14/12/2025
ក្នុងដំណាក់កាលនេះ ប្រហែលជាគ្មាននរណាសាកសមជាងសម្តេចក្នុងការដឹកនាំតទល់ប្រយុទ្ធនឹងថៃនោះទេ។ ទោះគាត់មិនអាចបំពេញចិត្តរបស់ពួកយើងបានគ្រប់គ្នាក៏ដោយ ទាំងពីអតីតកាល រឺក្នុងពេលបច្ចុប្បន្ន ក្នុងកាលៈទេសៈពេលនេះ ពួកយើងគួរគប្បីនៅឈរខាងគាត់ គាំទ្រគាត់។ ប្រហែលមានតែគាត់ម្នាក់ទេ ដែលមានទឹកមាត់ប្រៃ ក្នុងការដឹកនាំទាហានប្រយុទ្ធទប់ទល់នឹងទាហានថៃបាន។ ម្យ៉ាងទៀតបើគាត់ចាញ់ ស្មើប្រទេសយើងចាញ់។ អស់រយៈពេលរាប់រយឆ្នាំហើយ ប្រហែលជាមានតែពេលនេះនោះទេ ដែលសាមគ្គីផ្ទៃក្នុងរបស់ខ្មែរមានភាពស្រុះគ្នាក្នុងវិសាលភាពធំ ក្នុងការតតាំងប្រឆាំងនឹងសត្រូវឈ្លានពាន។
បន្ទាប់ពីសង្គ្រាមជួរមុខ ភាគីថៃបានបើកសង្គ្រាមចិត្តសាស្ត្រតាមបណ្តាញសង្គមឌីជីថល ដើម្បីវាយប្រហារទឹកចិត្ត និងបំបែកបំបាក់ផ្ទៃក្នុងយើង។ ក្នុងប្រវត្តិសាស្ត្របានប្រាប់យើងគ្រប់គ្នាថា នៅពេលដែលយើងមានបញ្ហាផ្ទៃក្នុង នោះយើងនឹងចាញ់រាល់គ្រប់សង្គ្រាម។ ហេតុដូចនេះ ខ្ញុំសូមអំពាវនាវអោយជនរួមជាតិគ្រប់រូបបន្តជំហរគាំទ្ររាជការបច្ចុប្បន្ន។
អ្វីដែលយើងគួរគប្បីធ្វើក្នុងពេលបច្ចុប្បន្នសំរាប់សង្គ្រាមចិត្តសាស្ត្រ៖
- រក្សាស្មារតីមិនរវើរវាយទៅតាមពាក្បពេចន៌ញុះញង់ពីរយៈការផុសមួយចំនួនដែលធ្វើអោយយើងបាត់ទំនុកចិត្តលើរដ្ឋាភិបាល ទាហាន និងលើជាតិសាសន៍គ្នាឯង។
- បន្តរបរការងាររកស៊ីជាធម្មតា និងមិនគួរគប្បីឆ្លៀតឱកាសតំលើងតំលៃទំនិញ ដែលខ្លួនមិនបានចាយដើមបន្ថែមក្នុងពេលទិញចូលរឺពេលផលិត។
- បន្តជួយបរិចាកដល់កងទ័ពជួរមុខទៅតាមលទ្ធភាពដែលខ្លួនមាន។
- បន្តតាមដានព័តមានដែលមានប្រភពច្បាស់លាស់។
09/12/2025
វៃ ត្រូវតែវៃ!!!
ឡើកនេះ យើងត្រូវតែវៃ បានចូលតុចចារកើតដែលមានភាគីទី៣ជាអ្នកសម្របសម្រួល។ អ្វីដែលពួកយើងគួរធ្វើ យើងបានធ្វើអស់ទៅហើយ មានតែការវៃតែប៉ុណ្ណោះ។ ការវៃឡើកនេះ នឹងរងការខាតបង់យ៉ាងធ្ងន់ធ្ងរទាំងសងខាង តែយើងគ្មានជំរើសនោះទេ។
#សង្គ្រាមខ្មែរថៃ
26/07/2025
ការប្រយុទ្ធលើកនេះ ជាការកំណត់វាសនាអនាគតប្រទេស១០០ឆ្នាំទៅមុខ។
ចាប់ពីថ្ងៃ២៤ខែកក្កដាឆ្នាំ២០២៥ មកដល់ថ្ងៃនេះ ការប្រយុទ្ធនៅតែមានភាពក្តៅគគុក។
ក្នុងប្រវត្តិសាស្ត្រជាង២៥០ឆ្នាំមកនេះ ក្រោមខ្សែរាជវង្សរ៉ាម៉ារបស់សៀម គឺតែងមើលស្រាលនិងមិនអោយតំលៃលើប្រទេសជាតិយើងនោះទេ។ ការប្រយុទ្ធគ្នានេះជាឧទាហរណ៍ជាក់ស្តែងក្នុងពេលបច្ចុប្បន្ន។
វាជាពេលលំបាកមួយសំរាប់យើងគ្រប់គ្នា ប៉ុន្តែនេះក៏ជាឳកាសផងដែរ ដើម្បីបញ្ជាក់ទៅកាន់សៀមវិញថា អ្នកមិនអាចតែចេះមករករឿងយើង រឺធ្វើអ្វីស្រេចតែចិត្តចង់បាននោះទេ។
ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ ខ្ញុំសូមអំពាវនាវបងប្អូនគ្រប់រូបត្រូវតែបន្តជំហររួមសុខរួមទុក្ខជាមួយរាជការបច្ចុប្បន្ន ដើម្បីរក្សាអធិបតេយ្យភាព និង តំលៃជាតិសាស្ត្រយើងក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាឆាកអន្តរជាតិ។ តាមការតាមដានរបស់ខ្ញុំ រាជការ គាត់បានត្រៀមលក្ខណៈ និងដឹងពីស្ថានភាពនេះច្បាស់ណាស់ រាប់ខែរាប់ឆ្នាំមកហើយ។
យើងមិនត្រូវចចារជាមួយសៀមតែពីរអ្នកនោះឡើយ ដែលអ្វីជាការចង់បានរបស់សៀម។ យើងត្រូវតបតវិញលុះដល់ពេលសៀមបញ្ឈប់សកម្មភាពទាំងអស់នេះ ដើម្បីអោយសៀមខ្មាស់ខ្លួនឯង និងអន្តរជាតិ ហើយនឹងមិនបន្តទង្វើបែបនេះនៅពេលអនាគត។
09/07/2020
ស្នូលនៃសង្គម ៖ ឆន្ទៈ ប្រាជ្ញា និងការតាមដាន
ក្នុងការសំរេចកិច្ចការអ្វីមួយប្រកបដោយជោគជ័យ ការតាមដាននិងប្រាជ្ញា គឺត្រូវដើរទន្ទឹមគ្នា។ ប្រាជ្ញា គឺជាភាពបុិនប្រសបក្នុងការរិះរករូបមន្តដែលត្រូវយកមកអនុវត្តន៌ ដើម្បីសំរេចនូវគោលដៅ។ រីឯ ការតាមដាន គឺជាការអនុវត្តន៌ ការអង្កេត ការដោះស្រាយ ការសំរបសំរួល -ល- ដើម្បីអោយរូបមន្តដែលយើងបានរៀបទុកនោះ ឈានទៅដល់ចំណុចដូចដែលបានគ្រងទុកគិតជាមុន។ ឧទាហរណ៌ដូចជាការសាងសង់ស្ពាន អ្នកសាងសង់ត្រូវប្រើប្រាជ្ញាខ្លួនដើម្បីរៀបចំផែនការសំរាប់ស្ពាននោះ អោយក្លាយជារូបរៀងពិត ហើយអ្នកសាងសង់ក៏មិនអាចដើរចេញនៅពេលរៀបចំផែនការនោះរួចទេ។បើមានប្រាជ្ញារៀបចំផែនការ គ្មានការតាមដានដល់ទីបញ្ចប់ គឺជាមនុស្សខ្វះអំណត់ ប្ញ មិនមែនជាមនុស្សឥតខ្ចោះ។ បើមានទាំង២ ចំណុច គាត់ជាមនុស្សដែលមានប្រៀបនៅក្នុងសង្គម ហើយភាគច្រើននៃពួកគាត់គឺជាស្នូលនៅក្នុងសង្គម។ ទិសដៅ និងស្ថានភាពនៃសង្គមជាទូទៅ គឺត្រូវបានកំណត់ចេញពីការគិត និងការសំរេចចិត្តរបស់ពួកគាត់។ និយាយនេះមិនសំដៅទៅតែលើនយោបាយមួយមុខនោះទេ។ ប្រធានអង្គភាព អ្នកជំនួញ ប្រធានថ្នាក់ មេតុងទីន បងធំបែកស្លុយ -ល- សុទ្ធតែជាមនុស្សមានរបស់ទាំង២នេះ។ យើងអាចកំណត់បានថាធាតុទាំងពីរ ជាមូលដ្ឋានដើម្បីសំរេចកិច្ចការគ្រប់ប្រភេទ។ តែរបស់មួយដែរ មិនអាចមើលរំលង និងខ្វះមិនបាននោះ គឺឆន្ទៈ។ បើនិយាយអោយស្រួលស្តាប់ទៅ ឆន្ទៈគឺដូចជាជំហានទី១អីញ្ចឹង។ យើងមិនអាចយល់ពីប្រមាណវិធីគុណបាននោះទេ បើយើងមិនចេះបូកលេខ។ សង្គមមួយដែលមានការរីកចំរើន និងសុភមង្គលនោះ គឺមានស្នូលប្រកបដោយឆន្ទៈមិនលំអៀងទៅនឹងផលប្រយោជន៌ភាគតិច។
#ទស្សនៈរបស់ខ្ញុំ
08/06/2020
បើចង់ចូលធ្វើជំនួញ ត្រូវចាំថា សុខចិត្តអោយគេខុសមកលើយើង ប្រសើរជាជាងយើងខុសទៅលើគេ។ គុណធម៌ និងមេត្តាធម៌ជាផ្លូវដឹកនាំអ្នកអោយជោគជ័យនៅពេលអនាគត។ បុគ្គលដែលជោគជ័យគឺដោយសារការគោរពពីអ្នកដទៃ ផ្គួបផ្សាំដោយសមត្ថភាពរបស់ខ្លួន។ អ្នកខ្លះដោយសារតែប្រយោជន៌មួយពេល សុខចិត្តបោះបង់ចោលមិត្តភាព។ មនុស្សនេះ សំរាប់ខ្ញុំ មិនមែនជាមនុស្សជោគជ័យនោះទេ ពីព្រោះជោគជ័យបានតែមួយពេល។ ចំណុចមួយទៀតពេលចេញរកស៊ី គឺត្រូវចេះទាំងច្បាប់ស្រុក និងច្បាប់ព្រៃ ពីព្រោះអ្នកខ្លះយល់តែច្បាប់ព្រៃនោះទេ។
#ទស្សនៈអេតមីន
21/05/2020
សំណេរសិក្សាពីដំណើរការផ្លាស់ប្តូររបស់សកលលោកសំរាប់២ពាន់ឆ្នាំចុងក្រោយនេះ។ ពេលអ្នកអានចប់ ខ្ញុំគិតថា យ៉ាងហោចណាស់ក៏អ្នកអាចដឹងថាពិភពលោកយើងកំពុងមានទំនោរទៅណាដែរ។ បើប្អូនៗចូលចិត្តប្រវត្តិវិទ្យា រិតតែគួរអាន។
#វិជ្ជាឋាន
18/05/2020
ជាង300ឆ្នាំចុងក្រោយនេះ មនុស្សយើងទើបតែរកគ្នាឃើញអស់ទូទាំងពិភពលោក។ តួរអង្គសំខាន់2ដែលមិនទាន់ប្រឈមមុខដាក់គ្នាគឺ ចិន និង អាមេរិក។ ទាំង2ប្រទេសមានភាពខ្លាំងនិងភាពខ្សោយរៀងៗខ្លួន ចាំមើលទាំងអស់គ្នា តើពិភពលោកនឹងក្លាយទៅជាយ៉ាងណា។ ចិនមិនដូចសូវៀត។ សូវៀតប្រឈមនឹងអាមេរិកជាង40ឆ្នាំផ្លាយ។ តាមការស្មាន មិនក្រោមកន្លះរយឆ្នាំទេសំរាប់ការប្រកួតរវាងចិននឹងអាមេរិក ហើយសង្ឃឹមថាវគ្គបញ្ចប់ បញ្ចប់ទៅដោយការរួមគ្នាជាធ្លុងមួយទូទាំងសកលលោក។
12/05/2020
Time Dilation
ជាធម្មតា ម៉ោងនាឡិកាក្នុងទូរស័ព្ទរបស់យើងទាំងអស់គ្នា គឺដើរដំណាលគ្នា។ តែធាតុពិត ពេលវេលារបស់យើងម្នាក់ៗ មិនដូចគ្នាទេ ដោយវាអាស្រ័យលើល្បឿនរបស់យើងគ្រប់គ្នា។
ស្តាប់ទៅដូចជារញ៉េរញៃបន្តិច តែមិនពិបាកយល់ប៉ុន្មានទេ។
មោះ! អោយតែចាំ 2 ចំនុចនេះ យើងយល់ហើយ។
1- ដំបូង Isaac Newton គាត់បានយកគំនិតរបស់ Galileo មកសិក្សាបន្តដែលស្តីពីច្បាប់ចលនារបស់អង្គធាតុ។ សមីការមួយគឺ V = D/t ដែលមានន័យថា ល្បឿនរបស់អង្គធាតុគឺស្មើនឹងផលចែករវាងចំងាយចរនឹងរយៈពេល។
2- បន្ទាប់មក ប៉ុន្មានរយឆ្នាំក្រោយមក លោក James Clerk Maxwell បានរកឃើញថា ល្បឿនពន្លឺគឺជាល្បឿនអតិបរិមាសាកល ប្រមាណ 300000គម/វិនាទី ដែលយើងនឹងឃើញវាក្នុងល្បឿននេះដដែល ទោះយើងនៅស្ងៀម រឺ ក្នុងល្បឿនណាមួយក៏ដោយ។
អីលូវ! ចូលវគ្គត្រូវឆ្ងល់
ឧទាហរណ៌៖ បើយើងឈរស្ងៀម ឡានមួយកំពុងបើកក្នុងល្បឿន 100គម/ម៉ យើងនឹងឃើញឡាននោះកំពុងធ្វើចលនា ក្នុងល្បឿន 100គម/ម៉។ តែបើមានមនុស្សម្នាក់ទៀតកំពុងជិះកង់ក្នុងល្បឿន 20គម/ម៉ ក្នុងទិសដៅដូចនឹងឡាននោះ ហើយគាត់ងាកមកមើលឡានមួយនោះដូចគ្នា គាត់នឹងឃើញឡាននោះកំពុងធ្វើចលនាក្នុងល្បឿន 80គម/ម៉វិញ។
តែលោក Maxwell បានរកឃើញពីចំនុចពិសេសរបស់ពន្លឺ ទោះយើងនៅស្ងៀម រឺកំពុងជិះកង់ ក៏យើងឃើញពន្លឺក្នុងល្បឿនរបស់វាដដែល មិនយឺតជាងមុន ហើយក៏មិនលឿនជាងមុន។
ចាប់ផ្តើមឆ្ងល់ហើយមែនទេ? អីចឹងមើលរូបសំរាយខាងក្រោមបន្តិចទៅ ចាំអានបន្ត។ បើមើលអត់យល់ខមមិនសួរបាន។
តាមសំរាយរូបមន្តខាងក្រោម យើងសន្មត់បានថា អង្គធាតុធ្វើចលនាកាន់តែលឿន ពេលវេលារបស់អង្គធាតុនោះគឺកាន់តែយឺត។
ឧទាហរណ៌៖
- បើយើងត្រាច់ចរក្នុងល្បឿន 50% នៃល្បឿនពន្លឺ ពេលវេលារបស់យើងនឹងយឺតជាងមុន 15%។
- បើយើងត្រាច់ចរក្នុងល្បឿន 99% នៃល្បឿនពន្លឺ ពេលវេលារបស់យើងនឹងយឺតជាងមុនប្រមាណ 700% រឺ យឺតជាងយើងនៅស្ងៀមជាង 7ដង។
ក្នុងជីវិតប្រចាំថ្ងៃ បើយើងមិនដឹងពីចំនុចខាងលើនេះទេ បើ Albert Einstein មិនបានរកឃើញពីចំនុចនេះទេ ប្រព័ន្ធ GPS នឹងដើរខុសប្រមាណ 2គីឡូម៉ែត្រ។
កំណត់ចំណាំ៖ ត្រូវចាំណា បើល្បឿនពន្លឺមិនមែនជាតំលៃថេរសាកលនោះទេ ការរកឃើញទាំងនេះត្រូវមានការកែសំរួលច្រើនណាស់។
20/04/2020
ជួរភ្នំ និង ខ្ពង់រាប
ជួរភ្នំនិងខ្ពង់រាប ជាទីទល់ខ្ពស់ដូចគ្នា តែមានសណ្ឋានខុសគ្នា។ ជួរភ្នំជាបណ្តុំភ្នំតផ្ជាប់គ្នារាប់គីឡូម៉ែត្រ ហើយមានសណ្ឋានចោត មិនរាបស្មើរ ដែលពិបាកអោយមនុស្សរស់នៅ។ រីឯខ្ពង់រាបជាបណ្តុំនៃភ្នំតជាប់គ្នាដូចនឹងជួរភ្នំដែរ តែផ្ទៃខាងលើមានលក្ខណៈរាបស្មើលាតសន្ធឹងធំ ដែលងាយស្រួលអោយមនុស្សរស់នៅបាន។ ភាគខាងជើង និងខាងលិចនៃប្រទេសយើងសំបូរទៅដោយជួរភ្នំ ហើយខ្ពង់រាបភាគច្រើនស្ថិតនៅប៉ែកខាងកើតនៃប្រទេស។
#ចំណេះដឹងភូមិវិទ្យា
16/04/2020
បំបាត់កំហឹង
កំហឹងជាអារម្មណ៍មួយស្តែងចេញពីការមិនសុខចិត្ត។ មិនសុខចិត្តពីព្រោះមិនទាន់យល់ពីសាច់រឿង ថាហេតុអ្វីវាចេញជាចឹង។ កំហឹងធ្វើអោយការវិភាគធ្លាក់ចុះ ពីព្រោះខួរក្បាលយើងមួយភាគ អាលែងរវល់យកមកខឹង។ បើខួរក្បាលយើងប្រើអស់សមត្ថភាពក្នុងការវិភាគ នោះយើងនឹងលេងខឹងវិញ។
ងាយស្រួលនិយាយតែពិបាកធ្វើបន្តិច។ តែបើធ្វើបាន វាជួយដល់សុខភាពផ្លូវចិត្តយើងបានច្រើនណាស់។ ដើម្បីរៀនបំបាត់កំហឹង យើងត្រូវការធាតុចំនួន 2 គឺ រៀនវិភាគស្វែងយល់ពីហេតុផល និង រៀនទទួលស្គាល់ការពិត។ ឧទាហរណ៍៖ មនុស្សខ្លះអត្មានិយមណាស់ បើយើងកំពុងមានរឿងជាមួយពួកគាត់ ត្រូវវិភាគសិន ថាមកពីពួកគាត់សុទ្ធ រឺ មកពីយើងខ្លះដែរ។ ហើយបើសិនជាមកពីពួកគាត់សុទ្ធ ត្រូវរៀនទទួលស្គាល់ថា ពួកគាត់គឺចឹង! ទៅខឹងពួកគាត់ក៏អត់បានអីដែរ បានតែខឹងឥតប្រយោជន៍ ធ្វើមិចបើពួកគាត់ចឹងស្រាប់ហើយ។ រៀនទទួលយករឿងនឹងទៅ ហើយជៀសវាងកុំអោយមានរឿងចឹងកើតទៀត។ នៅពេលយើងរៀនធ្វើចិត្តអត់បានហើយ កំហឹងនឹងធ្លាក់ចុះ សុខភាពផ្លូវចិត្តក៏នឹងប្រសើរជាងមុនដែរ។ ខាតបង់រឿងខាងក្រៅសំរាប់យើងវាគ្រប់គ្រាន់ហើយ កុំអោយខាតបង់រឿងខាងក្នុងទៀត។
ធម្មជាតិបង្កើតមនុស្សមកមានល្អមានអាក្រក់ រៀនទទួលស្គាល់ការពិតនៃច្បាប់ធម្មជាតិខ្លះទៅ វានឹងជួយផ្លូវចិត្តយើងបានច្រើន និងធ្វើអោយយើងងាយស្រួលរស់នៅក្នុងពិភពមួយនេះទៀត។
#ទស្សនៈរបស់ខ្ញុំ
14/04/2020
ទំងន់ និង បន្ទុក
បន្ទាប់ពីរកឃើញកំលាំងទំនាញរបស់អង្គធាតុ គេក៏ចាប់ផ្តើមកំណត់ម៉ាសស្តង់ដារអន្តរជាតិមួយក្នុងឆ្នាំ1875គឺ 1គីឡូក្រាម ដែលជាម៉ាសគោលមួយសំរាប់យកទៅធៀបនឹងម៉ាសនៃវត្ថុផ្សេងៗ។ ការកំណត់នេះជាការចាំបាច់មួយ ពីព្រោះបើមិនកំណត់ថា ប៉ុន្មានស្មើនឹងមួយគីឡូក្រាមនោះទេ យើងនឹងពិបាកនិយាយប្រាស្រ័យទាក់ទងគ្នាអំពីប្រធានបទនៃបន្ទុក។
តាមការតាមដានរបស់ខ្ញុំ ការបកប្រែភាសាខ្មែររបស់យើង ធ្វើអោយមានការយល់ច្រលំខ្លះ រវាងទំងន់ និងបន្ទុក។ យើងគ្រប់គ្នាពេលទៅផ្សារ ច្រើនសួរអ្នកលក់ថា “យករបស់នេះ ប៉ុណ្នេះគីឡូ” ដោយពួកយើងគិតថាវាជាទំងន់នៃទំនិញនោះ។ ដូចនេះ តាមការយល់ឃើញរបស់ខ្ញុំ ដើម្បីកុំអោយមានការយល់ច្រលំបន្ត យើងគួរបកប្រែពាក្យ “Mass” ថាជាទំងន់ រីឯពាក្យ “Weight or Load” គួរបកប្រែថាជាបន្ទុក។ នាមសំគាល់ទាំងអស់នេះ ស៊ីសងលើយើងជាអ្នកកំណត់ន័យរបស់វានោះទេ ហើយការបកប្រែបែបនេះធ្វើអោយមានការញែកន័យគ្នាដាច់ល្អ និងធ្វើអោយពាក្យទំលាប់ប្រើជាទូទៅរបស់ប្រជាជនយើងមិនខុសទៀត។ កាលនៅវិទ្យាល័យ ឧស្សាហ៌លឺលោកគ្រូរូប តែងឡើកឡើងថា គ្រប់គ្នាគួរតែសួរបែបនេះវិញ ម៉ាសត្រី1គីឡូថ្លៃប៉ុន្មាន។
សំរាប់ពាក្យបន្ទុក គឺច្រើនប្រើនៅក្នុងវិស័យវិស្វកម្ម និងលំហសាស្រ្ត។ បន្ទុកគឺប្រែប្រួលទៅតាមទីតាំងរបស់វា។ ភាពខុសគ្នាខ្លាំងគឺនៅក្នុងចក្រវាល។ បន្ទុកមនុស្សនៅលើផែនដី គឺមានតំលៃខុសគ្នាស្រលះពីបន្ទុករបស់មនុស្សដដែរនោះនៅលើព្រះច័ន្ទ រឺភពផ្សេងៗ។
#ទស្សនៈរបស់ខ្ញុំ
13/04/2020
ប្រវែងខ្លីបំផុតនៅក្នុងចក្រវាលគឺ 1.6*10^-35ម ដែលគេអោយឈ្មោះថា Planck Length។ រីឯទំហំអាតូមអុីដ្រូសែដគឺ 1.2*10^-10ម។ ផលធៀបរវាងអាតូមអ៊ីដ្រូសែននឹងប្រវែងខ្លីបំផុតដែលគេកំណត់បានពេលបច្ចុប្បន្នគឺជាង 10^24ដងឯណោះ។ មិនមែនអស់ត្រឹមអាតូមទេ អ្នកវិទ្យាសាស្រ្តកំពុងសិក្សាពីអង្គធាតុតូចៗបន្តទៀត ដើម្បីបកស្រាយពីបាតុភូតផ្សេងៗនៅក្នុងចក្រវាលនេះ។
ពិតជាគួរអោយចាប់អារម្មណ៍ ដើម្បីស្វែងយល់ពីអ្វីគ្រប់យ៉ាង យើងត្រូវដឹងពីរឿងតូចៗទៅជាមុនសិន។
#ចំណេះដឹងរូបវិទ្យា