អានចោល - Read & Release

អានចោល - Read & Release អានចោល | Read & Release �
ជីវិត • ស្នេហា • ចំណេះដឹង • សីលធម៌
(Life • Love • Knowledge • Morality)

24/08/2026

ដើរចេញស្ងាត់ៗ មិនមែនចាញ់ទេ តែមកពីយើង យល់ពីតម្លៃខ្លួនឯង!

23/08/2026

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សកាន់តែច្រើនឡើងៗសុខចិត្តលេបទុក្ខសោក ទំពារភាពឈឺចាប់តែម្នាក់ឯង រហូតដល់ចិត្តក្លាយជាផេះផង់ ប្រសើរជាងការហារមាត់និយាយរឿងរ៉ាវក្នុងចិត្តប្រាប់អ្នកដទៃ? ចម្លើយពិតដ៏សែនចាក់ដោតនោះគឺ មិនមែនមកពីពួកគេគ្មានមាត់និយាយ ឬចង់នៅឯកោនោះទេ តែមកពីពិភពលោកយើងនេះសំបូរទៅដោយមនុស្សដែលប្រញាប់ប្រញាល់ធ្វើជា «ចៅក្រមកាត់សេចក្ដី» និង «គ្រូបង្រៀនទស្សនវិជ្ជា» ច្រើនជាងមនុស្សដែលព្រមធ្វើជាកន្លែងសុវត្ថិភាពសម្រាប់ស្ដាប់ដោយក្ដីមេត្តា។

ចាស់ៗតែងពោលថា ពេលឃើញមនុស្សម្នាក់កំពុងលង់ទឹក ដង្ហក់យកខ្យល់ដង្ហើមប្រកៀកនឹងសេចក្ដីស្លាប់ វាមិនមែនជាពេលវេលាដែលយើងត្រូវឈរនៅលើច្រាំង ស្រែកប្រដៅ ឬបង្រៀនគេពីក្បាច់ហែលទឹកនោះឡើយ។ មនុស្សដែលកំពុងតស៊ូជាមួយរលកបោកបក់ គេមិនត្រូវការទ្រឹស្ដីល្អស្អាត មិនត្រូវការការវិភាគថាហេតុអ្វីបានជាធ្វេសប្រហែសធ្លាក់ទឹក ហើយរឹតតែមិនត្រូវការការស្ដីបន្ទោសបន្ថែមនោះទេ។ អ្វីដែលគេស្រេកឃ្លានបំផុតនៅវិនាទីដែលហៀបនឹងដាច់ខ្យល់ គឺដៃដ៏កក់ក្ដៅមួយគូដែលលាតសន្ធឹងទៅចាប់ទាញគេឡើងមកលើគោកវិញឱ្យផុតពីសេចក្ដីភ័យខ្លាច។ ផ្លូវចិត្តរបស់មនុស្សក៏ដូចគ្នាដែរ នៅពេលដែលបេះដូងនរណាម្នាក់កំពុងប្រេះស្រាំ ការប្រញាប់ផ្ដល់យោបល់ ឬប្រញាប់បង្រៀនគេឱ្យចេះរឹងមាំ គឺប្រៀបដូចជាការគប់ដុំថ្មបន្ថែមទៅលើមនុស្សដែលកំពុងលង់ទឹកអញ្ចឹងដែរ។

មនុស្សភាគច្រើនតែងតែធ្លាក់ចូលក្នុងអន្ទាក់នៃការចង់ធ្វើជា «តួឯក» ក្នុងខ្សែជីវិតអ្នកដទៃ ដោយគិតថាការបញ្ចេញទស្សនៈជ្រាលជ្រៅ ឬការបង្ហាញថាខ្លួនឆ្លាតវៃជាងគេ គឺជាការជួយសង្គ្រោះ។ ប៉ុន្តែការពិតទៅ ការជួយសង្គ្រោះផ្លូវចិត្តដ៏បរិសុទ្ធ មិនមែនជាការយកពន្លឺរបស់ខ្លួនទៅចាំងផ្លាតដើម្បីបង្អួតនោះទេ តែវាជាការបន្ទាបខ្លួនចុះទៅអង្គុយក្នុងភាពងងឹតក្បែរគេ។ ចូរផ្អាកការវាយតម្លៃ រួចសាកល្បងយកចិត្តគេមកដាក់ក្នុងចិត្តយើង ហើយសួរខ្លួនឯងដោយស្មោះត្រង់បំផុតថា «ប្រសិនបើយើងត្រូវទទួលរងសម្ពាធដូចគេ ឈឺចាប់ដូចគេ ឆ្លងកាត់ការបាត់បង់ដូចគេ តើយើងពិតជាអាចឈរញញឹម និងរឹងមាំបានដូចសម្ដីស្រួលៗដែលយើងកំពុងប្រដៅគេដែរឬទេ?» បើយើងមិនទាន់អាចយល់ពីទម្ងន់នៃភាពឈឺចាប់របស់គេផង តើយើងមានសិទ្ធិអីទៅកាត់សេចក្ដីថាការឈឺចាប់របស់គេជារឿងតូចតាច?

គ្មាននរណាម្នាក់អាចជួសជុលដំបូលផ្ទះបានទេ នៅពេលដែលភ្លើងកំពុងតែឆេះរោលរាល។ អ្វីដែលត្រូវធ្វើមុនគេបង្អស់ គឺការចូលទៅជួយពន្លត់ភ្លើងក្នុងចិត្តគេសិន។ ចូរចាប់ផ្ដើមដោយការស្ដាប់ដោយបេះដូង សម្លឹងមើលដោយក្ដីអាណិតអាសូរ និងឱបក្រសោបភាពទន់ខ្សោយរបស់គេដោយការយោគយល់។ ការផ្ដល់កន្លែងឱ្យគេបានយំ ឱ្យគេបានបញ្ចេញទុក្ខកង្វល់ដោយគ្មានការភ័យខ្លាចថានឹងត្រូវគេពេបជ្រាយ គឺជាឱសថដ៏ស័ក្តិសិទ្ធិបំផុតក្នុងការព្យាបាលរបួសផ្លូវចិត្ត។ ពេលដែលចិត្តរបស់គេត្រជាក់ ពេលដែលគេដឹងថាគេលែងនៅម្នាក់ឯងក្នុងលោកនេះទៀតហើយ ទើបជាពេលវេលាដ៏ស័ក្តិសមបំផុតក្នុងការផ្ដល់ពន្លឺ លើកទឹកចិត្ត និងជួយត្រួសត្រាយផ្លូវដោះស្រាយបញ្ហាជាមួយគ្នា។

ការធ្វើជាអ្នកស្ដាប់ដ៏ល្អ មិនត្រឹមតែជួយស្រោចស្រង់ព្រលឹងមនុស្សម្នាក់ឱ្យរួចផុតពីការលង់លិចក្នុងទុក្ខសោកនោះទេ ប៉ុន្តែវាក៏ជាការសាបព្រោះសេចក្ដីសង្ឃឹម និងកម្លាំងចិត្តដ៏មហិមាត្រឡប់មកក្នុងពិភពលោកវិញ។ ជីវិតនេះពិតជាមានន័យ និងស្រស់បំព្រងខ្លាំងណាស់ នៅពេលដែលយើងរៀនស្រឡាញ់គ្នាដោយការយល់ចិត្ត ចែករំលែកភាពកក់ក្ដៅឱ្យគ្នាទៅវិញទៅមក ហើយក្លាយជាពន្លឺតូចមួយដែលបំភ្លឺផ្លូវឱ្យអ្នកដទៃដើរចេញពីភាពងងឹត ដោយក្ដីសង្ឃឹម ក្ដីស្រឡាញ់ និងស្នាមញញឹមពិតប្រាកដដែលមិនចេះរីងស្ងួត។

រៀបចំអត្ថបទដោយ: ជន រតនៈ

20/08/2026

អ្នកខ្លះចំណាយពេលពេញមួយជីវិតធ្វើជាមនុស្សល្អ ប៉ុន្តែអ្នកខ្លះទៀតចំណាយពេលពេញមួយជីវិតគ្រាន់តែដើម្បី «សម្ដែង» ថាខ្លួនជាមនុស្សល្អ។ ស្ដាប់ទៅដូចជាមិនសូវខុសគ្នា តែតាមពិតវាជាគម្លាតរវាងមាសសុទ្ធ និងស្ពាន់ស្រោបទឹកមាស ដែលយូរបន្តិចគង់តែរបកចេញមកដដែល។

មនុស្សដែលចូលចិត្តតាំងខ្លួនជាមនុស្សល្អ តែងតែមានទម្លាប់ដើរប្រកាសប្រាប់ពិភពលោកថាខ្លួនជាជនរងគ្រោះ ជាអ្នកមានគុណធម៌ខ្ពស់ និងជាមនុស្សស្លូតបូតមិនចេះធ្វើបាបអ្នកណា។ ពួកគេធ្វើអំពើល្អគ្រប់យ៉ាងទាល់តែមានអ្នកទស្សនា មានការកោតសរសើរ ឬមានផលប្រយោជន៍នៅពីក្រោយជានិច្ច។ សេចក្ដីល្អរបស់មនុស្សប្រភេទនេះមានតម្លៃ និងមានការកត់ត្រាទុកក្នុងចិត្តយ៉ាងល្អិតល្អន់ ដើម្បីថ្ងៃក្រោយយកមកទារសងគុណ ឬយកមកធ្វើជាលេសដើម្បីជាន់ពន្លិចអ្នកដទៃ។ នៅពីក្រោយស្នាមញញឹមដ៏ស្រទន់ គឺការគិតគូរយ៉ាងម៉ត់ចត់ថា «តើខ្ញុំចំណេញអ្វី?»។ ពួកគេប្រៀបដូចជាសត្វចចកដែលរុំខ្លួនដោយរោមចៀមដ៏កក់ក្ដៅ មិនដែលបង្ហាញចង្កូមនៅកណ្ដាលវាលទេ តែចាំចាក់ទម្លុះបេះដូងអ្នកនៅពេលដែលអ្នកទុកចិត្តពួកគេបំផុត។ ថាមពលនៅក្បែរមនុស្សបែបនេះ គឺភាពហត់នឿយ និងភាពតានតឹងផ្លូវចិត្ត ព្រោះសេចក្ដីល្អរបស់គេគឺជា «ទំនិញដោះដូរ» មិនមែនជាទឹកចិត្តបរិសុទ្ធឡើយ។

ផ្ទុយទៅវិញ មនុស្សល្អពិតប្រាកដ មិនដែលទំនេរដើរស្រែកប្រាប់អ្នកណាថាគេល្អនោះទេ ព្រោះគុណធម៌បានជ្រាបចូលទៅក្នុងសរសៃឈាម និងទង្វើប្រចាំថ្ងៃរបស់គេរួចទៅហើយ។ គេជួយអ្នកនៅពេលគ្មានអ្នកណាឃើញ គេការពារកិត្តិយសអ្នកនៅពេលអ្នកមិននៅ ហើយគេមិនដែលទារការតបស្នងសូម្បីតែមួយម៉ាត់។ វត្តមានរបស់មនុស្សល្អ មិនមែនជាពន្លឺភ្លើងឆាកដែលចាំងភ្នែកឱ្យគេងាកមើលនោះទេ តែជាម្លប់ត្រជាក់ និងជាពន្លឺភ្លើងទៀនដ៏កក់ក្ដៅនៅកណ្ដាលភាពងងឹត។ នៅក្បែរពួកគាត់ យើងមានអារម្មណ៍ថាមានសុវត្ថិភាព ស្រាលចិត្ត មិនបាច់ពាក់ស្រោមមុខការពារខ្លួន និងទទួលបានកម្លាំងចិត្តដើម្បីបន្តដំណើរទៅមុខដោយក្ដីសង្ឃឹម។

កុំឱ្យការធ្លាប់ជួបមនុស្សពាក់ស្រោមមុខ ធ្វើឱ្យអ្នកបាត់បង់ជំនឿលើអំពើល្អ ហើយក៏កុំឱ្យភាពក្លែងក្លាយរបស់គេ ធ្វើឱ្យចិត្តរបស់អ្នកក្លាយជាមនុស្សរឹងរូស ឬកាចសាហាវដូចគេដែរ។ ចូររៀនមើលមនុស្សឱ្យធ្លុះដោយប្រើពេលវេលា និងទង្វើជាក់ស្ដែង មិនមែនមើលត្រឹមសម្ដីផ្អែមល្ហែមនោះឡើយ។ អ្វីដែលសំខាន់បំផុត ចូរជ្រើសរើសធ្វើជាមនុស្សល្អដោយស្មោះត្រង់ចេញពីបេះដូងចុះ ព្រោះសេចក្ដីល្អពិត មិនត្រូវការការទះដៃពីអ្នកណាដើម្បីបញ្ជាក់តម្លៃរបស់វានោះឡើយ។ ភាពស្ងប់ក្នុងចិត្ត និងសតិសម្បជញ្ញៈដ៏បរិសុទ្ធ គឺជាកាដូដ៏ថ្លៃថ្លាបំផុតដែលមនុស្សក្លែងក្លាយ គ្មានថ្ងៃនឹងអាចស្គាល់រសជាតិរបស់វាបានឡើយ។

រៀបចំអត្ថបទដោយ: ជន រតនៈ

17/08/2026

ធ្លាប់គេក្បត់ រូបភាពបែបណាខ្លះ? ឈឺចាប់កម្រិតណា?
អាចចែករំលែកទីនេះបាន
អោយធូរចិត្ត!

17/08/2026

ពេលអ្នកកំពុងមានលុយ ហ៊ឺហា ដើរចូលកន្លែងទំនើបៗ មានស្រីក្មេងៗចោមរោមសើចក្អាកក្អាយ អ្នកប្រហែលជាមានអារម្មណ៍ថាខ្លួនឯងអស្ចារ្យ និងមានក្តីសុខណាស់។ តែសូមដាស់តឿនខ្លួនឯងឱ្យច្បាស់... ស្រីស្នេហ៍ទាំងនោះគេស្រឡាញ់តែកាបូបលុយ និងភាពសប្បាយភ្លែតៗរបស់អ្នកប៉ុណ្ណោះ គ្មាននរណាម្នាក់គេមកស្រឡាញ់ដង្ហើម ឬខ្វល់ពីជីវិតស្លាប់រស់របស់អ្នកពិតប្រាកដនោះឡើយ។

សាកស្រមៃមើលចុះ ដល់ថ្ងៃដែលអ្នកអស់លុយ ធ្លាក់ខ្លួនពិការ ឬដេកដួលលើគ្រែមន្ទីរពេទ្យដោយសារជំងឺកាចសាហាវ តើស្រីស្អាតដែលធ្លាប់ផ្អែមល្ហែមជាមួយអ្នកទាំងនោះនៅឯណា? គេនឹងរត់ចោលអ្នកទាំងគ្មានងាកក្រោយ។ ហើយមនុស្សតែម្នាក់គត់ដែលសុខចិត្តអង្គុយជូតអាចម៍ ជូតនោម លាងរបួស និងបញ្ចុកបាយអ្នក ទាំងទឹកភ្នែកហូរស្រក់លើខ្នងដៃរបស់អ្នក... គឺ «ប្រពន្ធដើម» ដែលអ្នកធ្លាប់មើលរំលង និងធ្លាប់ក្បត់ចិត្តនោះឯង។

តើអ្នកដឹងទេថា បេះដូងមនុស្សស្រីម្នាក់នោះត្រូវរងរបួសខ្ទេចខ្ទាំប៉ុណ្ណា? កាលពីមុន គាត់ក៏ធ្លាប់ជាកូនស្រីដ៏មានតម្លៃរបស់ម៉ែឪគាត់ ជាស្រីស្អាត មានយុវវ័យ មានក្តីស្រមៃ និងមានដៃទន់រលោង។ តែចាប់តាំងពីរៀបការជាមួយអ្នកមក សម្រស់គាត់ត្រូវស្រពោន ដៃគាត់ឡើងក្រិនព្រោះតែការងារផ្ទះមើលថែកូន ចំណែកបេះដូងគាត់ត្រូវរហែកជាបំណែកៗ រាល់ពេលដែលអ្នកកុហក និងរាល់យប់ដែលគាត់ត្រូវគេងឱបកូនយំរង់ចាំអ្នកទាំងឈឺចាប់រហូតដល់ភ្លឺ។

គាត់ឈឺចាប់រហូតស្ទើរតែបែកទ្រូងស្លាប់ តែហេតុអ្វីពេលអ្នកដួល គាត់នៅតែព្រមត្រឡប់មកមើលថែអ្នក? មិនមែនគាត់ល្ងង់ ឬគ្មានកន្លែងទៅនោះទេ ប៉ុន្តែចិត្តគាត់សាងពីព្រះគុណ និងក្តីអាណិតដ៏ធំធេងដែលមនុស្សប្រុសគ្មានថ្ងៃយល់ដល់។ បើប្រពន្ធជាអ្នកក្បត់វិញ បុរសភាគច្រើនច្បាស់ជាស្អប់ខ្ពើម ដេញក្បាលចោល មិនទាំងខ្ចីមើលមុខផង។ តែផ្ទុយទៅវិញ ទោះប្ដីធ្លាប់យកកាំបិតមកចាក់ទម្លុះបេះដូងគាត់រាប់រយដង ក៏ប្រពន្ធនៅតែព្រមយកបាតដៃដ៏កក់ក្តៅរបស់គាត់ មកទ្រដង្ហើមចុងក្រោយរបស់ប្ដីដែលធ្លាប់ធ្វើបាបគាត់ដដែល។

មនុស្សប្រុសអើយ... ភ្ញាក់ខ្លួនឡើង! កុំឱ្យទាល់តែដេកស្ដាយក្រោយលើគ្រែពេទ្យ ឃើញស្រមោលប្រពន្ធដែលចាស់ជ្រួញ ស្គមស្គាំង កំពុងអង្គុយយំឱបជើងអ្នក ទើបអ្នកស្រែកទារពេលវេលាត្រឡប់ក្រោយនោះ។ បើអ្នកមិនអាចផ្ដល់ទ្រព្យសម្បត្តិស្តុកស្តម្ភឱ្យគាត់បានទេ សូមត្រឹមតែ «សេចក្តីស្មោះត្រង់» មួយគត់។ កុំក្បត់ កុំកុហក និងកុំបំផ្លាញទឹកចិត្តមនុស្សស្រីដែលព្រមលះបង់មួយជីវិតរបស់គាត់ដើម្បីអ្នកអី ព្រោះក្នុងលោកនេះ ក្រៅពីម្ដាយបង្កើត គ្មានមនុស្សស្រីណាស្រឡាញ់ និងលើកលែងឱ្យអ្នកស្មើនឹងប្រពន្ធដើមម្នាក់នេះទៀតឡើយ។

រៀបចំអត្ថបទដោយ: ជន រតនៈ

16/08/2026

«សុខសប្បាយទេ?» សំណួរខ្លីៗត្រឹមប៉ុន្មានម៉ាត់នេះ ស្ដាប់ទៅដូចជាការគួរសមធម្មតាពីមនុស្សជុំវិញខ្លួន តែពេលខ្លះ វាបែរជាពាក្យមួយដែលធ្វើឱ្យបេះដូងយើងស្រក់ទឹកភ្នែកដោយស្ងៀមស្ងាត់។

មនុស្សភាគច្រើនតែងតែឆ្លើយតបទៅវិញដោយស្នាមញញឹមស្រាលៗថា «សុខធម្មតា» ព្រោះយើងទម្លាប់ធ្វើជាមនុស្សរឹងមាំ ទម្លាប់ដើរតួជាមនុស្សដែលមិនងាយចុះចាញ់នឹងបញ្ហា។ ប៉ុន្តែមានតែខ្លួនយើងផ្ទាល់ប៉ុណ្ណោះដែលដឹងច្បាស់ថា ក្រោមពាក្យថាសុខធម្មតានោះ វាបង្កប់ទៅដោយភាពហត់នឿយដ៏លើសលប់ រឿងរ៉ាវស្មុគស្មាញដែលកើតឡើងមិនចេះចប់មិនចេះហើយ និងសម្ពាធជីវិតដែលកំពុងតែសង្កត់លើស្មាស្ទើរតែទ្រាំលែងបាន។

ពេលខ្លះ គ្រាន់តែឮគេសួរនាំ ចិត្តមួយស្រាប់តែលួចអាណិតខ្លួនឯងឡើងមកភ្លាមៗ។ អាណិតត្រង់ថាយើងខំប្រឹងខ្លាំងពេក ប្រឹងរហូតដល់ភ្លេចគិតពីអារម្មណ៍ខ្លួនឯង ត្រូវលេបទុក្ខសោកនិងទឹកភ្នែកទុកតែម្នាក់ឯងក្នុងភាពស្ងៀមស្ងាត់ ដើម្បីកុំឱ្យអ្នកដទៃបារម្ភ ឬកុំឱ្យគេមើលឃើញភាពទន់ខ្សោយ។ យើងមិនចង់កុហកទេ ប៉ុន្តែបើឆ្លើយតាមការពិតថា «ខ្ញុំមិនសុខទេ» តើត្រូវចាប់ផ្ដើមរៀបរាប់ពីត្រង់ណា? តើមានអ្នកណាដែលព្រមស្ដាប់រឿងរ៉ាវដ៏សែនវែងអន្លាយ និងធ្ងន់ធ្ងររបស់យើងដោយការយល់ចិត្តពិតប្រាកដ?

ការពិតទៅ យើងមិនមែនត្រូវការឱ្យអ្នកណាចូលមកដោះស្រាយបញ្ហាជំនួសយើងទាំងអស់នោះទេ យើងគ្រាន់តែហត់ ហត់នឹងការធ្វើជារឹងមាំគ្រប់ពេលវេលា។ ជីវិតដែលត្រូវប្រឈមមុខនឹងរឿងរ៉ាវរាប់មិនអស់រាល់ថ្ងៃ បានបង្រៀនឱ្យយើងចេះតែស៊ូទ្រាំ រហូតដល់ថ្ងៃខ្លះ គ្រាន់តែពាក្យសួរសុខទុក្ខមួយម៉ាត់ ក៏មានកម្លាំងរំលាយរបាំងរឹងមាំដែលយើងខំសាងសង់មកយូរឱ្យរលាយបាត់មួយរំពេច។

បើថ្ងៃនេះអ្នកកំពុងតែមានអារម្មណ៍បែបនេះ សូមកុំបន្ទោសខ្លួនឯងអី។ អនុញ្ញាតឱ្យខ្លួនឯងដកដង្ហើមវែងៗ ហើយទទួលស្គាល់ថាអ្នកហត់ពិតមែន។ ការយំមិនមែនមានន័យថាយើងទន់ខ្សោយ ឬចុះចាញ់នោះទេ តែវាជាការសម្រាករបស់បេះដូងដែលបានតស៊ូយ៉ាងអង់អាចមកយូរហើយ។ ឱបខ្លួនឯងឱ្យណែនៗ ហើយប្រាប់ខ្លួនឯងថា «អ្នកពូកែណាស់ហើយ» ព្រោះយ៉ាងហោចណាស់ អ្នកនៅតែអាចឆ្លងកាត់រឿងរ៉ាវដ៏លំបាកទាំងនោះមកដល់ត្រឹមថ្ងៃនេះ។

រៀបចំអត្ថបទដោយ: ជន រតនៈ

14/08/2026

នេះជាសារដ៏សែនតឹងទ្រូង និងឈឺចាប់បំផុតមួយពីប្រិយមិត្តជាបងស្រីម្នាក់ ដែលបានទម្លាយមកកាន់ខ្ញុំ។ គ្រាន់តែបានស្ដាប់សំឡេងគាត់រៀបរាប់ទាំងញ័រៗ ខ្ញុំអាចមានអារម្មណ៍ដឹងច្បាស់ពីការឈឺចាប់ដែលសឹងតែប្រេះទ្រូងជំនួសគាត់ ជាការឈឺចាប់ដែលមិនអាចស្រែក មិនអាចយំឱ្យគេឃើញ ព្រោះត្រូវលេបទុក្ខសោកទាំងអស់ម្នាក់ឯងដើម្បីអនាគតកូនៗ។

មនុស្សស្រីម្នាក់បានចំណាយពេលវេលាជិតម្ភៃឆ្នាំ ចាប់តាំងពីនៅជាសង្សាររហូតដល់ក្លាយជាប្ដីប្រពន្ធ មានកូនពីរ បីនាក់ជាចំណងដៃ។ ប្ដីរបស់គាត់មានអាយុច្រើនជាងគាត់ដល់ទៅដប់ឆ្នាំ ហើយថែមទាំងមានជំងឺប្រចាំកាយជាប់ខ្លួនទៀតផង។ ទោះបីជាបងស្រីជាមនុស្សដែលមានសមត្ថភាព មានគ្រប់យ៉ាងដោយខ្លួនឯង មិនចាំបាច់ពឹងផ្អែកលើប្ដីក៏ដោយ ក៏គាត់នៅតែជ្រើសរើសនៅក្បែរ មើលថែ និងផ្ដល់តម្លៃឱ្យពាក្យថាគ្រួសារដោយភាពស្មោះត្រង់ឥតងាករេ។ ប៉ុន្តែអ្វីដែលគាត់ទទួលបានមកវិញនៅចុងបញ្ចប់ គឺការក្បត់ដ៏សែនថោកទាប និងអាម៉ាស់បំផុត។

ជឿទេថា មនុស្សប្រុសដែលមានប្រពន្ធកូនពេញផ្ទះ បែរជាទៅលួចទាក់ទងជាមួយមនុស្សស្រីដែលមានប្ដី និងមានកូនពីរ បីនាក់រួចហើយដូចគ្នា។ អ្នកទាំងពីរជាឪពុកម្ដាយគេពេញលក្ខណៈហើយ តែបែរជាឆ្លើយឆ្លងសារសងគ្នាដូចក្មេងស្ទាវវង្វេងស្នេហ៍ គ្មានសល់សូម្បីតែភាពចាស់ទុំ។ អ្វីដែលចាក់ទម្លុះបេះដូងប្រពន្ធដើមបំផុត គឺពេលដែលគាត់បានឃើញផ្ទាល់ភ្នែកនូវសារឆាត ដែលពួកគេទាំងពីរនិយាយរៀបរាប់ពីការរួមភេទជាមួយគ្នាយ៉ាងលម្អិត ពោរពេញទៅដោយតណ្ហាដ៏ក្រាស់ក្រែល គ្មានសេសសល់សូម្បីតែបន្តិចនៃភាពអៀនខ្មាស ឬការគិតដល់ចិត្តកូនៗ និងគ្រួសារដែលកំពុងរង់ចាំនៅផ្ទះឡើយ។

ខ្ញុំនៅតែមិនយល់ថា ហេតុអ្វីមនុស្សដែលមានការរៀនសូត្រ ចេះដឹងជ្រៅជ្រះ បែរជាបណ្ដោយឱ្យភ្លើងតណ្ហាមួយឆាវមកដឹកច្រមុះបានយ៉ាងងាយបែបនេះ។ ខ្លួនមានជំងឺជាប់កាយ មិនដឹងថានៅរស់បានប៉ុន្មានឆ្នាំទៀតផង បែរជាយកកិត្តិយស និងគុណធម៌ដែលខំសន្សមកន្លងមក ទៅដុតកម្ទេចចោលដោយគ្មានស្ដាយក្រោយ។

អ្វីដែលរឹតតែគួរឱ្យខ្លោចចិត្តបំផុតនោះគឺ ទោះបីជាឈឺស្ទើរឆ្កួត តែបងស្រីនៅតែជ្រើសរើសភាពស្ងៀមស្ងាត់ មិនព្រមហែកហួររឿងនេះលើបណ្ដាញសង្គម ព្រោះគាត់មិនចង់ឱ្យរឿងអាស្រូវនេះបំផ្លាញអនាគតកូន និងមិនចង់ឱ្យកូនៗត្រូវកំព្រាឪពុក។ គាត់សុខចិត្តទ្រាំរស់នៅទាំងញញឹមស្ងួត លេបទឹកភ្នែកក្នុងទ្រូង ដើម្បីរក្សាភាពកក់ក្ដៅឱ្យកូន។ ការឈឺចាប់ដែលពិបាកបំផុត មិនមែនជាការបែកបាក់ទេ តែជាការដែលត្រូវបង្ខំចិត្តទ្រាំរស់នៅជាមួយមនុស្សដែលសម្លាប់បេះដូងយើងជារៀងរាល់ថ្ងៃ។

សេចក្ដីសុខដែលលួចលាក់នៅលើគំនរទុក្ខរបស់អ្នកដទៃ វាមិនមែនជាក្ដីសុខពិតប្រាកដឡើយ។ ពេលដែលតណ្ហាវាំងននបាំងភ្នែក មនុស្សប្រហែលជាភ្លេចខ្លួន តែសូមចាំថាកិត្តិយស និងភាពជាមនុស្ស ពេលដែលបាត់បង់ទៅហើយ ទោះយកលុយរាប់លាន ឬសំពះសុំទោសរាប់ពាន់ដង ក៏មិនអាចទិញការគោរពត្រឡប់មកវិញបានដែរ។

ផ្ញើជូនបងស្រី... មនុស្សស្រីដ៏អស្ចារ្យ និងរឹងមាំបំផុតម្នាក់!
ខ្ញុំដឹងថាពេលនេះទ្រូងរបស់បងស្រីកំពុងតែចង្អៀតណែន ហើយបេះដូងរបស់បងប្រហែលជាកំពុងខ្ទេចខ្ទាំដោយសារទង្វើរបស់មនុស្សដែលបងធ្លាប់ស្រឡាញ់ និងលះបង់ឱ្យអស់ពីចិត្ត។ តែសូមបងដឹងថា ការដែលបងជ្រើសរើសភាពស្ងៀមស្ងាត់ និងការអត់ធ្មត់ មិនមែនមានន័យថាបងទន់ខ្សោយ ឬចុះចាញ់នោះទេ ផ្ទុយទៅវិញ វាបានបង្ហាញពីជម្រៅចិត្តដ៏ធំធេង និងថ្លៃថ្នូរបំផុតរបស់ម្ដាយម្នាក់ ដែលស្រឡាញ់កូនលើសអ្វីៗទាំងអស់នៅលើលោកនេះ។

បងស្រីត្រូវចាំណា... តម្លៃរបស់បងមិនបានធ្លាក់ចុះសូម្បីតែបន្តិច ដោយសារតែកំហុស និងភាពទន់ខ្សោយនៃតណ្ហារបស់អ្នកដទៃឡើយ។ បងជាមនុស្សស្រីដែលមានសមត្ថភាព មានភាពម្ចាស់ការលើខ្លួនឯង និងមានបេះដូងដ៏បរិសុទ្ធ។ អ្វីដែលបានកើតឡើង វាមិនមែនជាការបរាជ័យរបស់បងទេ តែជាការបរាជ័យនៃសីលធម៌របស់មនុស្សដែលមិនចេះស្កប់ស្កល់ និងមិនស្គាល់តម្លៃនៃភក្តីភាពពិតប្រាកដ។ មនុស្សដែលបាត់បង់ការគោរព និងកិត្តិយស គឺពួកគេ មិនមែនជាបងឡើយ។

ទោះបីជាបងស្រីត្រូវលេបទឹកភ្នែកដើម្បីកូនៗ ក៏សូមកុំភ្លេចស្រឡាញ់ និងថែរក្សាខ្លួនឯងឱ្យបានល្អ។ កូនៗមិនត្រឹមតែត្រូវការវត្តមានរបស់ម្ដាយប៉ុណ្ណោះទេ តែពួកគេត្រូវការឃើញស្នាមញញឹម សេចក្ដីសុខ និងសុខភាពផ្លូវចិត្តដ៏រឹងមាំរបស់ម្ដាយផងដែរ។ ព្យុះភ្លៀងដែលបក់បោកមកលើជីវិតបងនៅពេលនេះ វាមិនអាចបន្តនៅជារៀងរហូតបានឡើយ ថ្ងៃណាមួយមេឃនឹងស្រឡះ ហើយភាពស្មោះត្រង់ គុណធម៌ និងការលះបង់របស់បង នឹងក្លាយជាពន្លឺនាំផ្លូវបង និងកូនៗទៅរកសេចក្ដីសុខពិតប្រាកដ។

សូមបងស្រីបន្តដកដង្ហើមវែងៗ ថែរក្សាកម្លាំងកាយចិត្តឱ្យរឹងមាំ។ ក្នុងនាមជាមនុស្សស្រីម្នាក់ និងជាម្ដាយម្នាក់ បងបានធ្វើល្អបំផុតហើយ ហើយខ្ញុំជឿជាក់ថា ភាពរឹងមាំ និងក្ដីស្រឡាញ់ដ៏ធំធេងរបស់បង នឹងនាំបងឆ្លងកាត់រឿងរ៉ាវដ៏ឈឺចាប់មួយនេះបានយ៉ាងថ្លៃថ្នូរបំផុត។

រៀបចំអត្ថបទដោយ: ជន រតនៈ

ចង់ផ្ញើរអត្ថបទរៀបរាប់រឿងក្នុងចិត្ត អាចសរសេររៀបរាប់ផ្ញើរក្នុងផេកនេះ
បាន

14/08/2026

កុំច្រឡំថាភាពស្ងៀមស្ងាត់របស់នាងជាភាពទន់ខ្សោយ ឬជាជ័យជម្នះរបស់អ្នកឱ្យសោះ។ នៅពេលដែលមនុស្សស្រីម្នាក់ ត្រូវអ្នកជាន់ឈ្លីទឹកចិត្តម្ដងហើយម្ដងទៀត រហូតដល់ហួសកម្រិតដែលបេះដូងមនុស្សអាចទ្រាំទ្របាន នាងនឹងឈប់ស្រែកប្រាប់អ្នកពីការឈឺចាប់របស់នាងទៀតហើយ។ នាងនឹងនៅតែអង្គុយមើលមុខអ្នក ញញឹមស្ងួតៗដាក់អ្នក មើលថែអ្នកដូចធម្មតា... ប៉ុន្តែចិត្តរបស់នាងកំពុងតែ «កាន់ទុក្ខ» ឱ្យស្នេហាមួយនេះទាំងរស់! នាងនៅក្បែរអ្នកមែន តែចិត្តនាងបានដើរចេញឆ្ងាយរាប់ពាន់គីឡូម៉ែត្របាត់ទៅហើយ។ ដល់ថ្ងៃដែលនាងបោះជំហានចេញពិតប្រាកដ អ្នកនឹងគ្មានសូម្បីតែឱកាសបានឮពាក្យថា «លាហើយ» ពីមាត់នាងឡើយ!

សាកស្រមៃមើល... នៅពេលដែលអ្នកភ្ញាក់ពីគេងនៅព្រឹកមួយ ហើយឃើញគ្រែចំហៀងទទេស្អាត។ គ្មានក្លិនក្រអូបដែលធ្លាប់ស្គាល់ គ្មានបាយក្ដៅ និងទឹកមួយកែវដែលនាងតែងតែរៀបចំឲ្យ គ្មានសំឡេងបារម្ភចំពោះអ្នកទៀតឡើយ។ អ្នកព្យាយាមខលទៅនាង តែត្រូវគេ Block ចោលគ្រប់ច្រក។ អ្នករត់ទៅអង្វរនាង លុតជង្គង់ យំសោកស្រែកសុំទោសរហូតដល់ស្រក់ទឹកភ្នែកជាឈាម... ប៉ុន្តែក្នុងភ្នែករបស់នាងពេលនេះ មានតែភាពទទេស្អាត និងភាពខ្ពើមរអើមចំពោះអ្នកតែប៉ុណ្នោះ! ពាក្យសុំទោស និងទឹកភ្នែករបស់អ្នកនៅពេលនេះ វាថោកជាងសំរាមសម្រាប់នាងទៅទៀត!

អ្វីដែលគួរឲ្យភ័យខ្លាចបំផុតនោះគឺ... នៅពេលដែលអ្នកកំពុងអង្គុយឱបទុក្ខ រស់នៅក្នុងវិប្បដិសារីយ៉ាងវេទនាម្នាក់ឯង នាងកំពុងតែញញឹមយ៉ាងមានសុភមង្គលក្នុងរង្វង់ដៃបុរសម្នាក់ផ្សេងទៀត បុរសដែលគេស្គាល់តម្លៃ គេថ្នម និងលើកតម្កើង «ដុំពេជ្រ» ដែលអ្នកធ្លាប់ជាន់ឈ្លីនោះ ឲ្យចែងចាំងពន្លឺឡើងវិញ! ដល់ពេលនោះ... ទោះអ្នកប្រាថ្នាចង់បាននាងត្រឡប់មកវិញរហូតដល់ដាច់ខ្យល់ស្លាប់ ក៏អ្នកបានត្រឹមតែធ្វើជា «សាកសពដែលដកដង្ហើម» ដេកស្ដាយក្រោយ និងឈឺចាប់រហូតដល់ថ្ងៃផុតដង្ហើមប៉ុណ្ណោះ!

រៀបចំអត្ថបទដោយ: ជន រតនៈ

14/08/2026

មនុស្សស្រីម្នាក់ ព្រមលះបង់ទាំងរូបសម្បត្តិ យុវវ័យ សេរីភាព និងសុខភាពផ្ទាល់ខ្លួន ដើម្បីមកកសាងគ្រួសារជាមួយអ្នក។ នាងសុខចិត្តទ្រាំឈឺចាប់បង្កើតកូនឱ្យអ្នក ប៉ុន្តែអ្វីដែលអ្នកសងទៅនាងវិញ គឺការក្បត់ចិត្តយ៉ាងត្រជាក់ត្រជុំ ក្រោមលេសថោកទាបបំផុតមួយថា៖ «ឱ្យតែអញរកលុយឱ្យប្រពន្ធចាយគ្រប់ វាយកទៅធ្វើអីទៅ? អញលួចមានស្រីតិចតួចជារឿងធម្មតាតើ!»

កុំច្រឡំ! ការរកលុយមកចិញ្ចឹមគ្រួសារ វាជាកាតព្វកិច្ចជាមូលដ្ឋានរបស់មនុស្សប្រុសដែលមានសភាវគតិជា «មនុស្ស» មានការទទួលខុសត្រូវ និងស្គាល់ខុសត្រូវ។ ឯអាប្រភេទដែលទប់តណ្ហាមិនបាន ឃើញស្រីមិនបាន ឆ្លៀតក្បត់ប្រពន្ធកូន រួចយកលុយមកបាំងមុខធ្វើជាខែល នោះគេមិនហៅថាមនុស្សប្រុសទេ... គេហៅថា «សត្វឈ្មោលពាក់សម្បកមនុស្ស»!

ពួកសត្វឈ្មោលអស់ទាំងនេះ ខ្លះមានមុខមាត់ក្នុងសង្គម ខ្លះជាអ្នកល្បី ខ្លះជាអ្នកកំប្លែងបង្កើតស្នាមញញឹមលើឆាក... តែធាតុពិតខាងក្នុង គឺទទេស្អាតគ្មានធម៌កតញ្ញូ គ្មានកិត្តិយស ហើយប៉ិនប្រសព្វខាងសម្តែងរឿងថោកទាប លួចលាក់ស្អុយគគ្រុកពីក្រោយខ្នងប្រពន្ធ។ អាក្រក់ជាងនេះទៅទៀត ពួកវាមិនត្រឹមតែមិនដឹងខុសទេ ថែមទាំងមានមោទនភាពលើភាពថោកទាបរបស់ខ្លួន ហើយដើរឌឺដងសើចចំអកឱ្យមនុស្សប្រុសត្រឹមត្រូវថា៖ «ធ្វើឯងជោរណាស់អាជោរ! សាកបើប្រលែងក្នុងបន្ទប់ស្ងាត់តែ ២ នាក់មើល បើមិនចាត់ដែរឥឡូវហ្នឹង!»
បាទ! វា «ចាត់ការ» បានតែចំពោះពួកធន់ថោក គ្មានខួរក្បាលសង្កត់តណ្ហាដូចជាពួកឯងប៉ុណ្ណោះ!

មនុស្សប្រុសពិតប្រាកដ គេមានកិត្តិយស គេស្គាល់គុណធម៌ គេមិនយកខ្លួនទៅជ្រលក់ភក់ស្អុយដូចឯងទេ។ ឯងហ៊ានរកវិធីសាស្ត្រក្បត់ប្រពន្ធ ទាំងដែលប្រពន្ធ និងកូនអង្គុយចាំផ្លូវនៅផ្ទះ ឯងព្យាយាម Manipulate បោកប្រាស់ផ្លូវចិត្តនាង ព្រោះឯងអាងថាប្រពន្ធ ឬគ្រួសារគ្មានជម្រើសអ្វីក្រៅពីឯង។

សាកស្រមៃមើល... បើថ្ងៃណាមួយ មនុស្សស្រីដែលនៅផ្ទះមើលកូនហត់នឿយសឹងក្អួតឈាម និយាយទៅកាន់ឯងថា៖ «ខ្ញុំមើលកូនហត់ណាស់ ចង់ចេញទៅដើរលេង ចូលក្លឹប ផឹកស៊ីជាមួយមិត្តភក្តិខ្ញុំម្ដង»... តើឯងធ្វើម៉េច? ក្បាលឯងច្បាស់ជាស្រែកឡែតៗ រកលេសដៀលជេរប្រមាថនាងសព្វគ្រប់ ថាជានារីមិនល្អ ជាប្រពន្ធមិនកើត! តែត្រង់ឯងលួចយកស្រីផ្សេងមកដេក មុខរាប់ភ្លេច គ្មានអ្នកណាខ្វល់ ថែមទាំងគិតថាខ្លួនឯងអស្ចារ្យទៀត? តើស្ដង់ដារថោកទាបបែបណា ដែលឱ្យសិទ្ធិឯងធ្វើបាបចិត្តមនុស្សស្រីដល់ថ្នាក់ហ្នឹង?

សណ្ដានពួកអាអស់នេះថោកណាស់! វាគិតថាលុយវារកបានឱ្យប្រពន្ធ គឺវាឡូយ វាមហាសែនអស្ចារ្យណាស់ទៅហើយ។ អើ! ឯងពិតជាពូកែរកលុយមែន... តែបើចរិត និងសណ្ដានក្បត់ ថោកទាប គ្មានបេះដូងអញ្ចេះ ហ៊ាននិយាយឱ្យចំហមុខតែម្តងថា៖ ទោះបីជាមនុស្សប្រុសងាប់អស់ពីផែនដី សល់តែឯងជាសត្វឈ្មោលចុងក្រោយ ក៏គ្មាននារីដែលមានតម្លៃណាម្នាក់ ព្រមជ្រើសយកឯងមកធ្វើជាប្តីដែរ!

លុយរបស់ឯង អាចទិញបានតែស្រីលក់ខ្លួន និងសម្បកក្រៅមួយគ្រាប៉ុណ្ណោះ តែវាគ្មានថ្ងៃទិញបាននូវ «ក្ដីគោរព» និង «ស្នេហ៍ស្មោះ» ពីមនុស្សស្រីឡើយ។ អានហើយ... បើនៅមានឈាមជាមនុស្សរត់ក្នុងខ្លួន ចេះខ្មាសអៀនអំពើថោកទាបរបស់ខ្លួនឯងខ្លះផង!

រៀបចំអត្ថបទដោយ: ជន រតនៈ

13/08/2026

ជឿទេ? នៅក្នុងសម័យកាលដែលមនុស្សភាគច្រើនប្រកួតប្រជែងគ្នាតាមរយៈសម្ភារនិយម និងសម្បកក្រៅ ជីវិតដែលស្ងប់ស្ងាត់ គ្មានបំណុល និងគ្មានសម្ពាធ គឺជាសេចក្តីសុខ និងជាទ្រព្យសម្បត្តិដ៏ពិតប្រាកដបំផុតដែលមនុស្សជាច្រើនលួចស្រមៃចង់បាន។

ទូរស័ព្ទរាងចាស់ស៊េរីបន្តិចមែន ប៉ុន្តែបើវានៅតែអាចថតរូបបានច្បាស់ អាចខលចេញចូល និងប្រើប្រាស់ការងារប្រចាំថ្ងៃបានយ៉ាងរលូន តើចាំបាច់អីត្រូវរត់តាមស៊េរីថ្មីដើម្បីតែបង្អួតភ្នែកអ្នកដទៃ? ម៉ូតូដែលជិះរាល់ថ្ងៃ រាងចាស់គ្រាំគ្រាបន្តិចមែន ពិតមែនតែវាមិនទាន់សម័យ ឬឡូយឆាយដូចគេ តែឱ្យតែយើងស្គាល់ថែទាំ ដូរប្រេងម៉ាស៊ីនឱ្យបានទៀងទាត់ វានៅតែអាចឌុបយើងទៅដល់គោលដៅប្រកបដោយសុវត្ថិភាព ស្ទុះទៅមុខបានយ៉ាងរលូន ដោយមិនដែលធ្វើឱ្យយើងពិបាកចិត្តតាមផ្លូវឡើយ។

ការរស់នៅផ្ទះជួលក៏ដូចគ្នា វាមិនមែនជារឿងអាក្រក់ ឬជាបរាជ័យនៃជីវិតនោះទេ។ កុំដោយសារតែខ្លាចគេមើលងាយ ឬចង់បានឈ្មោះថាមានផ្ទះជារបស់ខ្លួនឯង រហូតដល់សុខចិត្តរត់ទៅបង់រំលោះផ្ទះទាំងត្រដរ ទាញបំណុលរាប់ម៉ឺនដុល្លារមកទាក់ក រហូតដេកភ័យរាល់ចុងខែនោះឡើយ។ រស់នៅក្នុងកម្រិតដែលអាចទ្រទ្រង់បាន រង់ចាំរហូតដល់ប្រាក់ចំណូល និងជីវភាពរបស់យើងរឹងមាំជាងនេះបន្តិច សឹមគិតគូរពីរឿងទិញផ្ទះ ឬវិនិយោគធំដុំ ក៏វាមិនទាន់ហួសពេលដែរ។ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺភាពស្ងប់ចិត្ត និងសេរីភាពហិរញ្ញវត្ថុក្នុងដៃ។

រស់នៅក្នុងជីវិតជាខ្លួនឯង គ្មានអ្វីត្រូវអៀនខ្មាស ឬត្រូវខ្វល់ខ្វាយពីខ្សែភ្នែកអ្នកដទៃឡើយ។ នៅក្នុងពិភពលោកដ៏មមាញឹកនេះ គ្មានអ្នកណានៅទំនេរចាំតាមដាន ឬខ្វល់ខ្វាយពីជីវិតយើងពិតប្រាកដនោះទេ។ ប្រសិនបើមាន ក៏មានតែមនុស្សមួយចំនួនតូចដែលច្រណែន និងមិនចូលចិត្តយើងប៉ុណ្ណោះ។ មនុស្សប្រភេទនេះ គេមិនចង់ឃើញយើងល្អជាងគេទេ តែគេចូលចិត្តលួចមើលជីវិតយើងពីចម្ងាយទាំងក្តៅក្រហាយ និងចាំតែមើលបំណាំ។ ដូច្នេះ តើយើងចាំបាច់ទៅខ្វាយខ្វល់ ឬរស់នៅតាមមាត់របស់មនុស្សប្រភេទហ្នឹងធ្វើអ្វី?

អ្វីដែលជាចំណុចសំខាន់ និងមានតម្លៃបំផុតសម្រាប់ជីវិតយើងនៅពេលនេះ គឺយើងនៅតែមានលុយដកសន្សំបានខ្លះរៀងរាល់ខែ។ ថវិកាសន្សំទាំងនោះហើយ ដែលជាខែលការពារយើងនៅពេលមានអាសន្ន និងជាដើមទុនសម្រាប់ត្រៀមលទ្ធភាពចាប់យកឱកាសរកស៊ី ឬវិនិយោគខ្នាតតូចណាមួយនៅថ្ងៃខាងមុខ។

មានបាយហូបឆ្ងាញ់ពេញមាត់ មានទឹកផឹកគ្រប់គ្រាន់ ល្ងាចឡើងក្បាលដល់ខ្នើយដេកលក់ស្រួល គ្មានសម្ពាធបំណុលមកអង្រួនបេះដូងឱ្យភ័យព្រួយ។ ចុងខែមកដល់ មានលុយសន្សំទុកក្នុងកុងខ្លះ និងមានលទ្ធភាពជួយសម្រាលទុក្ខធុរៈពុកម៉ែ ដោយផ្ញើថវិកាបន្តិចបន្តួចជូនគាត់ឱ្យមានស្នាមញញឹម... ទោះបីជាជីវិតយើងនៅពេលនេះ មិនទាន់ស្ទុះទៅដល់គោលដៅធំដុំ ឬមានបានហ៊ឺហារដូចអ្នកដទៃក៏ដោយ ប៉ុន្តែជីវិតដែលសាមញ្ញ គ្មានបំណុល ស្រាលក្បាល និងមានសេរីភាពផ្លូវចិត្តបែបនេះ គឺជាសេចក្តីសុខដ៏ពិតប្រាកដដែលលុយក៏មិនងាយទិញបានដែរ។

រៀបចំអត្ថបទដោយ: ជន រតនៈ

Address

Phnom Penh
120101

Website

Alerts

Be the first to know and let us send you an email when អានចោល - Read & Release posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category