20/07/2026
កំពូលតារាស្រី Kate Winslet បើកចិត្តនិយាយរឿងស្នាមជ្រីវជ្រួញលើផ្ទៃមុខ ធ្វើឱ្យមហាជនកោតសរសើរមិនដាច់ពីមាត់
កម្សាន្តអន្តរជាតិ៖ ខណៈពេលដែលមនុស្សជាច្រើន ជាពិសេសតារាល្បីៗ តែងតែព្យាយាមលាក់បាំង ឬធ្វើគ្រប់យ៉ាងដើម្បីកុំឱ្យមានស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ ប៉ុន្តែសម្រាប់កំពូលតារាសម្តែងស្រីលំដាប់ពិភពលោកកញ្ញា Kate Winslet បែរជាមានទស្សនៈប្លែកពីគេ និងផ្តល់នូវថាមពលវិជ្ជមានយ៉ាងខ្លាំង ដល់ស្ត្រីជុំវិញពិភពលោក ចំពោះការប្ដេជ្ញាចិត្តរក្សាសម្រស់ទៅតាមធម្មជាតិរបស់នាង។
ម្ចាស់ពានរង្វាន់អូស្ការ និងជាតួឯកស្រីក្នុងរឿង Titanic រូបនេះបានចាក់ដោតអារម្មណ៍មហាជនយ៉ាងខ្លាំងតាមរយៈសម្តីមាសមួយឃ្លាថា ខ្ញុំមានមោទនភាពចំពោះស្នាមជ្រីវជ្រួញរបស់ខ្ញុំ។ ពួកវាបាននិទានពីសាច់រឿងនៃជីវិតរបស់ខ្ញុំ ថាខ្ញុំជានរណា និងបានឆ្លងកាត់អ្វីខ្លះក្នុងពេលកន្លងមក។
សម្តីដ៏មានអត្ថន័យនេះ បានក្លាយជាការដាស់តឿនដ៏មានឥទ្ធិពលមួយថា រាល់ស្នាមជ្រីវជ្រួញនីមួយៗនៅលើផ្ទៃមុខ មិនមែនជាសញ្ញានៃភាពចាស់ជរាដែលគួរឱ្យខ្លាចនោះទេ ប៉ុន្តែវាប្រៀបដូចជាមេដាយកិត្តិយសនៃបទពិសោធន៍ជីវិត ស្នាមញញឹម សំណើចដែលបានចែករំលែក និងមេរៀនជាច្រើនដែលយើងបានរៀនសូត្រកន្លងមក។ ការទទួលយក និងស្រឡាញ់ខ្លួនឯងទៅតាមវ័យដោយក្តីរីករាយ គឺជារឿងដ៏ស្រស់ស្អាត និងគួរឱ្យកោតសរសើរបំផុត៕
ចុះផ្សាយដោយ THE ONE Entertainment
#ព័ត៌មានកំសាន្ត #សិល្បៈ #ព័ត៌មានក្រៅស្រុក #ព័ត៌មានថ្មីៗ