13/03/2026
#ស្ថាបត្យកម្មមានជីវិត
#ស្ថាបត្យករជាគ្រូពេទ្យអគារ
ពេលយើងនិយាយពីស្ថាបត្យកម្ម មនុស្សភាគច្រើននឹកគិតដល់រូបរាងដ៏ស្អាតប្លែក និងរចនាសម្ព័ន្ធដ៏រឹងមាំ។ ប៉ុន្តែជាការពិតទៅស្ថាបត្យកម្មក៏ជាជីវិតមួយដែរ។ បើស្ថាបត្យកម្ម មានជីវិត នោះប្រាកដណាស់ថាត្រូវទទួលការព្យាបាល ការថែទាំ។ ដូចនោះហើយ ទើបតម្រូវឲ្យមានមុខវិជ្ជា "អភិរក្សស្ថាបត្យកម្ម" នៅក្នុងមុខជំនាញស្ថាបត្យកម្មនេះ។
សំណួរចោទសួរថា តើត្រូវរៀននៅកំរិតថ្នាក់ឆ្នាំទីប៉ុន្មាន? _ មិនពិបាកឆ្លើយទេ បើយើងគិតត្រឹមកំរិតសាមញ្ញបន្តិចដោយត្រឡប់មកសួរថា ការចាប់កំណើត ការរស់រាន និងការថែទាំ ព្យាបាល តើមួយណាមានមុន? មួយណាមានក្រោយ? នោះយើងនឹងដឹងបានភ្លាមថា ទាល់តែមានការចាប់កំណើតហើយ ទើបមានការថែទាំព្យាបាល ដើម្បីឲ្យបានសុខដុម។ និយាយរួមគឺស្ថិតនៅក្រោយកំរិតនៃការយល់ដឹងអំពីការបង្កើតរូបរាងកាយនៃស្ថាបត្យកម្ម នគរូបនីយកម្ម ដែលនោះជាក្រឹត្យក្រមសត្យានុម័តគឺត្រូវសិក្សានៅឆ្នាំទី ៤ ។
ហេតុអ្វីបានជាឆ្នាំទី ៤ គឺជាពេលវេលាមាសនៃការយល់ដឹងការងារអភិរក្ស? យើងដើរចូលទៅជ្រៅបន្តិច ដើម្បីបង្កើតរូបរាងស្ថាបត្យកម្មមួយបាន នោះត្រូវយល់ដឹងពីវិទ្យាសាស្ត្រ ពីសិល្ប: ទាំងទ្រឹស្តីទាំងការអនុវត្តន៍ គួបជាមួយការបណ្តុះឲ្យមានអត្តសញ្ញាណ ដែលមានតាំងពីនៅថ្នាក់ឆ្នាំទី១ ទី២ ទី៣ ទី៤។ ការយល់ដឹងថាល្អបែបម៉េចហើយ ទើបនឹងអាចយល់ដឹងថាមិនល្អបែបណា ឬក៏ថាយើងទទួលបានថ្មី រួចទើបយើងនឹងបានដឹងថាចាស់ទៅវាបែបណា។ ចុះបើចំណេះបង្កើតថ្មីទទួលមិនទាន់គ្រប់ផង ស្រាប់តែនឹកឃើញថា ត្រូវមានមុខវិជ្ជាអភិរក្សនៅឆ្នាំទី៣ តើឲ្យព្យាបាលអី ថែទាំអី បើមិនទាន់ទាំងដឹងថាសាច់វា ឆ្អឹងវាមាំដោយសារអី ឬវាស្រស់ល្អដោយសារអ្វីផង។ នោះគឺជាដំណើរស្រប ឬក៏ជាដំណើរផ្ទុយនឹងគន្លងធម្មជាតិ? អ្នកយល់ដឹងពីអភិរក្ស ប្រៀបដូចជាគ្រូពេទ្យព្យាបាលជំងឺ ហើយព្យាបាលទៅកើត លុះត្រាតែស្គាល់បាតុភូតជំងឺ ស្គាល់មូលហេតុដែលនាំឲ្យឈឺ ធាតុទាំងឡាយដែលផ្សំឲ្យកើតឬបរិយាកាសដែលនាំឲ្យកើតនូវជំងឺ ឬភាពទ្រុឌទ្រោមនោះ។ ចុះបើធាតុ ទ្រឹស្តី តម្រាបង្កើតមិនទាន់បានចេះស្ទាត់ បែរទៅជាហក់ឆ្លងទៅការព្យាបាលមើលជំងឺ ទៅកើតដែរទេ? ឧទាហរណ៍ឲ្យកាន់តែស្រួលស្តាប់ទៅវិញថាពេទ្យម្នាក់ដែលមិនទាន់ទាំងចេះដឹងអំពីបេះដូងល្អធម្មតាមានរូបរាងដូចម្ដេច ចលនាបេះដូងកាលនៅល្អដូចម្ដេច ស្រាប់តែឲ្យទៅមើលបេះដូងឈឺ ឬក៏ថាឲ្យទៅស្វែងយល់បេះដូងមានជំងឺ តើទៅកើតដែរឬអី? ឬក៏នាំទៅភាពវិកលចរឹតរបស់គ្រូពេទ្យទៅវិញ? ការទទួលចំណេះដឹងនៃនិស្សិតស្ថាបត្យកម្ម ចំពោះមុខវិជ្ជាអភិរក្សក៏ដូច្នោះដែរ។_ សូមអរគុណ _