ចែករំលែកចំណេះដឹង-Share Knowledge

ចែករំលែកចំណេះដឹង-Share Knowledge

Share

ចែករំលែកចំណេះដឹងទូទៅ និងទស្សនវិទូជូនលោកអ្នក📖

17/01/2026

វិធីសាស្ត្រ ៧យ៉ាង របស់លោក ហ្គីប អេឃីន (Gib Akin) សម្រាប់អ្នកគ្រប់គ្រងប្រើប្រាស់ដើម្បីរៀនសូត្រអភិវឌ្ឍន៍ខ្លួន៖

១. ការរៀនត្រាប់តាម (Emulation)៖ រៀនសូត្រដោយយកគំរូតាម និងធ្វើត្រាប់តាមឥរិយាបថ, ទម្លាប់, ជំនាញ ឬត្រាប់តាមវិធីសាស្ត្ររបស់បុគ្គលដែលយើងគោរព ឬចាត់ទុកជាគំរូ (Role Model) ដូចជាមនុស្សជុំវិញខ្លួន, តួអង្គប្រវត្តិសាស្ត្រ ឬបុគ្គលល្បីៗជាដើម។ ឧទាហរណ៍៖ ការសង្កេតមើលវិធីសាស្ត្រដោះស្រាយបញ្ហារបស់អ្នកដឹកនាំជោគជ័យម្នាក់ រួចសម្របយកមកអនុវត្តតាម។

២. ការដើរតួ (Role Taking)៖ ការដាក់ខ្លួនឯងក្នុងតួនាទី ឬស្ថានភាពរបស់អ្នកដទៃ ឬតួនាទីដែលខ្លួនឯងចង់ធ្វើ និងហាត់សមឥរិយាបថ ឬជំនាញដែលត្រូវការ។ ឧទាហរណ៍៖ ការដើរតួជាគ្រូបង្រៀន ដើម្បីអនុវត្តជំនាញបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន។

៣. ការអនុវត្តជាក់ស្តែង (Practical accomplishment)៖ រៀនសូត្រតាមរយៈការដាក់ដៃធ្វើការងារ ឬដោះស្រាយបញ្ហាជាក់ស្តែងរហូតសម្រេចបានលទ្ធផលជាដុំកំភួន។ ចាត់ទុកបញ្ហាប្រឈម ឬភារកិច្ចនានា ជាឱកាសរៀនសូត្រជំនាញថ្មី និងអភិវឌ្ឍសមត្ថភាព។

៤. ការផ្ទៀងផ្ទាត់ (Validation)៖ ការសាកល្បងអនុវត្តគំនិត, សម្មតិកម្ម, ជំនឿ, ឬវិធីសាស្ត្រថ្មីៗរបស់ខ្លួន ដើម្បីផ្ទៀងផ្ទាត់ប្រសិទ្ធភាព ឬភាពត្រឹមត្រូវនៅក្នុងស្ថានភាពជាក់ស្តែង។ បន្ទាប់មក រៀនសូត្រពីលទ្ធផល ដើម្បីយល់ពីអ្វីដែលអាចទៅរួច និងអ្វីដែលមិនដំណើរការទៅរួច ហើយធ្វើការកែលម្អជាបន្តបន្ទាប់។

៥. ការគិតទុកជាមុន (Anticipation)៖ ការគិតពិចារណាទុក, ការស្រមៃទុក, និងការរៀបចំផែនការសកម្មភាពទុកជាមុន មុននឹងអនុវត្តការងារណាមួយ ដោយព្យាករណ៍អំពីដំណើរការ, ឧបសគ្គដែលអាចកើតមាន, រៀបចំដំណោះស្រាយបានទាន់ពេលវេលា និងលទ្ធផលដែលចង់បាន។ ការធ្វើបែបនេះជួយឱ្យយើងត្រៀមខ្លួនបានល្អជាងមុន ពេលប្រឈមនឹងស្ថានភាពជាក់ស្តែងមែនទែន។

៦. ការរីកចម្រើនផ្ទាល់ខ្លួន (Personal growth)៖ ការផ្តោតលើការអភិវឌ្ឍខ្លួនឯងជាបន្តបន្ទាប់ ទាំងចំណេះដឹង, ជំនាញ, ផ្នត់គំនិត, អត្តចរិត និងលក្ខណសម្បត្តិនានា ដើម្បីក្លាយជាមនុស្សកាន់តែប្រសើរ ឬមានសមត្ថភាពកាន់តែខ្ពស់។ ការអភិវឌ្ឍខ្លួនឯងនេះ រួមបញ្ចូលទាំងការត្រៀមខ្លួនផ្លាស់ប្តូរទម្លាប់, ផ្លាស់ប្តូរអាកប្បកិរិយា, និងជួនកាលផ្លាស់ប្តូរសូម្បីតែគុណតម្លៃស្នូល ឬការយល់ឃើញរបស់ខ្លួន ដើម្បីការរីកចម្រើន។

៧. ការរៀនសូត្រតាមបែបវិទ្យាសាស្ត្រ (Scientific learning)៖ ការរៀនសូត្រ ដែលមានលក្ខណៈជាប្រព័ន្ធ ដូចជាការសង្កេតពិនិត្យ, ការប្រមូលទិន្នន័យ, ការវិភាគដោយផ្អែកលើភ័ស្តុតាង និងការធ្វើសេចក្តីសន្និដ្ឋានដោយមានហេតុផលច្បាស់លាស់ដូចដែលអ្នកវិទ្យាសាស្ត្រធ្វើ។ ការផ្តោតលើការណ៍ពិតជាក់ស្តែង (Objectivity) និងស្វែងរកការពន្យល់ដែលផ្អែកលើទិន្នន័យ គឺជាគោលការណ៍សំខាន់នៃការរៀនសូត្រតាមបែបវិទ្យាសាស្ត្រ។

*ដកស្រង់ចេញពីសៀវភៅ៖ ក្លាយជាអ្នកដឹកនាំ (On Becoming A Leader) ប្រែសម្រួលដោយអ្នកនិពន្ធ ឡាំ លីម។

06/01/2026

ខុងជឺ (孔子)

«កាលពីសម័យបុរាណមនុស្សគ្មានភាពអំណត់ជាមនុស្សរឹងរូស។ មនុស្សអំណួតជាមនុស្សឯកោ។ មនុស្សល្ងង់ជាមនុស្សស្លូតបូត។ តែបច្ចុប្បន្ន មនុស្សគ្មានអំណត់ជាមនុស្សគ្មានគោលដៅ។ មនុស្សអំណួតជាមនុស្សឈ្លានពាន។ មនុស្សល្ងង់ជាមនុស្សព្រហើន»។

05/01/2026

ខុងជឺ (孔子)

បណ្ឌិតត្រូវមានលក្ខណៈសម្បត្តិ ៩យ៉ាងគឺ៖

១. ប្រើភ្នែកមើលឱ្យបានច្បាស់លាស់

២. ប្រើត្រចៀកស្តាប់ឱ្យបានយល់

៣. ប្រើទឹកមុខឱ្យបានសមរម្យជាអ្នកថ្លៃថ្នូរ

៤. ប្រើអត្តចរិតឱ្យបានរម្យទម

៥. ប្រើពាក្យសម្តីឱ្យមានសីលធម៌

៦. ប្រើពុទ្ធិនិងជំនាញរបស់ខ្លួនបំពេញការងារឱ្យស្របនឹងមនសិការវិជ្ជាជីវៈ

៧. ស្វែងរកប្រឹក្សាពេលជួបឧបសគ្គ

៨. ព្យាករណ៍ពីផលប៉ះពាល់នានាពេលដែលខ្លួនមានកំហឹង

៩. គិតឱ្យបានល្អិតល្អន់មុននឹងសម្រេចចិត្ត។

05/01/2026

ទំនួលខុសត្រូវចំពោះទំនាក់ទំនង
Responsibility for Relationship

មិនថាអ្នកជានរណា ឬជាបុគ្គលឆ្នើម គឺកម្រមានការងារណាដែលបុគ្គលម្នាក់អាចធ្វើតែម្នាក់ឯងបានណាស់ ហើយសម្រេចលទ្ធផលដោយខ្លួនឯងបានទាំងស្រុងនោះឡើយ។ មនុស្សភាគច្រើនធ្វើការជាមួយអ្នកដទៃ ដើម្បីសម្រេចគោលដៅរួម ទោះបីមនុស្សទាំងនោះជាសមាជិកស្ថាប័ន ឬជាអ្នកធ្វើការឯករាជ្យក្តី។ ដើម្បីគ្រប់គ្រងខ្លួនឯង ប្រកបដោយប្រសិទ្ធភាព ចាំបាច់ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងទំនាក់ទំនងល្អជាមួយអ្នកដទៃ (taking relationship responsibility) ដែលបែងចែកជាពីរផ្នែកសំខាន់ៗ៖

១. ត្រូវឈ្វេងយល់ពីអ្នកដទៃដែលធ្វើការជាមួយគ្នា

ជាដំបូង ត្រូវទទួលស្គាល់ការពិតថា មនុស្សដែលធ្វើការជាមួយយើង គឺជាមនុស្សម្នាក់ដូចយើងដែរ ពោលគឺជាបុគ្គលឯករាជ្យ ដែលមានអត្តចរិត និងរបៀបរបបធ្វើការផ្ទាល់ខ្លួនរៀងៗខ្លួន ឬ Other people are as much individuals as one is oneself។ ដើម្បីធ្វើការរួមគ្នាជាមួយអ្នកដទៃប្រកបដោយប្រសិទ្ធភាព យើងត្រូវចំណាយពេលឈ្វេងយល់ពីចំណុចខ្លាំង ពីរបៀបធ្វើការ និងឈ្វេងយល់ពីគុណតម្លៃរបស់បុគ្គលដែលធ្វើការជាមួយយើង។ ចំណុចនេះ ពិតជាមានមនុស្សតិចណាស់ដែលចំណាយពេលវេលាឈ្វេងយល់អំពីរឿងនេះ។

ឧទាហរណ៍៖ នៅពេលបុគ្គលម្នាក់ចាប់ផ្តើមចូលធ្វើការងារដំបូង ចៅហ្វាយនឹងបង្ហាត់អំពីរបៀបសរសេររបាយការណ៍តាមរបៀបដែលចៅហ្វាយចូលចិត្ត។ ឧបមាថា បើចៅហ្វាយចូលចិត្តអាន នោះចៅហ្វាយអាចនឹងទាមទាររបាយការណ៍ជាលក្ខណៈលម្អិត។ ប៉ុន្តែស្រាប់តែមានការផ្លាស់ប្តូរចៅហ្វាយថ្មី ហើយបុគ្គលរូបនេះ នៅតែបន្តសរសេររបាយការណ៍តាមរបៀបដែលចៅហ្វាយចាស់បង្រៀនដដែល ទោះបីចៅហ្វាយថ្មីចូលចិត្តស្តាប់របាយការណ៍ផ្ទាល់មាត់ក្តី។ ជាលទ្ធផល ការសេរសេររបាយការណ៍បែបនេះ មិនមានប្រសិទ្ធភាពឡើយ ហើយចៅហ្វាយថ្មីអាចនឹងគិតថា បុគ្គលិករូបនេះ មិនឆ្លាត អសមត្ថភាពក្នុងការងារ ឬមិនបានយកចិត្តទុកដាក់ជាដើម។ តាមពិតទៅ បើបុគ្គលិករូបនេះ បានចំណាយពេលវេលាតែបន្តិចទៅវិភាគអំពីរបៀបដែលចៅហ្វាយថ្មីធ្វើការ ប្រាកដជាអាចជៀសវាងបញ្ហាទាំងអស់នេះបានជាមិនខាន។

ចៅហ្វាយនាយមិនមែនគ្រាន់តែជាមុខតំណែង ឬជានាយឋានានុក្រមប៉ុណ្ណោះទេ ប៉ុន្តែចៅហ្វាយ គឺជាបុគ្គលមួយរូបដូចមនុស្សទូទៅ ដែលមានរបៀបរបបធ្វើការផ្ទាល់ដែលខ្លួនឯងពូកែបំផុត។ បុគ្គលិកដែលធ្វើការជាមួយចៅហ្វាយ គួរតែចេះសង្កេតមើល ឈ្វេងយល់អំពីរបៀបរបបដែលចៅហ្វាយធ្វើការ និងកែសម្រួលវិធីសាស្ត្រទំនាក់ទំនង ឬរបៀបរបបធ្វើការរបស់ខ្លួន ធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលឱ្យចៅហ្វាយអាចបង្ហាញសមត្ថភាពបានពេញលេញ និងអនុវត្តការងារជាក់ស្តែងបានល្អបំផុត។ គោលការណ៍នេះ គឺជាគន្លឹះសំខាន់នៃកិច្ចសហការប្រកបដោយប្រសិទ្ធភាពជាមួយថ្នាក់លើ ឬនិយាយម្យ៉ាងទៀត គឺជាអាថ៌កំបាំងនៃការគ្រប់គ្រងចៅហ្វាយនាយ (managing the boss)។ ដូច្នេះ អ្នកក្រោមបង្គាប់ចាំបាច់ត្រូវស្វែងយល់ពីចៅហ្វាយនាយរបស់ខ្លួន តាមរយៈការសួរសំណួរដូចជា៖ តើចៅហ្វាយមានចំណុចខ្លាំងអ្វីខ្លះ? តើរបៀបធ្វើការ ឬរបៀបសម្រេចលទ្ធផលការងាររបស់ចៅហ្វាយយ៉ាងណា? តើគុណតម្លៃរបស់ចៅហ្វាយគឺជាអ្វី? វិធីសាស្ត្រនេះ ក៏អាចយកមកអនុវត្តជាមួយមិត្តរួមការងារបានដូចគ្នា។

២. ទទួលខុសត្រូវលើទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព

ចំណុចនេះ ត្រូវស្វែងយល់អំពីវិធីសាស្ត្រទំនាក់ទំនង និងរបៀបទទួលព័ត៌មានរបស់បុគ្គលម្នាក់ៗ។ ត្រង់នេះ យើងត្រូវដឹងថា តើអ្នកដែលយើងធ្វើការជាមួយជាអ្នកចូលចិត្តអាន ឬជាអ្នកពូកែអាន សូមប្រើការទំនាក់ទំនងជាលាយលក្ខណ៍អក្សរ។ បើអ្នកដែលយើងធ្វើការជាមួយជាអ្នកចូលចិត្តស្តាប់ ឬជាមនុស្សពូកែស្តាប់ គឺសូមប្រើការសន្ទនាផ្ទាល់មាត់ ឬការរាយការណ៍ដោយផ្ទាល់មាត់។

នៅពេលខ្ញុំធ្វើការនៅក្នុងស្ថាប័នណាមួយ អ្វីដែលខ្ញុំសង្កេតឃើញជាញឹកញាប់បំផុត គឺជម្លោះរវាងមនុស្ស ឬបញ្ហាទំនាក់ទំនងផ្ទៃក្នុងច្រើនមានបញ្ហា។ បញ្ហាភាគច្រើនកើតឡើងដោយសារតែមនុស្សមិនយល់ពីអ្វីដែលអ្នកដទៃកំពុងធ្វើ របៀបដែលអ្នកដទៃធ្វើការងារ ការចូលរួមចំណែកដែលអ្នកដទៃត្រូវធ្វើ និងលទ្ធផលដែលអ្នកដទៃរពឹងទទួលបាន។ ហេតុផលនេះ មកពីមនុស្សមិនយល់ មិនសួរនាំ ហើយថែមទាំងមិនដែលមានអ្នកប្រាប់ឱ្យដឹងទៀតផង។

ទោះបីមនុស្សជាច្រើនដឹងច្បាស់អំពីសារៈសំខាន់នៃទំនួលខុសត្រូវក្នុងការទំនាក់ទំនងគ្នាយ៉ាងណាក្តី ជារឿយៗមនុស្សនៅតែមានបញ្ហាក្នុងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយមិត្តរួមការងារ។ មូលហេតុមួយ គឺមនុស្សខ្លាចមិត្តរួមការងារគិតថា ខ្លួនឆ្មើងឆ្មៃ ចង់ដឹងរឿងអ្នកដទៃហួសហេតុ ឬល្ងង់មិនគ្រប់។ តាមពិតជាក់ស្តែង មិនមែនដូច្នោះឡើយ!

បើយើងប្រាប់មិត្តរួមការងាររបស់យើងថា នេះជាចំណុចខ្លាំងរបស់ខ្ញុំ ឬនេះជាអ្វីដែលខ្ញុំពូកែ នេះជារបៀបរបបធ្វើការរបស់ខ្ញុំ នេះជាគុណតម្លៃរបស់ខ្ញុំ នេះជាការរួមចំណែករបស់ខ្ញុំ ហើយខ្ញុំរំពឹងលទ្ធផលបែបនេះ...។ មិត្តរួមការងារប្រាកដជានឹងឆ្លើយតបថា ព័ត៌មានទាំងនេះពិតជាមានប្រយោជន៍សម្រាប់ខ្ញុំ។

សង្ខេបចេញពីសៀវភៅ៖ គ្រប់គ្រងខ្លួនឯង ឬគ្រប់គ្រងជីវិតការងារខ្លួនឯង (Managing Oneself) អ្នកនិពន្ធ ឡាំ លីម

26/08/2024

នេះគឺ ជាខ្ញុំ...!

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Phnom Penh