22/03/2024
ខ្ញុំបានស្ងាត់ពីទីនេះមួយរយៈពេល ដោយសារតែមានបញ្ហាផ្ទាល់ខ្លួន និងភាពមមាញឹកយ៉ាងខ្លាំងនៃជីវិតប្រចាំថ្ងៃ។ អាចថាវាជាលេសមួយសម្រាប់ខ្លួនឯងក៏ថាបាន ព្រោះបញ្ហាទាំងអស់នេះ មនុស្សម្នាក់ៗសុទ្ធតែកំពុងជួបនៅក្នុងជីវិត ដែលគ្មានអ្នកណាអាចជៀសផុត។ នៅក្នុងឆ្នាំ២០២៤នេះ ខ្ញុំបានជួបរឿងជាច្រើនគួរសម បទពិសោធន៍ថ្មីជាច្រើនដែលមិនធ្លាប់បានជួបពីមុនមក អាចថាជារឿងធម្មតាសម្រាប់អ្នកដែលធ្លាប់ជួប និងធ្លាប់ឆ្លងកាត់ហើយ ប៉ុន្តែរឿងទាំងអស់នោះបានធ្វើអោយខ្ញុំពេលខ្លះសឹងតែបោះបង់មិនចង់ធ្វើអ្វីទាំងអស់ តែក៏បានរៀនសូត្រពីចំណុចល្អៗទាំងនោះបានមួយចំនួនធំផងដែរ។ មានរឿងជាច្រើនណាស់ដែលជីវិតនេះនឹងនៅបង្រៀនបន្តទៀត ពីមួយថ្ងៃទៅមួយថ្ងៃ ហើយការដែលស្គាល់ និងពាល់បានអ្វីដែលថ្មីៗ នឹងធ្វើអោយជីវិតនេះកាន់តែមានអត្ថន័យ។ ខ្ញុំនឹងបន្តនៅទីនេះជាបន្តទៀត។ នៅថ្ងៃនេះ ជារៀងរាល់ឆ្នាំ ជាថ្ងៃដែលខ្ញុំតែងតែរីករាយ ព្រោះវាជាថ្ងៃកំណើតរបស់ខ្ញុំ ហើយឆ្នាំនេះក៏ដូចគ្នា ប៉ុន្តែក៏មានអារម្មណ៍ថាខ្លួនកាន់តែអាយុច្រើនជាងមុន និងមានរឿងជាច្រើនទៀតណាស់ដែលត្រូវធ្វើ គួរតែព្យាយាមធ្វើអោយបានច្រើនជាងនេះបន្តទៀត និងមិនគួរបណ្ដោយអោយរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំកន្លងផុតដោយលឿនពេកនោះទេ។ ឆ្នាំនេះគឺជាឆ្នាំដ៏ពិសេស ព្រោះជាឆ្នាំដែលខ្ញុំកំពុងស្ថិតនៅក្នុងដំណាក់កាល សរសេរនិក្ខេបបទ ដើម្បីការពារ និងបញ្ចប់ការសិក្សាផ្នែកបរិញ្ញាប័ត្រវិស្វកម្ម-ស្ថាបត្យកម្ម។ វាគឺជាពេលវេលាដែល “Once in a lifetime” ដូច្នេះត្រូវតែព្យាយាម និងជូនពរអោយខ្លួនឯងបានបញ្ចប់រឿងទាំងអស់នេះបានដោយរលូន មានលទ្ធភាពនៅក្នុងការដោះស្រាយបញ្ហាផ្សេងៗនៅចំពោះមុខ និងអរគុណអ្នកទាំងអស់គ្នា ដែលបានបន្តដំណើរជាមួយខ្ញុំនៅរយៈពេលកន្លងមកនេះ។ ✨🍀
10/02/2024
រីករាយថ្ងៃចូលឆ្នាំចិន - Happy Chinese New Year 🐉✨❣️
សូមអោយលោកអ្នកទាំងអស់គ្នាជួបតែសំណាងល្អ សុខភាពល្អ ធ្វើដំណើរតាមទីជិតឆ្ងាយប្រកបដោយសុខសុវត្ថិភាព និងរីករាយជាមួយនឹងក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់។
PS: ធ្វើសំណង់ធម្មតា 😅
08/02/2024
ការទស្សនាស្ថាបត្យកម្ម - Architecture Review - (09)
សារៈមន្ទីរវិមានសុខា - Vimean Sokhan Museum
មានរូបរាងស្ថិតនៅក្នុងសំណង់ស្ថាបត្យកម្មសម័យអាណានិគមបារាំង សារៈមន្ទីរវិមានសុខា មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ជាកន្លែងដែលតាំងបង្ហាញរបស់របរ និងវត្ថុប្រើប្រាស់ប្រចាំថ្ងៃចាស់ៗ និងពីបុរាណកាលជាច្រើនរាប់ចាប់តាំងពីនាឡិកា ម៉ាស៊ីនថត រហូតដល់ម៉ូតូ និងរថយន្តជាដើម ដែលមានអាយុកាលពី១០០ឆ្នាំ រហូតដល់២០០ឆ្នាំ។ ការរៀបចំ និងការតាំងបង្ហាញប្រកបដោយសិល្បៈ និងភាពឆ្នៃប្រឌិតរបស់ម្ចាស់សារៈមន្ទីរផ្ទាល់ ធ្វើអោយសារៈមន្ទីរនេះក្លាយទៅជាគោលដៅដ៏សំខាន់សម្រាប់អ្នកដែលស្រឡាញ់ អភិរក្សរបស់របរចាស់ៗ និងអាចរំលឹកដល់ទិដ្ឋភាពកាលពីអតីតកាលផងដែរ។
📸: https://www.instagram.com/nexusarch.rm/
21/01/2024
Kenzō Tange (១៩១៣-២០០៥) ជាស្ថាបត្យករជនជាតិជប៉ុនដ៏ល្បីល្បាញ ជាពន្លឺនៃស្ថាបត្យកម្មជប៉ុននៃសតវត្សទី២០។ ការរចនារបស់លោកបានរួមបញ្ចូលនូវរចនាបថបែបប្រពៃណីរបស់ជប៉ុន ជាមួយនឹងរចនាបថទំនើប ការធ្វើផែនការកសាងឡើងវិញ និងការអភិវឌ្ឍន៍ទីក្រុងក្រោយពីសង្រ្គាម។ ឥទ្ធិពលរបស់លោកបានលាតសន្ធឹងពាសពេញទ្វីបអាស៊ី និងនៅជុំវិញពិភពលោក ដោយបានបន្សល់ទុកនូវកេរដំណែលដ៏យូរអង្វែងនៃស្នាដៃស្ថាបត្យកម្ម និងគំនិតនៅក្នុងការរចនា។
#ការទទួលស្គាល់ជាសកល៖ លោកបានឈ្នះពានរង្វាន់Pritzker ដ៏មានកិត្យានុភាពនៅក្នុងវិស័យស្ថាបត្យកម្មនៅក្នុងឆ្នាំ១៩៨៧។
📸: https://www.instagram.com/nexusarch.rm/
18/01/2024
Platform YouTube គឺជាប្រភពនៃចំណេះដឹងដ៏សម្បូរបែប និងធំបំផុតមួយនៅលើពិភពលោក ដែលអាចអោយយើងសិក្សាស្រាវជ្រាវ និងរៀនបន្ថែមនៅលើមុខវិជ្ជាជាច្រើន ដែលមានប្រភពមកពីច្រើនកន្លែងនៅជុំវិញពិភពលោក បានដោយមិនគិតថ្លៃ និងថែមទាំងគ្មានដែនកំណត់ទៀតផង។ ទាំងនេះ គឺជា YouTube Channel ដែលល្អៗ និងមានប្រយោជន៍ទាំង១០ សម្រាប់និស្សិតស្ថាបត្យកម្ម។
📸: https://www.instagram.com/nexusarch.rm/
15/01/2024
[REPOST]
ការទស្សនាស្ថាបត្យកម្ម - Architecture Review - (08)
សារៈមន្ទីររាងកាច់កោង - The TWIST MUSEUM
សារៈមន្ទីរTWIST ជាកន្លែងដែលសិល្បៈជួបជាមួយនឹងស្ថាបត្យកម្ម និងធម្មជាតិ។ រចនាដោយក្រុមហ៊ុនស្ថាបត្យកម្ម Bjarke Ingels Groups នៅក្នុងឆ្នាំ២០១៩ សារៈមន្ទីរនេះ ជាស្ថាបត្យកម្មដែលមានមុខងារជាអគារសារៈមន្ទីរផង និងជាស្ពានសម្រាប់តភ្ជាប់ពីផ្នែកម្ខាង ទៅផ្នែកម្ខាងទៀតនៃទន្លេRandselva ស្ថិតនៅទីក្រុងJevnaker ប្រទេសន័រវេស ដែលបង្កើតបានជាទេសភាពធម្មជាតិនៅខាងក្រៅ ផ្សារភ្ជាប់ជាមួយនឹងស្នាដៃសិល្បៈផ្សេងៗរបស់សារៈមន្ទីរដែលស្ថិតនៅខាងក្នុង។ ចំណុចពិសេសមួយនេះបានផ្លាស់ប្ដូរ និងធ្វើអោយបទពិសោធន៍របស់អ្នកទស្សនាទទួលបាននូវអារម្មណ៍មួយដែលថ្មីប្លែក ខុសពីការទស្សនាសារៈមន្ទីរទូទៅ។ អគារត្រូវបានបែងចែកជា៣ផ្នែកមានដូចជា៖ ផ្នែកខាងជើង មានទំហំវែងទៅតាមទិសដេក អាចទទួលបានពន្លឺធម្មជាតិ និងទេសភាពធម្មជាតិច្រើន ផ្នែកកណ្ដាល ដែលជាផ្នែកកាច់កែងនៃអគារ និងផ្នែកខាងត្បូង មានទំហំវែងទៅតាមទិសឈរ ជាផ្នែកនៃសារៈមន្ទីរដែលមិនត្រូវការពន្លឺខ្លាំងពីខាងក្រៅ តម្រូវការត្រឹមពន្លឺស្រាលៗពីពន្លឺសិប្បនិមិត្ត។
📸: https://www.instagram.com/nexusarch.rm/
Source: Bjarke Ingels Groups | Arch Eyes | https://archeyes.com/the-twist-museum-in-norway-big/
Images © Laurian Ghinitoiu
12/01/2024
ការទស្សនាស្ថាបត្យកម្ម - Architecture Review - (07)
អាកាសយានដ្ឋានអន្តរជាតិតេជោ - Techo International Airport
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានបំផុសគំនិតដោយប្រវត្តិសាស្រ្ដ និងសំណង់បេតិកភ័ណ្ឌរបស់ប្រទេសកម្ពុជា។ កំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់(ប៉ុន្ដែត្រូវបានរចនារួចរាល់ដោយក្រុមការងារDesign នៃFoster + Partners) នឹងក្លាយទៅជាអគារសាធារណៈដ៏សំខាន់បំផុតមួយនៅក្នុងទីក្រុងភ្នំពេញ និងដើរតួនាទីយ៉ាងសំខាន់សម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ មានទីតាំងស្ថិតនៅភាគខាងត្បូងចម្ងាយ២០គីឡូម៉ែត្រពីកណ្ដាលរាជធានីភ្នំពេញ នឹងមានសក្ដានុពលពង្រីកបន្ថែមនៃទីក្រុងឆ្ពោះទៅរកទិសខាងត្បូងនាពេលអនាគត។ ប្រធានស្ទូឌីយោនៅ Foster + Partners មានប្រសាសន៍ថា៖ អាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនឹងក្លាយជាផ្នែកដ៏សំខាន់នៃការអភិវឌ្ឍន៍ដែលកំពុងបន្តរបស់រាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរតំបន់ និងអន្ដរជាតិចម្បងរបស់ប្រទេស។
#ការទាញយកថាមពលពីពន្លឺព្រះអាទិត្យសម្រាប់ប្រើប្រាស់នៅក្នុងព្រលានយន្តហោះ៖
ត្រូវបានរចនាប្រកបដោយបច្ចេកវិទ្យាទំនើប ទាន់សម័យ និងមានបំណងធ្វើអោយព្រលានយន្តហោះនេះក្លាយទៅជាព្រលានយន្តហោះដែលបៃតងបំផុតមួយនៅក្នុងពិភពលោក។ បន្ទះសូឡានឹងផលិតថាមពលអគ្គិសនីដែលចាំបាច់សម្រាប់ប្រតិបត្តិការទូទៅនៅក្នុងអាកាសយានដ្ឋាន។
បន្ថែមពីលើការប្រើប្រាស់ថាមពលបៃតង ការរចនាក៏បានរួមបញ្ចូលជាមួយនឹងសិល្បៈហត្ថកម្មក្នុងស្រុក និងទាញយកប្រយោជន៍ពីទេសភាពធម្មជាតិដែលនៅជុំវិញ។
📸: https://www.instagram.com/nexusarch.rm/
Source: Foster + Partners | Design Boom | https://www.designboom.com/architecture/foster-partners-techo-international-airport-phnom-penh-cambodia-01-04-2024/
Image © Foster + Partners
10/01/2024
"ភាពទំនើប មិនមែនត្រឹមតែជាម៉ូតនោះទេ តែវាជាសម័យកាលមួយ។ វាចាំបាច់ណាស់នៅក្នុងការស្វែងយល់ពីប្រវត្តិសាស្រ្ត អ្នកដែលយល់ពីប្រវត្តិសាស្រ្ដនឹងស្វែងរកឃើញអំពីចន្លោះប្រហោង និងតំណភ្ជាប់រវាងអតីតកាល បច្ចុប្បន្ន និងអនាគត។" -Le Corbusier-
07/01/2024
ស្ថាបត្យកម្មOrganic គឺជារចនាបថស្ថាបត្យកម្ម និងទស្សនៈវិជ្ជានៃការរចនា ដែលផ្ដល់អាទិភាពដល់សុខដុមរមនារវាងកន្លែងរស់នៅរបស់មនុស្ស និងបរិស្ថានធម្មជាតិ។ ស្ថាបត្យកម្មនេះផ្ដោតសំខាន់ទៅលើការប្រើប្រាស់វត្ថុធាតុដើមធម្មជាតិ រក្សាភាពសាមញ្ញ និងការផ្សារភ្ជាប់ទៅនឹងបរិស្ថានជុំវិញ ក៏ដូចជាបង្កើតលំហដែលឆ្លុះបញ្ជាំងពីភាពស្រស់ស្អាតនៃទេសភាព និងវប្បធម៌នៅក្នុងតំបន់។ រចនាបថនេះ ជារឿយៗវាត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្នាដៃរបស់លោក Frank Lloyd Wright ដែលត្រូវបានគេចាត់ទុកថាជាអ្នកត្រួសត្រាយផ្លូវម្នាក់នៅក្នុងរចនាបថស្ថាបត្យកម្មនេះ។
Organic Architecture's design approach is like nature's dance with buildings, focusing on a perfect blend between human living spaces and the environment. Picture using natural materials, keeping it simple, and making sure each structure feels like a natural extension of the surroundings. It's all about creating spaces that vibe with nature's rhythm, reflecting the beauty of landscapes and local culture. Organic Architecture is often associated with the works of Frank Lloyd Wright, who is considered one of its pioneers.
📸: https://www.instagram.com/nexusarch.rm/
06/01/2024
"ស្ថាបត្យកម្មគួរតែបង្ហាញអំពីពេលវេលា និងទីកន្លែងរបស់វា ប៉ុន្ដែឆ្ពោះទៅរកភាពថិតថេរ មិនចេះហួសសម័យ។" -Frank Gehry-