Minimal Money

Minimal Money «លុយមិនមែនជាអ្វីគ្រប់យ៉ាង តែស្ទើតែគ្រប់យ៉ាងត្រូវប្រើលុយ»

គួរធ្វើម៉េចពេលចំណូលធ្លាក់ចុះ?១. កុំភ័យស្លន់ស្លោកុំសម្រេចចិត្តខ្ចីលុយ ឬលក់ទ្រព្យសម្បត្តិភ្លាមៗ។ ពិនិត្យមើលស្ថានភាពហិរញ្ញវ...
21/08/2026

គួរធ្វើម៉េចពេលចំណូលធ្លាក់ចុះ?

១. កុំភ័យស្លន់ស្លោ
កុំសម្រេចចិត្តខ្ចីលុយ ឬលក់ទ្រព្យសម្បត្តិភ្លាមៗ។ ពិនិត្យមើលស្ថានភាពហិរញ្ញវត្ថុរបស់អ្នកជាមុនសិន។
២. ពិនិត្យចំណូល និងចំណាយ
កត់ត្រាថា ចំណូលនៅសល់ប៉ុន្មាន និងចំណាយអ្វីខ្លះដែលចាំបាច់ ឬអាចកាត់បន្ថយបាន។
៣. ផ្តល់អាទិភាពលើការចំណាយចាំបាច់
ដូចជា៖ អាហារ ថ្លៃផ្ទះ ទឹក ភ្លើង ថ្នាំពេទ្យ និងការសិក្សា។ ពន្យារពេលការចំណាយដែលមិនចាំបាច់ បើអាចធ្វើបាន។
៤. រកវិធីបង្កើនចំណូល
ស្វែងរកការងារបន្ថែម លក់ផលិតផល ឬប្រើជំនាញដែលអ្នកមាន ដើម្បីបង្កើនចំណូល។
៥. ប្រើលុយសន្សំគ្រាអាសន្នឱ្យមានផែនការ
បើអ្នកមានលុយសន្សំគ្រាអាសន្ន សូមប្រើវាសម្រាប់តែការចំណាយចាំបាច់ប៉ុណ្ណោះ។
៦. ទាក់ទងម្ចាស់បំណុលបើមានបញ្ហា
បើពិបាកបង់សងតាមកាលកំណត់ សូមទាក់ទងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុឱ្យបានឆាប់ ដើម្បីពិភាក្សាអំពីដំណោះស្រាយ។
💡 ការធ្លាក់ចុះនៃចំណូលអាចកើតឡើងចំពោះនរណាក៏បាន។ ការរៀបចំផែនការហិរញ្ញវត្ថុ និងកែសម្រួលការចំណាយឱ្យទាន់ពេលវេលា អាចជួយឱ្យអ្នកឆ្លងកាត់ស្ថានភាពនេះបានកាន់តែងាយស្រួល។

19/08/2026

💸 យកបំណុលមិនខុសទេ បើប្រាកដថាមានលទ្ធភាពសង & ប្រើវាដើម្បីបង្កើនចំណូល 💸

ប្រាក់ខែខ្ទង់ 500$ គួរចាត់ចែងម៉េច បើមានបំណុល?អ្នកខ្លះមានចំណូលមិនដល់ 1,000$/ខែផង តែមានបន្ទុកចំណាយរាប់រយ ហើយមានបំណុលទៀត។ ត...
18/08/2026

ប្រាក់ខែខ្ទង់ 500$ គួរចាត់ចែងម៉េច បើមានបំណុល?

អ្នកខ្លះមានចំណូលមិនដល់ 1,000$/ខែផង តែមានបន្ទុកចំណាយរាប់រយ ហើយមានបំណុលទៀត។ តែយ៉ាងណាក៏ដោយ បើអ្នកទាំងអស់គ្នាមានប្រាក់ខែត្រឹម 500$ ក៏មិនមែនមានន័យថា អ្នកទាំងអស់គ្នាមិនអាចសន្សំ ឬដោះបំណុលបានទេ។ សំខាន់គឺ ឱ្យតែចាត់ចែងទុកដាក់ឱ្យបានត្រឹមត្រូវ មានផែនការ និងដឹងថាអ្វីគឺជាអាទិភាព។
បើមានចំណូល ឬប្រាក់ខែខ្ទង់ 500$/ខែ ការចាត់ចែងខាងក្រោមនេះ អាចយកជាគំរូ៖
1- ចំណាយចាំបាច់៖ ប្រហែល 60% = 300$
សម្រាប់ថ្លៃផ្ទះ អាហារ ដំណើរ ទឹកភ្លើង ទូរស័ព្ទ និងចំណាយចាំបាច់ផ្សេងៗ។ បើចំណាយចាំបាច់របស់អ្នកលើស 300$ ក៏មិនអីដែរ ប៉ុន្តែបើអាច គួរពិនិត្យមើលឡើងវិញថា តើមានចំណាយណាខ្លះដែលអ្នកទាំងអស់គ្នាអាចកាត់បន្ថយបាន ដើម្បីមានគ្រប់សម្រាប់ចំណាយចាំបាច់។
2- សងបំណុល៖ ប្រហែល 20% = 100$ (បើអាច បង់បំណុលកុំឱ្យលើស 30% នៃចំណូល)
បែងចែកលុយទុកបង់គេឱ្យដាច់ដោយឡែក កុំដាក់លាយលំជាមួយលុយចាយប្រចាំថ្ងៃ ដើម្បីការពារអត់លុយសងគេប្រចាំខែ។ បើមានបំណុលច្រើនកន្លែង គួរតែមានផែនការសងគេឱ្យច្បាស់លាស់។ បើអាច ផ្តោតលើបំណុលការប្រាក់ខ្ពស់មុនគេ កុំឱ្យខាតការប្រាក់ ហើយដាច់ខាតកុំយកបំណុលថែម បើមិនចាំបាច់ ឬបំណុលមិនបង្កើតចំណូល។
3- សន្សំគ្រាអាសន្ន៖ ប្រហែល 10% = 50$
ទោះកំពុងមានបំណុល ក៏មិនគួរភ្លេចលុយសន្សំដែរ។ រាល់ពេលប្រាក់ខែចូលគណនី ដកទុក 20$–50$ ក្នុងមួយខែក៏បាន តែយ៉ាងហោចណាស់គួរសន្សំពី 10%–20% នៃចំណូលប្រចាំខែ ដើម្បីការពារពេលឈឺថ្កាត់ ម៉ូតូខូច ឬបាត់បង់ចំណូល។ លុយសន្សំនេះជួយកុំឱ្យដើរខ្ចីលុយគេពេលទាល់ និងគេចផុតពីបំណុលអាក្រក់។ (ពេលត្រូវការលុយបន្ទាន់មែនទែន យើងនឹងហ៊ានខ្ចីលុយ ទោះការប្រាក់ប៉ុន្មានក៏ហ៊ានយកដែរ)។
4- ចំណាយផ្ទាល់ខ្លួន៖ ប្រហែល 10% = 50$
ប្រឹងរក ប្រឹងធ្វើការដើម្បីចាយ ចាយខ្លះទៅ ឱ្យតែការចំណាយលើចំណង់នោះមិនប៉ះពាល់ដល់ចំណាយចាំបាច់ប្រចាំថ្ងៃ។ អាចដក 20$–40$ សម្រាប់ការកម្សាន្ត ទិញរបស់ដែលចង់បាន ឬឱ្យកាដូខ្លួនឯង។ ប៉ុន្តែគួរតែកំណត់ចំនួនជាក់លាក់ ហើយកុំដកលុយសន្សំមកចាយវាយផ្តេសផ្តាសឱ្យសោះ។
មានប្រាក់ខែខ្ទង់ 500$ វាមិនតិចពេកទេ បើចេះចាត់ចែង ដឹងអ្វីគួរចាយ អ្វីមិនគួរចាយ។ អ្នកខ្លះរកបានតែ 300$ ឬ 250$/ខែ ក៏នៅចាយគ្រាន់ ហើយសល់សន្សំខ្លះទៀត។ ហើយចុះយើង 500$ ម៉េចបានថាសន្សំមិនបាន?
បញ្ហារបស់យើងខ្លះ គឺថា រកបាន 500$ ប្រឹងតែចាយឱ្យអស់ 500$ បានសុខចិត្ត។

13/08/2026

💸កុំកាត់បន្ថយ «ចំណាយចាំបាច់» មកបំពេញ «ចំណង់» តែត្រូវកាត់បន្ថយ «ចំណង់» មកបំពេញ «ចំណាយចាំបាច់» 💸

💸 រឿងលុយគួរដឹងមុនសម្រេចចិត្តមានគ្រួសារ៖១- រឿងលុយត្រូវតែជារឿងតែមួយ៖ ពេលនៅម្នាក់ឯង រឿងលុយជារឿងបុគ្គល និងជារឿងឯកជន អ្នកមិនច...
12/08/2026

💸 រឿងលុយគួរដឹងមុនសម្រេចចិត្តមានគ្រួសារ៖
១- រឿងលុយត្រូវតែជារឿងតែមួយ៖ ពេលនៅម្នាក់ឯង រឿងលុយជារឿងបុគ្គល និងជារឿងឯកជន អ្នកមិនចាំបាច់ចែករំលែក ឬប្រាប់អ្នកណាក៏បាន។ តែកាលណាអ្នកសម្រេចចិត្តថាមានគ្រួសារហើយ រឿងលុយត្រូវតែជារឿងដែលចាំបាច់ប្រាប់គ្នាឱ្យដឹងជាមុន ជាពិសេសបន្ទុកបំណុលម្នាក់ៗដែលមាន គោលដៅហិរញ្ញវត្ថុនៅថ្ងៃមុខ និងវិធីចាត់ចែងលុយ (អ្នកខ្លះចូលចិត្តចាត់ចែងបែប 50-50 អ្នកខ្លះឱ្យប្រពន្ធជាអ្នកចាត់ចែង…)។ អ្នកគួរតែរៀបចំកញ្ចប់ថវិការួមគ្នា រៀបចំចំណូល និងចំណាយរួមគ្នា ផែនការលុយកាសនៅថ្ងៃមុខ និងគោលដៅជីវិតរួមគ្នា។
២- ចាត់ចែងចំណូល និងចំណាយរួមគ្នា (កញ្ចប់ថវិកាតែមួយ)៖ បើកចិត្តនិយាយជាមួយគ្នាឱ្យច្បាស់ថា នឹងចាត់ចែងចំណូល និងចំណាយក្នុងគ្រួសារតាមវិធីណា។ ការចំណាយពេលនៅម្នាក់ឯង និងការចំណាយពេលមានគ្រួសារ គឺខុសគ្នា។ អ្នកទាំងពីរគួរពិភាក្សា និងកំណត់ថវិការួមសម្រាប់ការចំណាយប្រចាំខែ ដូចជា ថ្លៃផ្ទះ ថ្លៃម្ហូបអាហារ ថ្លៃទឹក ភ្លើង ថ្លៃធ្វើដំណើរ និងការសន្សំ ដើម្បីជៀសវាងការចំណាយលើសចំណូល និងការយល់ច្រឡំរឿងលុយកាសនៅពេលក្រោយ។
៣- កញ្ចប់លុយត្រៀមរៀបការ៖ បើអ្នកមានគម្រោងរៀបការនាពេលអនាគត គួរចាប់ផ្តើមសន្សំតាំងពីថ្ងៃនេះ ដើម្បីត្រៀមសម្រាប់ការចំណាយមុន និងក្រោយរៀបការ។ ឧទាហរណ៍៖ ថ្លៃពិធីរៀបការ ថ្លៃជួលទីតាំង ថ្លៃសម្លៀកបំពាក់ គ្រឿងអលង្ការ និងចំណាយផ្សេងៗទៀត។ ការមានកញ្ចប់លុយមួយនេះ នឹងជួយឱ្យអ្នករៀបការបានដោយមិនចាំបាច់ខ្ចីលុយ ឬបង្កើតបន្ទុកបំណុលច្រើនពេក។ បើរកចំណូលមិនសូវបានច្រើន អាចចាប់ផ្តើមសន្សំពីតិចៗ ដូចជា 100 ដុល្លារ 200 ដុល្លារ ឬ 300 ដុល្លារសិន ហើយបន្តបង្កើនតាមលទ្ធភាពរហូតដល់សម្រេចគោលដៅដែលបានកំណត់។
៤- ដោះខ្លួនពីបំណុល៖ កុំយកបន្ទុកបំណុលចាស់របស់អ្នក ហើយដាក់បន្ទុកលើដៃគូ ព្រោះរឿងលុយកាសអាចក្លាយជាមូលហេតុនៃជម្លោះក្នុងគ្រួសារ។ ប្រសិនបើអាចធ្វើបាន គួរដោះបំណុលដែលអ្នកធ្លាប់មានទាំងអស់ មិនថាជាបំណុលផ្ទាល់ខ្លួន ឬបំណុលដែលជំពាក់គ្រួសារឡើយ មុននឹងសម្រេចចិត្តរៀបការ ដើម្បីកុំឱ្យដៃគូរបស់អ្នកត្រូវទទួលបន្ទុកដោយសារបំណុលចាស់របស់អ្នក។ ប៉ុន្តែ បើមិនទាន់អាចបង់ដាច់ទេ គួរប្រាប់ដៃគូរបស់អ្នកដោយបើកចំហ និងស្មោះត្រង់ កុំលាក់លៀម ហើយពិភាក្សារកដំណោះស្រាយរួមគ្នា ព្រោះការយល់ដឹង និងការសហការគ្នា គឺជាគន្លឹះសម្រាប់កសាងគ្រួសារដែលមានស្ថិរភាពហិរញ្ញវត្ថុ។
៥- រៀបចំគោលដៅអនាគតរួមគ្នា៖ មុន និងក្រោយរៀបការ អ្នកទាំងពីរគួរអង្គុយជជែកគ្នាអំពីគោលដៅហិរញ្ញវត្ថុរួម ដូចជា សន្សំលុយទុកទិញផ្ទះ ត្រៀមថវិកាសម្រាប់កូនៗ ដំណើរកម្សាន្តជាមួយគ្នា ឬបង្កើតអាជីវកម្មរួម។ កំណត់គោលដៅទាំងនោះឱ្យបានច្បាស់ថា ត្រូវការលុយប៉ុន្មាន ចង់សម្រេចនៅពេលណា ហើយត្រូវសន្សំប៉ុន្មានក្នុងមួយខែ ឬមួយឆ្នាំ ទើបអាចសម្រេចបាន។ ការមានផែនការច្បាស់លាស់ នឹងជួយឱ្យអ្នកទាំងពីរចាត់ចែងលុយកាសបានកាន់តែល្អ និងធ្វើដំណើរទៅរកគោលដៅដូចគ្នា។
បន្ថែម៖ រឿងលុយគួរតែជជែកគ្នាតាំងពីដំណាក់កាលដំបូងនៃទំនាក់ទំនង ដំណាក់កាលសម្រេចចិត្តថានឹងរៀបការនឹងគ្នា និងក្រោយពេលរស់នៅជាមួយគ្នា។ កុំលាក់លៀមចំណូល ចំណាយ បញ្ហាហិរញ្ញវត្ថុផ្សេងៗជាពិសេសបំណុល ព្រោះការបើកចំហ និងការយល់ចិត្តគ្នា នឹងជួយកាត់បន្ថយការយល់ច្រឡំ និងជម្លោះក្នុងគ្រួសារ។

💸 មានលុយប៉ុន្មានទើបគ្រាន់ទុកចាយពេលចាស់ (កុំឱ្យពិបាកកូន ពិបាកចៅ)៖ មនុស្សមួយចំនួនគិតថា រឿងចូលនិវត្តន៍នៅឆ្ងាយណាស់ មិនទាន់បា...
11/08/2026

💸 មានលុយប៉ុន្មានទើបគ្រាន់ទុកចាយពេលចាស់ (កុំឱ្យពិបាកកូន ពិបាកចៅ)៖
មនុស្សមួយចំនួនគិតថា រឿងចូលនិវត្តន៍នៅឆ្ងាយណាស់ មិនទាន់បាច់គិតទេ ចាំដល់អាយុ 50 ឆ្នាំ ឬជិតចូលនិវត្តន៍ចាំគិតក៏បាន។ តែអ៊េតមីនគិតថា រឿងចូលនិវត្តន៍ គួរចាប់ផ្តើមគិតតាំងពីពេលយើងនៅមានសមត្ថភាពរកលុយបាន ព្រោះថ្ងៃមួយយើងមិនអាចធ្វើការរកលុយបានដូចសព្វថ្ងៃរហូតទេ។
សំនួរសួរថា តើយើងម្នាក់ៗត្រូវការលុយប៉ុន្មានទើបគ្រាន់ទុកចាយនៅពេលចាស់? ចាប់ផ្តើមដោយ៖
1- ដឹងថា សព្វថ្ងៃអ្នកទាំងអស់គ្នាមានចំណាយប៉ុន្មានក្នុងមួយខែ៖ មុននឹងរៀបចំផែនការចូលនិវត្តន៍ ត្រូវដឹងសិនថា សព្វថ្ងៃអ្នកត្រូវការលុយប៉ុន្មាន ដើម្បីរស់នៅពីមួយខែទៅមួយខែបាន។ អាចគិតត្រួសលើចំណាយចាំបាច់ៗ ដូចជា ថ្លៃម្ហូបអាហារ ថ្លៃផ្ទះ ទឹក ភ្លើង ធ្វើដំណើរ ថ្លៃពេទ្យ និងចំណាយចាំបាច់ផ្សេងៗ។ ឧ៖ បើសព្វថ្ងៃអ្នកចំណាយប្រហែល 450$/ខែ នៅ 20ឆ្នាំ ឬ30ឆ្នាំ ខាងមុខ លុយ 450$/ខែ មិនអាចទប់នឹងការចំណាយដូចសព្វថ្ងៃបានទេព្រោះដូចឃើញអ៊ីចឹងពីមួយឆ្នាំទៅមួយឆ្នាំ មិនថាទំនិញ របស់របរតែងឡើងថ្លៃរហូត។
2- កុំភ្លេចគិតពីអតិផរណា៖ បើសព្វថ្ងៃមានតែ 450$ អាចចាយបានមួយខែ តែ 20 ឬ 30 ឆ្នាំទៀត លុយ 450$ ប្រហែលមិនអាចទិញរបស់របរបានដូចសព្វថ្ងៃទេ។ ឧទាហរណ៍៖ បើអតិផរណាមធ្យម 3% ក្នុងមួយឆ្នាំ ហើយអ្នកមានអាយុ 30 ឆ្នាំ ចង់ចូលនិវត្តន៍នៅអាយុ 60 ឆ្នាំ នោះចំណាយ 450$/ខែ សព្វថ្ងៃ អាចត្រូវការលុយប្រហែល 1,092$/ខែ នៅ 30 ឆ្នាំខាងមុខ ដើម្បីទប់នឹងចំណាយដូចសព្វថ្ងៃ។
3- គិតថា ត្រូវប្រើលុយប៉ុន្មានឆ្នាំក្រោយចូលនិវត្តន៍៖ យើងមិនដឹងថា ខ្លួនឯងនឹងរស់ដល់អាយុប៉ុន្មានទេ។ តែសម្រាប់ការរៀបចំផែនការ អាចសន្មត់ជាមុនបាន។ ឧ៖ បើចង់ចូលនិវត្តន៍នៅអាយុ 60 ឆ្នាំ ហើយគ្រោងរៀបចំលុយកាសសម្រាប់ប្រើរហូតដល់អាយុ 80 ឆ្នាំ មានន័យថាយើងនឹងប្រើលុយចូលនិវត្តន៍នោះរយៈពេល 20 ឆ្នាំ។
4- គណនាមើលថា ត្រូវការលុយប៉ុន្មាន៖ បើយើងយកចំណាយដែលបានគិតពីអតិផរណា 1,092$/ខែ ហើយគ្រោងប្រើរយៈពេល 20 ឆ្នាំ នោះអាចគណនាងាយៗជា៖ 1,092$ × 12 ខែ × 20 ឆ្នាំ = 262,080$
មានន័យថា អ្នកអាចត្រូវការលុយប្រហែល 262,080$ សម្រាប់ចំណាយរយៈពេល 20 ឆ្នាំក្រោយចូលនិវត្តន៍។ តែសូមចាំថា នេះគ្រាន់តែជាការប៉ាន់ស្មានតាមឧទាហរណ៍ខាងលើប៉ុណ្ណោះ មិនមែនមានន័យថា មនុស្សគ្រប់គ្នាត្រូវការលុយ 262,080$ ដូចគ្នាទេ។ ចំណូល ចំណាយ អតិផរណា អាយុចូលនិវត្តន៍ និងជីវភាពរបស់ម្នាក់ៗខុសគ្នា។
5- លុយច្រើនម្លឹងៗរកលុយពីណា៖ អ្នកមិនចាំបាច់រកលុយ 262,080$ ឱ្យបានក្នុងថ្ងៃនេះទេ។ អ្វីដែលសំខាន់ គឺចាប់ផ្តើមសន្សំ និងវិនិយោគបន្តិចម្តងៗ តាំងពីថ្ងៃនេះ។ ឧ៖ បើចំណូល 500$/ខែ អាចចាប់ផ្តើមដក 5%–10% ឬប្រហែល 25$–50$/ខែ ទុកសម្រាប់ការចូលនិវត្តន៍ ហើយពេលចំណូលកើន ក៏បង្កើនចំនួនសន្សំទៅតាមលទ្ធភាព។
6- កុំគ្រាន់តែទុកលុយចោល ត្រូវរៀនពីការវិនិយោគរយៈពេលវែង៖ បើអ្នកនៅមានពេល 20–30 ឆ្នាំទៀតមុនចូលនិវត្តន៍ មានន័យថាអ្នកនៅមានពេលគួរសមដើម្បីសន្សំ បង្កើន និងវិនិយោគ។ តែមុនវិនិយោគអ្នកទាំងអស់គ្នាគួរមានលុយសន្សំគ្រាអាសន្ន ដោះខ្លួនពីបំណុលអាក្រក់ និងរៀនសូត្រពីការវិនិយោគឱ្យបានច្បាស់លាស់ជាមុន បន្ទាប់មក ចាប់ផ្តើមតិចៗ តែធ្វើឱ្យបានជាប់លាប់។
7- កុំរង់ចាំដល់ជិតចូលនិវត្តន៍ទើបចាប់ផ្តើម៖ បើអ្នកទាំងអស់គ្នាចាប់ផ្តើមយឺត អ្នកទាំងអស់គ្នានិងចំណាយធនធាន (លុយ) កាន់តែច្រើនដើម្បីសម្រេចគោលដៅសន្សំសម្រាប់ចូលនិវត្តន៍។ តែបើចាប់ផ្តើមតាំងពីអាយុ 20 ឬ 30 ឆ្នាំ អ្នកទាំងអស់គ្នានៅមានពេលវេលាច្រើន។ បើសព្វថ្ងៃមិនទាន់មានលុយច្រើន ក៏មិនអីដែរ។ 25$ 50$ ឬ 100$ ក្នុងមួយខែ ក៏អាចជាការចាប់ផ្តើមបានដែរ។ សំខាន់គឺកុំឱ្យឆ្នាំនេះកន្លងទៅ ហើយឆ្នាំក្រោយនៅតែនិយាយថា “ចាំមានលុយច្រើនសិន ចាំសន្សំ ចាំវិនិយោគ”។
ការចូលនិវត្តន៍មិនមែនជារឿងរបស់មនុស្សចាស់ទេ តែជាទំនួលខុសត្រូវរបស់យើងតាំងពីនៅវ័យធ្វើការ។ យើងអាចស្រឡាញ់ និងជួយកូនចៅបាន ប៉ុន្តែកុំរំពឹងឱ្យកូនៗចិញ្ចឹមយើងរហូតដល់ចាស់ ព្រោះវាមិនមែនជាទំនួលខុសត្រូវរបស់គេទេ។ បើអាចគួររៀបចំជីវិតហិរញ្ញវត្ថុរបស់ខ្លួនឯង ដើម្បីពេលចាស់ទៅ មិនត្រឹមតែមានលុយចាយទេ ប៉ុន្តែមានសេរីភាព និងមិនក្លាយជាបន្ទុករបស់អ្នកដទៃ។

10/08/2026

💸 លុយមួយកាកមួយសេនសុទ្ធតែមានតម្លៃ ដូច្នេះមុនចាយវាយឱ្យចេះគិតគូរពិចារណា 💸

💸 វ័យ 30 ឆ្នាំ គួរមានគោលដៅលុយអ្វីខ្លះ?មនុស្សមួយចំនួនគិតថា ដល់អាយុ 30 ឆ្នាំ ត្រូវតែមានផ្ទះ មានឡាន មានលុយរាប់ម៉ឺនដុល្លារ ទ...
08/08/2026

💸 វ័យ 30 ឆ្នាំ គួរមានគោលដៅលុយអ្វីខ្លះ?
មនុស្សមួយចំនួនគិតថា ដល់អាយុ 30 ឆ្នាំ ត្រូវតែមានផ្ទះ មានឡាន មានលុយរាប់ម៉ឺនដុល្លារ ទើបចាត់ទុកថាជោគជ័យ។ តែអ៊េតមីនគិតថា មិនចាំបាច់ដល់ថ្នាក់ហ្នឹងក៏បានដែរ។
ម្នាក់ៗមានចំណូល បន្ទុកចំណាយ និងជីវភាពខុសៗគ្នា។ អ្នកខ្លះកំពុងផ្គត់ផ្គង់គ្រួសារ អ្នកខ្លះទើបដោះបំណុលរួច ហើយអ្នកខ្លះក៏ទើបចាប់ផ្តើមការងាររកចំណូលមិនទាន់បាន។ល។ ដូច្នេះ កុំប្រៀបធៀបស្ថានលុយកាសខ្លួនឯងជាមួយអ្នកដទៃអី។
ប៉ុន្តែ បើអ្នកទាំងអស់គ្នានៅចន្លោះវ័យ 30 ឆ្នាំហើយ អ៊េតមីនយល់ថា អ្នកទាំងអស់គ្នាពុំគួរមើលរំលងគោលដៅលុយកាសទាំងនេះទេ៖
១- មានលុយសន្សំគ្រាអាសន្ន៖ ជីវិតគ្មានអ្នកណាអាចដឹងមុនទេថា ថ្ងៃណានឹងមានបញ្ហា។ អាចជាជំងឺឈឺថ្កាត់ បាត់បង់ការងារ ម៉ូតូ ឬរថយន្តខូច ឬត្រូវការលុយបន្ទាន់ផ្សេងៗ។ សូម្បីតែអ្នកមានការងារល្អ ឬធ្វើការក្រុមហ៊ុនធំៗ ក៏គ្មានអ្នកណាអាចធានាបានថា នឹងមិនបាត់បង់ការងារ ឬប្រាក់ចំណូលនោះដែរ។ ដូច្នេះ ការមានលុយសន្សំគ្រាអាសន្ន គឺជាខ្សែការពារសម្រាប់ស្ថានភាពដែលមិនបានរំពឹងទុក ជួយឱ្យអ្នកមិនចាំបាច់រត់ខ្ចីលុយ លក់ទ្រព្យសម្បត្តិ ឬជំពាក់បំណុលនៅពេលជួបបញ្ហា។ ជាទូទៅ គួរមានលុយសន្សំនេះឱ្យបាន 3 ទៅ 6 ខែនៃការចំណាយសរុប។ ឧ៖ បើការចំណាយប្រចាំខែ 400$ គួរមានលុយសន្សំគ្រាអាសន្ន 1,200$–2,400$។
២- គោលដៅដោះបំណុល៖ បង់បំណុលគេខាតការប្រាក់មធ្យម ងំបាត់បង់ឱកាសផ្សេងៗទៀត។ អ្នកខ្លះមិនហ៊ានប្តូរការងារ មិនហ៊ានបើកអាជីវកម្ម ឬមិនហ៊ានប្រថុយយកឱកាសថ្មីៗ ព្រោះខ្លាចគ្មានលុយបង់បំណុល។ ដូច្នេះ បើនៅមានបំណុលដែលមានការប្រាក់ខ្ពស់ ឬបំណុលអ្វីក៏ដោយ អ៊េតមីនយល់ថា គួរផ្តោតលើការដោះវាជាមុនសិនមុននឹងយកលុយទៅវិនិយោគឬធ្វើអ្វីផ្សងេ។
៣- គោលដៅវិនិយោគ៖ អាយុ 30 ឆ្នាំ មិនទាន់យឺតពេលសម្រាប់ការវិនិយោគទេ។ ផ្ទុយទៅវិញ អ្នកនៅមានពេលជាច្រើនឆ្នាំឱ្យលុយរបស់អ្នករីកចម្រើន។ ប៉ុន្តែ មុននឹងវិនិយោគ អ៊េតមីនយល់ថា អ្នកគួរមានលុយសន្សំគ្រាអាសន្នគ្រប់គ្រាន់ និងព្យាយាមដោះបំណុលដែលមានការប្រាក់ខ្ពស់ឱ្យបានសិន។ បន្ទាប់មក អាចចាប់ផ្តើមវិនិយោគបន្តិចម្តងៗតាមលទ្ធភាព។ មិនចាំបាច់ចាប់ផ្តើមដោយលុយច្រើនទេ តែត្រូវរៀនសូត្រឱ្យបានច្បាស់ មុនយកលុយទៅវិនិយោគ ព្រោះការវិនិយោគមិនត្រឹមតែជួយបង្កើនទ្រព្យសម្បត្តិប៉ុណ្ណោះទេ តែថែមទាំងជួយឱ្យលុយរបស់អ្នកមានឱកាសយកឈ្នះអតិផរណា និងបង្កើតសេរីភាពហិរញ្ញវត្ថុនៅថ្ងៃមុខផងដែរ។
៤- គោលដៅជីវិត និងគោលដៅហិរញ្ញវត្ថុ៖ ក្នុងវ័យ 30 ឆ្នាំ គួរតែដឹងថា ខ្លួនឯងចង់បានអ្វីក្នុងជីវិត។ មិនថាជាគោលដៅមានគ្រួសារ ទិញផ្ទះ បើកអាជីវកម្ម បន្តការសិក្សា វិនិយោគ បង្កើតទ្រព្យសម្បត្តិ ឬចូលនិវត្តន៍ឱ្យបានឆាប់នោះទេ គួរតែកំណត់ឱ្យបានច្បាស់។ ពេលមានគោលដៅ អ្នកនឹងដឹងថា ត្រូវសន្សំប៉ុន្មាន ត្រូវរកចំណូលបន្ថែមប៉ុន្មាន និងត្រូវចាត់ចែងលុយបែបណា ដើម្បីសម្រេចគោលដៅនោះ។ បើគ្មានគោលដៅទេ អ្នកអាចខំធ្វើការអស់ 10 ឬ 20 ឆ្នាំ តែចុងក្រោយនៅតែមិនដឹងថា ធ្វើការដើម្បីអ្វី សម្រេចបានអ្វីខ្លះហើយ។
៦- គោលដៅសន្សំចូលនិវត្តន៍៖ មនុស្សជាច្រើនគិតថា អាយុ 30 ឆ្នាំនៅក្មេង មិនទាន់បាច់គិតរឿងចូលនិវត្តន៍ទេ។ តែការពិតទៅ ចាប់ផ្តើមឆាប់កាន់តែឆាប់ អ្នកកាន់តែមានពេលច្រើនដើម្បីរកលុយ ឬបង្កើនវា។ ចាំថាយើងមិនអាចធ្វើការរកលុយបានរហូតទេ បើមិនបានរៀបចំទុកជាមុន អាចប្រឈមនឹងការខ្វះលុយសម្រាប់ចំណាយប្រចាំថ្ងៃ ឬត្រូវពឹងផ្អែកលើកូនចៅ ឬអ្នកដទៃ និងមិនមានសេរីភាពក្នុងការរស់នៅពេលមានវ័យចាស់ទេ។ ដូច្នេះ គួរចាប់ផ្តើមសន្សំ ឬវិនិយោគសម្រាប់ការចូលនិវត្តន៍តាំងពីថ្ងៃនេះ ទោះត្រឹម 5% ឬ 10% នៃចំណូល ក៏ល្អជាងការមិនចាប់ផ្តើមសោះដែរ។
💸 ក្នុងវ័យ 30 ឆ្នាំ មិនចាំបាច់ក្លាយជាអ្នកមានអីណាស់ណាក៏បានដែរ ឱ្យតែមានទម្លាប់ល្អរឿងលុយ មានផែនការច្បាស់លាស់ និងដឹងពីគោលដៅលុយកាស ដែលកបើថ្ងៃនេះអ្នកមិនទាន់សម្រេចបានទាំងអស់ក៏មិនអីដែរ សំខាន់គឺចាប់ផ្តើមពីថ្ងៃនេះ ព្រោះកាន់តែចាប់ផ្តើមឆាប់ កាន់តែមានឱកាសសម្រេចគោលដៅរបស់ខ្លួន។

07/08/2026

💸 លុយអាចនឹងមិនមែនជាអ្វីគ្រប់យ៉ាង តែបើមានលុយ …

💰 ៧ ជំនាញជួយឱ្យអ្នករកចំណូលបានថែម៖ ១. ជំនាញទំនាក់ទំនង (Communication Skills)ចេះនិយាយ ចេះស្តាប់ និងចេះបង្ហាញគំនិតច្នៃប្រឌិ...
07/08/2026

💰 ៧ ជំនាញជួយឱ្យអ្នករកចំណូលបានថែម៖
១. ជំនាញទំនាក់ទំនង (Communication Skills)
ចេះនិយាយ ចេះស្តាប់ និងចេះបង្ហាញគំនិតច្នៃប្រឌិតថ្មីៗទៅកាន់មនុស្សជុំវិញខ្លួន។ មនុស្សដែលទំនាក់ទំនងល្អនិងមនុស្សជុំវិញខ្លួនតែងមានឱកាសការងារ និងអាចរកចំណូលបានច្រើន។
២. ជំនាញឌីជីថល (Digital Skills)
រៀនប្រើ AI, Canva, Microsoft Office ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬជំនាញបច្ចេកវិទ្យាថ្មីផ្សេងៗទៀត ដើម្បីបង្កើនតម្លៃខ្លួនក្នុងទីផ្សារការងារ ជាពិសេសជួយបង្កើតប្រភពចំណូលថែម។
៣. ជំនាញចាត់ចែងលុយ (Money Management)
រកបានច្រើនក៏មិនសល់ដែរ បើចេះចាត់ចែងទុកដាក់។ ត្រូវចេះសន្សំ ចេះចាត់ចែង និងចេះវិនិយោគបង្កើនចំណូលទើបអាចបង្កើតទ្រព្យ និងសល់លុយ។
៤. ជំនាញលក់ (Sales Skills)
មិនថាអ្នកលក់ផលិតផល សេវាកម្ម ឬលក់គំនិតខ្លួនឯងទេ ជំនាញលក់ជួយបង្កើនឱកាសរកចំណូលបានច្រើន។
៥. ជំនាញរៀនដោយខ្លួនឯង (Learning Skills)
ពិភពលោកផ្លាស់ប្តូរលឿនណាស់ អ្វីៗអាចផ្លាស់ក្នុងរយៈពេលដ៏ខ្លី ហើយមានតែអ្នកដែលអាចរៀនជំនាញថ្មីៗ មានចំណេះដឹងគ្រប់គ្រាន់ និងដើរទាន់ការវិវត្តនៃសង្គមទេ ដែលមានឱកាសច្រើនជាងអ្នកអត់រៀន។
៦. ជំនាញគ្រប់គ្រងពេលវេលា (Time Management)
ចេះកំណត់អាទិភាពការងារ និងប្រើពេលឱ្យមានប្រសិទ្ធភាព ជួយឱ្យអ្នកអាចធ្វើការបានច្រើន និងជួយបង្កើនចំណូលបានលឿន។
៧. ជំនាញដោះស្រាយបញ្ហា (Problem-Solving Skills)
អ្នកដែលអាចដោះស្រាយបញ្ហាឱ្យអាជីវកម្ម ឬអតិថិជនបានល្អ តែងមានតម្លៃខ្ពស់ និងរកចំណូលបានច្រើនជាង។
💸 ចំណាំ
ការរកចំណូលបានច្រើន មិនមែនអាស្រ័យលើការខិតខំតែមួយមុខទេ ប៉ុន្តែអាស្រ័យលើតម្លៃដែលអ្នកអាចផ្តល់ឱ្យអ្នកដទៃ។ កាន់តែមានជំនាញ ចំណេះដឹងជ្រៅជ្រះ តម្លៃរបស់អ្នកកាន់តែខ្ពស់ ហើយឱកាសរកចំណូលក៏កាន់តែច្រើនដែរ។

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Minimal Money posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category