៀរជាមួយព្រះពោធិសត្វដូច្នោះ ។ តួអង្គទេវទត្តព្យាយាមចងពៀរតែម្នាក់ឯង ក៏ជាប់ពៀរវេរានោះតែម្នាក់ឯង ចំណែកព្រះពោធិតសត្វមិនជាប់ក្នុងចំណងពៀរនោះឡើយ ។ អ្នកដែលចងពៀរវេរា ត្រូវពៀរវេរានាំឱ្យជួបទុក្ខជាប្រចាំ ពោលគឺទុក្ខព្រោះចិត្តព្យាបាទផង និង ទុក្ខក្នុងអបាយភូមិផង ។

២). យើងមើលឃើញថា មនុស្សជាច្រើនក្នុងសង្គមយើងហាក់សប្បាយណាស់នៅពេលដែលខ្លួនចង់ឈ្នះនរណាម្នាក់ហើយ ខ្លួនឯងបានធ្វើឈ្នះគេទាំងដែលប្រើវិធីដ៏អាក្រក់ និង ព្រៃផ្សៃបំផុត ។ លើសពីនេះទៅគេមើលទៅមានមោទនភាពណាស់ ដោយអួតថាខ្លួនពូកែ ខ្លួនខ្លាំង និង ខ្លួនអស្ចារ្យជាដើម ។ ការសប្បាយត្រេកអរនឹងអំពើបៀតបៀនគេនេះគឺវាមិនខុសពីការសប្បាយនឹងការយកលំពែងដ៏មុតថ្លាបុកចូលដើមទ្រូងខ្លួនឯងទេ ពីព្រោះថាវាគឺជាការចង់ពៀរវេរាដ៏សែនវែងឆ្ងាយសម្រាប់ខ្លួនឯង ដែលខ្លួនត្រូវទទួលរងនូវអំពើដូចដែលខ្លួនធ្វើទៅលើអ្នកដទៃនោះ មួយជាជាប្រាំរយដង ឬមួយពាន់ដង ឬក៏លើសពីនេះទៅទៀត ។ នេះមិនទាន់រាប់បញ្ចូលទុក្ខក្នុងអបាយភូមិផងទេ ។ ជ័យជម្នះទាំងឡាយដែលមានពូជពៀរវេរាជាជ័យជម្នះមិនប្រសើរឡើយ ។ ព្រះពុទ្ធទ្រង់ត្រាស់ថា "ជយំ វេរំ បស្សវតិ អ្នកឈ្នះរមែងជួបប្រទះនូវពៀរ ទុក្ខំ សេតិ បរាជិតោ ឯអ្នកចាញ់គេតែងដេកជាទុក្ខ" ។ បន្ទាប់ពីអ្នកចាញ់ដេកជាទុក្ខក៏រកវិធីដើម្បីឈ្នះវិញ ។ នេះជាដំណើរនៃការតភ្ជាប់ចំណងពៀរវេរារវាងគ្នានឹងគ្នារបស់សត្វលោក ហើយកាលណាពៀរត្រូវបានចងគឺមិនងាយចប់ទេ ។ ព្រោះហេតុនោះចូរកុំមានចិត្តសប្បាយរីករាយនឹងអំពើពៀរវេរា ព្រោះរសជាតិសប្បាយមានតិចណាស់ គួរចេះសង្វេគ តក់ស្លុត ហើយមានមេត្តាករុណា មុទិតាចំពោះគ្នា ទើបប្រសើរ ៕
==============
២១-០៤-២៥៦៧|២០២៤
ឿម
ឿម

18/04/2024

កើតមកក្រមិនមែនជារឿងវង្វែងភពនោះទេ ប៉ុន្តែព្រោះមានពូជនាំឱ្យមកកើត
-------------------
១). ជីវិត និង ដំណើរជីវិតរបស់មនុស្សស្ថិតក្រោមអំណាចកម្ម(ផលនៃអំពើ) ។ ជីវិត និង ដំណើរជីវិតល្អប្រសើរ ឬខ្ពង់ខ្ពស់ថ្លៃថ្លា កើតឡើងពីការចាត់ចែងរបស់កម្ម គ្មានអ្វីដទៃមានលទ្ធភាពមកចាត់ចែងបានជាដាច់ខាត ។ ព្រះពុទ្ធបានត្រាស់សំដែងទុកមកថា "កម្មំ សត្តេ វិភជ្ជតិ យទិទំ ហីនប្បណីតតាយ កម្មរមែងបែងចែកសត្វឱ្យថោកទាប និង ថ្លៃថ្លា" និង "យំ កម្មំ ករិស្សតិ កល្យាណំ វា បាបកំ វា តស្ស ទាយាទោ អ្នកធ្វើនូវកម្មណា ទោះល្អក្តី អាក្រក់ក្តី កម្មនោះនឹងជាទាយាទរបស់អ្នកនោះ" ។ យោងព្រះពុទ្ធដីកាទាំងនេះបញ្ជាក់ថា ការដែលយើងកើតមកក្នុងត្រកូលក្រីក្រ មិនមែនជារឿងចៃសន្យ ឬរឿងវង្វែងភពឡើយ ប៉ុន្តែវាគឺជារឿងការចាត់ចែងរបស់កម្មពីអតីតដែលយើងបានកសាង និង បានសន្សំមកហើយដ៏ឆ្អិន ហើយផលនៃកម្មនោះបានរុញច្រានយើងមកកន្លែងដែលយើងត្រូវទទួលផលនៃកម្មនោះតាមសមគួរដល់អំពើកម្មនោះឯង កុំបន្ទោសឪពុកម្តាយ កុំបន្ទោសត្រកូល កុំបន្ទោសទីកន្លែង ប៉ុន្តែត្រូវទទួលស្គាល់ថាខ្លួនឯងជាអ្នកធ្វើឱ្យខ្លួនឯង ត្រូវទៅដល់កន្លែងនោះ កើតក្នុងត្រកូលនោះ និង កើតជាមួយឪពុកម្តាយនោះ ។

២). បានជាកើតក្នុងត្រកូលក្រខ្សត់ហើយ ត្រូវមានស្មារតីចេះគិត ចេះភ្ញាក់រឮក និង ដឹងខ្លួនថា អាត្មាអញក្រលំបាកនេះ ព្រោះកម្មមិនល្អពីអតីតមក ពោលគឺអាត្មាធ្លាប់កំណាញ់ស្វតិ មិនចេះធ្វើទាន មិនចេះចែករំលែក មិនចូលចិត្តការធ្វើទាន ស្អប់អ្នកធ្វើល្អ ទើសនឹងអំពើល្អរបស់អ្នកដទៃជាដើម ។ ដូច្នេះត្រូវចេះចាប់ផ្តើមរៀនធ្វើទាន រៀនលះបង់ រៀនចែករំលែក និង ព្យាយាមធ្វើឱ្យបានញឹកញាប់ ក្នុងដំណើរជីវិតប្រចាំថ្ងៃទៅតាមលទ្ធភាពរបស់ខ្លួន ។ ការធ្វើយ៉ាងណានេះឈ្មោះថា យើងបានដាំពូជមិនក្រខ្សត់ទុកឱ្យខ្លួនឯង ទោះបីក្នុងជាតិនេះមិនឃើញផលក៏ដោយ ក៏ផលនៃអំពើដែលយើងបានធ្វើហើយមិនចេះរត់ចោលយើងឡើយ ពោលគឺវានឹងហុចផលឱ្យនៅពេលមួយដ៏សមគួរ ។ ការដែលកើតមកក្រហើយបន្តធ្វើអំពើអាក្រក់ថែមទៀត គឺជាការរុញច្រាញខ្លួនឯងចូលក្នុងរណ្ដៅនៃភាពក្រីក្រកាន់តែជ្រៅបន្ថែមទៀត ។ អំពើលួច ឆក់ប្លន់ កិបកេងប្រវ័ញ្ច បំភ្លៃបំបាត់ កុហកបោកប្រាស់ បន្លំយក ជាដើមគឺសុទ្ធតែជាពូជនាំឱ្យក្រីក្រ នាំឱ្យរក្សាទ្រព្យមិនគង់ នាំឱ្យមានវិបត្តិកើតឡើង និង មានសត្រូវច្រើនក្នុងដំណើរជីវិតដ៏សែនវែងឆ្ងាយណាស់ ។ ចូរកុំសប្បាយនឹងរឿងទាំងនេះ ពីព្រោះថាអ្នកដែលទទួលរងផលលំបាកត្រឡប់មកវិញ គ្មាននរណាក្រៅពីខ្លួនយើងឡើយ ។ ត្រូវចាំថា ការកើតមកក្នុងត្រកូលក្រីក្រមិនមែនជាការវង្វែងភព ប៉ុន្តែជាការរៀបចំរបស់កម្មប្រាកដណាស់ ។ ដូច្នេះត្រូវចេះភ្ញាក់រឮក ហើយប្រឹងសាងពូជមានបានឱ្យបានច្រើន ពោលគឺត្រូវធ្វើល្អមានការឱ្យទានដើមឱ្យបានរឿយៗ ។
==============
១៨-០៤-២៥៦៧|២០២៤
ឿម
ឿម

14/04/2024

បើរកមនុស្សល្អសេពគប់មិនបានត្រូវធ្វើខ្លួនឯងជាមនុស្សល្អ
---------------
១. ការសេពគប់មានឥទ្ធិពលខ្លាំងណាស់ វាអាចបំផ្លាញ់មនុស្សដែលមានពូជល្អស្រាប់ឱ្យក្លាយទៅជាមួយកាចសាហាវឃោរឃៅបាន ហើយវាក៏អាចជួយមនុស្សដែលមានចរិតនិស្ស័យអាក្រក់ឱ្យក្លាយជាបណ្ឌិតសប្បុរសបាន អាស្រ័យលើការសេពគប់ត្រូវ ឬខុស ។ អ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធជាដើម លោកបានប្រាប់ឱ្យយើងវៀរចាកការសេពគប់ជាមនុស្សនឹងបុគ្គលអសប្បុរស ពីព្រោះបុគ្គលពួកនេះ មិនដែលដឹកនាំយើងទៅរកផ្លូវចម្រើនទេ ពួកគេនិយមចូលចិត្តដើរលើផ្លូវអាក្រក់ ផ្លូវវិនាស ផ្លូវបាបអកុសល ពោលគឺជីវិតពួកគេសប្បាយនឹងរឿងបាបអកុសល ហើយឈឺចាប់កើតទុក្ខនឹងរឿងបុណ្យទានៗជាមួយនឹងពួកគេប្រៀបដូចទឹកនឹងប្រេងមិនអាចលាយចូលគ្នាបាន ប៉ុន្តែបើបាបអកុសលវិញប្រៀបដូចទឹកនឹងអំបិលលាយចូលគ្នាល្អណាស់ ។ ការសេពគប់ជាជម្រើស មិនមែនជាព្រេងវាសនាទេ ។ ដូច្នេះយើងមានសិទ្ធិក្នុងការជ្រើសរើសយក ឬបោះបង់ចោលក្នុងករណីដែលយើងយល់ថាការសេពគប់នោះគឺខុស ។

២. យើងកុំអស់សង្ឃឹមប្រសិនបើយើងបានសេពគប់ខុស ឬក៏យើងរកមនុស្សល្អដើម្បីរាប់អានបានទេ ។ ផ្ទុយមកវិញ យើងត្រូវព្យាយាមធ្វើ ឬតម្កល់ខ្លួនឯងឱ្យក្លាយជាមនុស្សល្អម្នាក់ទៅបានហើយ ។ កុំចំណាយពេលស្វែងរកមនុស្សល្អច្រើនពេក ពីព្រោះជួនកាលយើងមិនមានវាសនាបានជួបមនុស្សល្អក៏ថាបាន ។ ដូច្នេះប្រសិនបើយើង ប្រឹងចំណាយពេលរកមនុស្សល្អច្រើនពេក យើងនឹងអស់ឱកាសធ្វើខ្លួនឯងជាមនុស្សល្អ ។ ព្រោះហេតុនោះ យើងត្រូវប្តូរពីការប្រឹងរកមនុស្សល្អ មកប្រឹងធ្វើខ្លួនជាមនុស្សល្អវិញ ។ បច្ចុប្បន្នគេចំណាំនិយាយថា "កុំប្រឹងដើររកមេអំបៅ ធ្វើតែសួន ដាំផ្កា និង ថែផ្កាឱ្យល្អទៅ មិនខ្វះទេមេអំបៅ" ។ យ៉ាងណាមិញមនុស្សយើងក៏ដូចគ្នា បើយើងជាមនុស្សល្អពិត នោះមិនខ្វះទេមនុស្សល្អចូលមករកយើង ។ ចូរស្រឡាញ់សេចក្តីល្អ និង ព្យាយាមសន្សំសេចក្តីល្អឱ្យបានច្រើន ទោះបីក្នុងលោកនេះគ្មានអ្នកទទួលស្គាល់ ឬដឹងឮក៏ដោយ ក៏សេចក្តីល្អរបស់យើងទទួលស្គាល់ និង ដឹងឮពីយើង ព្រមទាំងឃុំគ្រងថែរក្សាការពារ និង ផ្គត់ផ្គងយើងជាដរាប មិនចេះក្បត់យើងទេ ។ ធ្វើខ្លួនជាមនុស្សល្អគឺល្អបំផុតសម្រាប់យើង ។ កុំធ្វើអាក្រក់ព្រោះអ្នកដទៃជាហេតុ ប៉ុន្តែប្រឹងធ្វើល្អព្រោះហេតុអាក្រក់របស់អ្នកដទៃ ទើបអស្ចារ្យ ៕
=============
១៤-០៤-២៥៦៧|២០២៤
ឿម
ឿម

12/04/2024

កុំភ្លើតភ្លើន
------------
១). កំណើតជាមនុស្សគឺជាលាភសំណាងដ៏ធំធេងណាស់ ពីព្រោះកំណើតមនុស្សក៏អាចរាប់ថាជាកំណើតមួយដែលមានឱកាសបានសុខ និង បានចម្រើនដោយប្រការផ្សេងៗជាច្រើនទៅតាមការខិតខំប្រឹងប្រែងដ៏ត្រឹមត្រូវ និង ការយល់ដ៏ត្រឹមត្រង់មួយ ។ ថ្វីដ្បិតកំណើតមួយនេះមិនទាន់រាប់ចូលជាសុគតិកំណើតក៏ដោយ ក៏ប៉ុន្តែកំណើតនេះមានឱកាសទទូលបានសេចក្តីសុខដ៏មហាសាលបើប្រៀបធៀបទៅនឹងកំណើតទាំងឡាយក្នុងអបាយកំណើត ។ លើសពីនេះកំណើតនេះមានឱកាសឈានទៅកាន់កំណើតសុគតិបានស្ទើរគ្រប់កំណើតបាន ប្រសិនបើបានដឹកនាំជីវិតមួយនេះដោយត្រឹមត្រង់ ហើយបានបំពេញសេចក្តីល្អជាហូរហែបន្តបន្ទាប់ជាប់មិនដាច់ដោយចិត្តផ្ចិតផ្ចង់ និង ការព្យាយាមដ៏ល្អប្រពៃជានិច្ច ។ សត្វក្នុងស្ថានសួគ៌ និង ស្ថានព្រហ្មទាំងឡាយគឺមានប្រភពចេញពីមនុស្ស ពោលគឺមនុស្សដែលបានធ្វើទាន រក្សាសីល និង ចម្រើនមេត្តាភាវនា ព្រមទាំងធ្វើសីល សមាធិ បញ្ញា ដ៏ល្អប្រពៃមិនធ្វេសប្រហែស ឬគ្មានការភ្លាំងភ្លេចស្មារតីនោះឯង ព្រះអរហន្ត ព្រះពុទ្ធ និង ព្រះបច្ចេកពុទ្ធទាំងឡាយ ក៏បានពីកំណ់តមនុស្ស ។ ព្រោះហតុនេះ កំណើតមនុស្សនេះសំខាន់ណាស់ យើងត្រូវរក្សាឱ្យល្អ និង ដោយការប្រុងប្រយ័ត្នឱ្យមែនទែន ។

២). ការធ្វេសប្រហែស ការភ្លើតភ្លើន ការអួនអាង ការជោរតាមការបញ្ជោរ ឬការជោរតាមអំណាចលោកធម៌ និង ការសវឹងវង្វែងនឹងលោកធម៌ គឺជាហេតុនាំឱ្យវិនាសអន្តរាយដល់កុសលធម៌ផង ទ្រព្យសម្បត្តិផង ញាតិសម្បត្តិ យសសម្បត្តិផង ជីវិតសម្បត្តិ និង សម្បត្តិផង ព្រមទាំងមគ្គផលសម្បត្តិផង ។ មនុស្សដែលប្រមាទរមែងគេចមិនផុតពីក្តីវិនាសអន្តរាយនោះទេ ពីព្រោះប្រមាទនាំឱ្យបាត់បង់ការប្រុងប្រយ័ត្ន ឬការការពារទុកមុន ។ លោកតាឈឹម ទូច គាត់បានធ្វើសេចក្តីអត្ថាធិប្បាយមួយទាក់ទងនឹងការធ្វេសប្រហែសបណ្តាលឱ្យវិនាសដោយគាត់បានលើកជាកតមួយនិយាយពីបុរសកម្ជិល ចេញទៅរកអុសជាមួយអ្នកភូមិ ។ ពេលកាត់ទៅដល់ព្រៃ គាត់បានដើរសំឡឹងចុះឡើងៗ ក៏បានឃើញដើមថ្កាន់១ដើមរោយស្លឹករលីង គាត់យល់ថាជាដើមឈើងាប់ ហើយគាត់គិតថា "អញមិនចាំបាច់ទៅរកឯណាទៀតទេ មួយដើមនេះគ្រប់គ្រាន់ហើយ" រួចហើយប្រាស់ខ្លួនដេកលក់ក្រោមម្លប់ឈើងក្បែរនោះទៅ ។ លុះរសៀលជ្រៀលជ្រេរទន់ទាបរៀបអស្តង្គត អ្នកភូមិផងគេបានអុស១បាច់ៗគ្រប់គ្នាប្រកូកហៅគ្នាត្រឡប់ទៅផ្ទះវិញ ។ ចំណែកបុរសកម្ជិលនៅដេកមិនទាន់ក្រោកនៅឡើយ អ្នកភូមិក៏ដាស់ឱ្យភ្ញាក់ លុះភ្ញាក់ឡើងមិនទាន់បានអុសនឹងគេ ក៏ស្ទុះស្ទារឡើងដើមថ្ងាន់ស្រវាកាច់បែកថ្ងាន់ ។ ធម្មតាមែកថ្ងាន់ជាប្រភេទឈើទន់ស្វិត កាន់មិនងាយបាក់ទេ បើវានៅរស់ ។ បុរសប្រឹងកាច់ចុះឡើងៗ មេកថ្ងាន់វាត់ចំភ្នែកភ្នែកខ្វាក់ទាំងសងខាង ។ អុសក៏មិនបាន ភ្នែកក៏បែក វិនាសអន្តរាយខ្លួន ។ ម្យ៉ាងទៀតកីឡាប្រដាល់ដែលមើលស្រាលដៃគូប្រកួតរបស់ខ្លួនច្រើនត្រូវសន្លប់ និង ចាញ់ការប្រកួតព្រោះតែការធ្វើប្រហែសដែលមានអំនួតជាអ្នកនៅពីក្រោយ ។ ដូច្នេះ គ្រប់កាលៈទេសៈទាំងអស់យើង ត្រូវតែមានការប្រុងប្រយ័ត្ន កុំអួត កុំភ្លើតភ្លើន និង កុំជោរ ពីព្រោះអួតក្តី ភ្លើតភ្លើនក្តី និង ជោរក្តី សុទ្ធតែជាពូជនាំឱ្យកើតសេចក្តីវិនាសអន្តរាយមកដល់ខ្លួន ៕
==============
១២-០៤-២៥៦៧|២០២៤
ឿម
ឿម

10/04/2024

ជីវិតរបស់ខ្លួនកុំមើលបំណាំគេ
~~~~~~~~~~~~~~~~~
១)~យើងកើតមកគឺយើងមានកាតព្វកិច្ចទទួលខុសត្រូវលើជីវិតរបស់យើង មិនមែនជាអ្នកដទៃទេ ។ អ្នកដទៃ គេអាចជួយយើងបានតាមកម្រិតរបស់គេ ប៉ុន្តែមិនអាចជួយគ្រប់រឿងបានទេ ។ យើងខ្លួនឯងគឺជាម្ចាស់វាសនាឱ្យខ្លួនឯង ។ បើយើងប្រឹងប្រែង យើងនឹងបានរីកចម្រើន លូតលាស់ មានបាន សំបូរសប្បាយ ចេះដឹងមានចំណេះជំនាញប្រចាំជីវិត ប៉ុន្តែប្រសិនបើមិនប្រឹងទេ នឹងល្ងឹតល្ងង់ខ្លៅ គ្មានតម្រិះគ្មានបញ្ញា រស់នៅលំបាកវេទនា ក្រីក្រតោកយ៉ាក ក្លាយជាជនរងគ្រោះ ឬជាបន្ទុកដល់សង្គម ។ ការចម្រើនចំណេះវិជ្ជាក្តី ទ្រព្យសម្បត្តិក្តី និង គុណធម៌ក្តី គ្មានអ្នកដទៃណាអាចធ្វើជំនួសយើងបានទេ ពោលគឹយើងត្រូវធ្វើខ្លួនឯង ខិតខំដោយខ្លួនឯង ដោយមិនមើលបំណាំនរណាម្នាក់ឡើយ ទើបបាន ។

២)~មនុស្សមួយចំនួនចូលចិត្តមើលបំណាំអ្នកដទៃ ជាពិសេសគឺមើលទេរឿងអវិជ្ជមានថែមទៀត ។ ឧទាហរណ៍ បើមានគេប្រាប់ពន្យល់រឿងរៀនសូត្រ ក៏លើកភ្លាមថា "មើលអានោះ មីនោះ រៀនចប់ដល់ណាណី មិនឃើញកើតការណ៍ប្រយោជន៍អីផង" ។ បើគេនិយាយរឿងសីលទានក៏លើកឡើងថា " មិនដែលឃើញអ្នកទានក្លាយជាអ្នកមានផង ឃើញនៅតែក្រ ។ តានោះ យាយនោះ សុំសីលតែមិនល្អ ចាញ់អ្នកអត់សុំសីលទៀត" ។ បើនិយាយរឿងធ្វើការងារ ក៏លើកឡើងថា " អានោះទៅធើការ ឃើញតែគេបោករហូត ខាតពេលខាតវេលា ឥតអំពើ" ។ល។ មនុស្សបែបនេះ ហៅថាមនុស្សមើលបំណាំអ្នកដទៃ ។ ព្រោះមនុស្សប្រភេទនេះរករីកចម្រើនមិនឃើញទេ ព្រោះរវល់មើលបំណាំគេ ហើយយកបំណាំគេនោះមកបំផ្លាញខ្លួនឯង ។ មែនទែនទៅជីវិតយើង និង ជីវិតគេ គឺផ្សេងគ្នា គេទទួលខុសត្រូវលើកជោគវាសនារបស់គេ យើងទទួលខុសត្រូវលើកជោគវាសនារបស់យើង ចុះហេតុអ្វីត្រូវយកបំណាំគេមកបំផ្លាញខ្លួនឯង? ព្រោះហេតុនេះ បានកើតមកហើយត្រូវគិតឱ្យច្បាស់លាស់ និង ឱ្យបានត្រឹមត្រូវ កុំព្យាយាមចំណុចអវិជ្ជមានរបស់អ្នកដទៃមកបន្ទុចបង្អាក់ការលូតលាស់ រីកចម្រើនរបស់ខ្លួន ប៉ុន្តែត្រឹមសង្វាតឱហាតឱ្យខ្លាំង ដើម្បីរដោះខ្លួនចេញពីអវិជ្ជា និង ទុរគតភាពឱ្យបាន ទើបប្រពៃ ៕
==============
១០~០៤~២៥៦៧|២០២៤
ឿម
ឿម

07/04/2024

យើងកុំសួរថាធម៌មានប្រយោជន៍អ្វី ប៉ុន្តែត្រូវសួរថាយើងបានបដិបត្តិតាមធម៌ហើយនៅ?

១). ក្នុងសង្គមយើងជាក់សំដែងមានមនុស្សជាច្រើនបានលើកសំនួរថាថា តើបុណ្យមានប្រយោជន៍អ្វី? រក្សាសីលបានប្រយោជន៍អី? រៀនធម៌បានប្រយោជន៍អី? ធ្វើទានបានប្រយោជន៍អី? ហេតុអ្វីចាំបាច់ត្រូវរៀនធម៌? ហេតុអ្វីត្រូវធ្វើសមាធិ? និង ហេតុអ្វីជាច្រើនទៀត ។ ចំពោះអាចក្តីបើជួបសំនួរទាំងនេះ អាចក្តីមិនឆ្លើយជាចម្លើយត្រឡប់ទៅវិញទេ ប៉ុន្តែអាក្រក្តីនឹងសូរជាសំណួរទៅវិញថា តើបាយមានប្រយោជន៍អ្វី? ទឹកមានប្រយោជន៍ដូចម្តេច? ជម្រកមានប្រយោជន៍យ៉ាងណា? ថ្នាំមានប្រយោជន៍ដូចម្ត់េច? យានយន្តមានប្រយោជន៍អ្វី? យន្តហោះមានប្រយោជន៍អ្វីខ្លះ? ចុះប្រសិនបើយើងមិនហូបបាយ មិនផឹកទឹក មិនមានផ្ទះ មិនប្រើប្រាស់ថ្នាំ មិនមានយានយន្ត និង មិនមានយន្តហោះ តើរបស់ទាំងអស់នេះមានប្រយោជន៍អ្វីចំពោះយើង? រាល់ចម្លើយដែលឆ្លើយនឹងសំណួរទាំងនេះ នឹងប្រាប់ឱ្យគេយល់ដោយខ្លួនឯងទៅលើសំណួរទាំងឡាយដែលគេបានសួរនៅខាងដើម ។ បាយជួយទ្រទ្រង់ជីវិតឱ្យរស់នៅបន្តទៅទៀតបាន ប៉ុន្តែបើយើងមិនដែលហូបបាយ ឬម្ហូបនំចំណីផ្សេងៗផង តើយើងអាចរស់បានទេ? យ៉ាងណាមិញធម៌ក្តី សីលក្តី ទានក្តី និង សមាធិក្តីមានសារៈសំខាន់ណាស់សម្រាប់ជីវិត ប៉ុន្តែបើយើងមិនដែលបានសិក្សាផង មិនដែលបានអនុវត្តផង តើធម៌មានន័យអីសម្រាប់យើងបានទៅ?

២). ធម៌មានប្រយោជន៍ច្រើនមហាសាល មិនអាចរាប់បានក្នុងជីវិតយើង ប៉ុន្តែចាំបាច់ យើងត្រូវអនុវត្តតាមគោលធម៌នោះ ហើយមុននឹងបដិបត្តិ យើងត្រូវសិក្សាឱ្យបានចេះចាំ យល់ដឹងត្រឹមត្រូវជាមុនសិន ពីព្រោះថាការចេះចាំយល់ដឹងត្រឹមត្រូវ ជាឧបការៈឱ្យមានការបដិបត្តិត្រូវ ។ ការបដិបត្តិទៀតសោតត្រូវបដិបត្តិឱ្យបានត្រឹមត្រូវ និង ជាប្រចាំ មិនមែនបាត់ៗឃើញៗដូចអំពិលអំពេកទេ ព្រោះចិត្តគឺជាធម្មជាតិម្យ៉ាងដែលមិនចេះនៅស្ងៀមដូចដុំថ្មទេ វារមែងរត់ចុះរត់ឡើងទៅកាន់ទីជិតក៏មានទីឆ្ងាយក៏មាន លើកលែងតែពេកដេកលក់ ទើបចិត្តចេះនៅស្ងៀមខ្លះ ។ ចំណែករឿងប្រយោជន៍របស់សីលវិញ យើងសាកគិតមើលបើក្នុងសង្គមយើង ពោរពេញដោយការកាប់សម្លាប់ លួចឆក់ប្លន់ កុហកបោកប្រាស់ កូនប្រពន្ធត្រូវគេរំលោភបំពានបៀនបៀនជាប្រចាំ មនុស្សគ្រប់គ្នាស្រវឹងវង្វែងរាល់ថ្ងៃ តើសង្គមនឹងទៅជាយ៉ាងណា? យើងមិនចាំបាច់និយាយទៅណាវែងឆ្ងាយទេ យើងមើលតែក្នុងសម័យប៉ុល ពត តើមនុស្សរស់នៅបែបម៉េច? កើតទុក្ខឈឺចាប់វេទនាប៉ុនណា? លំបាកយ៉ាងណា? នោះហើយសង្គមគ្មានសីល នោះហើយសង្គមគ្មានធម៌ និង នោះហើយសង្គមគ្មានទាន ព្រមទាំងគ្មានសមាធិ ។ ញោមញាតិដែលរស់ក្នុងសម័យនោះ និង ញោមញាតិដែលកើតទាន់សម័យនោះពិតជាបានយល់ពីទំហំនៃទុក្ខលំបាកយ៉ាកយ៉ាប់ក្នុងសម័យនោះ ។ ធម៌ក្តី សីលក្តី ទានក្តី និង សមាធិក្តី សុទ្ធតែមានប្រយោជន៍ដល់ការអប់រំបន្ទំចិត្តរបស់មនុស្សឱ្យល្អចេះខ្មាសអៀនបាប ខ្លាចបាប និង ឱ្យវៀរចាកអំពើអាក្រក់ ព្រមទាំងឱ្យស្រឡាញ់ចូលចិត្តសាងអំពើល្អ និង លាងសម្អាតចិត្តឱ្យបានសុខស្ងប់ ប៉ុន្តែយើងត្រូវទៅសិក្សា និង បដិបត្តិជាប្រចាំ ទើបប្រយោជន៍កើតមានមកយើងបាន ។ បើយើងនៅតែសួរថាមានប្រយោជន៍អ្វី?ៗ គឺគ្មានអ្វីជាផលដល់យើងទេ ។ ចង់ដឹងប្រយោជន៍ត្រូវយកមកអនុវត្ត ទើបដឹងបាន ៕
==============
០៧-០៤-២៥៦៧|២០២៤
ឿម
ឿម

05/04/2024

ខំប្រឹងនិងចេះប្រើឱកាសទើបរីកចម្រើន
-------------------
១). ការភអិវឌ្ឃ ភាពរីកចម្រើន និង ភាពល្អប្រសើរក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ៗមិនថាខាងអាណាចក្រ ឬពុទ្ធចក្រទេ គឺវាកើតចេញការខិតខំប្រឹងងប្រែងដោយខ្លួនឯង នៅពេលដែលមានអ្នកដទៃគេជួយជ្រោមជ្រែង ។ ឧទាហរណ៍ ពេលមានគ្រូបង្រៀន យើងត្រូវយកចិត្តទុកដាក់ប្រឹងរៀនសូត្រ សួរនាំ ដោះស្រាយលំហាត់ ស្រាវជ្រាវ កត់ចំណាំ អានទន្ទេញជាដើមដោយខ្លួនឯង ។ ប្រសិនគ្រូបង្រៀនយើង ហើយយើងមិនសរសេរ មិនអាន មិនគិត មិនដោះស្រាយលំហាត់ មិនស្រាវជ្រាវ និង មិនទន្ទេញជាដើមទេ ទោះគ្រូចុះពីឋានព្រះឥន្ទ្រក៏ជួយយើងមិនបានដែរ ។ ការខិតខំប្រឹងប្រែងដោយខ្លួនឯង គឺកត្តាគន្លឹះនៃការអភិវឌ្ឃ និង ការកសាងខ្លួនឯងឱ្យឆ្ពោះទៅកាន់ឧត្តមភាពជីវិត ។ ការសន្សំសេចដក្តីល្អ ឬចម្រើនគុណធម៌ក៏ដូចគ្នា ពោលគឺត្រូវខិតខំប្រឹងប្រែងកសាងសន្សំដោយខ្លួនឯង មិនមែនឱ្យអ្នកដទៃណាសន្សំឱ្យឡើយ ។ ការសិក្សារៀនសូត្រផ្នែកធម៌វិន័យក៏ដូចគ្នា បើមានគេបង្រៀន ឬពន្យល់ប្រាប់ យើងត្រូវខិតខំស្តាប់ និង យកចិត្តទុកដាក់់ស្តាប់ ព្រមទាំងគិតពិចារណាឱ្យបានល្អបន្ទាប់ពីស្តាប់ហើយ ។ លុះគិតឃើញថាល្អត្រឹមត្រូវហើយ ត្រូវកត់ចំណាំទុក និង យកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ដើម្បីកើតប្រយោជន៍សុខសម្រើន ។

២). មនុស្សខ្លះពេលមានឱកាសអត់គិតប្រឹងប្រែតទេ បានអ្នកដទៃគេជួយក៏បណ្ដោយខ្លួនឱ្យក្លាយជាមនុស្សខ្ជិល មិនរៀនសូត្រ មិនធ្វើការងារ រៀនលំៗ ធ្វើការលំៗ ពេលទំនេរចូលចិត្តអង្គុយនិយាយរឿងឥតប្រយោជន៍ ឬក៏ចូលចិត្តដេក រៀនក្តី ធ្វើការងារក្តី ធ្វើដើម្បីបង្រ្គប់កិច្ច ។ ឥរិយាបថបែបនេះឈ្មោះថា មានឱកាស ប៉ុន្តែមិនចេះប្រើឱកាស បណ្ដែតបណ្ដោយឱ្យកាសកន្លងទៅទទេៗ ។ ចុងក្រោយក្លាយជាមនុស្សដែលរស់នៅលំបាកវេទនា​ រកការងារមិនបានព្រោះអត់ចំណេះ និងគ្មានជំនាញ ថែមទាំងឥរិយាបថមិនទំនងទៀតផង គ្មានអ្វីធ្វើប៉ោឡែរសាត់អណ្ដែតដូចចកកណ្ដាលមហាសាគរ ។ មនុស្សដែលមិនចេះប្រើឱកាសនេះ មិនត្រឹមតែមិនចេះទទួលខុសត្រូវលើកខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែនៅហ៊ានទម្លាក់កំហុសដាក់បន្ទុកដល់អ្នកដទៃដែលគេបានជួយជ្រោមជ្រែងថែមទៀតផង ។ យើងត្រូវដឹង និងចាំថា ជីវិតរបស់យើងគឺយើងជាអ្នកដែលត្រូវទទួលខុសត្រូវ មិនមែនអ្នកដទៃនោះទេ រឿងអ្នកដទៃគេជួយ វាគឺជាសមានចិត្តសប្បុរសរបស់គេតែប៉ុណ្ណោះ ហើយគេមិនអាចជួយយើងបានគ្រប់រឿងនោះទេ ពោលគឺគេជួយក្នុងរយៈពេលមួយ ឬផ្នែកណាមួយតែប៉ុណ្ណោះ ។ ប្រសិនបើយើងមិនប្រឹងប្រែងដោយខ្លួនឯង នោះយើងនឹងបរាជ័យដោយខ្លួនឯង មិនថាការរៀនចំណេះជំនាញ ឬរៀនធម៌អាថ៌សិក្ខាវិន័យនោះឡើយ ។ ដូចនេះត្រូវចេះប្រើឱកាសប្រកបដោយភាពវៃឆ្លាត កុំយកឱកាសទៅសម្លាប់ខ្លួនឯង ។ ត្រូវចាំថា "គ្មានព្រះណាជួយយើងបាន បើជួយមិនជួយខ្លួនឯង" ៕
=============
០៥-០៤-២៥៦៧|២០២៤
ឿម
ឿម

03/04/2024

លើកតម្កើងមនុស្សខុសនាំឱ្យវិនាសអន្តរាយ
--------------------
១). ការលើកតម្កុំតម្កើងបុគ្គលគឺជារឿងដែលត្រូវប្រុងប្រយ័ត្នបំផុត ពីព្រោះវាប្រៀបស្មើរនឹងការសម្រេចជោគវាសនារបស់ខ្លួនឯង ។ ប្រពន្ធគ្រួសារក្តី ស្ថាប័នក្តី សហគមន៍ក្តី សាសនាក្តី សង្គមក្តី និង សកលលោកក្តី ប្រសិនបើយើងលើកតម្កើងមនុស្សខុសវានឹងធ្វើឱ្យរលំរលាយ ឬធ្វើឱ្យកើតជម្លោះវិវាទ ទាស់ទែង សង្រ្គាមរាំងជល់ ជាទុក្ខអម្ពល់ខ្លោចផ្សារដល់ភពផែនដី និង មនុស្សជាតិ ។ ជាទូទៅ បុគ្គល ឬមនុស្សដែលយើងលើកតម្កើង រមែងតែងមានសិទ្ធិសម្រេចគ្រប់អ្វីៗក្នុងគ្រួសារ ស្ថាប័ន សហគមន៍ ឬសង្គមនោះ និង មានអំណាចអារកាត់សេចក្តីថាបែបនេះឬបែបនោះ ។ សិទ្ធិសម្រេចចិត្ត និង អំណាចនេះហើយដែលជាកត្តាបណ្ដាលឱ្យចេញសមិទ្ធផលថារីកចម្រើន ឬអន់ថយរលំរលាយ ។ ការជ្រើសរើស ឬការលើតម្កើងមនុស្សត្រូវត្រួតពិនិត្យវាយតម្លៃ និង តាមដានពីចរិតលក្ខណៈ និស្ស័យ និង ឥរិយាបថឱ្យបានល្អជាមុន ទើបនាំឱ្យការលើកតម្កើងមានភាពលម្អៀងតិច និង ហានិភ័យទាប ឬតិចបំផុត ។ កំហុងក្នុងប្រវត្តិសាស្រ្តមួយដែលយើងអាចមើលឃើញឆ្លុះបញ្ចាំងពីការតម្កើងមនុស្សខុសគឺសម័យកម្ពុជាប្រជាធិបតេយ្យ(ប៉ុល ពត) ។ ទីបំផុតខ្មែរជិតដាច់ពូជ ។

២). យើងមើលមកក្នុងសង្គមយើងបច្ចុប្បន្នហាក់ដូចជាកំពុងធ្លាក់ចូលក្នុងការលើកតម្កើងមនុស្សខុស ។ អាចក្តីសូមបង្ហាញហេតុផលដូចតទៅ៖ ១. យើងបច្ចុប្បន្នចូលចិត្តជេរប្រមាថអ្នកដែលមានចិត្តជួយ និង កំពុងតែព្យាយាមជួយ ប៉ុន្តែលើកស្ទួយជនបោកប្រាស់ធ្វើជានិមិត្តរូប(អាយដល) តាមជ្រោមជ្រែង តាមជួយបន្ទរឱ្យជនទុច្ចរិតនោះល្បីល្បឺរន្ទឺសុះសាយទៅ ។ ចំណែកអ្នកជួយព្យាយាមតាមខាំ តាមជាន់ពន្លិច និង តាមបៀតបៀន ២. យើងចូលចិត្តលើកស្ទួយមនុស្សដែលហែកហ៊ូរជេរប្រទេចផ្តាសារគ្នាជាសាធារណៈ បើបានឃើញមានមួយគឺថាញាប់ដៃញាប់ជើងជួយចែករំលែក ជួយបន្ទរ និង ជួយចែលគ្នាមើល ព្រមទាំងពីភាក្សាយ៉ាងផុសផុល ៣. យើងមិនសូវចូលចិត្តមើល ស្តាប់ និង ចែករំលែករឿងណាល្អៗ និង មានប្រយោជន៍ទេ ៤. យើងចូលចិត្តស្តាប់ពាក្យបញ្ជោរ និង លើកស្ទួយអ្នកដែលចេះបញ្ជោរ និង ៥. យើងមិនសូវខ្វល់ខ្វាយរឿងថែរក្សាការពារនូវអ្វីដែលជារបស់ខ្លួនទេ ថែរក្សាការពារបានត្រឹមបបូរមាត់ ប៉ុន្តែក្នុងការរស់នៅប្រចាំថ្ងៃធ្វើតែសកម្មភាពបំផ្លាញទ្រព្យមរតកខ្លួនឯង ។ល។ ប្រសិនបើយើងនៅតែដើរតាមគន្លងនេះ យើងនឹងមិនត្រឹមតែមិនងាយរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងប្រឈមនឹងការវិនាសអន្តរាយ ព្រោះយើងឱ្យតម្លៃខុស បំផ្លាញក្នុងរូបភាពលើកស្ទួយ ធ្វើឱ្យអន្តរាយក្នុងរូបភាពការពារ បន្ថោកក្នុងរូបលើកកម្ពស់ជាដើម ។ ការលើកតម្កុំតម្កើងមនុស្សនេះ បើលើកត្រូវនាំឱ្យរីកចម្រើនលូតលាស់ឆាប់រហ័ស និង មានភាពត្រជាក់ត្រជុំក្នុងការរស់នៅ ប៉ុន្តែបើលើកខុសវិញ វានឹងបង្កភាពក្តៅក្រហាយ និង វិនាសអន្តរាយដ៏គួរឱ្យសង្វេគណាស់ ។ ប្រសិនបើក្នុងសាសនាវិញ បើលើកតម្កើងខុសគឺនាំឱ្យយើងដើរក្នុងផ្លូវសុខយ៉ាងធ្ងន់ធ្ងរបំផុតដូចព្រះបាទអជាសត្តុដែលលើកតម្កើងភិក្ខុទេវទត្តដូច្នោះ ។ ដូចនេះ មុននឹងលើកនរណាម្នាក់ជានិមិត្តរូបរបស់ខ្លួនត្រឹមគិតពិចារណាឱ្យបានវែងឆ្ងាយ និង គ្រប់ជ្រុងជ្រោយប្រយ័ត្ននាំឱ្យអន្តរាយខ្លួន ៕
==============
០៣-០៤-២៥៦៧|២០២៤
ឿម
ឿម

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Website

Address

Siem Reap
1710