15/10/2025
ប្រមុខនៃក្តីវិនាស ១២ ប្រការ
ទី ១ - បុគ្គលអ្នកទ្រុស្តធម៌ ស្អប់ធម៌
ពាក្យថា "ធម៌" មានអត្ថន័យច្រើនណាស់ ប៉ុន្តែនៅទីនេះ ក្នុងន័យទូលាយ ធម៌ មានន័យថា ការបង្រៀន ឬ សភាវៈពិត ។ នៅក្នុងន័យចង្អៀត ធម៌ គឺជាការបង្រៀនរបស់ព្រះពុទ្ធ ។ សូមកុំច្រឡំការបង្រៀនរបស់ព្រះពុទ្ធ និង ធម៌សម្រាប់សូត្រពេលបុណ្យទាននានា ។ ដោយសារនៅទីនេះ ធម៌ ផ្តោតជាពិសេសទៅលើសេចក្តីពិត, ច្បាប់ធម្មជាតិ ឬ វិទ្យាសាស្ត្រ ដូច្នេះមនុស្សដែលស្រឡាញ់សេចក្តីពិត អនុវត្តតាមច្បាប់វិទ្យាសាស្ត្រនឹងចេះស្វែងរកទិន្នន័យឬព័ត៌មានត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់សម័យសម្រាប់ធ្វើការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតឬបញ្ញាញាណ ។ ពួកគេរស់នៅមានសេរីភាព រួចផុតពីសេចក្តីបង្រៀនក្លែងក្លាយទាំងឡាយ ដែលជាអន្ទាក់, សំណាញ់, ឬរនាំងហ៊ុំព័ទ្ធបិទបាំងពួកគេមិនឲ្យមើលឃើញការពិត ។ មនុស្សជឿលើសេចក្តីពិតតាមបែបវិទ្យាសាស្ត្រនឹងរស់នៅប្រកបដោយសេចក្តីសុខស្ងប់ គ្មានការរវល់អំពល់ទុក្ខ ឬភ័យព្រួយបង្កឡើងដោយការបន្លាច ឬការអូសទាញឲ្យជឿទៅលើសេចក្តីជំនឿឥតហេតុផល ឬអរូបិយជំនឿទាំងឡាយ ដូចជាជំនឿថាមានមនុស្ស, សត្វ ឬហេតុការណ៍អស្ចារ្យ ស្ថាននរក ស្ថានសួគ៌ ខ្មោច ប្រេត អតីតជាតិ អនាគតជាតិ ទេវតា ព្រហ្ម ឬអាទិទេពជាដើម ។ ជារួម មនុស្សជឿសេចក្តីពិត មិនងាយសម្រេចចិត្តជឿតាមសម្តីពន្យល់ឬសេចក្តីបង្រៀនណាមួយដែលមិនទាន់មានការសិក្សាស្រាវជ្រាវពិសោធន៍ល្អិតល្អន់ដោយអ្នកវិទ្យាសាស្ត្រនោះឡើយ ។ ចំណែកមនុស្សដែលមិនស្វែងយល់សេចក្តីពិត ពួកគេនឹងធ្លាក់ចូលក្នុងសេចក្តីបង្រៀនក្លែងក្លាយ ដែលនាំទៅដល់ការខាតបង់ពេលវេលា ទ្រព្យសម្បត្តិ និង ជីវិតក៏អាចមាន ។ មនុស្សនៅក្នុងក្រុមនេះនឹងធ្វើខ្លួនងាយឲ្យមនុស្សដទៃបោកបញ្ឆោត បំភ័យ ឬអូសទាញឲ្យធ្វើអំពើផ្សេងៗដែលគ្មានភាពប្រកដនិយម ដូចជាត្រូវគេបោកឲ្យជឿលើការសាក់លើខ្លួនប្រាណ ការទិញកន្សែងយ័ន្ត, ការទិញថ្នាំបុរាណធ្វើពីឫសឈើឬសត្វងាប់, ការស្រោចទឹកលើករាសី, ការទស្សន៍ទាយមើលអនាគត, ពិធីសែនព្រេន ជំនឿហោះហើរដើរលើអាកាស ឬការវិនិយោគទុនបោកប្រាសតាមបែបពីរ៉ាមីដ ។ មនុស្សក្រុមនេះនឹងងាយត្រូវគេបញ្ឆោតឲ្យចំណាយពេលវេលា ទ្រព្យសម្បត្តិ ឬជីវិតទៅលើគោលលទ្ធិមួយ ។ ពួកគេនឹងក្លាយទៅជាមនុស្សយន្តធ្លាក់ចូលក្នុងការបញ្ជារបស់ជនបោកប្រាស់ដែលរង់ចាំឱកាសកេងប្រវ័ញ្ចយកប្រយោជន៍ទៅបម្រើបុគ្គលផ្ទាល់ខ្លួនឬបក្សពួករបស់គេ ។ មនុស្សមិនស្រឡាញ់ការពិត ឬសេចក្តីបង្រៀនតាមបែបវិទ្យាសាស្ត្រនឹងសម្រេចចិត្តយ៉ាងងាយដោយមិនបានគិតពិចារណាឲ្យបានត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រ ។
ទី ២ - សេពគប់នឹងជនជាអសប្បុរស
ដើម្បីយល់ច្បាស់អត្ថន័យនៅក្នុងគោលការណ៍មួយនេះ យើងត្រូវសិក្សាពាក្យសប្បុរស និង អសប្បុរសឲ្យបានល្អិតល្អន់ ជាមុនសិន ។ ពាក្យថា សប្បុរស គឺបុរស (មនុស្សប្រុសក្តី ស្រីក្តី) ជាអ្នកស្ងប់ មិនធ្វើអំពើអាក្រក់ដោយកាយ វាចា ឬចិត្ត ។ សប្បុរសជន ជាមនុស្សប្រព្រឹត្តល្អ ត្រឹមត្រូវតាមច្បាប់រដ្ឋនិងច្បាប់សាសនា ។ សប្បុរសជនជាមនុស្សរស់នៅចុះសម្រុងនឹងមនុស្សដទៃនៅក្នុងសហគមន៍ ឬសង្គមជាតិទាំងមូល ។ ពួកសប្បុរសជនគោរពសិទ្ធិមនុស្សយ៉ាងខ្ជាប់ខ្ជួន និង មានមេត្តាករុណាដល់សត្វ និង រុក្ខជាតិនៅលើផែនដី ។ សប្បុរសជនមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួនឬប្រយោជន៍របស់ក្រុមបក្សខ្លួននោះទេ ។ ពួកគេចេះជួយឧបត្ថម្ភមនុស្សដទៃដែលជាជនល្ងិតល្ងង់ឲ្យមានប្រាជ្ញា ជួយជនរងទុក្ខឲ្យមានសេរីភាព ជួយជនក្រីក្រស្រេកឃ្លានឲ្យទទួលបានអាហារបរិភោគ ជួយជនខ្វះទីជម្រកឲ្យមានគេហដ្ឋានត្រឹមត្រូវ បង្រៀនមនុស្សខ្វះទ្រព្យសម្បត្តិឲ្យចេះប្រកបអាជីពត្រឹមត្រូវសម្រាប់ជួយយឹតយោងខ្លួននិងគ្រួសារ ។ លើសពីនោះទៀត សប្បុរសជនប្រដៅបង្រៀនកូនចៅរបស់ពួកគេឲ្យចេះគោរពមនុស្សដទៃដោយគ្មានការរើសអើងវណ្ណៈ ឬសាសនា ។ ពួកគេចេះគោរពសេចក្តីសម្រេចចិត្តរបស់មនុស្សដទៃ ស្តាប់យោបល់ល្អរបស់មនុស្សផ្សេងទៀតដើម្បីកែលម្អខ្លួនគេឲ្យកាន់តែប្រសើរ ។ ការសម្រេចចិត្តរបស់សប្បុរសជន គឺធ្វើឡើងបន្ទាប់ពីពួកគេបានសិក្សាស្រាវជ្រាវរាវរកព័ត៌មានត្រឹមត្រូវ និង ប្រឹក្សាយោបល់ជាមួយមនុស្សមានបទពិសោធន៍ច្រើន ឬជនជាបណ្ឌិត ។ ការប្រតិបត្តិជីវិតតាមមាគ៌ារបស់សប្បុរសជននឹងធ្វើឲ្យមនុស្សរស់នៅយ៉ាងសុខស្ងប់ ចម្រុងចម្រើន និង សន្តិភាពនៅក្នុងសង្គម ។ ហេតុដូច្នេះហើយទើបបុរាណាចារ្យប្រដៅឲ្យមនុស្សជំនាន់ក្រោយសេពគប់រាប់រកមនុស្សជាសប្បុរសជន ។
ផ្ទុយពីសប្បុរសជន មនុស្សជាអសប្បុរសជនខ្វះខាតគុណសម្បត្តិទាំងឡាយដែលសប្បុរសជនមានដូចបានរៀបរាប់ខាងលើស្រាប់ ។ ពិនិត្យមើលពីជ្រុងជ្រោយទ្រព្យសម្បត្តិ ទោះបីអសប្បុរសជនមានទ្រព្យច្រើនសន្ធឹកយ៉ាងណា ក៏មនុស្សនៅក្នុងក្រុមនេះមិនអើពើចែករំលែកទ្រព្យរបស់ខ្លួនធ្វើជាប្រយោជន៍ដល់មនុស្សដទៃ ដូចជាការចែកទានដោយផ្ទាល់ដល់ជនក្រីក្រ ឬការបង្កើតមូលនិធិសម្រាប់ជួយសិស្សនិស្សិតក្រីក្រ កសាងសាលារៀន មន្ទីរពេទ្យ ឬផ្លូវថ្នល់ ដែលជាប្រយោជន៍ដល់សហគមន៍ទាំងមូលនោះទេ ។ កុំថាឡើយដល់ទៅការចែករំលែកទ្រព្យសម្បត្តិរបស់ខ្លួនដល់មនុស្សដទៃ អសប្បុរសជនមិនរវល់អើពើចំណាយពេលវេលាស្ម័គ្រចិត្តជួយកិច្ចការសង្គម ដូចជាការជួយបង្ហាត់បង្រៀនជនល្ងិតល្ងង់ ការជួយកិច្ចការវត្តវ៉ាអារាម សាលារៀន ឬមន្ទីរពេទ្យជាដើម ។
អសប្បុរសជនសម្រេចចិត្តធ្វើអ្វីមួយតែងឈរលើមូលដ្ឋានទាញយកប្រយោជន៍មកដល់ខ្លួនឬបក្សពួករបស់ខ្លួនជាមុន ។ អសប្បុរសជនទាញយកគ្រប់ហេតុផលដើម្បីបន្តអំពើរើសអើងវណ្ណៈ ជំនឿសាសនា និង ពណ៌សម្បុណ៌ស្បែករបស់មនុស្សដទៃដែលមិនមែននៅក្នុងវណ្ណៈរបស់ពួកគេ ។
ដើម្បីជាភស្តុតាងសម្រាប់អះអាងចំណុចទាំងពីរខាងលើនេះ សូមយើងនាំគ្នាពិនិត្យមើលសង្គមមនុស្សនៅប្រទេសឥណ្ឌានៅសម័យព្រះពុទ្ធ ថាតើសប្បុរសជន និង អសប្បុរសជន បានគិតពិចារណា និង ធ្វើសកម្មភាពអ្វីខ្លះសម្រាប់ខ្លួនគេនិង បក្សពួករបស់គេ ។ នៅប្រទេសឥណ្ឌា មនុស្សត្រូវបានបែងចែកចេញជា ៤ វណ្ណៈធំៗ ពោលគឺ វណ្ណៈព្រាហ្មណ៍ វណ្ណៈក្សត្រ វណ្ណៈវេស្សៈ និង វណ្ណៈសូទ្រៈ ។ ជាទូទៅមនុស្សវណ្ណៈព្រាហ្មណ៍ ទាញយកហេតុផលថា ពួកគេជាមនុស្សកើតមកពីមាត់មនុស្សទេពឈ្មោះ "មនុ" ឬកើតមកពីព្រះឱស្ឋរបស់ព្រះព្រហ្ម ដែលធ្វើឲ្យពួកគេជាមនុស្សខ្ពង់ខ្ពស់ជាងមនុស្សមកពីវណ្ណៈដទៃ ។ ពួកមនុស្សវណ្ណៈព្រាហ្មណ៍បានបង្កើតគម្ពីរ មនុ សស្ត្រៈ ដើម្បីបោកប្រាស់ កេងប្រវ័ញ្ច ជិះជាន់មនុស្សនៅវណ្ណៈក្រោមៗ ជាពិសេសមនុស្សចណ្ឌាល (ជនក្រៅវណ្ណៈ) ដោយគ្មានសុភវិនិច្ឆ័យឡើយ ។ ទោះបីមកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលឥណ្ឌាមានច្បាប់រដ្ឋធម្មនុញ្ញ ដែលការពារសិទ្ធិរបស់ជនក្រៅវណ្ណៈទាំងឡាយក៏ដោយ ក៏មនុស្សនៅវណ្ណៈព្រាហ្មណ៍ និង វណ្ណៈក្សត្រ បន្តជិះជាន់ កេងប្រវ័ញ្ច និង រើសអើងមនុស្សវណ្ណៈវេស្សៈ សូទ្រៈ និង ជនក្រៅវណ្ណៈ (ចណ្ឌាល) ជានិច្ច ។ រឿងនិទានអំពីជីវិតរបស់តួអង្គព្រះពុទ្ធបានឆ្លុះបញ្ចាំងឲ្យឃើញការរើសអើងវណ្ណៈដ៏តឹងតែងនៅក្នុងសង្គមឥណ្ឌានាសម័យបុរាណ ។ មាតាបិតារបស់ព្រះពុទ្ធគឺជាមនុស្សនៅក្នុងវណ្ណៈក្សត្រ (ម្ចាស់ដី) ដែលតែងប្រមូលភោគផលកសិកម្មពីប្រជាកសិករនៅក្នុងវណ្ណៈសូទ្រៈ និងមនុស្សក្រៅវណ្ណៈ ។ អំពើជិះជាន់ កេងប្រវ័ញ្ច និង រើសអើងវណ្ណៈ បានបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀតដោយគ្មានការកែប្រែ ដោយសារពួកមនុស្សនៅវណ្ណៈខាងលើ (វណ្ណៈព្រាហ្មណ៍ និង វណ្ណៈក្សត្រ) បានចូលដៃឃុបឃិតគ្នាបង្កើតជាគម្ពីរសាសនាច្រើនរាប់មិនអស់សម្រាប់បិទបាំងគំនិតអាក្រក់របស់ពួកគេ និង សម្រាប់បំបាក់ផ្នត់គំនិតមនុស្សដទៃទៀតឲ្យទ្រាំទទួលយកគម្ពីរសាសនាទាំងនោះព្រោះជាបំណងរបស់ព្រះអាទិទេព ។ គម្ពីរសាសនា និង ពិធីសាសនាច្រើនស្អេកស្កះទាំងនោះបានក្លាយទៅជាឧបករណ៍សម្រាប់គាបសង្កត់ផ្នត់គំនិតមនុស្សនៅវណ្ណៈក្រោមៗឲ្យបន្តទ្រាំទ្រទទួលយកស្ថានភាពជីវិតរបស់ខ្លួនដោយគ្មានការពិចារណា ឬងើបប្រឆាំងនឹងអំពើអយុត្តិធម៌សោះ ។ ពួកអសប្បុរសជននៅវណ្ណៈខាងលើបន្តពន្យល់ពួកមនុស្សនៅវណ្ណៈក្រោមថា មូលហេតុដែលធ្វើឲ្យពួកខ្លួនមានទ្រព្យសម្បត្តិច្រើន រស់នៅសុខស្រួល មានបាវបម្រើច្រើននៅជាតិនេះ គឺមកពីពួកខ្លួនបានធ្វើបុណ្យច្រើនពីជាតិមុនៗ ហើយមូលហេតុដែលធ្វើឲ្យពួកមនុស្សនៅវណ្ណៈក្រោមៗក្លាយជាជនក្រីក្រដូច្នេះ គឺមកពីពួកគេបានធ្វើកម្មអាក្រក់ ឬថាមិនបានធ្វើបុណ្យច្រើនពីជាតិមុនៗ ។ ដូច្នេះពួកគេត្រូវស៊ូទ្រាំខាំមាត់សង្កត់ចិត្តទទួលយកស្ថានភាពក្រីក្រនៅក្នុងជាតិនេះ ហើយខំធ្វើបុណ្យដាក់ទានឲ្យបានច្រើន ដើម្បីអាចកើតមកម្តងទៀតនៅជាតិក្រោយ ជាសេដ្ឋីមានបាវបម្រើច្រើន ដូចពួកវណ្ណៈព្រាហ្មណ៍ និង វណ្ណៈក្សត្រ ។ ការបកស្រាយបង្វែទិសរបៀបនេះទទួលបានផលរហូតមករាប់រយជំនាន់ មនុស្សនៅវណ្ណៈក្រោមមិនហ៊ានងើបឡើងប្រឆាំងនឹងមនុស្សនៅវណ្ណៈខាងលើដើម្បីទាមទារយកសិទ្ធិសេរីភាពរបស់ខ្លួនទេ ។ មកដល់សម័យកាលព្រះពុទ្ធ មនុស្សជាច្រើនបានជួបប្រាស្រ័យទាក់ទងគ្នាដើម្បីដោះដូរទំនិញព្រមទាំងគំនិតថ្មីៗ និង បច្ចេកវិទ្យាទំនើបៗ ដែលធ្វើឲ្យមនុស្សជាច្រើនចាប់ផ្តើមសួរដេញដោលអំពីទ្រឹស្តីទាំងឡាយដែលមានចែងនៅក្នុងគម្ពីរវេទរបស់ពួកព្រាហ្មណ៍ថាតើវាមានភាពប្រាកដនិយមក្នុងកម្រិតណា ។ ព្រះពុទ្ធក៏ជាទស្សវិទូម្នាក់ក្នុងចំណោមទស្សនវិទូទាំងឡាយដែលបានមើលឃើញអំពើអយុត្តិធម៌នៅក្នុងសង្គមឥណ្ឌានៅសម័យនោះ ។ ព្រះអង្គបានដេញដោល និង បដិសេធទ្រឹស្តីទាំងឡាយដែលបានចែងនៅក្នុងគម្ពីរវេទដែលព្រះអង្គបានរៀនសូត្រជាមួយគ្រូតាំងពីកុមារភាពមក ។ ព្រះអង្គបានតស៊ូស្វិតស្វាញប្រឆាំងនឹងការបែងចែក និង រើសអើងវណ្ណៈ ។ បិតារបស់ព្រះអង្គក៏ជាមនុស្សនៅក្នុងក្រុមរើសអើងវណ្ណៈដែរ ។ សេចក្តីបង្រៀនរបស់ព្រះពុទ្ធបានធ្វើឲ្យមនុស្សនៅក្នុងវណ្ណៈក្រោមពេញចិត្ត និង យកទៅអនុវត្តតាម ក៏ប៉ុន្តែសេចក្តីបង្រៀននោះបានធ្វើឲ្យមនុស្សនៅវណ្ណៈខាងលើខឹងសម្បាយ៉ាងខ្លាំង ។ បដិវត្តន៍ខាងគំនិតរបស់ព្រះពុទ្ធបានហុចផលយ៉ាងសម្បើមដោយមានមនុស្សជាច្រើនបានងាកទៅប្រតិបត្តិតាមសេចក្តីបង្រៀនរបស់ព្រះអង្គ ដែលធ្វើឲ្យសង្គមមានយុត្តិធម៌ មនុស្សមានសិទ្ធិសេរីភាព ។ មនុស្សចាប់ផ្តើមយល់អំពីតម្លៃនៃពាក្យថា មេត្តា ករុណា ចំពោះគ្នាទៅវិញទៅមក ។ ប្រជាជនចាប់ផ្តើមបោះបង់ពិធីខាងសាសនាដែលពួកព្រាហ្មណ៍បានបង្ខំឲ្យធ្វើរាប់ពាន់ឆ្នាំកន្លងទៅ ។ នេះគឺជាឧទាហរណ៍បញ្ជាក់អំពីផលប្រយោជន៍នៃការសេពគប់មិត្តជាសប្បុរសជន និង ផលអាក្រក់បានពីការសេពគប់មិត្តជាអសប្បុរសជន ។
ទី ៣ - កិរិយាដេក, និយាយ, ខ្ជិល, ខឹងច្រើន
នៅក្នុងគោលការណ៍នេះ មានកិរិយាខាងរាងកាយសំខាន់ៗចំនួន ៤ ដែលយើងគួរពិចារណា និង ទាញយកភស្តុតាងមកអះអាងការពារគំនិតនីមួយៗឲ្យបានច្បាស់លាស់ ។ មនុស្ស និង សត្វគ្រប់រូបតែងមាន និង ប្រើប្រាស់កិរិយាទាំង ៤ នេះប្រចាំថ្ងៃ ដើម្បីឲ្យរាងកាយប្រព្រឹត្តទៅប្រកបដោយតុល្យភាព និង សុខភាព ។ យើងសូមផ្តោតយកតែមនុស្សហើយសុំមិនលើកជីវិតសត្វមកបរិយាយនៅទីនេះទេ ។
កិរិយាទី ១ គឺការដេក ។ ជាទូទៅ មនុស្សត្រូវចំណាយពេល ៨ ម៉ោង សម្រាប់ដេកសម្រាក ដើម្បីឲ្យខួរក្បាលត្រជាក់ផង និង ទុកពេលឲ្យរាងកាយបញ្ចេញចោលសារជាតិគីមីពុលដែលសល់នៅក្នុងខ្លួន និង ខួរក្បាល ផង ។ លើសពីនោះទៀត ក្នុងពេលដេកលង់លក់ ខួរក្បាលមនុស្សចាប់ផ្តើមរៀបចំព័ត៌មានដែលទទួលបានកាលពីពេលភ្ញាក់ដឹងខ្លួន (ព័ត៌មានទទួលបានតាមរយៈភ្នែក, ត្រចៀក, អណ្តាត, ច្រមុះ, ស្បែក, និង ចិត្ត) ឲ្យមានសណ្តាប់ធ្នាប់ត្រឹមត្រូវ ។ ព័ត៌មានណាដែលគ្មានប្រយោជន៍ ខួរក្បាលមនុស្សនឹងបោះបង់ចោលដើម្បីទុកលំហសម្រាប់រក្សាទុកព័ត៌មានដែលមានប្រយោជន៍ ។ ចំពោះព័ត៌មានដែលមានប្រយោជន៍វិញ ជាពិសេសព័ត៌មានទាក់ទងនឹងទីកន្លែងមានម្ហូបចំណី សុវត្ថិភាព និង វិធីការពារខ្លួនឲ្យរួចផុតពីគ្រោះថ្នាក់ជាដើម ត្រូវបានខួរក្បាលយកទៅតម្រៀបទុកតាមលំដាប់លំដោយសម្រាប់មនុស្សយកមកប្រើប្រាស់នៅពេលខាងមុខ ។ បន្ទាប់ពីដេកលក់បាន ៧ ឬ ៨ ម៉ោង មនុស្សម្នាក់ៗនឹងភ្ញាក់ឡើងប្រកបដោយអារម្មណ៍ភ្លឺថ្លា គិតដោះស្រាយបញ្ហាអ្វីមួយបានលឿន ព្រមទាំងមានប្រតិកម្មតបនឹងស្ថានភាពអាសន្នមួយយ៉ាងរហ័សរហួនផងដែរ ។ មនុស្សដែលដេកមិនគ្រប់គ្រាន់ច្បាស់ជាមានប្រតិកម្មយឺតៗ អាចបង្កគ្រោះថ្នាក់នៅពេលបើកបរ ឬបញ្ជាគ្រឿងយន្ត ចំណែកសិស្សានុសិស្សដែលដេកមិនគ្រប់គ្រាន់វិញក៏ពិបាកនឹងចងចាំមេរៀនដែលបានរៀនកាលពីថ្ងៃម្សិលមិញដែរ ។
ដូច្នេះ ការដេកគឺពិតជារឿងសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ទោះបីមនុស្សខ្លះត្រូវការពេលវេលាត្រឹម ៣ ទៅ ៤ ម៉ោងក៏អាចដេកលក់គ្រប់គ្រាន់ក៏ដោយ ។ សេចក្តីបង្រៀននៅក្នុងគោលការណ៍ទី ៣ នេះ គឺ កុំចំណាយពេលដេកលើសពីសេចក្តីត្រូវការរបស់រាងកាយ ។ ការចំណាយពេល ៩ ឬ ១០ ម៉ោង សម្រាប់ដេកពួន គឺពិតជាបង្ហិនពេលវេលាសំខាន់លើសពី ១ ភាគ ៣ ក្នុងមួយថ្ងៃសម្រាប់ធ្វើការងារជាប្រយោជន៍ដល់ខ្លួនឯង ដល់គ្រួសារ និង សង្គម ។ បើយើងពិចារណាពីជ្រុងជ្រោយសុខភាព ការដេកច្រើនក៏នឹងបង្កឲ្យសាច់ដុំចុះខ្សោយ ឆ្អឹងងាយផុយស្រួយ តម្រងនោម និង សួតពិបាកធ្វើការ ។ ការដេកច្រើនពេកក៏នឹងបង្កឲ្យស្បែកខ្នងរលាក ហើយក្រពះក៏ពិបាករំលាយអាហារ ដែលបង្កទៅជារោគទល់លាមកក៏មាន ។ មានរោគជាច្រើនបង្កឡើងដោយសារតែការដេកច្រើនហួសសេចក្តីត្រូវការរបស់រាងកាយ ។ ដូច្នេះយើងមិនត្រូវដំអក់ទម្រន់មិនក្រោកពីគ្រែឬទីដេកនៅពេលដល់ម៉ោងត្រូវភ្ញាក់នោះទេ វៀរលែងតែករណីមានជម្ងឺ ។ ការពិសារគ្រឿងញៀនស្រវិងក៏នឹងបង្កឲ្យមនុស្សម្នាក់ៗត្រូវចំណាយពេលវេលាសម្រាប់ដេកពួនលើសពីសេចក្តីត្រូវការរបស់រាងកាយដែរ ។ ហេតុនេះយើងក៏ត្រូវជៀសវាងគ្រឿងញៀនឬស្រវឹងទាំងឡាយដែលបង្កបញ្ហាដល់សុខភាពខួរក្បាល សួត ថ្លើម និង តម្រងនោម ។
កិរិយាទី ២ គឺការនិយាយច្រើនហួសហេតុដែលមនុស្សគ្រប់រូបគួរកាត់បន្ថយ ។ ជាទូទៅ មនុស្សនិយាយប្រាស្រ័យទាក់ទងគ្នាជាប់ជាប្រចាំ ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង វិធីធ្វើការងារ និង ជួញដូរ ។ ការនិយាយគឺជាអំពើដែលរាងកាយមនុស្សប្រើសម្ពាធខ្យល់បញ្ចេញពីសួតដើម្បីបញ្ជាប្រអប់សំឡេងឲ្យមានចេញជាសំឡេងស្រែក ខ្សិប ឬនិយាយ ។ យើងឃើញថាមនុស្សម្នាក់ៗត្រូវប្រើថាមពលយ៉ាងច្រើនដើម្បីនិយាយទាក់ទងគ្នា ។ បើមនុស្សនិយាយតិច គាត់ក៏នឹងចំណាយថាមពលតិច បើគាត់និយាយច្រើន គាត់ក៏ចំណាយថាពលច្រើនដែរ ។ ពេលយើងដឹងការពិតដូច្នេះហើយ យើងត្រូវកាត់បន្ថយការនិយាយឲ្យបានតិចតាមអាចធ្វើបានដើម្បីសន្សំថាមពលទុកប្រើប្រាស់នៅក្នុងកាយវិការដទៃទៀត ។ មនុស្សមួយដែលចំនួនប្រកបអាជីពខ្លះៗដែលទាមទារការនិយាយច្រើន ដូចជាគ្រូបង្រៀន ភិក្ខុ មេធាវី ឬតំណាងរាស្ត្រ ។ ការនិយាយរបស់ពួកគាត់ភាគច្រើនជាការនាំប្រយោជន៍ដល់មនុស្សច្រើននាក់ ។ ប៉ុន្តែពួកគាត់ក៏ខាតបង់ថាមពលច្រើនណាស់ដែរនៅពេលនិយាយម្តងៗ ។ ប៉ុន្តែមនុស្សខ្លះបែរជាចង់បញ្ចេញសំដីរោយរាយព្រោកប្រាជ្ញឥតប្រយោជន៍តាមតៀមស្រា ឬវត្តវ៉ាអារ៉ាម ដោយគ្មានគោលដៅពិតប្រាកដ ព្រោះពួកនេះមានអំនួតខ្ពស់ និង ចង់ឲ្យមនុស្សដទៃកោតក្រែងខ្លួនថាជាអ្នកចេះដឹងច្រើន ។ ការនិយាយបែបនេះគឺជាការបង់ខាតថាមពលរបស់ខ្លួន ។ បើជ្រុលជានិយាយដើមអាក្រក់ឬបង្ខូចកិត្តិយសរបស់មនុស្សដទៃវិញ ជនព្រោកប្រាជ្ញឥតបានការទាំងនោះច្បាស់ជានឹងត្រូវគេជេរស្តីឬវាយប្រហារឲ្យឈឺសាច់ជាមិនខាន ។ បើនៅក្នុងវង់ជជែកវិញ មនុស្សនិយាយច្រើនមិនទុកឱកាសឲ្យដៃគូបញ្ចេញគំនិតរបស់គេទេ ។ នេះគឺពិតជាការខាតបង់ដ៏ធំមួយ ព្រោះថាមនុស្សម្នាក់ៗតែងមានគំនិតល្អរៀងៗខ្លន គ្រាន់តែគេមិនចង់បញ្ចេញឲ្យក្រុមពិភាក្សាដឹងព្រោះគាត់គ្មានឱកាស ។ ដូច្នេះមនុស្សនិយាយច្រើនគួរតែទុកឲ្យកាសស្តាប់យោបល់របស់មនុស្សដទៃ កុំគិតថាមានតែខ្លួនទេទើបមានយោបល់ល្អ ឬចេះដឹងច្រើនជាងគេ ។ ម្យ៉ាងទៀតការនិយាយច្រើននឹងនាំឲ្យបែកធ្លាយការណ៍សម្ងាត់ដែលនាំឲ្យជនបង្កប់លួចយកព័ត៌មានទៅប្រើសម្រាប់ធ្វើអំពើអាក្រក់ដល់ខ្លួនឬប្រទេសរបស់ខ្លួន ។
កិរិយាទី ៣ គឺភាពកំជិលដែលមនុស្សម្នាក់ៗត្រូវជៀសវាង ។ គ្មានជនណាម្នាក់អាចអួតអាងថាខ្លួនគេគ្មានភាពកំជិលនៅក្នុងខ្លួននោះឡើយ ។ មនុស្សម្នាក់ៗតែងមានភាពកំជិលនេះជាប់មកតាំងពីកំណើត ។ យើងខិតខំបង្កើតរបៀបធ្វើការងារ និង បង្កើតឧបករណ៍បច្ចេកវិជ្ជាផ្សេងៗ ដើម្បីធ្វើកិច្ចការមួយបានសម្រេចដោយប្រើពេលវេលាតិច ដើម្បីសន្សំពេលយកទៅសម្រាកលំហែកម្សាន្ត ពោលគឺភាពកំជិល ។ មនុស្សខ្លះបានជួលឬប្រើមនុស្សផ្សេងទៀតឲ្យធ្វើការងារជំនួសខ្លួនក៏មាន ។ ក្រុមមនុស្សមានអំណាចប្រើប្រាស់មនុស្សនៅក្រោមបង្គាប់ឲ្យធ្វើការងាររាប់ពាន់ប្រភេទជំនួសខ្លួន ។ ពួកម្ចាស់ដីប្រើកូនឈ្នួលធ្វើការងារកសិកម្មយ៉ាងលំបាកនិងផ្តល់ប្រាក់ឈ្នួលបន្តិចបន្តួចឬមិនឲ្យសោះក៏មាន ។ នោះហើយជាភាពកំជិលរបស់មនុស្ស ។ រីឯអ្នកវិទ្យាសាស្ត្រក៏បានស្វះស្វែងរកវិធីធ្វើការងារ ឬបង្កើតឧបករណ៍សម្រាប់ធ្វើការងារឲ្យបានច្រើនដោយប្រើពេលវេលានិងថាមពលតិចបំផុត ។ ឧទាហរណ៍ មនុស្សជំនាន់ដើមត្រូវធ្វើស្រែដោយប្រើសត្វជាជំនួយព្រោះខ្ជិលប្រើកម្លាំងរបស់ខ្លួន ហើយក្រោយមកមនុស្សក៏បានបង្កើតគ្រឿងយន្តជំនួសសត្វវិញព្រោះវាជួយឲ្យពួកគេសម្រេចគោលដៅឆាប់ ។ យើងលើកយកភាពកំជិលបែបទីមួយមកបង្ហាញសិនថា ភាពកំជិលមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ ។ យើងឲ្យឈ្មោះភាពកំជិលប្រភេទនេះថា "ទុកពេលស្វែងរកគំនិតល្អផ្សេងទៀតដើម្បីធ្វើការងារមួយឲ្យបានឆាប់និងប្រសើរជាងមុន" ។ ភាពកំជិលបែបនេះគឺមានប្រយោជន៍ច្រើនជាងការធ្វើការងារតាមវិធីដដែលៗ តាមក្បួនចាស់ តាមទម្លាប់ ដែលចំណាយពេល ឬកម្លាំងច្រើន និង បានផលតិច ។
ចំណែកឯភាពកំជិលដែលយើងត្រូវវៀរចាកឲ្យឆ្ងាយនោះគឺជាភាពកំជិលដែលមនុស្សម្នាក់មិនអនុវត្តតាមវិធីធ្វើការងារដ៏ប្រសើរដែលគេបានណែនាំ និង មិនរវល់គិតគូររកវិធីធ្វើការងារថ្មីដើម្បីសម្រេចគម្រោងណាមួយឡើយ ។ ឧទាហរណ៍ទី ១ កសិករម្នាក់ត្រូវភ្ជួរស្រែមួយហិកតាឲ្យចប់ក្នុងរយៈពេល ១០ ថ្ងៃ ។ ប្រសិនបើគាត់មានតែគោឬក្របីមួយនឹមនិងនង្គ័លតែមួយ ជាធម្មតាគាត់ត្រូវក្រោកពីព្រលឹមដើម្បីភ្ជួស្រែឲ្យបានយូរក្នុងមួយថ្ងៃៗ ។ ប៉ុន្តែគាត់បែជាខ្ជិលក្រោកពីព្រលឹម ហើយរង់ចាំថ្ងៃរះផុតព្រៃ ឬរង់ចាំជិតថ្ងៃត្រង់ទើបចេញទៅស្រែ ។ គាត់មិនអាចនឹងសម្រេចទិសដៅរបស់គាត់បានឡើយ ។ ជម្រើសទី ២ គាត់អាចជួលមនុស្សដទៃឲ្យមកជួយការងារនោះ ពេលនោះគាត់នៅតែអាចសម្រេចទិសដៅបាន ។ ប៉ុន្តែគាត់ខ្ជិលចំណាយប្រាក់ឬគ្មានប្រាក់សម្រាប់ចំណាយ ពេលនោះគម្រោងរបស់គាត់នឹងមិនអាចសម្រេចតាមទិសដៅដាក់ចុះឡើយ ។ ឧទាហរណ៍ទី ២ និស្សិតម្នាក់ត្រូវសរសេរនិក្ខេបបទកម្រាស់ ២០០ ទំព័រ ដើម្បីការពារគំនិតរបស់គាត់សម្រាប់បញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ។ គាត់ត្រូវបញ្ចប់គម្រោងនោះក្នុងរយៈពេល ១២ ខែ ដោយរាប់បញ្ចូលទាំងការរៀបចំគម្រោង ការចុះស្រាវជ្រាវយកទិន្នន័យ ការវិភាគទិន្ន័យ និង ការសរសេរនិក្ខេបបទផងដែរ ។ និស្សិតម្នាក់នោះខ្ជិលធ្វើកិច្ចការទាំងនោះនិងរង់ចាំជិតដល់ឆ្នាំបញ្ចប់សឹមចាប់ផ្តើមធ្វើការងារនោះ ។ ពេលវេលាចេះតែរំកិលទៅមុខគ្មានរង់ចាំនិស្សិតកំជិលនោះទេ ។ នៅចុងឆ្នាំគាត់គ្មានទាំងគម្រោង ទាំងទិន្នន័យ សម្រាប់សរសេរ ហើយក៏គ្មានឯកសារសម្រាប់បញ្ជាក់ថាគាត់បានធ្វើកិច្ចការទាំងនោះ ។ ឧទាហរណ៍ទី ៣ ភិក្ខុមួយអង្គត្រូវរៀនគម្ពីរព្រះត្រៃបិដកទាំង ១១០ ក្បាល និងគម្ពីរផ្សេងៗរបស់ពុទ្ធសាសនា និង របស់សាសនាផ្សេងៗទៀតឲ្យចេះចាំយ៉ាងស្ទាត់សម្រាប់យកទៅការពារគំនិតនៅពេលតស៊ូមតិ (សង្គាយនា) ជាមួយនឹងភិក្ខុដទៃនៅថ្ងៃប្រគួតប្រឡងបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ។ ភិក្ខុមួយអង្គនោះអានតែគម្ពីរព្រះត្រៃបិដកជាភាសាខ្មែរ និង ខ្ជិលអានសៀវភៅផ្សេងទៀត ។ ថ្ងៃប្រគួតបានឈានមកដល់ ការជជែកដេញដោលបានឈានឡើងដល់កម្រិតជ្រៅនិងលំបាកយ៉ាងខ្លាំង ។ ភិក្ខុជាដៃគូប្រគួតបានចោទសួរភិក្ខុកំជិលយ៉ាងចាស់ដៃ និង បានធ្វើឲ្យភិក្ខុកំជិលចាញ់ដៃអាម៉ាស់មុខ ខឹងចិត្តទៅសម្ងំសូធ្យរៀនបន្ថែមសម្រាប់ឡើងទៅប្រយុទ្ធនៅពេលក្រោយទៀត ។ ឧទាហរណ៍ទី ៤ បុរសម្នាក់ចង់ក្លាយជាមនុស្សមានទ្រព្យសម្បត្តិច្រើនប៉ុន្តែគាត់ខ្ជិលទៅប្រកបអាជីវកម្មឬធ្វើការងារបម្រើក្រុមហ៊ុនដទៃ ។ គាត់គិតថាបើគាត់ទៅកាស៊ីណូ គាត់អាចនឹងឈ្នះល្បែងបានប្រាក់ច្រើនសន្ធឹកក្នុងពេលឆាប់ៗ បើមិនដូច្នោះទេ គាត់អាចនឹងទិញឆ្នោតដែលអាចឲ្យគាត់ត្រូវបានប្រាក់រាប់លានដុល្លា ។ បុរសម្នាក់នោះបន្តទៅកាស៊ីណូដើម្បីលេងល្បែងគ្មានលោះថ្ងៃ ។ ថ្ងៃខ្លះក៏ឈ្នះ ថ្ងៃខ្លះក៏ចាញ់ ។ ជាសរុបគាត់ចាញ់ល្បែងអស់ប្រាក់រាប់ម៉ឺនដុល្លា ត្រូវបញ្ចាំផ្ទះដើម្បីយកប្រាក់ទៅលេងល្បែងទៀត ។ គាត់ក៏បានចំណាយប្រាក់សន្ធឹកណាស់ដែរដើម្បីទិញលេខឆ្នោត ។ ទីបំផុត ផ្ទះក៏អស់ ការងារក៏គ្មាន ព្រមទាំងជំពាក់ប្រាក់អ្នកដទៃយ៉ាងច្រើនទៀតផង ។ នេះជាលទ្ធផលនៃភាពកំជិល ដែលមនុស្សគ្រប់រូបគួរវៀរចាកឲ្យឆ្ងាយ ។
កិរិយាទី ៤ ការខឹងសម្បារ ដែលមនុស្សត្រូវកាត់បន្ថយឲ្យបានតិចបំផុត ។ មនុស្សគ្រប់គ្នាតែងមានអារម្មណ៍ខឹងស្បារ ទោះបីជាជនសាមញ្ញ ឬ អ្នកចេះដឹងខ្ពស់ក្លាយជាអរហន្តក៏ដោយ គ្រាន់តែកម្រិតនៃកំហឹងមានខុសគ្នាទៅតាមកម្រិតនៃភាពចេះដឹង និង ការចេះខន្តី ឬសណ្តោស ។ កំហឹងគឺជាអារម្មណ៍ឆេះក្តៅ ពុះកញ្ជ្រោលឡើងនៅក្នុងក្បាលរបស់បុគ្គលម្នាក់នៅពេលស្ថានភាពមួយមិនកើតឡើងតាមការរំពឹងទុក ឬ មនុស្សម្នាក់បង្កបញ្ហាឬមិនធ្វើការងារឲ្យសមនឹងចិត្តចង់បានរបស់បុគ្គលទីមួយនោះ ។ មនុស្សដែលមានខន្តី និង យល់ស្ថានការណ៍ ព្រមទាំងទុក្ខលំបាករបស់ជនដទៃ ក៏ចេះបន្ធូរអារម្មណ៍ខឹងបានឆាប់ និង មិនជះកំហឹងទៅលើជនទីពីរ ។ មនុស្សគ្មានខន្តី មិនស្វែងយល់ស្ថានការណ៍របស់ជនដទៃ នឹងបន្តរក្សាកំហឹងឲ្យឆេះងំនៅក្នុងក្បាលរបស់ខ្លួន រួចហើយជះកំហឹងនោះទៅលើជនទីពីរ និង មនុស្សនៅក្បែរខ្លួនដូចជាកូនចៅ ប្តីសី ឬ មនុស្សនៅក្រោមបង្គាប់ ។ សូម្បីរបស់មានតម្លៃ និង ជាទីស្រឡាញ់របស់ខ្លួនក៏មនុស្សមិនចេះទប់កំហឹងនោះនឹងវាយបំបែកឲ្យខ្ទេច ។ គ្មាននរណាម្នាក់ចង់រស់នៅក្បែរមនុស្សមិនចេះទប់កំហឹងសោះឡើយ ព្រោះកំហឹងរបស់បុគ្គលនោះនឹងឆ្លងដល់ខ្លួនមិនខាន ។ កំហឹងដែលមិនមានការទប់ស្កាត់ត្រឹមត្រូវគឺជាភាពចង្រៃដល់សីលធម៌ (moral hazard) ។
ការបកស្រាយខាងលើបានបង្ហាញឲ្យឃើញថា ការដេកច្រើន, ការនិយាយច្រើន, ភាពកំជិល, និង កំហឹងគ្មានការគ្រប់គ្រងគឺជាមូលហេតុនាំមកនូវក្តីវិនាសទី ៣ ។ ហេតុនេះបុគ្គលគ្រប់រូបគួរជៀសវាងឬកាត់បន្ថយការបញ្ចេញអារម្មណ៍ទាំងនោះឲ្យបានតិចបំផុតតាមអាចធ្វើបានដើម្បីអាចរស់នៅសុខចម្រើន និង ចុះសម្រុងជាមួយមនុស្សដទៃនៅក្នុងគ្រួសារ និង សហគមន៍ ។ មានវិធីប្រកបដោយប្រសិទ្ធភាពជាច្រើនដែលមនុស្សគ្រប់រូបគួររៀននិងប្រតិបត្តិតាមដើម្បីជួយខ្លួនឯងឲ្យជៀសវាងការដេកទ្រមក់ ការនិយាយច្រើន ភាពកំជិល និង កំហឹងឥតគម្របរបស់ខ្លួន ។
ទី ៤ - មិនចិញ្ចឹមមាតាបិតា
តាមច្បាប់ធម្មជាតិ មេបាសត្វប្រភេទខ្លះបង្កើតកូនដើម្បីបន្តពូជពង្សរួចហើយក៏បន្តរកចំណីមកបញ្ចុកកូនរហូតដល់កូនធំធាត់អាចស្វែងរកចំណីដោយខ្លួនឯង ។ មេបាសត្វខ្លះថែមទាំងបង្រៀនកូនឲ្យចេះរកចំណីអាហារ និង ជួយការពារកូនឲ្យរួចផុតពីសត្វដទៃដែលអាចចាប់កូនធ្វើជាចំណី ។ នៅពេលកូនធំធាត់ដឹងក្តី ពួកគេបន្តជីវិតដោយខ្លួនឯង និង ដើរតួនាទីជាមេបាដើម្បីបន្តពូជពង្សសត្វប្រភេទនោះបន្តទៀត ។ អ្នកវិទ្យាសាស្ត្រនៅមិនទាន់រកឃើញកូនសត្វប្រភេទណាមួយវិលត្រឡប់យកចំណីមកជួយមេបារបស់ខ្លួនទេ វៀរលែងតែមនុស្សប៉ុណ្ណោះ ។ មនុស្សក៏ជាពូជសត្វម្យ៉ាងដែរ ប៉ុន្តែមនុស្សជាសត្វមានភាសាពិសេសសម្រាប់ឆ្លើយឆ្លងគ្នា សម្រាប់បង្រៀនឬផ្ទេរចំណេះដឹង និង បច្ចេកវិជ្ជាទៅមនុស្សជំនាន់មួយទៀត ។ មនុស្សប្រើប្រាស់ភាសាពន្យល់គ្នាឲ្យចេះជួយបែងចែកចំណីអាហារ ជួយធ្វើការងារ និង ការពារគ្នាតាមលទ្ធភាពដែលពួកគេមាន ។ មនុស្សរស់នៅក្នុងកុលសម្ព័ន្ធ សហគមន៍ ឬ ប្រទេសជាមួយគ្នាបានបង្កើតច្បាប់ទម្លាប់សម្រាប់មនុស្សនៅក្នុងកុលសម្ព័ន្ធ សហគមន៍ ឬប្រទេសនោះ ។ មនុស្សបានបង្កើតច្បាប់សម្រាប់គ្រប់គ្រងកុលសម្ព័ន្ធឬរដ្ឋ និង ច្បាប់សាសនាដើម្បីឲ្យមនុស្សរស់នៅចុះសម្រុង និង ចេះជួយគ្នាដើម្បីឲ្យពូជមនុស្សអាចរស់នៅប្រកបដោយសេចក្តីសុខ ។ ការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា ភាគច្រើននៃច្បាប់សាសនាបានបង្រៀនមនុស្សជាកូនចៅទទួលយកភារៈចិញ្ចឹមឪពុកម្តាយដោយស្ម័គ្រចិត្ត និង ពេញចិត្ត ។ ឧទាហរណ៍ នៅក្នុងគម្ពីរព្រះត្រៃបិដកនៃពុទ្ធសាសនានិកាយថេរវាទ មានសេចក្តីបង្រៀនថា កូនមានតួនាទីចំពោះឪពុកម្តាយស្របតាមប្រការ ៥ យ៉ាង គឺ ១- ជួយចិញ្ចឹមបីបាច់, ២- ជួយធ្វើការងារជំនួស, ៣- ជួយការពារនិងរក្សាវង្សត្រកូល, ៤- ប្រតិបត្តិខ្លួនឱ្យត្រឹមត្រូវសមជាអ្នកទទួលនិងគ្រប់គ្រងមរតកពីពួកគាត់, និង ៥- ធ្វើបុណ្យទានជូនពួកគាត់ពេលពួកគាត់លាចាកលោកនេះ ។ ប៉ុន្តែមានមនុស្សមួយចំនួនមិនអនុវត្តតាមច្បាប់សាសនាទាំងនោះទេ ពោលគឺមិនខ្វល់ជួយចិញ្ចឹមឪពុកម្តាយរបស់ខ្លួនទោះបីពួកគេមានលទ្ធភាព និង សមត្ថភាពគ្រប់គ្រាន់ក៏ដោយ ។
យើងសង្កេតឃើញថាច្បាប់សាសនាគ្មានវិធីអ្វីដើម្បីចាប់បង្ខំពួកកូនទាំងនោះឲ្យអនុវត្តតាមច្បាប់ទាំងនោះទេ ក្រៅតែវិធីពីរយ៉ាង ពោលគឺ ទី ១ ការលើកទឹកចិត្តថាវាជាកិច្ចការដែលព្រះអាទិទេពដាក់ចុះឬទេវតានឹងជួយរក្សាពួកខ្លួនឲ្យមានសុវត្ថិភាព និង វិធីទី ២ គឺការនិយាយបំភិតបំភ័យដើម្បីបន្លាចឲ្យពួកកូនទាំងនោះទទួលយកនិងធ្វើតាម ។ យើងមិនត្រូវបន្ទោសពួកកូនៗថាពួកគេមិនចិញ្ចឹមឪពុកម្តាយឲ្យបានត្រឹមត្រូវ ដោយយើងមិនបានសិក្សាមើលអំពីលទ្ធភាពរបស់ពួកកូនៗទាំងនោះក្នុងការបំពេញកិច្ចការទាំងនោះឡើយ ។ ប្រសិនបើពួកកូនទាំងនោះគ្មានលទ្ធភាពធ្វើកិច្ចការទាំងនោះទេ តើអ្នកណាជាអ្នកជួយពួកគេ ? យើងត្រូវពិនិត្យមើលឲ្យហួសពីការទទួលខុសត្រូវរបស់ពួកកូនៗ និង ត្រូវសួរថាតើសហគមន៍ទាំងមូលមានតួនាទីអ្វីខ្លះដែលអាចជួយមនុស្សចាស់នៅក្នុងភូមិ និង ជួយបានក្នុងកម្រិតណា ? តើភិក្ខុសង្ឃអាចដើរតួជាអ្នកដឹកនាំប្រជាជនជាពុទ្ធបរិស័ទចំណុះជើងវត្តឲ្យចូលរួមគ្នាជួយពួកមនុស្សចាស់ទាំងនោះបានក្នុងកម្រិតណា ? តើប្រទេសទាំងមូលអាចបង្កើតច្បាប់ការពារមនុស្សចាស់បានក្នុងកម្រិតណា រាប់ទាំងការគោរពសិទ្ធិមនុស្ស និង សិទ្ធិទទួលបានការឧបត្ថម្ភត្រឹមត្រូវពីរដ្ឋាភិបាលទាំងផ្នែកចំណីអាហារ ទីជម្រក ការថែទាំសុខភាព និង សុខុមាលភាព ? ប្រសិនបើសហគមន៍ វត្តអារាម និង រដ្ឋាភិបាលរួមគ្នាជួយមនុស្សចាស់ទាំងឡាយ ពេលនោះបន្ទុកក្នុងការចិញ្ចឹមបីបាច់ឪពុកម្តាយនឹងមិនសូវជាធ្ងន់ពេកសម្រាប់ពួកកូនៗដើម្បីទទួលយកនោះឡើយ។
មានបន្ត----