23/05/2026
គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃ វិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច ពិតជាមានសេចក្តីតក់ស្លុត និងរន្ធត់ចិត្តយ៉ាងក្រៃលែង ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នេះ នៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ថ្ងៃនេះគឺជាថ្ងៃដ៏សោកសៅបំផុត ដែលយើងបានបាត់បង់បងប្អូនកម្មករនិយោជិតជាច្រើននាក់ ក្នុងនោះក៏មានសាច់ញាតិបង្កើតរបស់សិស្សានុសិស្សយើងមួយចំនួន ផងដែរ។
គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះក្រុមគ្រួសារ ញាតិមិត្តនៃសពទាំងអស់ ជាពិសេសប្អូនៗសិស្សានុសិស្សដែលត្រូវជាកូនចៅ និងសាច់ញាតិរបស់ជនរងគ្រោះ។ សូមវិញ្ញាណក្ខន្ធរបស់សពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះដែរ យើងខ្ញុំទាំងអស់គ្នាក៏សូមបួងសួង និងជូនពរដល់អ្នករងរបួសទាំងអស់ ឱ្យបានឆាប់ជាសះស្បើយពីរបួសស្នាមទាំងឡាយទាំងពួង។
ឆ្លៀតក្នុងឱកាសនេះ សូមអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុត និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីជៀសវាងនូវសោកនាដកម្មដែលមិនចង់ឃើញបែបនេះបន្តទៀត។
21/05/2026
#ការត្រៀមលក្ខណៈមុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
លោក នី ម៉ៅ នាយកវិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាជាមួយប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ អំពីការពង្រឹងវិន័យ សណ្ដាប់ធ្នាប់ និងការគ្រប់គ្រងអវត្តមាន ដែលអាចឈានទៅដល់ការលុបបេក្ខភាពប្រឡង ប្រសិនបើអនុវត្តខុសគោលការណ៍។ ទន្ទឹមនឹងនេះ លោកនាយកក៏បានណែនាំ និងរំលឹកដល់សិស្សានុសិស្សទាំងអស់ ឱ្យចូលរួមរៀនសូត្របន្ថែមតាមរយៈកម្មវិធីបំប៉ន Online ឥតគិតថ្លៃ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រឹងសមត្ថភាពបន្ថែមមុនថ្ងៃប្រឡងមកដល់។
15/05/2026
ក្រុមការងារយើងខ្ញុំមានសេចក្ដីសោមនស្សរីករាយក្រៃលែង ក្នុងការដាក់សេចក្ដីស្នើសុំកិច្ចសហការទៅកាន់ លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានសមាគមគីមីកម្ពុជា ដើម្បីរៀបចំវគ្គណែនាំការអនុវត្តពិសោធន៍គីមីវិទ្យា ជូនដល់ប្អូនៗសិស្សានុសិស្សកម្រិតមធ្យមសិក្សាទុតិយភូមិ នៅ វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
គោលបំណងសំខាន់នៃកិច្ចសហការនេះគឺ៖
✅ ផ្តល់ឱកាសឱ្យសិស្សានុសិស្សបានអនុវត្តពិសោធន៍ដោយផ្ទាល់លើមេរៀនគីមីវិទ្យា។
✅ បណ្តុះស្មារតី និងពង្រឹងចំណាប់អារម្មណ៍លើមុខវិជ្ជាវិទ្យាសាស្ត្រ (STEM)។
✅ ជំរុញការរៀនសូត្រតាមរយៈការអនុវត្តជាក់ស្ដែង ជាជាងការទន្ទេញទ្រឹស្ដីតែមួយមុខ។
យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការគាំទ្រពីសមាគមគីមីកម្ពុជា នឹងក្លាយជាស្ពានចម្លងចំណេះដឹងដ៏សំខាន់សម្រាប់យុវជនក្នុងមូលដ្ឋាន។
#សមាគមគីមីកម្ពុជា #វិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច #គីមីវិទ្យា #អប់រំ #ខេត្តកំពង់ឆ្នាំង
09/05/2026
📢 សេចក្ដីជូនដំណឹង ស្តីពីការពង្រឹងវិន័យ និងការគ្រប់គ្រងម៉ោងចូលរៀន
ដើម្បីលើកកម្ពស់សណ្ដាប់ធ្នាប់ និងប្រសិទ្ធភាពនៃការសិក្សា គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច សូមជម្រាបជូនដំណឹងដល់មាតាបិតា និងសិស្សានុសិស្សទាំងអស់នូវវិធានការថ្មីដូចខាងក្រោម៖
⏰ ការកំណត់ម៉ោងបិទទ្វារសាលា៖
ចាប់ពីថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ នេះតទៅ សាលានឹង បិទទ្វារនៅម៉ោង ៧:១៥ នាទីព្រឹក ជាកំហិត។
⚠️ ចំពោះសិស្សដែលមកយឺត៖
ត្រូវចូលមកទីចាត់ការដើម្បីទទួលការអប់រំ ណែនាំ និងកត់ត្រាឈ្មោះជាមុនសិន ទើបអនុញ្ញាតឱ្យចូលរៀន។
ករណីមកយឺតច្រើនដង សាលានឹងអញ្ជើញមាតាបិតាមកពិភាក្សាផ្ទាល់។
សាលាសង្ឃឹមយ៉ាងមុតមាំថា ប្អូនៗសិស្សានុសិស្សទាំងអស់នឹងចូលរួមគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីអនាគត និងសេចក្ដីថ្លៃថ្នូររបស់សាលាយើង។
🙏 សូមមាតាបិតា និងអ្នកអាណាព្យាបាលមេត្តាជ្រាប និងជួយជំរុញបុត្រធីតាឱ្យមកមានវត្តមានទាន់ពេលវេលា។
#វិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច #ពង្រឹងវិន័យ #ការអប់រំ #សេចក្ដីជូនដំណឹង
05/05/2026
📅 ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦
📸 វិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច មានកិត្តិយសក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ក្រុមការងារនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា 🇺🇸🇰🇭 ។
គោលបំណងនៃជំនួបនេះគឺដើម្បីពិភាក្សាអំពីលទ្ធភាពនៃគម្រោងបញ្ជូនលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ចុះមកជួយបង្រៀន និងចែករំលែកចំណេះដឹងដល់សិស្សានុសិស្សរបស់យើងនៅពេលខាងមុខ។
🏡 ទន្ទឹមនឹងនេះផងដែរ គណៈគ្រប់គ្រងសាលា និងក្រុមការងារ ក៏បានចុះទៅពិនិត្យមើលផ្ទះសហគមន៍ផ្ទាល់ ដើម្បីរៀបចំ និងត្រៀមជាទីតាំងស្នាក់នៅប្រកបដោយផាសុកភាព និងសុវត្ថិភាពសម្រាប់គ្រូស្ម័គ្រចិត្តទាំងអស់ផងដែរ។ 🤝
យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះនឹងលេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗ ដើម្បីជាប្រយោជន៍ដល់វិស័យអប់រំនៅក្នុងសហគមន៍របស់យើង!
#វិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច #ស្ថានទូតអាមេរិក #គ្រូស្ម័គ្រចិត្ត #ការអប់រំ #សហគមន៍យើង
30/04/2026
អបអរសាទរសិស្សជ័យលាភីចំណាត់ថ្នាក់លេខ១-៥
18/04/2026
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃ វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច មានក្តីកង្វល់ជាពន់ពេក ក្រោយទទួលព័ត៌មានថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ត្រូវទទួលការព្យាបាលព្រះរោគតាមវេជ្ជបញ្ជា នៅរដ្ឋធានីប៉េកាំង នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនេះ ទូលព្រះបង្គំយើងខ្ញុំសូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងបុណ្យបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រគ្រប់ព្រះអង្គ សូមជួយអភិបាលគ្រងរក្សា និងប្រសិទ្ធពរជ័យថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ទទួលបានជោគជ័យក្នុងការវះកាត់ និងឆាប់ជាសះស្បើយពីព្រះរោគ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុសាស្ត្រជានិច្ចនិរន្តរ៍តរៀងទៅ។
សូម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវគារវកិច្ចភក្តីភាពយ៉ាងខ្ពង់ខ្ពស់អំពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕
14/04/2026
🙏
សារជូនពរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសចូលឆ្នាំថ្មី មហាសង្ក្រាន្ត ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ឈានចូល ព.ស.២៥៧០
សូមឱ្យទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព្រះនាមរាក្យសាទេវី បុត្រីទី៣ កបិលមហាព្រហ្ម ប្រោះព្រំ បីបាច់រក្សាព្រះរាជាណាចក្រកម្ពុជា ឱ្យស្គាល់តែសេចក្ដីសុខ និងសន្តិភាព!
សូមព្រះនាងរាក្យសាទេវី អភិបាលថែរក្សាវីរកងទ័ពកម្ពុជាដែលបន្តឈរជើងយ៉ាងរឹងមាំក្នុងបុព្វហេតុការពារជាតិមាតុភូមិ!
#ចូលឆ្នាំថ្មី #មហាសង្ក្រាន្ត #ឆ្នាំមមី
14/04/2026
រីករាយបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច សូមជូនពរលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់៖
♡សុខភាពមាំមួន ប្រាជ្ញាឈ្លាសវៃ
♡ជោគជ័យក្នុងការសិក្សា និងការងារ
♡ធ្វើដំណើរទៅទីជិតឆ្ងាយ ប្រកបដោយសុវត្ថិភាព
07/04/2026
សូមអរគុណ លោក នាង រក្សា ដែលបានផ្ដិតយករូបភាពដល់ស្រស់ស្អាតសម្រាប់សាលារៀន។